ឆ្នាំ ២០២៣
ការផ្លាស់​ប្តូរ​ដែល​យើង​ចង់—និង​មិន​ចង់—ប្រឈមមុខ
ខែ កក្កដា ឆ្នាំ ២០២៣


« ការផ្លាស់​ប្តូរ​ដែល​យើង​ចង់—និង​មិន​ចង់—ប្រឈមមុខ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣

យុវមជ្ឈិមវ័យ

ការផ្លាស់​ប្តូរ​ដែល​យើង​ចង់—និង​មិន​ចង់—ប្រឈមមុខ

តើ​អ្វីជា​គោលដៅ​រយៈពេល​វែង​របស់​អ្នក ? ប្រសិនបើ​អ្នក​ដឹង​ពី​បំណង​របស់​អ្នក នោះ​អ្នក​នឹង​ត្រៀម​ខ្លួន ហើយ​ថែមទាំង​រំភើប ដើម្បីធ្វើការផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​អ្នក​ផងដែរ ។

រូបភាព
បុរស​ម្នាក់​ជ្រើសរើស​ទិសដៅ​ដើរ​នៅ​លើ​ផ្លូវ​បំបែក

តើ​អ្នក​ធ្លាប់​ធ្វើ​ការផ្លាស់ប្តូរ ដែល​អ្នក​ពិត​ជា​គ្មាន​ការជំរុញចិត្ត​ដើម្បី​ធ្វើ​ដែរ​ឬ​ទេ ? ឬ​ការផ្លាស់ប្តូរ​ដែល​អ្នក​មិន​បាន​រំពឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​នោះ​ទេ ?

ប្រហែល ១៥ ឆ្នាំ មុន​វេជ្ជបណ្ឌិត​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​ធ្វើ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ៖ « ត្រូវ​ចាប់ផ្តើម​ធ្វើសកម្ម​ភាព​ជាង​មុន បើ​ពុំ​នោះ​ទេ អ្នក​មិន​អាច​រស់​បាន​យូរ​ទេ » នេះ​ជា​អ្វី​ដែល​គាត់​បាន​ប្រាប់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​យក​ការព្រមាន​របស់​គាត់​យ៉ាង​យកចិត្ត​ទុកដាក់ ។ ខ្ញុំ​បាន​សម្រេចចិត្ត​ចាប់ផ្ដើម​រត់ ។

ដើម្បី​ធ្វើ​ឲ្យ​របៀប​រស់នៅ​នេះ​ផ្លាស់ប្តូរ​ដោយ​ជោគជ័យ ខ្ញុំ​ចាំបាច់​ត្រូវ​មាន​ទស្សនៈ​វែងឆ្ងាយ ពីព្រោះ​ប្រសិនបើ​ខ្ញុំ​មាន​ទស្សនៈ​ខ្លី នោះ​ខ្ញុំ​នឹង​មិន​អាច​ទៅ​ឆ្ងាយ​បាន​ទេ ។

ទស្សនៈ​វែង​ឆ្ងាយ​របស់​ខ្ញុំ​គឺជា​គោលដៅ​ដែល​កើត​ឡើង​ដដែលៗ​ត្រូវ​រត់​ម៉ារ៉ាតុង​ម្តងរៀងរាល់​ឆ្នាំ​ ។ គោលដៅ​នេះ​ជួយ​ឲ្យ​ខ្ញុំ​ក្រោកឡើង​រត់​រាល់ថ្ងៃ ព្រោះ​ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ជាក់លាក់​មួយ​នៅ​ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​ត្រូវ​រត់​ចម្ងាយ ២៦,២ ម៉ែល ( ៤២,២ គីឡូម៉ែត្រ ) ។ ខ្ញុំ​បាន​បន្ត​ដាក់​វិន័យ ដើម្បី​ហ្វឹកហាត់ និង​សម្រេច​គោលដៅ​រយៈពេល​ខ្លី​របស់​ខ្ញុំ​ជា​រៀងរាល់​សប្តាហ៍ ពីព្រោះ​ខ្ញុំ​ដឹង​ថា វា​ជួយ​ឲ្យ​ខ្ញុំ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ប្រកួត ។

