ឆ្នាំ ២០២៣
ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ចែកចាយ​ពន្លឺ​របស់​ទ្រង់
ខែ កក្កដា ឆ្នាំ ២០២៣


« ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ចែកចាយ​ពន្លឺ​របស់​ទ្រង់ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

សូម​ស្វាគមន៍​មកកាន់​ច្បាប់​នេះ

ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ចែកចាយ​ពន្លឺ​របស់​ទ្រង់

រូបភាព
ព្រះ​យេស៊ូវ និង​សិស្ស​របស់​ទ្រង់​នៅ​តាមផ្លូវ​ទៅកា​ទីក្រុង​អេម៉ោស

On the Road to Emmaus [ នៅតាម​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស ] ដោយ វីនឌី ខែលើរ ផ្តល់​សិទ្ធ​ដោយ Havenlight

មុនពេល​ទ្រង់​យាង​ទៅ​ស្ថានសួគ៌​វិញ ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​អញ្ជើញ​ពួកសាវក​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ឲ្យ​ធ្វើ​ជា​សាក្សី​អំពី​ទ្រង់ « រហូត​ដល់​ចុង​ផែនដី​បំផុត​ផង » ( កិច្ចការ ១:៨ ) ។ ដោយ​បាន​ការបំផុសគំនិត​ពី​ការទទួល​ខុសត្រូវ​នេះ ពួកសាវក​បាន​ថ្លែង​ថា « អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ » ( កិច្ចការ ៥:៤២  ) ។

នៅក្នុង​អត្ថបទ​របស់​លោក​នៅក្នុង​ច្បាប់​នេះ សាវក​សម័យ​ទំនើប អែលឌើរ ឃ្វីនថិន អិល ឃុក ពន្យល់​ពីរបៀប​ដែលយើង​អាច​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ទោះជា​យើង​គ្មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​ក្តី ។ លោក​សរសេរ​ថា « នៅពេល​យើង​រស់នៅ​តាម​ដំណឹងល្អ ស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ ឈរ​រឹងមាំ​ប្រឈម​នឹង​ការល្បួង និង​ការបៀតបៀន ហើយ​ថ្លែង​ទីបន្ទាល់​ទាំង​ពាក្យសម្ដី និង​ទង្វើ នោះ​យើង​នឹង​នាំ​អ្នក​ដទៃ​ឲ្យ​ខិត​មក​ជិត​ព្រះ​យេស៊ូវ​គ្រីស្ទ » ( ទំព័រ ៤ ) ។

ដោយ​ការខិត​មក​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​ខ្លួន​យើង នោះ​យើង​ផ្សព្វផ្សាយ​តាមរយៈ​ទីបន្ទាល់ និង​គំរូ ។ ទ្រង់​នឹងគង់​នៅ​កណ្តាល​យើង ដូចជា​ខ្ញុំ​បាន​ពន្យល់​នៅក្នុង​អត្ថបទ​របស់​ខ្ញុំ​នៅក្នុង​ច្បាប់​នេះ ប្រសិនបើ​យើង​គោរព​សេចក្តីសញ្ញា​របស់យើង ហើយ​ស្វែងរក​ព្រះឱវាទ​របស់​ទ្រង់​តាមរយៈ​ប្រសាសន៍​របស់​ព្យាការី​ទាំងឡាយ ( សូមមើល ទំព័រ ៤០ ) ។

នៅក្នុង​ការសិក្សា​របស់​យើង​អំពី​ការបម្រើ​របស់​ពួកសាវក​នៅក្នុង ចូរ​មក​តាម​ខ្ញុំ នៅ​ខែ​នេះ សូម​យើង​សញ្ជឹងគិត​អំពី​កាតព្វកិច្ច​របស់​យើង​ផ្ទាល់ ហើយ​អំពាវនាវ​ឲ្យ​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​មនុស្ស​ជុំវិញ​យើង ។ ព្រះគ្រីស្ទ​បានយាង​ឡើងទៅ​ស្ថានសួគ៌​ជា​យូរ​មក​ហើយ ប៉ុន្តែ​នៅពេល​យើង​អង្វរ​សុំ​ទ្រង់​ឲ្យ « នៅ​ជាមួយ​យើង » ( លូកា ២៤:២៩ ) នៅ​ថ្ងៃនេះ នោះ​ទ្រង់​នឹង​យាងដើរ​ជាមួយ​យើង​មួយ​ជំហាន​ម្ដងៗ ។

អែលឌើរ ផាតទ្រីស៊ីអូ អិម ជីហ្វហ្វ្រា

ក្នុង​ពួក​ចិត​សិប​នាក់