ឆ្នាំ ២០២៣
បេសកកម្ម​របស់​ខ្ញុំ​នៅ​បន្ត
ខែ កក្កដា ឆ្នាំ ២០២៣


« បេសកកម្ម​របស់​ខ្ញុំ​នៅ​បន្ត » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បេសកកម្ម​របស់​ខ្ញុំ​នៅ​បន្ត

សំបុត្រ​ចុងក្រោយ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ​នា​ពេល​អនាគត​ដោយ​លោក​ផ្តល់​ពាក្យ​ទូន្មាន​ដ៏​មាន​អត្ថន័យ​វិសេសវិសាល​បំផុតចំពោះ​ខ្ញុំ ។

រូបភាព
ស្រោម​សំបុត្រ​ដែល​បើក និង​សំបុត្រ

ខ្ញុំ​កំពុង​តែ​រីករាយ​នឹង​បេសកកម្ម​ពេញ​ម៉ោង​របស់​ខ្ញុំ​នៅ​លើ​ភ្នំ​ដ៏​ស្រស់​ស្អាត​នៃ​កាចាម៉ាកា ប្រទេស​ប៉េរូ ពេល​ឪពុក​របស់​ខ្ញុំ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ភ្លាមៗ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក​គាត់​ក៏​បាន​ទទួល​មរណភាព ។

ពេល​ខ្ញុំ​ជួប​ជាមួយ​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​យំ​ពេល​ខ្ញុំ​នឹក​ឃើញ​ពី​អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​បង្រៀន អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ការធ្វើ​ជា​មនុស្ស​ថ្លៃថ្នូរ​ម្នាក់ ។ គាត់​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ជា​រៀង​រាល់​សប្តាហ៍ ដោយ​បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់ គាត់​បង្រៀន​ខ្ញុំ​ឲ្យ​យល់​ដឹង​អំពី​ដំណឹងល្អ​ដ៏​មាន​អនុភាព និង​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ខិតខំ​ធ្វើ​កិច្ចការ​អស់ពី​សមត្ថភាព ។

បន្ទាប់​ពីការប្រជុំ​របស់​យើង ប្រធាន​បេសកកម្ម​បាន​ប្រគល់​សំបុត្រ​មួយ​មក​ខ្ញុំ—ដែល​ជាសំបុត្រ​ចុង​ក្រោយ​ពី​ឪពុក​ខ្ញុំ ។ សំបុត្រ​របស់​គាត់​បាន​ជួយ​ខ្ញុំ​នា​ពេល​អនាគត​ដោយ​គាត់​ផ្តល់​ពាក្យ​ទូន្មាន​ដ៏​មាន​អត្ថន័យ​វិសេសវិសាល​បំផុត​​ចំពោះ​ខ្ញុំ ៖

« កូន​មាន [ បេសកកម្ម ] មួយ​ទៀត​ដែល​ត្រូវ​ធ្វើ​ក្នុង​ពេល​ពីរបី​ខែ​ទៀត—គឺជា​បេសកកម្ម​ដ៏​លំបាក​បំផុត ដែល​កូន​នឹង​ត្រូវ​ពឹងផ្អែក​លើ​ការពលិកម្ម​ជីវិត​របស់​កូន តាម​គោលការណ៍​ដែល​កូន​បានបង្រៀន ដើម្បី​ធ្វើ​អ្វីៗ​ដែល​មក​ដល់​ពេល​នេះ គឺ​កូន​គ្រាន់តែ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ ។ វា​អាច​ជា​បេសកកម្ម​ដែល​មាន​ផលិតភាព​បំផុត ។ កូន​ដូចជា​ដំបែ​នៅក្នុង​នំប៉័ង ។ …

« យើង​ស្រឡាញ់​កូន ហើយ​អធិស្ឋាន​ឲ្យ​កូន​ជារៀង​រាល់ថ្ងៃ ។ ចូរ​ខិតខំ​ធ្វើការ និង​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ » ។

ពេលខ្ញុំ​អានពាក្យ​សម្ដី​របស់​គាត់​ខ្ញុំ​យំ—ដោយ​សោកសៅ ដោយ​ដឹងថា ពាក្យ​ទាំង​នោះ​ជាបណ្តាំ​ចុងក្រោយ​របស់គាត់​ចំពោះ​ខ្ញុំ​ក្នុង​ជីវិត​នេះ ហើយ​ក៏​រីករាយ ដោយ​ដឹងអំពី​អនុភាព​នៃ​ពាក្យ​ទាំងនោះ និង​គោលបំណង​​សម្រាប់​រូប​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា បេសកកម្ម​បន្ទាប់​របស់​ខ្ញុំ—ពេញ​មួយ​ជីវិត​របស់​ខ្ញុំ—គឺ​មាន​ន័យ​លើស​អ្វីៗ​ទាំងអស់ ។ វា​អាច​ជា​គ្រា​នៃ​ការសាកល្បង​ពិតប្រាកដ ហើយ​វា​នឹង​តម្រូវ​ឲ្យ​អនុវត្តន៍​តាម​គ្រប់យ៉ាង​ដែល​ខ្ញុំ​បានរៀន និង​ដែល​បាន​មាន​បទពិសោធន៍​ក្នុង​នាមជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូប ។

ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​មាន​ផែនការ​មួយ​ដែល​មាន​គោល​បំណង​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​យើង​ទាំងអស់​គ្នា ។ ទ្រង់​អាច​លើក​កម្ពស់​យើង​នៅលើ​ផែនដី ហើយ​ប្រទាន​កែវ​ភ្នែក​ឲ្យ​យើង​មើលឃើញ និង​ស្គាល់​សេចក្ដី​ពិត​របស់​ទ្រង់ ។ ខ្ញុំ​បាន​មើលឃើញ​ការណ៍​នេះ ខ្ញុំ​បាន​ថ្វាយ​ជីវិត​របស់​ខ្ញុំ​ចំពោះ​ទ្រង់ និង​បាន​ដកពិសោធ​នូវ​ពរជ័យ​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​បាន​មើលឃើញ​ការណ៍​នេះ កាល​ភរិយា​ដ៏​ស្រស់ស្អាត​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ធ្វើការ​រួម​គ្នា​បង្កើត​គ្រួសារ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ក្តីសង្ឃឹម មាន​កូនចៅ និង​ដំណឹងល្អ ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ភាពរឹងមាំ​ដល់​យើង កាល​យើង​លុតជង្គង់​ចុះ ពេល​អាន​ព្រះគម្ពីរ ពេល​ទៅ​ព្រះ​វិហារ​បរិសុទ្ធ និង​បម្រើ​ដល់​អ្នក​ដទៃ ។ ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​លាតសន្ធឹង​អំឡុង​ពេល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់​ខ្ញុំ ដូច​អ្វី​ដែល​ខ្ញុំ​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ ។

បេសក​កម្ម​របស់​ទ្រង់ « គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ បេសកកម្ម​នោះ​ពិត​ជា​បន្ត ។