ពេលខ្លះ​ដូច​ជា​មាន​អ្វី​ព្យាយាម​បញ្ឈប់​ខ្ញុំ ដូចជា​កត្តា​អាកាសធាតុ​ជាដើម ។ ប្រហែល​ជា​វា​ក្តៅ​ពេក ឬ​ត្រជាក់​ពេក​នៅ​ខាង​ក្រៅ ឬ​ប្រហែល​ជា​មាន​ភ្លៀង​ធ្លាក់ ។ ដូច្នេះ​ខ្ញុំ​ត្រូវ​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ ទោះបី​ជា​ខ្ញុំ​ចូលចិត្ត​រត់​តាម​ផ្លូវ​ជាង​ក៏​ដោយ ។ ការ​មាន​របួស​ក៏​ព្យាយាម​បញ្ឈប់​ខ្ញុំ​ផង​ដែរ ។ ប្រហែលជា​ខ្ញុំ​មិន​បាន​កម្តៅ​សាច់​ដុំ​បាន​ត្រឹមត្រូវមុន​ពេល​ខ្ញុំ​ទៅ​រត់ ដូច្នេះហើយ​ខ្ញុំ​បាន​ភ្លាត់​សាច់ដុំ ។ ឬ​ប្រហែល​របួស​នោះ​មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ ។ ប៉ុន្តែ​មិន​ថា​មាន​អ្វី​កើត​ឡើង ក៏​ខ្ញុំ​មិន​ចុះ​ចាញ់ឡើយ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​រត់​ម៉ារ៉ាតុន​នៅ​ឆ្នាំ​ក្រោយ ។ ដូច្នេះ​ខ្ញុំ​ធ្វើ​ការផ្លាស់ប្ដូរ​ការហ្វឹកហាត់​របស់​ខ្ញុំ ។ ខ្ញុំ​ជា​សះស្បើយ ហើយ​ត្រឡប់​ទៅ​រត់​វិញ ។

ការរត់​បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន​អំពី​ដំណឹង​ល្អ ។ យើង​ទាំងអស់​គ្នា​មាន​គោលដៅ​វែងឆ្ងាយ​ក្នុង​ដំណឹងល្អ ដើម្បី​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ហើយ​នៅ​ទីបញ្ចប់ សម្រេច​បាន​នូវ​ភាពតម្កើងឡើង ។ ប៉ុន្តែ​យើង​បាន​ដាក់​គោលដៅ​រយៈ​ពេលខ្លី ដូច​ជា​ការទទួលទាន​សាក្រាម៉ង់​នៅ​ព្រះវិហារ​ជា​រៀង​រាល់​សប្តាហ៍ ដែល​ជួយ​យើង​ឲ្យ​ទៅ​ដល់​ទីនោះ ។ យើង​រង​របួស​ខាង​វិញ្ញាណ​ពេល​យើង​ធ្វើ​ខុស ។ ប៉ុន្តែ​យើង​មិន​ចុះ​ចាញ់​ទេ ។ យើង​ប្រែចិត្ដ ហើយ​យើង​ត្រឡប់​ទៅទីនោះ​វិញ ។ វិធី​តែ​មួយ​គត់​ដែល​យើង​អាច​សម្រេច​គោលដៅ​រយៈពេល​វែង​របស់​យើង ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ​បន្តិចបន្តួច​នៅ​តាម​ផ្លូវ ដើម្បី​ជួយ​យើង​ឲ្យ​បន្ត​ដំណើរ​ទៅមុខ ។

រូបភាព
ស្ត្រី​ជ្រើស​រើស​ទិសដៅ​ដើរ​នៅ​ផ្លូវ​បំបែក

ការជ្រើស​រើស​ដើម្បី​ផ្លាស់ប្តូរ

អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ខ្ញុំ​បាន​ធ្វើជា​អនុប្រធាន​ជាន់ខ្ពស់​ឲ្យ​ក្រុមហ៊ុន​វ៉លម៉ាត​នៅ​ប្រទេស​ប្រេស៊ីល ។ ហិរញ្ញវត្ថុ​របស់​គ្រួសារ​ខ្ញុំ​មាន​ស្ថិរភាព ខ្ញុំ​រីករាយ​នឹង​ការងារ​របស់​ខ្ញុំ ហើយ​ជីវិត​យើង​មាន​សុភមង្គល ។ ប៉ុន្តែ​ការងារ​នេះ​ទាម​ទារ​ច្រើនណាស់ ។ វា​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ច្រើន​ដែល ប៉ះពាល់​ដល់​ពេលវេលា​ក្នុង​គ្រួសារ​របស់​យើង និង​ការបម្រើ​ក្នុង​សាសនាចក្រ​របស់​ខ្ញុំ ។ បន្ទាប់ពី​រយៈពេល ១១ ឬ ១២ ឆ្នាំ​មក វា​បាន​ក្លាយ​ជា​បន្ទុក​ខ្លាំង​ពេក ។

ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ប្រឹក្សា​ជាមួយ​គ្នា ហើយ​បាន​ស្នើ​ឲ្យ​ខ្ញុំ​លាឈប់​ពី​ការងារ​នេះ ។ យើង​បាន​និយាយ​ជាមួយ​កូនៗ​របស់​យើង ហើយ​យើង​បាន​និយាយ​ជាមួយ​គ្នា​ថា « វា​ដល់​ពេល​ដែល​យើង​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ » ។

ពេល​ខ្ញុំ​លាឈប់ ខ្ញុំ​បាន​ធ្លាក់​ពីតំណែង​អនុប្រធាន​ជាន់ខ្ពស់​ទៅ​ជា​មនុស្ស​គ្មាន​ការងារ​ធ្វើ ។ វា​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ដើម្បី​ស្វែងរក និង​ទទួលបាន​ការងារ​មួយ​ទៀត ។ នៅ​ទីបំផុត​ខ្ញុំ​បាន​ទទួល​ការងារ​ជាមួយ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​តូច​មួយ​នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​មាន​អារម្មណ៍​ល្អ​អំពី​ការងារ​នោះ ។ ការងារ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​ពេលវេលា​ធ្វើ​កិច្ចការ​សំខាន់ៗ​ច្រើន ។

ប៉ុន្តែ​មនុស្ស​ផ្សេង​ទៀត​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជាមន្សុស​ឆ្កួត ។ ហេតុអ្វី​បាន​ជា​បោះបង់​ការងារ​ដែល​មាន​ស្ថេរភាព មកធ្វើការ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​គ្មាន​នរណា​ស្គាល់​ដូច្នេះ ? ហើយ​ផ្លាស់ទី​លំនៅ​ពាក់ណ្តាល​ពិភពលោក​ទៅ​កាន់​សហរដ្ឋអាមេរិក​ដូច្នេះ ?

ពួកគេ​និយាយ​ត្រូវ នេះ​គឺជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ដែល​យើង​បាន​ជ្រើសរើស​ផ្លាស់ប្តូរ ។ ប៉ុន្តែ​ពួកគេ​ខុស ដោយ​គិតថា​នេះ​ជា​ជម្រើស​មិន​ល្អ ។

វា​តម្រូវ​ឲ្យ​យើង​មាន​ជំនឿ​ខ្លាំង​ដើម្បី​ផ្លាស់ប្ដូរ​ការងារ ហើយ​ផ្លាស់​ទៅ​ប្រទេស​ថ្មី​មួយ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ថែរក្សា​យើង ។ ហើយ​ខ្ញុំ​មាន​ពេល​ច្រើន​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​របស់ខ្ញុំ​ក្នុង​នាម​ជា​ស្វាមី ជា​ឪពុក និង​ជាសមាជិក​វួដ ។

ខ្ញុំ​ជឿ​ថា​ការផ្លាស់ប្ដូរ​គឺ​ចាំបាច់​សម្រាប់​ការសម្រេច​បាន​នូវ​សក្តានុពល​របស់​យើង ។ យើង​នឹង​មិន​ប្រែក្លាយ​ដូច​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ប្រែ​ក្លាយឡើយ ប្រសិនបើ​យើង​នៅ​តែ​ស្ងៀម​ក្នុង​ជីវិត​របស់​យើង​នោះ ។ ហើយ​យើង​ក្លាយ​ដូចជា​ទ្រង់ កាល​យើង​មាន​ចេតនា​ធ្វើ​ការផ្លាស់ប្ដូរ​ដោយ​សេចក្ដី​ជំនឿ ។

បាន​បង្ខំ​ឲ្យ​ផ្លាស់ប្តូរ

ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ទៀត​ដែល​បាន​កើតឡើង​នៅក្នុង​គ្រួសារ​របស់​ខ្ញុំ គឺនៅ​ពេល​ប្អូន​ពៅ​របស់​ខ្ញុំ​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ។ យើង​មិន​បាន​ជ្រើសរើស ឬ​ចង់​ឲ្យ​វា​កើតឡើង​ចំពោះ​គាត់ ឬ​ចំពោះ​ពួកយើង​ទេ ហើយ​វា​នៅ​តែ​ឈឺចាប់​ទោះបី​ជា​កន្លង​ទៅ​១០ ឆ្នាំ​ហើយ​ក៏​ដោយ ។ ការផ្លាស់ប្តូរ​ដោយ​បង្ខំ​មិន​ងាយ​ស្រួល​ទេ ។

