ឆ្នាំ ២០២៣
ផ្លូវ​ផ្ទាល់​របស់​យើង​ទៅ​កាន់ទីក្រុង​អេម៉ោស
ខែ កក្កដា ឆ្នាំ ២០២៣


« ផ្លូវ​ផ្ទាល់​របស់​យើង​ទៅ​កាន់ទីក្រុង​​អេម៉ោស » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

លូកា ២៤:១៣–៣៥

ផ្លូវ​ផ្ទាល់​របស់​យើង​ទៅ​កាន់ទីក្រុង​អេម៉ោស

សកម្មភាព​សាមញ្ញ​ប្រាំ ​យ៉ាង​ដែល​អាច​ជួយ​យើង​ឲ្យ​ដឹង​ថាព្រះអង្គ​សង្គ្រោះ​តែង​គង់​នៅ​ជិត​ជានិច្ច ។

រូបភាព
ព្រះ​យេស៊ូវ និង​សិស្ស​របស់​ទ្រង់​នៅ​តាមផ្លូវ​ទៅកា​ទីក្រុង​អេម៉ោស

On the Road to Emmaus [ នៅតាម​ផ្លូវ​ទៅកាន់ទីក្រុង​​អេម៉ោស ] ដោយ វីនឌី ប៊ី ខែលើ ទទួល​សិទ្ធិ​ពី Havenlight

ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​មហារីក​កាល​ខ្ញុំ​មាន​អាយុ ៤ ឆ្នាំ ។ កាល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ ។ ខ្ញុំ​បាន​ដាក់​ការសង្ស័យ​លើ​ព្រះ ហើយ​ទូលសួរ​ថា ហេតុ​អ្វី​បានជា​ជីវិត​នេះ​អយុត្តិធម៌​ម្ល៉េះ ។ ដប់​ឆ្នាំ​ក្រោយមក​កាលខ្ញុំ​មាន​អាយុ ១៤ ឆ្នាំ ខ្ញុំ​បាន​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ កាល​ពួកគេ​បង្រៀន​យើង ម្ដាយ​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​បង្រៀន​សេចក្ដីពិត ហើយ​ថា​យើង​គួរតែ​ស្តាប់ ។ នៅពេល​យើង​ចូលរួម​ក្នុង​សាសនាចក្រ នោះ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការយល់ដឹង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ បាន​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​នៅ​ក្នុង​គ្រា​ដែល​ខ្ញុំ​ត្រូវការ​វា​បំផុត​នោះ ។

ក្រោយមក​ពេល​ដែល​ខ្ញុំ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​របស់​ខ្ញុំ​នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ នោះ​ម្តាយ​របស់​ខ្ញុំ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « ម៉ាក់​មាន​អារម្មណ៍​ថា ប៉ា​របស់​កូន​មាន​វត្ត​នៅទីនេះ » ។ កាល​ខ្ញុំ​គិត​អំពី​ពរជ័យ​នៃ​ការផ្សារភ្ជាប់ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​បាន​ជ្រាប​ដឹង​ពី​គ្រួសារ​របស់​យើង ហើយ​ថា​ទ្រង់​តែងតែ​នៅ​ជាមួយ​យើង សូម្បីតែ​ក្នុង​ពេល​ដែល​យើង​មិន​បាន​ដឹង​ក៏​ដោយ ។

តើ​អ្នក​ធ្លាប់​ងឿង​ឆ្ងល់​ថា តើ​ព្រះអង្គ​សង្គ្រោះ​ទ្រង់​ញាណដឹង​ពី​អ្នក​ដែរ​ឬ​ទេ ? តើទ្រង់​ញាណដឹង​ពីការ​ពុះពារ​នឹង​កង្វល់​របស់​អ្នក​ដែរ​ឬ​ទេ ? តើ​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​អ្វី​ខ្លះ​មកកាន់​អ្នក ប្រសិន​បើ​អ្នក​អាច​ដើរ និង​ទូល​ទៅកាន់​ទ្រង់ ?

