ឆ្នាំ ២០២៣
មនុស្ស​គ្រប់​រូប​ត្រូវការ​ដំណឹង​ល្អ
ខែ កក្កដា ឆ្នាំ ២០២៣


« មនុស្ស​គ្រប់​រូប​ត្រូវការ​ដំណឹងល្អ » លីអាហូណា ខែ កក្កដា ឆ្នាំ​២០២៣ ។

មនុស្ស​គ្រប់​រូប ត្រូវការ​ដំណឹង​ល្អ

ខ្ញុំ​បាន​រៀប​ចំផែនការ​បម្រើ​បេសកកម្ម ប៉ុន្តែ​បន្ទាប់ពី​រៀន​មហា​វិទ្យាល័យ​​ចប់​ខ្ញុំ​គិតថា ខ្ញុំមិន​ចាំបាច់​បម្រើ​ទេ—រហូត​ដល់​ខ្ញុំ​មាន​ការងារ​មួយ ដែល​​ធ្វើការ​ជាមួយ​ក្មេង​ស្រី​ដែល​ទទួលរង​ការរំលោភ​បំពាន ។ បន្ទាប់មក​ខ្ញុំ​បាន​យល់​ថា មនុស្ស​គ្រប់​រូប​ត្រូវការ​ដំណឹង​ល្អ ។

រូបភាព
ស្ត្រី​កាន់​កាក់

The Lost Coin [ កាក់ដែល​បាត់ ] ដោយ ហារ៉ូល ខូបភីង ©​Providence Collection​/​បាន​អាជ្ញាប័ណ្ណ​ពី GoodSalt.com

កាល​ខ្ញុំ​នៅ​ក្នុង​អង្គការ​បឋម​សិក្សា ខ្ញុំ​មិន​ចាំ​ថា គ្រូ​បង្រៀន​របស់​ខ្ញុំ​បាន​សួរ​ថា តើ​នរណា​ក្នុង​ចំណោម​ពួក​យើង​នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ប៉ុន្មាន​ដង​នោះ​ទេ ។ នៅក្នុង​គំនិត​វ័យ​ក្មេង​របស់​ខ្ញុំ ខ្ញុំ​តែងតែ​និយាយ​ថា ខ្ញុំ​នឹង​ទៅ​បម្រើ ។

ម្តាយ​របស់​ខ្ញុំ​បាន​បង្ហាញ​ខ្ញុំ​ពីសារៈ​សំខាន់​នៃការប្រមូល​សាសន៍​អ៊ីស្រាអែល គឺតាម​រយៈ​ការជួយពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​បង្រៀន និង​ចែកចាយ​ដំណឹង​ល្អ ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​គាត់​ដើម្បី​ស្វែងរក​ផ្ទះ​របស់​បងស្រី​ម្នាក់​នៅក្នុង​វួដ ដែល​ខាន​មក​ព្រះ​វិហារ​មួយរយៈ​មក​ហើយ ។ យើង​ស្ទើរ​តែ​វង្វេង​ផ្លូវ​ដោយសារ​យើង​មិន​ស្គាល់​ច្បាស់​ពី​កន្លែង​ដែល​គាត់​រស់នៅ​ទេ ។ ជំនួស​ឲ្យ​ការខឹងសម្បា ម្តាយ​របស់​ខ្ញុំ​បាន​ខិតខំ​រក​ផ្ទះ​របស់​បងស្រី​នោះ​ដោយ​ឧស្សាហ៍​ព្យាយាម ។ ដូច​ស្ត្រី​ម្នាក់​នៅក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​កាក់​ដែល​បាត់ ( សូមមើល លូកា ១៥:៨–១០ ) នោះ​គាត់​បានរកឃើញ​បងស្រី​នោះ ហើយ​គាត់​អររីករាយ ។

