« ការរស់នៅ និងការចែកចាយដំណឹងល្អ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
សម្រាប់មាតាបិតា
ការរស់នៅ និងការចែកចាយដំណឹងល្អ
ជូនចំពោះមាតាបិតា
វិធីពីរយ៉ាងដែលយើងបង្ហាញព្រះ ចំពោះការដឹងគុណរបស់យើងលើដំណឹងល្អគឺដោយការរស់នៅតាម និងចែកចាយដំណឹងល្អ ។ ច្បាប់ប្រចាំខែនេះផ្ដោតលើការធ្វើឲ្យដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាផ្នែកដ៏សំខាន់ក្នុងជីវិតរបស់យើង មិនថាតាមរយៈការពង្រឹងសេចក្តីជំនឿលើទ្រង់ ការធ្វើការផ្លាស់ប្ដូរដ៏សំខាន់ ឬការផ្សព្វផ្សាយសេចក្ដីពិតរបស់ទ្រង់នៅទូទាំងពិភពលោកនោះទេ ។ អំណររង់ចាំអស់អ្នកដែលរៀន និងធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយចែកចាយសារលិខិតរបស់ទ្រង់តាមរយៈពាក្យសម្តី និងទង្វើ ។
ការពិភាក្សាអំពីដំណឹងល្អ
ការចែកចាយដំណឹងល្អតាមរយៈទីបន្ទាល់
សូមអញ្ជើញសមាជិកគ្រួសារម្នាក់ៗឲ្យចែកចាយទីបន្ទាល់ខ្លីមួយ អំពីគោលការណ៍នៃដំណឹងល្អដែលគេពេញចិត្ត ។ សូមចែកចាយអត្ថបទដកស្រង់អំពីកិច្ចការផ្សព្វផ្សាយមកពីអែលឌើរ ឃ្វីនថិន អិល ឃុក នៅទំព័រ ៤ ។ ដោយគិតអំពីគោលការណ៍នៃដំណឹងល្អដែលអ្នកទើបតែចែកចាយ សូមសួរថា ៖ តើមានមនុស្សណាខ្លះដែលយើងអាចចែកចាយគោលការណ៍ទាំងនេះជាមួយបានទេ ?
មានអារម្មណ៍ខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ
សូមសួរកូនរបស់អ្នក ពេលណាដែលពួកគេមានអារម្មណ៍ខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ សូមធ្វើបញ្ជីពីចម្លើយរបស់ពួកគេ ។ សូមពន្យល់អំពីសកម្មភាពស្ថាបនាសេចក្តីជំនឿទាំងប្រាំរបស់អែលឌើរ ផាតទ្រីស៊ីអូ អឹម ហ្គាយហ្វ្រា ( សូមមើល ទំព័រ ៤២–៤៣ ) ។ សូមពិចារណាធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនេះជាគ្រួសារ ដែលអ្នកយល់ស្របថា អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងផ្ទះរបស់អ្នក ។ សូមដាក់ផែនការមួយជាមួយគ្នាដើម្បីផ្តោតទៅលើសកម្មភាពនោះនៅខែនេះ ។
ការផ្លាស់ប្ដូរអាចនាំឲ្យមានការរីកចម្រើនខាងវិញ្ញាណ
ការផ្លាស់ប្ដូរទាំងអ្វីដែលបានរំពឹងទុក និងមិនបានរំពឹងទុកគឺជាផ្នែកមួយនៃបទពិសោធន៍ក្នុងជីវិតរមែងស្លាប់របស់យើង ។ សូមអានអត្ថបទថ្លែងដោយអែលឌើរ ស៊ាយរ៉ូ ឈឺម៉ែល នៅ ទំព័រ ៣០ អំពីការផ្លាស់ប្ដូរជាច្រើនប្រភេទនៅក្នុងជីវិតរបស់យើង ។ តើការផ្លាស់ប្តូរនេះអាចជួយយើងឲ្យកាន់តែក្លាយដូចជាព្រះអង្គសង្គ្រោះដោយរបៀបណា ?
ចូរមកតាមខ្ញុំ ការកម្សាន្តសប្បាយប្រចាំគ្រួសារ
ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់គ្រប់រូប
« ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្តីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ » ( កិច្ចការ ១០:៣៤–៣៥ ) ។
អ្នកមានសិទ្ធិអំណាចទូទៅមកពីប្រទេសផ្សេងៗ ។ ប្រហែលពាក់កណ្តាលមកពីសហរដ្ឋអាមេរិក ។ អ្នកខ្លះទៀតមកពីអាមេរិកកណ្តាល និងអាមេរិកខាងត្បូង, អាស៊ី, អឺរ៉ុប, អាហ្វ្រិក, អូសេអានី, ម៉ិកស៊ិក និងកាណាដា ។
-
តើអ្នកអាចប្រាប់ឈ្មោះសាវក ដែលបានកើតនៅទ្វីបអឺរ៉ុបបានដែរឬទេ ?
-
តើអ្នកអាចប្រាប់ឈ្មោះសាវកមកពីអាមេរិកខាងត្បូងបានដែរឬទេ ?
-
តើអ្នកអាចប្រាប់ឈ្មោះសាវកដែលឪពុកម្ដាយរបស់លោកមកពីប្រទេសស៊ុយអែត និងហ្វាំងឡង់បានដែរឬទេ ?
-
តើអ្នកអាចប្រាប់ឈ្មោះសាវកដែលគ្រួសាររបស់លោកមកពីប្រទេសចិនបានដែរឬទេ ?
យើងអាចមកពីកន្លែងផ្សេងៗ ប៉ុន្តែព្រះស្រឡាញ់យើងទាំងអស់គ្នា ។
ការពិភាក្សា ៖ តើយើងអាចដូចគ្នា ឬខុសគ្នាពីមនុស្សឯទៀតដោយរបៀបណា ? តើព្រះស្រឡាញ់យើងដោយផ្អែកលើរូបរាងរបស់យើង ឬទីកន្លែងដែលយើងមកឬ ? សូមពិនិត្យមើលដំណើររឿងរបស់ ពេត្រុស និង កូនេលាស ឡើងវិញដែលមាននៅក្នុង កិច្ចការ ១០ ។ តើពួកលោកបានរៀនអ្វីខ្លះអំពីការវិនិច្ឆ័យអ្នកដទៃ ? តើចរិតលក្ខណៈអ្វីខ្លះដែលសំខាន់ចំពោះព្រះអម្ចាស់ ?