ទ្រង់​យាង​ដើរ​ជាមួយ​ពួកគេ

បី​ថ្ងៃ​ក្រោយ​ពី​ការសុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ សិស្ស​ពីរ​នាក់​របស់​ទ្រង់​បាន​ដើរ​តាម​ផ្លូវ​ទៅ​កាន់​ទីក្រុង​អេម៉ោស ដែល​មាន​ចម្ងាយ​ប្រហែល​ប្រាំពីរ​ម៉ែល ( ១២ គីឡូម៉ែត្រ ) ពី​ក្រុង​យេរូសាឡិម ។ ពួកគេ​បានស្លុង​ក្នុង​គំនិត​ផ្ទាល់​របស់​ពួកគេ និង​មាន​ការព្រួយបារម្ភ ពេល​មាន​ជនចម្លែក​ចូលរួម​ជាមួយ​ពួកគេ ។

ជន​ចម្លែក​បាន​សួរថា « តើ​រឿង​អ្វី​ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ​ដោយ​មាន​មុខ​ស្រងូត ? »

ពួក​សិស្ស​បាន​និយាយគ្នា​អំពី​ព្រឹត្តិការណ៍​នាពេលថ្មីៗ​នេះ « គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណាសារ៉ែត » ។ ពួក​គេ​ជឿ​ថា​ព្រះ​យេស៊ូវ​បាន​យាង​មក​ប្រោសលោះ​សាសន៍​អ៊ីស្រាអែល ប៉ុន្តែ​ទ្រង់​ត្រូវ​បាន​ថ្កោល​ទោស និង​ឆ្កាង​ដោយ​អយុត្តិធម៌ ។ ពួកគេ​ក៏​បាន​និយាយ​ផងដែរ​ថា អស់​អ្នក​ដែល​ស្គាល់​ព្រះ​គ្រីស្ទ​ច្បាស់​បាន​និយាយ​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ។

ជន​ចម្លែក​បាន​ប្រាប់​ពួក​គេ​ថាពួក​គេ « ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក » ។ ទ្រង់​បាន​រំព្ញក​ឡើង​វិញ​អំពី​អ្វីដែល​ព្រះគម្ពីរ​បាន​បង្រៀន និង​អំពីរបៀប​ដែល​ព្រះគ្រីស្ទ​បាន​បំពេញ​តាម​ការព្យាករណ៍ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​សិស្ស​ពេញ​ដោយ​អំណរ ។

នៅ​ពេល​ពួកគេ​ទៅដល់​អេម៉ោស ពួក​សិស្ស​បាន​សុំ​ឲ្យ​ជន​ចម្លែក « នៅ​ជា​មួយ​នឹង [ ពួកគេ ] » ។ នៅ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជន​ចម្លែក​បាន​​ប្រសិទ្ធពរ​ដល់​នំប៉័ង ហើយ​កាច់​នំបុ័ង ។ ភ្លាម​នោះ​ពួក​សិស្ស​បាន​ស្គាល់ថា​ជន​ចម្លែក​នោះ​មិន​មែន​ជាមនុស្ស​ចម្លែក​ទេ ប៉ុន្តែទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ! ( សូមមើល លូកា ២៤:១៣–៣២ ) ។

ទ្រង់​គង់​នឹងយើង

យើង​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​ទាំង​ពីរ​នាក់​មិន​ស្គាល់​ព្រះអង្គ​សង្គ្រោះ ខណៈ​កំពុង​យាងដើរ​ជាមួយ​ពួក​គេ ។ ហើយតើ​ញឹកញាប់​ប៉ុនណា ដែល​យើង​មិន​យល់​ថា ទ្រង់​យាង​ដើរ​ជាមួយ​យើង ? ជា​រឿយៗ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​ឧបសគ្គ​នានា ហើយ​សូម្បី​តែ​អំណរ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ក៏​យើង​មិន​ឃើញ​ដែរ​ថា ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ក្បែរ​យើង​ដែរ ។

យើង​ប្រហែល​ជា​មើល​មិន​ឃើញ​ពី​របៀប​ដែល​ទ្រង់​គង់​នៅ​ជាមួយ​យើង ធ្វើ​ការ​ជាមួយ​យើង ហើយ​ព្រះកន្សែង​ជាមួយ​យើង​ទេ ។ សូម្បី​តែ​នៅ​ក្នុង​គ្រា​ដ៏​សោកសៅ​បំផុត​របស់​យើង​ក៏​ដោយ ប្រសិនបើ​យើង​យក​ចិត្ត​ទុកដាក់ នោះ​យើង​អាច​មាន​អារម្មណ៍​ថា ទ្រង់​គង់​នៅ​ជា​មួយ​យើង ហើយ​ឮ​ព្រះសូរសៀង​របស់​ទ្រង់​ថា ៖ « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » ( ទំនុកដំកើង ៤៦:១០ ការគូស​បញ្ជាក់​បាន​បន្ថែម សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា​ ១០១:១៦ ) ។