នេះ​ជា​របៀប​ដែល​ម្ដាយ​ខ្ញុំ​បាន​ផ្តល់​ឲ្យ​គាត់​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កិច្ចការ​របស់​ព្រះអម្ចាស់ មិន​ត្រឹម​តែ​ក្នុង​ការ​ចែកចាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ការ​ហៅ​របស់​សាសនាចក្រ​ផ្សេង​ទៀត ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​រូប​ត្រូវ​តែ​បម្រើ​ព្រះអម្ចាស់ សូម្បី​តែ​ជា​ការបម្រើ​ដ៏​តូចតាច​ក៏​ដោយ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំបាន​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា ដោយ​ទទួល​បាន​មេដាយ​ថ្នាក់​យុវនារី​របស់ខ្ញុំ បានបញ្ចប់​ការសិក្សា​ពី​មហាវិ​ទ្យាល័យ ហើយ​ចាប់​ផ្តើម​ធ្វើការ ។ បន្តិច​ម្តងៗ​អារម្មណ៍​នៃ​ការ​ចង់​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​បាន​ប្រែ​ជាមាន​អាទិភាព​តិច​ជាង​មុន ។ ទោះបី​ជា​ខ្ញុំ​នៅ​តែ​សកម្ម និង​តម្កើង​ការ​ហៅ​របស់ខ្ញុំ​ក្នុង​សាសនា​ចក្រ​ក្តី ក៏​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្លួន​ឯង​ថា « វា​មិន​អី​ទេ​ក្នុង​ការ​មិន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ពីព្រោះ​វា​មិន​មែន​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​ជា​ស្រ្តី​មា្នក់ ហើយ​ខ្ញុំអាច​បម្រើ​ព្រះអម្ចាស់​តាម​វិធីជា​ច្រើន​ទៀត » ។

អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ​គំនិត​របស់​ខ្ញុំ

ពេល​ខ្ញុំ​អាយុ២២​ឆ្នាំ ខ្ញុំ​មាន​ឱកាស​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​មួយ​ដែល​ខ្ញុំ​បាន​បម្រើ​ក្មេង​ស្រី​ដែល​បាន​ទទួលរង​ការ​រំលោភ​បំពាន និង​ទុកចោល ។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ចំពោះ​ពួកគេ ។ ខ្ញុំ​បាន​ឃើញ​ពី​របៀប​ដែល​ការ​រំលោភ​បំពាន​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ខូច​ចិត្ត ហើយ​បំផ្លាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ខ្លួន​ឯង ។ ពួកគេ​មួយ​ចំនួន​បាន​ប៉ុនប៉ង​ធ្វើ​អត្ត​ឃាត ។ ពួកគេ​មួយ​ចំនួន​មិន​ចង់​ទុក​ចិត្ត​នរណា​ម្នាក់​ឡើយ ។ ពួក​គេ​ភាគ​ច្រើន​គ្មាន​សង្ឃឹម​ក្នុង​ជីវិត ហើយ​មិន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ពី​ព្រះអង្គ​សង្គ្រោះ​នោះ​ទេ ។

ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​ថា « តើ​ការ​រំលោភ​បំពាន​ទាំង​នេះ​អាច​ទប់ស្កាត់​បាន​ដែរ​ឬ​ទេ ? ចុះ​ប្រសិនបើ​ឧក្រិដ្ឋជន​ទាំង​នោះ​បាន​ទទួល​ដំណឹងល្អ​តើ​នឹង​ទៅជា​យ៉ាង​ណា ? ចុះ​ប្រសិន​បើ​ឪពុក​ម្ដាយ​របស់​ពួកគេ​បាន​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​មុន​ក្មេងស្រី​ទាំងនេះ​បាន​កើត តើ​វាមាន​សភាព​បែបណា ? ខ្ញុំ​បាន​ដឹង​ថា ក្មេង​ស្រី​ទាំង​នេះ​ប្រហែល​ជា​មិន​បាន​ជួប​ប្រទះ​ការ​សាកល្បង​ទាំង​នេះ​ទេ ប្រសិន​បើ​ឪពុក​ម្ដាយ និង​ឧក្រិដ្ឋជន​បាន​ទទួល និង​រស់​នៅ​តាម​ដំណឹង​ល្អ​នោះ ។

ការ​សញ្ជឹង​គិត​ពី​សំណួរ​ទាំង​នេះ និង​ការ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ថា មនុស្ស​ទាំង​អស់​ត្រូវការ​ដំណឹង​ល្អ ។ ដូច​កង​ទ័ព​ហេលេមិន​នៅ​ក្នុង​គម្ពីរ​មរមន​បាន​ប្រយុទ្ធ​ដើម្បី​ការពារ​សេចក្តី​ជំនឿ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ នោះ​ព្រះ​អម្ចាស់​ត្រូវ​ការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ដើម្បី​ចែកចាយ​ដំណឹង​ល្អ​របស់​ទ្រង់ និង​ការពារ​នគរ​របស់​ទ្រង់ ។