ប៉ុន្តែ​ការផ្លាស់ប្ដូរ​ដែល​យើង​មិន​ជ្រើស​ក៏​អាច​ក្លាយ​ជា​ឱកាស ដើម្បី​ស្ថាបនា​សេចក្តី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផង​ដែរ ។ ការបន្ត​ស្មោះ​ត្រង់​ងាយស្រួល​ណាស់ នៅពេល​ដែល​អ្វីៗ​ដំណើរការ​ទៅ​តាម​របៀប​របស់​យើង ។ ប៉ុន្តែ​តើ​យើង​អាច​រក្សា​សេចក្ដី​ជំនឿ ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ នៅពេល​ដែល​ការផ្លាស់ប្តូរ​នេះ​មិន​ដូច​បំណង​របស់​យើង​ឬ​ទេ ?

ការលែងលះ ការមិន​អាចមាន​កូន ការគ្មាន​ការងារ​ធ្វើ​ការ​មានជំងឺ និង​បទពិសោធន៍​ដ៏​ឈឺចាប់​ផ្សេង​ទៀត​ស្រដៀង​នេះ មិនមែន​ជា​បទពិសោធន៍​ដែល​យើង​សង្ឃឹម និង​ដាក់​ផែនការ​ចង់បាន​នោះ​ទេ ។ បញ្ហា​ទាំងនេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ជីវិត​កំពុង​ស្ថិត​នៅ​ក្រៅ​ការគ្រប់គ្រង​របស់​យើង ។ ប៉ុន្តែ​នេះ​មិនមែន​ជា​ការពិត​ទាំងស្រុង​ទេ—ពោល​គឺ​ស្ថានភាព​ដែល​មិនមែន​ជាបំណង​របស់​អ្នក ក៏​នៅ​មាន​កិច្ចការ​ដែល អ្នក​អាច​គ្រប់​គ្រង​បាន ។ អ្នក​អាច​ដាក់​គោលដៅ​តូចៗ សូម្បីតែ​គោលដៅ​ឲ្យ​រួច​បាន​មួយ​ថ្ងៃៗ​ទៀត​ក្តី ។ អ្នក​អាច​ធ្វើ​បាន ! អ្នក​អាច​រង​ការណ៍​ទាំងនេះ​ដោយ​សេចក្តី​អត់ធន ! ( សូម​មើល អាលម៉ា ៣៨:៤ ) ។

យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​គឺជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​មួយ​អំពី​ការណ៍​នេះ ។ ជីវិត​របស់​លោក​ពោរពេញ​ដោយ​ការផ្លាស់ប្តូរ​ដោយ​បង្ខិតបង្ខំ​—លោក​បាត់បង់​សេរីភាព​ពីរដង ! ( ម្តង​ពេល​ដែល​បងៗ​របស់​គាត់​បាន​លក់​គាត់​ធ្វើ​ជាទាសករ ហើយ​ម្តងទៀត​នៅពេល​ដែល ប៉ូទីផា ចាប់​គាត់​ដាក់​គុក ) ។ ប៉ុន្តែ​យ៉ូសែប​មិន​បានបោះបង់ ដោយសារតែ​កាលៈទេសៈ​របស់​គាត់ ដែល​មិន​គួរ​ឲ្យ​ចង់​បាន ឬ​មិន​បាន​គ្រោង​ទុក​នោះ​ទេ ។ គាត់​បាន​សម្រប​ខ្លួន ហើយ​រីកចម្រើន​ទៅ​តាម​បទពិសោធន៍​របស់​គាត់ ។ ហើយ​នៅ​ទីបញ្ចប់​គាត់​បាន​សង្គ្រោះ​គ្រួសារ​របស់​គាត់ និង​ប្រទេស​ជាតិ​ទាំងមូល ។ ព្រះជាម្ចាស់​បាន​ដាក់​គាត់​ជាគំរូ ហើយ​រៀបចំ​ផ្លូវ​ឲ្យ​គាត់​ទាំងអស់ ( សូម​មើល លោកុប្បត្ដិ​ ៣៧–៤៦ ) ។