ផ្លូវ​ផ្ទាល់​ខ្លួន​របស់​យើង

យើង​ម្នាក់ៗ​មាន​ទិសដៅ​មួយ​ដើម្បី​ឈោង​ចាប់​ក្នុង​ជីវិត​នេះ ។ ពេល​ខ្លះ​ក្នុង​ដំណើរ​របស់​យើង​អាច​ប្រឈម​មុខ​នឹង​ជំងឺ ឬ​យើង​អាច​ពុះពារ​នឹង​ភាពទន់ខ្សោយ​របស់​យើង​ផ្ទាល់ ។ យើង​ប្រហែល​ជា​មាន​បញ្ហា​លុយកាក់ ឬ​ឧបសគ្គ​ដែល​បណ្តាល​មកពី​ភាពជោគជ័យ ទ្រព្យសម្បត្តិ និង​ភាពឆ្មើងឆ្មៃ ។

ពេល​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្ទាល់​ខ្លួន​របស់​យើង​ទៅ​កាន់​ស្រុក​អេម៉ោស យើង​នឹង​មិន​ដើរ​តែ​ម្នាក់​ឯង​ទេ ។ យើង​អាច​ទូលសុំ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​គង់​នឹង​យើង ។ នេះ​គឺ​ជា​សកម្មភាព​សាមញ្ញ​ចំនួន​ប្រាំ​ដែល​នឹង​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់ ។

រូបភាព
យុវនារី​អធិស្ឋាន

រូបភាពរចនា​ដោយ ឡាវវីតា រេយ៉េស-ឃារូ

១. អធិស្ឋាន​ជារៀង​រាល់ថ្ងៃ

ការអធិស្ឋាន​គួរ​ធ្វើ​មុន​គេ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ។ វា​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ភាព​ជាដៃ​គូ និង​ការណែនាំ​ពី​ព្រះវរបិតាសួគ៌ ។ យើង​អាច​ទូល​សូម​ភាពរឹងមាំ ដើម្បី​ដើរ​តាម​ព្រះ​រាជ​បុត្រា​ទ្រង់ និង​ទូល​សូម​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ ជា​ពិសេស​នៅ​គ្រា​ដែល​គំនិត​របស់​យើង​អាច​នាំ​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ។

យុវជន យ៉ូសែប ស្ម៊ីធ ខណៈ​ដែល​អធិស្ឋាន​ទូល​អង្វរ​ព្រះ​សូម​ចម្លើយ បានដឹង​ថា មាសត្រូវ​កំពុងព្យាយាម​បញ្ឈប់​លោក ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦ ) ។ ដូច​យ៉ូសែប​ដែរ​យើង​ត្រូវតែ​បន្ត​អធិស្ឋាន ហើយ​ទុកចិត្ត​ថា ព្រះវរបិតាសួគ៌​មិន​ដែល​នឿយ​ហត់ នឹង​ស្ដាប់​យើង​ឡើយ ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​យល់​ពី​ពេល​វេលា និង​ចម្លើយ​របស់​ទ្រង់ ។

រូបភាព
ព្រះគម្ពីរ​បើក

២. ទទួលទាន​ព្រះគម្ពីរ​ទាំងឡាយ

ព្រះ​អង្គសង្រ្គោះ​បាន​ធ្វើ​ជា​គំរូ​មួយ​សម្រាប់​យើង ដោយ​ការសិក្សា​ព្រះគម្ពីរ​ទាំងឡាយ ។ ទ្រង់​បាន​ដកស្រង់​ពី​ព្រះគម្ពីរ ជា​ញឹកញាប់​នៅពេល​ទ្រង់​បង្រៀន ។ ការសិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ជួយ​យើង​ឲ្យ​មាន​គំនិត​ច្បាស់​លាស់ និង​បើក​ចិត្ត​ទូលាយ មាន​ដួង​ចិត្ត​ដែល​ទទួល​យក​វត្ថុ​ដ៏​មាន​តម្លៃ​ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ត្រៀម​ខ្លួន​បម្រើ​ជា​ស្រេច ។

