« តើឯងជឿលើព្រះដែរឬទេ ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
តើឯងជឿលើព្រះដែរឬទេ ?
នៅពេលមិត្តរបស់ខ្ញុំបានចែកចាយកង្វល់របស់នាង ខ្ញុំក៏យល់ចិត្តនាងភ្លាម ។
ខ្ញុំពិតជាមិនដែលសង្ស័យអំពីសេចក្ដីពិតនៃដំណឹងល្អទេ ពេលខ្ញុំធំឡើង ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំបានឈានដល់វ័យជំទង់ ខ្ញុំបានសង្ស័យថា តើខ្ញុំពិតជាមានទីបន្ទាល់ ឬគ្រាន់តែទទួលយកទៅតាមតែអ្វីដែលឪពុកម្ដាយ និងមិត្តភក្តិរបស់ខ្ញុំជឿឬ ។ ខ្ញុំបានអធិស្ឋានសូមឲ្យខ្ញុំអាចដឹងថាដំណឹងល្អគឺពិត ។
ថ្វីបើខ្ញុំត្រូវពុះពារនឹងរឿងនេះក្តី មានយុវនារីម្នាក់ដែលខ្ញុំបានជួបនៅមហាវិទ្យាល័យក្នុងសហគមន៍របស់ខ្ញុំបានប្រាប់ខ្ញុំថា នាងបានដឹងថា ខ្ញុំយល់ពីគោលបំណង និងទិសដៅក្នុងជីវិតរបស់ខ្ញុំ ។
នាងបានសួរខ្ញុំថា « តើឯងជឿលើព្រះដែរឬទេ ? »
ខ្ញុំបានប្រាប់នាងថាខ្ញុំជឿ ហើយថាព្រះវិហាររបស់ខ្ញុំបានបង្រៀនអំពីទំនាក់ទំនងរបស់យើងជាមួយព្រះ និងគោលបំណងនៃជីវិត ។ ខ្ញុំក៏បានប្រាប់នាងអំពីព្យាការី យ៉ូសែប ស្ម៊ីធ និងការស្តារឡើងវិញផងដែរ ។ នាងបានស្តាប់ដោយយកចិត្តទុកដាក់ ។
ថ្ងៃអាទិត្យបន្ទាប់កាលនៅព្រះវិហារ ខ្ញុំបានយកកូនសៀវភៅអំពី យ៉ូសែប ស្ម៊ីធ និងផែនការនៃសេចក្ដីសង្គ្រោះឲ្យមិត្តរបស់ខ្ញុំ ។ បន្ទាប់ពីនាងបានអានកូនសៀវភៅនោះ ហើយបានចាប់ផ្ដើមអានព្រះគម្ពីរមរមន ខ្ញុំក៏បាននាំនាងទៅព្រះវិហារ ។
ក្រោយមកនាងបានប្រាប់ខ្ញុំថា នាងស្និទ្ធស្នាលនឹងបងប្រុសរបស់នាងខ្លាំងណាស់ ។ គាត់ធ្លាប់ជាអ្នកបើកយន្តហោះដ៏ចំណានដែលបានសម្តែង ក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុក ។ គួរឲ្យស្តាយ នៅរដូវក្តៅមុនពេលយើងជួបគ្នា គាត់បានបាត់បង់ជីវិតនៅពេលហោះហើរក្នុងកម្មវិធីទូរទស្សន៍មួយ ។ នាងខូចចិត្តខ្លាំងណាស់ព្រោះការស្លាប់របស់គាត់ ហើយព្រួយបារម្ភពីគាត់ព្រោះគាត់បានប្រកាសថា គាត់មិនជឿព្រះទេ ។ នាងបានអធិស្ឋានដើម្បីដឹងពីស្ថានភាព និងគោលជំហររបស់គាត់ចំពោះព្រះ ។
នៅពេលនាងបានចែកចាយកង្វល់របស់នាង ខ្ញុំក៏យល់ចិត្តនាងភ្លាម ។ វាគឺជាអារម្មណ៍នៃសេចក្ដីពិតដ៏បរិសុទ្ធ និងពន្លឺ ។ ខ្ញុំយល់ថា ការប្រជុំរបស់យើងមិនបានកើតឡើងដោយចៃដន្យនោះទេ ។ ផ្ទុយទៅវិញព្រះបានឮ ហើយឆ្លើយតបទៅនឹងការអធិស្ឋានដ៏ស្មោះសររបស់យុវនារីដែលខូចចិត្តម្នាក់នេះ ។
ខ្ញុំមានចិត្តរាបសាដោយដឹងថា ព្រះវរបិតាសួគ៌បានស្គាល់ខ្ញុំ ហើយចាត់ទុកថា ខ្ញុំស័ក្តិសមនឹងធ្វើជាឧបករណ៍មួយនៅក្នុងព្រះហស្តរបស់ទ្រង់ក្នុងការឆ្លើយតបទៅនឹងការអធិស្ឋានរបស់នាង ។ ខ្ញុំយល់ពីព្រះប្រាជ្ញាញាណដ៏អស្ចារ្យរបស់ទ្រង់ក្នុងការប្រើបទពិសោធន៍នេះ ដើម្បីឆ្លើយនឹងការអធិស្ឋានរបស់ខ្ញុំ ដើម្បីដឹងថាដំណឹងល្អពិតផងដែរ ។
បន្ទាប់ពីរៀបចំរួច ខ្ញុំបានរៀបកាបូបសម្រាប់រយៈពេលពីរឆ្នាំដ៏ល្អបំផុតក្នុងជីវិតខ្ញុំ ។ ទន្ទឹមនឹងនេះដែរមិត្តរបស់ខ្ញុំ បានរៀនពីអ្នកផ្សព្វផ្សាយសាសនាជាមួយប្អូនរបស់នាង ។ ពួកគេទាំងពីរនាក់បានចូលរួមក្នុងសាសនាចក្រ ហើយបន្ទាប់មកបានបម្រើបេសកកម្ម ។ ក្រោយពីបេសកកម្មរបស់ខ្ញុំ មិត្តខ្ញុំបានសុំឲ្យខ្ញុំធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ជូនបងប្រុសរបស់នាង ។
ខ្ញុំដឹងថាព្រះបានឮ និងឆ្លើយតបទៅនឹងការអធិស្ឋានដ៏ស្មោះសរ ទោះបីជាពេលខ្លះតាមរបៀប ឬពេលវេលាដែលយើងមិនបានរំពឹងទុកក៏ដោយ ។