វា​ពិបាក​ក្នុង​ការអត់ធ្មត់​នៅពេល​ដែល​ផែនការ​របស់អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់ប្តូរ ប៉ុន្តែ​សូម​ចាំ​ថា គោលដៅ​រយៈពេល​វែង​គឺ​ដើម្បី​សម្រេច​បាន​ភាពតម្កើងឡើង ។ ព្រះវរបិតាសួគ៌​ញាណ​ដឹង​ពី​អ្វី​ដែល​យើង​ត្រូវការ​ដើម្បី​ទៅ​ដល់​ទី​នោះ ៖ « អ្នក​រាល់​គ្នា​ពុំ​អាច​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​បាន​ឡើយ​នៅ​ពេល​នេះ ឬ​ក៏​ការងារ​បម្រើ​នៃ​ពួក​ទេវតា​ដែរ ហេតុ​ដូច្នោះ​ហើយ ចូរ​ស៊ូ​នៅ​ក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:១៣ ) ។

រូបភាព
បុរស​កំពុង​ដើរ​តាម​ផ្លូវ

ការផ្លាស់ប្ដូរ​ជួយ​យើង​ឲ្យ​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ

ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក ហើយ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​រីករាយ ។ ហើយ​ទ្រង់​បាន​រៀបចំ​ផែនការ​មួយ​សម្រាប់​អ្នក ដើម្បី​សម្រេច​បាន​ការណ៍​ទាំង​ពីរ​នោះ ។

នៅពេល​ខ្ញុំ​យល់ថា ជីវិត​រមែងស្លាប់​​គឺ​ជា​ពេល​ដើម្បី—បំពាក់​បំប៉ន—នោះ​​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​ខ្ញុំ​ប្រែ​កាន់តែ​មាន​គោល​បំណង​ពេញលេញ ។ ការផ្លាស់ប្ដូរ​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​គោលដៅ​រយៈពេល​វែង​របស់​ខ្ញុំ ដែលជា​ការ​ប្រែក្លាយ​ដូចជា​ព្រះ​សង្រ្គោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​បាន​ចែកចាយ​គោលដៅ​រយៈពេល​វែង​នេះ​នឹង​ខ្ញុំ ក៏ដូចជា​ចំពោះ​បុត្រា​បុត្រី​ទាំង​អស់​របស់​ទ្រង់​ដែរ ។ គឺដូច​ជា​គ្រូ​ពេទ្យ​របស់​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​មួយ​ដើម្បី​សុខភាព​របស់​ខ្ញុំ ព្រះ​ទតឃើញ​យ៉ាង​ច្បាស់​ពី​ការផ្លាស់ប្ដូរ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ប្រែ​ក្លាយ​ដូច​ទ្រង់ ។ ទ្រង់​ជួយ​យើង និង​ប្រទាន​ធនធាន​នានា​ដូចជា​ព្រះគម្ពីរ ក្រុម​ជំនុំ​ក្នុង​តំបន់ និង​ព្យាការី​ដែល​រស់នៅ ដើម្បី​ជួយ​យើង​ក្នុង​ការ​ស្វែងរក​របស់​យើង ដើម្បី​ផ្លាស់​ប្ដូរ​ឲ្យ​បាន​ប្រសើរ​ឡើង ។

នៅ​ថ្ងៃ​ដ៏​លំបាក​បំផុត—គឺ​ថ្ងៃ​ដែល​ងើប​ពី​គ្រែ​មិន​រួច ហើយ​ពាក់​ស្បែកជើង​រត់ នៅពេល​អ្នក​ដឹង​ថា អ្នក​ត្រូវតែ​ប្រែចិត្ត ឬ​នៅពេល​ដែល​អ្នក​កំពុង​ពុះពារ​ធ្វើ​ការផ្លាស់ប្ដូរ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មិន​បាន​រំពឹង​ទុក—នោះ​យើង​រំឭក​ខ្លួន​យើង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​និរន្តរ៍​របស់​ព្រះ និង​ព្រះ​ទ័យ​របស់​ទ្រង់​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​កាន់​តែ​រីករាយ​ជាង​ពេល​នេះ ។

ការរំឭក​នោះផ្តល់​កម្លាំង​ដល់​យើង ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ដែល​ព្រះវិញ្ញាណ​បំផុស​គំនិត​យើង​ឲ្យ​ធ្វើ ។ ហើយ​វា​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ថា ការផ្លាស់ប្តូរ​ដែល​មិន​បាន​រំពឹង​ទុក ដែល​យើង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ទ្រង់​ដើម្បី​ជា​សុភមង្គល​ដ៏​មហិមា​របស់​យើង ។