ពេល​យើង​សិក្សា​ព្រះ​គម្ពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំពេញ​បំណង​ប្រាថ្នា​ឲ្យ​យើង​ធ្វើ​ល្អ ។ វា​នឹង​ធ្វើ​ឲ្យ​ទស្សនៈ​របស់​យើង​កាន់តែ​មើល​ឃើញ​ច្បាស់ នូវ​អ្វី​ដែល​ភ្នែក​ធម្មតា​របស់​យើង​មើល​មិន​ឃើញ ។ វា​នឹង​ជួយ​យើង​ឲ្យ​ឮ​សម្រែក​របស់​អ្នក​ខ្វះ​ខាត ។ យើង​នឹង​ទទួល​បាន​ពរ​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ការ​សម្រាល​ទុក្ខ​អ្នក​ដែល​កំពុង​តែ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ។ បន្ទាប់​មក​នៅ​ពេល​យើង​ប្រឈម​មុខ​នឹង​កិច្ចការ​នានា​ប្រចាំ​ថ្ងៃ នោះ​យើង​នឹង​មិន​ដើរ​តែ​ម្នាក់​ឯង​ឡើយ ។ ព្រះអង្គ​សង្គ្រោះ​នឹង​យាងដើរ​ជាមួយ​យើង​មួយ​ជំហាន​ម្តងៗ ។

រូបភាព
ប្រធាន រ័សុល អិម. ណិលសុន

៣. ធ្វើ​តាម​ព្យាការី​ដែល​រស់នៅ

យើង​គួរ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន និង​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ដទៃ​ទៀត ។ បន្ទាប់មក​យើង​នឹង​រកឃើញ​ថា ផ្លូវ​របស់​យើង​ទៅ​កាន់ទីក្រុង​​​អេម៉ោស នឹង​មាន​សុវត្ថិភាព និង​គ្មាន​ឧបសគ្គ ។ ពួក​លោក​នឹង​ដឹកនាំ​យើង​ដោយ​សុវត្ថិភាព ហើយ​ជួយ​យើង​ឲ្យ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ជាមួយ​យើង ។

រូបភាព
ដៃពីរ​ឈោង​រកគ្នា

៤. អញ្ជើញ​ទ្រង់​គង់​នៅ​ជាមួយ

ពេល​យើង​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​នៅ​ពេល​យើង​គោរព​តាម​បញ្ញត្តិ​របស់​ទ្រង់ នោះគឺ​យើង​យាង​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​គង់​នៅ​ជាមួយ​យើង ។ យើង​រៀន​ស្គាល់​ឥទ្ធិពល​របស់​ទ្រង់​ក្នុង​ជីវិត​របស់​យើង ។

សិស្ស​ទាំង​ពីរ​នាក់​នៅ​លើ​ផ្លូវ​ទៅ​កាន់ទីក្រុង​អេម៉ោស បាន​ដើរ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​បាន​ទូល​ទៅកាន់​ទ្រង់ ហើយ​មាន​អារម្មណ៍​ថា មាន​សេចក្តី​ខ្មួលខ្មាញ់​នៅក្នុង​ចិត្ត​របស់​ពួក ( សូម​មើល លូកា ២៤:៣២ ) ។ ពួក​គេ​បាន​ទូល​អង្វរ​ទ្រង់ថា « សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន » ( លូកា ២៤:២៩ ) វា​ក៏​គួរតែ​ជាការ​អង្វរ​ករ​របស់​យើង​ផងដែរ ។

នៅ​ពេល​ពួក​សិស្ស​បាន​ស្គាល់​ព្រះ​អង្គ​សង្គ្រោះ ភ្លាម​នោះ​ទ្រង់​បាន​បាត់​ព្រះកាយ​ពី​ភ្នែក​ពួក​របស់​គេ ។ ពួក​សិស្ស​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ភ្លាមៗ ហើយ​បាន​ធ្វើ​ជា​សាក្សី​ដល់​ពួក​សាវក​ថា ព្រះ​អង្គសង្រ្គោះ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ។ ពេល​ដែល​គេ​បាន​ថ្លែង​ទីបន្ទាល់​នោះ​ព្រះ​អម្ចាស់ « ឈរ​នៅ​កណ្តាល​គេ » ម្តងទៀត ( លូកា ​២៤:៣៦ ) ។ យើង​ក៏​អាច​មាន​អារម្មណ៍​ថា ទ្រង់​គង់​នៅ​ក្នុង​ចំណោម​យើង​ផង​ដែរ ។

