ឆ្នាំ ២០២៣
ការផ្លាស់ប្ដូរ​វិធីសាស្ត្រ​របស់​ខ្ញុំ​ដើម្បី​ទទួលបាន​ទីបន្ទាល់
ខែ កក្កដា ឆ្នាំ ២០២៣


« ការផ្លាស់ប្ដូរ​វិធីសាស្ត្រ​របស់​ខ្ញុំ​ដើម្បី​ទទួលបាន​ទីបន្ទាល់ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

យុវមជ្ឈិមវ័យ

ការផ្លាស់ប្ដូរ​វិធីសាស្ត្រ​របស់​ខ្ញុំ​ដើម្បី​ទទួលបាន​ទីបន្ទាល់

ជា​លើក​ដំបូង​ដែល​ខ្ញុំ​មាន​គ្រាប់​ពូជ​ដ៏​សាមញ្ញ​នៃ​សេចក្ដី​ជំនឿ​ដែល​ពិត ។

រូបភាព
របស់​របប​ផ្សេងៗ​នៅ​ក្នុង​សួនច្បារ រួមទាំង​ផើង​ដែល​កាន់​ដោយ​ដៃ​ពីរ

ខ្ញុំបាន​ធំឡើង​នៅក្នុង​សាសនាចក្រ—ខ្ញុំបាន​ចូលរួម​សកម្មភាព​នានា ហើយ​ខ្ញុំបាន​ចូលរួម​ក្នុង​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​គ្មាន​ទីបន្ទាល់​ទេ ។ ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​ជឿ​លើ​ព្រះ ឬ​លើ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឬ​អត់​នោះ​ទេ ។ ខ្ញុំ​មិន​ដឹង​ថា តើ​ព្រះ​គម្ពីរ​មរមន​ពិត​ឬ​អត់​ទេ ។

ខ្ញុំ​ចង់​មាន​ទីបន្ទាល់ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត​បន្ទាប់ពី​អធិស្ឋាន​ជា​ច្រើន​ដង ដោយ​មិន​មាន​អារម្មណ៍​ថា ខ្ញុំ​បានទទួល​ចម្លើយ​ឡើយ ។ ខ្ញុំ​ចាប់ផ្តើម​ងឿង​ឆ្ងល់ថា « ប្រសិនបើ​មាន​ព្រះ​ពិត​មែន តើ​ហេតុអ្វី​ទ្រង់​មិន​បង្ហាញ​ព្រះកាយ​ដល់​ខ្ញុំ ? ហេតុអ្វី​ទ្រង់​ទុក​ឲ្យ​ខ្ញុំ​អង្គុយ​ងឿងឆ្ងល់​នៅ​ទីនេះ ? »

ពេល​ក្រឡេក​មើល​ក្រោយ ខ្ញុំ​អាច​មើលឃើញ​យ៉ាងច្បាស់​ពី​មូលហេតុ​ដែល​ខ្ញុំ​មិន​បានទទួល​ចម្លើយ ៖ ដែល​ពេល​នោះ​ខ្ញុំ​មិន​បាន​ដាក់​កិច្ចខិតខំ​ពិត​ប្រាកដ​នោះ​ទេ ។ ខ្ញុំ​នឹង​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​តែ​ប្រាំ​នាទី​ក្នុង​មួយ​សប្ដាហ៍ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​បទពិសោធន៍​នៃ​វិវរណៈ​មួយ​ចំនួន​ដោយសារ​ខ្ញុំ​បាន​ទូល​សុំ ។

ខ្ញុំ​មិន​បាន​យល់​ថា ជំនឿ​គឺជា​គោលការណ៍​នៃ​សកម្មភាព​នោះទេ ។

គ្រាប់​ពូជ​នៃ​សេចក្ដីជំនឿ

ប្រសិនបើ​មនុស្ស​មើល​មក​ខ្ញុំ​តែ​សំបក​ក្រៅ​នឹង​គិតថាខ្ញុំ « សកម្ម » នៅក្នុង​សាសនា​ចក្រ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​ដឹង​ថា តើ​សាសនា​ចក្រ​ពិត​ឬ​អត់​នោះទេ ។ ប៉ុន្តែ​ខ្ញុំចង់ដឹង ។