បទពិសោធន៍​ដែល​ខ្ញុំ​មាន​ពី​ក្មេង​ស្រី​នៅ​មជ្ឈមណ្ឌល​នេះ​បាន​បំផុស​គំនិត​ខ្ញុំ ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ទៅ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ត្រូវ​ចូល​រួម​ក្នុង​កង​ទ័ព​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះ​អម្ចាស់ ។ ទ្រង់​បាន​ទត​ឃើញ​បំណង​ប្រាថ្នា​នេះ ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​បេសកកម្ម ការអូយ៉ាន ហ្វីលីពីន ។

ការបម្រើ​បេសកកម្ម

នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​មនុស្ស​ផ្លាស់​ប្ដូរ​នៅ​ពេល​ពួកគេ​បាន​រៀន​ដំណឹង​ល្អ ។ ខ្ញុំ​បាន​បង្រៀន​មនុស្ស​ដែល​មិន​ចេះ​អភ័យ​ទោស មនុស្ស​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង មនុស្ស​ឆ្មើង​ឆ្មៃ និង​មនុស្ស​ដែល​មិន​ចេះ​ពី​របៀប​អធិស្ឋាន ។ ដោយ​សារ​ដំណឹង​ល្អ ពួក​គេ​បាន​បោះ​បង់​ទម្លាប់​ចាស់​របស់​ខ្លួន ដើម្បី​មាន​ភាពស័ក្ដិសម​នឹង​អ្វី​ដែល​ព្រះ​បាន​សន្យា​គឺ ៖ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ដោយ​សារ​តែ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​បាន​ដឹង​ថា មនុស្ស​គ្រប់​រូប​អាច​ចាប់​ផ្តើម ឬ​ត្រឡប់​ទៅ​កាន់​ផ្លូវ​តូច​ ហើយ​ចង្អៀត​វិញ ប្រសិនបើ​ពួក​គេ​ប្រែ​ចិត្ត ។ ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយយើង​ឲ្យ​ផ្លាស់ប្ដូរ និង​រីក​ចម្រើន​ឆ្ពោះ​ទៅរកភាព​ល្អឥត​ខ្ចោះ និង​មាន​ភាពស័ក្តិសម​នៃ​ពរជ័យ​ដ៏អស្ចារ្យ ដែល​ព្រះវរបិតា​សួគ៌​បាន​រៀប​ចំសម្រាប់​យើង ។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​អាច​កើត​ឡើង​ពី​ភាព​សោកសៅ​ទៅ​រក​សុភមង្គល ពី​ភាព​ចលាចល​ទៅ​រក​សេចក្តីសុខសាន្ត ពី​កំហឹង​ទៅរក​ការ​អភ័យ​ទោស ពី​ភាព​ទន់​ខ្សោយ​ទៅ​រក​ភាព​រឹងមាំ ពី​ការ​ស្អប់​ទៅ​រក​ការស្រឡាញ់ ។

ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ពរ​ណាស់​ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​ខ្ញុំ​យល់​ដឹង​ពី​តម្លៃ​របស់​ខ្ញុំ ក្នុង​នាម​ជា​បុត្រី​របស់​ព្រះមាតា​បិតា​សួគ៌ ទោះ​ជាពេល​ស្ថិត​នៅក្នុង​កាលៈទេសៈ​អាក្រក់​ក៏​ដោយ ។ ព្រះវ​របិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង​តែងតែ​លួងលោម​ខ្ញុំ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះគម្ពីរ​គឺ​ជា​ត្រី​វិស័យ​របស់ខ្ញុំ​នៅ​ពេល​ដែលខ្ញុំ​មាន​ការភាន់​ច្រឡំ ហើយ​ត្រូវធ្វើ​ការសម្រេច​ចិត្ដ​អ្វី​មួយ ។

គ្រួសារ​ខ្ញុំ និង​ខ្ញុំ​កំពុង​ព្យាយាម​កាន់​ខ្ជាប់​ដោយ​ស្មោះ​ត្រង់​រហូត​ដល់​ចុង​បំផុត ។ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​កាន់​បព្វជិតភាព ហើយ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ជាមួយ​ព្រះអម្ចាស់​គឺ​មិន​ត្រឹម​តែ​សម្រាប់​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​គ្រួសារ​ខ្ញុំ និង​សម្រាប់​នគរ​របស់​ទ្រង់​ផងដែរ ។

អ្នកនិពន្ធ​រស់នៅ​ប្រទេស​ហ្វីលីពិន ។