រូបភាព
ថាស​ដាក់​ទឹក​នៃ​ពិធី​សាក្រាម៉ង់

៥. ការរំឮក​សេចក្តី​សញ្ញា​ជា​ប្រចាំ

ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ អាច​ផ្លាស់ប្តូរ​និស្ស័យ​របស់​យើង​បាន ។ ប្រធាន ដាល្លិន អេក អូក ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​មានប្រសាសន៍​ថា « ការថ្វាយ​បង្គំ និង​ការអនុវត្ត​របស់​យើង​ចំពោះ​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ច ធ្វើ​ឲ្យ​យើង​ខិតជិត​ព្រះ ព្រមទាំង​លើក​តម្កើង​លទ្ធភាព​របស់​យើង​ដើម្បី​មាន​សេចក្តី​ស្រឡាញ់​ផងដែរ » ។ ឧទាហរណ៍ ៖ ពិធីបុណ្យជ្រមុជទឹក​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​លាងសម្អាត​យើង ។ ហើយ​ប្រសិនបើ​យើង​ស្មោះត្រង់ និង​គោរព​តាម​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ដែល​រៀបចំ​យើង ឲ្យ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​នៅថ្ងៃ​ណាមួយ​ទាំង​ជាមួយ​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​របស់​ទ្រង់ ។

ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ​ចងចាំ និង​អនុញ្ញាត​ឲ្យ​យើង​រំឮក​សេចក្ដី​សញ្ញា​របស់​យើង ឲ្យ​យើង​ប្រែចិត្ត ហើយ​ព្យាយាម​ម្ដង​ទៀត ។ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នោះ​យើង​បញ្ជាក់​ពី​ឆន្ទៈ​របស់​យើង ក្នុងការ​លើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ប្ដេជ្ញា​ចិត្ត​ចងចាំ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់​ជានិច្ច ។ យើង​ក៏​បាន​ទទួល​សេចក្តីសន្យា​វិញ​ថា ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​ពួក​យើង​ជានិច្ច ។ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧,​៧៩ ) ។ យើង​គួរតែ​ចងចាំ​ពិធីបរិសុទ្ធ ​និង​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចុះ​ជានិច្ច ។

រូបភាព
ព្រះយេ​ស៊ូវ​ឈោង​ទៅ​ជួយ​អ្នក​ដទៃ

ព្រះអង្គ​សង្រ្គោះ​នឹងគង់​នៅជិត

នៅ​លើ​ផ្លូវ​ផ្ទាល់​របស់​យើង​​ទៅ​ទីក្រុង​អេម៉ោស ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង ដោយ​សេចក្តី​ស្រឡាញ់​ឲ្យ​មក​រក​ទ្រង់ ហើយ​រីករាយ​នឹង​ទ្រង់ ។ នៅ​ពេល​យើង​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ ទទួលទាន​ព្រះគម្ពីរ​ទាំងឡាយ ធ្វើ​តាម​ព្យាការី​ដែល​រស់នៅ យាងអញ្ជើញ​ទ្រង់​ឲ្យ​គង់​នៅ​នឹង​យើង ហើយ​រំឮក​សេចក្ដីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​គង់​នៅ​ជិត​យើង ។ បន្ទាប់មក​យើង​នឹង​ដឹង​ដូច​សិស្ស​នៅ​លើ​ផ្លូវ​ទៅទីក្រុង​អេម៉ោស​បាន​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ថា​ទ្រង់​ពិត​ជា​មាន​ព្រះជន្ម​រស់​នៅ ហើយ​ស្រឡាញ់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ ទ្រង់​ទន្ទឹង​រង់ចាំជួប​យើង ហើយ​ណែនាំ​យើង​ដោយ​សុវត្ថិភាព​នៅ​លើ​ផ្លូវ​របស់​យើង ។