ដូច្នេះ​ខ្ញុំ​បាន​សម្រេចចិត្ត​បម្រើ​បេសកកម្ម ។ ខ្ញុំ​ស្មាន​ខុស​ថា ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា ខ្ញុំ​នឹង​ទទួល​បាន​ចម្លើយ​ពី​ព្រះ​ដោយ​ស្វ័យប្រវត្តិ ។ ខ្ញុំ​នៅតែ​មិន​បានខិតខំ​អធិស្ឋាន ឬ​សិក្សា​ខ្លាំង​នោះ​ទេ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​បាន​ទទួល​ការចាត់តាំង ។

នៅពេល​ចាប់ផ្ដើម​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​ពិបាក​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ពេល​កំពុង​បំពាក់​បំប៉ន់​តាម​អនឡាញ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត ព្រោះ​តែ​ខ្ញុំ​មាន​ចិត្ត​ស្ទាក់ស្ទើរ ។ ប៉ុន្ដែ​ក្រោយមក​ខ្ញុំ​បាន​ទៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​ជួប​ផ្ទាល់ ។ ហើយ​ពេលវេលា​របស់​ខ្ញុំ​នៅទីនោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ខ្លាំង​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ វា​គឺជា​លើក​ដំបូង​ដែល​ខ្ញុំ​មាន​គ្រាប់ពូជ​សាមញ្ញ​នៃ​សេចក្ដី​ជំនឿ​ដ៏​ពិត ។

ការធ្វើ​ការផ្លាស់ប្តូរ

ទីបំផុត​ការចូល​ទៅក្នុង​តំបន់​បេសកកម្ម​គឺ​ពិបាក​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ទីបន្ទាល់​ដែល​ខ្ញុំ​បានទទួល​បន្តិច​បន្តួច​ត្រូវ​បាត់បង់ ។

ថ្ងៃ​មួយ​ពេល​ខ្ញុំ​កំពុងយំ ស្រាប់តែ​អនុស្សាវរីយ៍​មួយ​បាន​ផុសឡើង​ក្នុង​ខួរក្បាល​ខ្ញុំ ។ ប៉ា​របស់​ខ្ញុំ​ធ្លាប់​សួរ​ខ្ញុំ​ថា តើ​ថ្ងៃ​នេះ​នៅ​សាលារៀន​យ៉ាង​ម៉េច​ដែរ ហើយ​ខ្ញុំ​តែងតែ​និយាយ​ថា វា​ធុញ​ទ្រាន់​ណាស់​ប៉ា ។ ហើយ​គាត់​នឹង​និយាយ​ថា « មែន​ហើយ​នោះ​គឺ​ដោយសារ​កូន​ធ្វើ​ឲ្យ​វា​ធុញ​ទ្រាន់ ។ ប្រសិនបើ​កូន​ចង់​ឲ្យ​ការរៀន​នៅ​សាលា​មាន​ភាព​សប្បាយ​រីករាយ ចូរ​កូន​ធ្វើឲ្យ​សប្បាយ​រីករាយ​ទៅ » ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​ប្រើប្រាស់​ពេលវេលា​ភាគច្រើន​របស់​ខ្ញុំ​នៅ​ក្នុង​បេសកកម្ម ដើម្បី​រៀនសូត្រ និង​រីកចម្រើន ឬ​ធ្វើ​ឲ្យ​ខ្លួន​ឯង​រង​ទុក្ខ​វេទនា ។

ដូច្នេះ​ខ្ញុំ​បានអធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ជាង​ពេល​ណា​ទាំងអស់ ដើម្បី​ទូល​ព្រះវរបិតាសួគ៌​ថា ខ្ញុំ​នឹង​ព្យាយាម​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ខ្ញុំ ។ បន្ទាប់ពី​នោះ​ខ្ញុំ​ទទួល​បាន​ការបំផុសគំនិត​ឲ្យ​ដាក់​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​ទៀត ។ ខ្ញុំ​ចាប់ផ្តើម​សិក្សា និង​អធិស្ឋាន និងពិចារណា​យ៉ាង​ពិត​ប្រាកដ ហើយ​យូរៗ​ទៅ ពន្លឺនៃ​ទីបន្ទាល់​បាន​ត្រឡប់​មកវិញ—ហើយ​បន្ត​លូតលាស់ ។ ខ្ញុំ​ក៏​មិន​សូវ​តានតឹង​ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​រកឃើញ​អំណរ​នៅ​ក្នុង​ដំណឹងល្អ ។

អ្វី​ដែល​យើង​ឲ្យ​គឺជា​អ្វី​ដែល​យើង​ទទួល

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​តានតឹង​ដូចជា​សេចក្តី​ជំនឿ​របស់​អ្នក​មិន​រីកចម្រើន អ្នក​ប្រហែល​ជា​ងឿងឆ្ងល់​ថា តើ​ព្រះ​គង់​នៅ​ទីនោះ​ឬ​ទេ ហើយ​ទ្រង់​ខ្វល់​ខ្វាយ​ឬទេ ។ ប៉ុន្តែ​ខ្ញុំ​បានរៀន​ថា ទ្រង់​តែង​នៅ​ជាមួយ​យើង​ជានិច្ច ហើយ​នឹង​ជួយ​យើង​ពង្រឹង​សេចក្តី​ជំនឿ និង​ទីបន្ទាល់​របស់​យើង ប្រសិន​បើ​យើង​ទទួល​ខុសត្រូវ និង​ខំ​ប្រឹងប្រែង ( សូមមើល មរ៉ូណៃ ១០:៤ ) ។

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ខណៈ​ដែល​វា​ហាក់​ដូច​ជា​គ្មាន​រូបមន្ត​ពិតប្រាកដ​ដែល​យើង​ម្នាក់ៗ​ទទួល​បាន​ទីបន្ទាល់​ក៏​ដោយ តែ​វា​ហាក់​ដូចជា​មាន​លំនាំ​មួយ​ដែល​អាច​យល់​បាន » ។ លំនាំ​នោះ​រួមមាន​ទាំងការ​មាន​បំណងប្រាថ្នា​ដ៏​ស្មោះសរ​ដើម្បី​ដឹង​ពី​សេចក្ដីពិត ការ​មាន​ឆន្ទៈ​បម្រើ​នៅ​កន្លែង​ដែល​បាន​ហៅ ការព្យាយាម​គោរព​ប្រតិបត្តិ ការសិក្សា​ព្រះគម្ពីរ និង​ការអនុវត្ត​តាម​នៅក្នុង​ជីវិត​របស់​យើង និង​ការមាន​អាកប្បកិរិយា​រាបសា ។

ខ្ញុំ​នឹង​មិន​អាច​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្ញុំ ដោយ​មិន​ផ្លាស់​ប្ដូរ​អាកប្បកិរិយា មិន​ធ្វើ​តាម​លំនាំ​ទាំងនេះ ហើយ​ថ្វាយ​ដួង​ចិត្ត​ទាំងមូល​ដើម្បី​ភ្ជាប់​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ឡើយ ។ ពេល​ខ្ញុំ​ធ្វើ​ការផ្លាស់​ប្ដូរ​ទាំងនោះ​ខ្ញុំ​បាន​ចាប់ផ្ដើម​ទទួល​ចម្លើយ ហើយ​ជឿ​លើ​សេចក្ដី​ពិត ។

ស៊ីស្ទើរ រេបិកា អិល ក្រេវិន ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​យុវនារី​ទូទៅ កាលពី​ពេល​ថ្មីៗ​នេះ​បាន​មាន​ប្រសាសន៍​ថា ៖ « ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺហួស​ពី​ការគ្រាន់តែ​សង្ឃឹម ឬ​ការជឿ​ទៅ​ទៀត ។… វា​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វីមួយ » ។ ខ្ញុំ​បាន​រៀន​ដោយ​ខ្លួនឯង​ថា នេះ​ជា​ការពិត ៖ អ្វី​ដែល​ខ្ញុំ​បាន​ដាក់​នៅក្នុង​ដំណឹងល្អ គឺជា​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​មក​វិញ ។

ចំពោះ​អ្នក​ដែល​មើល​មកខ្ញុំ សកម្មភាព​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ​ប្រហែល​ជា​មើល​ទៅ​ដូច​ធម្មតា​ដូច​សព្វដង ។ ប៉ុន្តែ​ខ្ញុំ​បានផ្លាស់ប្តូរ​ការប្តេជ្ញាចិត្ត​របស់​ខ្ញុំ​ចំពោះ​ដំណឹងល្អ​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​ទាំង​ស្រុង ។

អ្នក​និពន្ធ​រស់នៅ រដ្ឋ វ៉ាស៊ីង​តោន ស.រ.អា. ។

កំណត់​ចំណាំ

  1. រ៉ូបឺត ឌី ហែល « The Importance of Receiving a Personal Testimony » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ២១–២២ ។

  2. រេបិកា អិល ក្រេវិន « ធ្វើ​អ្វី​ដែល​សំខាន់​បំផុត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦២ ។