ឆ្នាំ ២០២៣
ការឃើញ​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​យើង
ខែ កក្កដា ឆ្នាំ ២០២៣


« ការឃើញ​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​យើង » លីអាហូណា ខែ កក្កដា ​ឆ្នាំ ២០២៣ ។

អព្ភូត​ហេតុ​របស់​ព្រះយេស៊ូវ

ការឃើញ អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​ជីវិត​យើង

មេរៀន​បួន​មកពី​ការ​ព្យាបាល​មនុស្ស​ខ្វាក់​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ព្រះយេស៊ូវ​កំពុង​ព្យាបាល​បុរស​ខ្វាក់ភ្នែក​ម្នាក់

រឿង​លម្អិត​មកពី He Anointed the Eyes [ ទ្រង់​បាន​ចាក់​ប្រេង​តាំង​លើ​ភ្នែក ] ដោយ វ៉លធើ រ៉េន

មាន​គ្រា​ក្នុង​ជីវិត​របស់​យើង មាន​ពេល​ដែល​យើង​សង្ឃឹម និង​អធិស្ឋាន​ទូលសូម​អព្ភូតហេតុ ។ វា​អាច​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង ។ សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​ការ​អង្វរករ​របស់​យើង​ត្រូវ​បាន​ឆ្លើយតប ស្ថានភាព​ដែល​ខូចខាត​ត្រូវបាន​កែប្រែ​ឲ្យ​ប្រសើរ​ឡើងវិញ ព្រលឹង​ដែល​ល្វីង​ជូរចត់​នឹង​ត្រូវបាន​បន្ទន់ ហើយ​ព្រះអម្ចាស់​នៃ​អព្ភូតហេតុ​នឹង​ប្រទាន​នូវ​ដំណោះ​ស្រាយ​ដែល​យើង​ចង់​បាន ។ នៅ​ពេល​លទ្ធផល​មិន​ដូច​ជា​អ្វី​ដែល​យើង​បាន​រំពឹង​ទុក ឬ​ទៅ​តាម​ពេល​វេលា​ដែល​យើង​បាន​អធិស្ឋាន នោះ​ជា​ធម្មតា​យើង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ទៅ​ជា​ដូច្នេះ ។

មរ៉ូណៃ​បង្រៀនថា « ហើយ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ចាំ​ថា ព្រះ​អង្គ​គឺ​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​អំណោយទាន​ទាំង​អស់​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ ដែល​ជា​អំណោយទាន​ខាង​វិញ្ញាណ នឹង​ពុំ​អាច​បាត់បង់​ទៅ​ឡើយ ដរាបណា​មាន​ពិភពលោក​នេះ លើក​លែងតែ​ស្រប​តាម​ការ​ឥត​ជំនឿ​នៃ​កូន​ចៅ​មនុស្ស​ប៉ុណ្ណោះ » ( មរ៉ូណៃ ១០:១៩ ) ។

តើ​អំណោយ និង​អព្ភូតហេតុ​ទាំង​នោះ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​នៅ​តែ​កើត​មាន​នៅ​ក្នុង​ជំនាន់​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​អាច​មាន​គុណសម្បត្តិ​ដើម្បី​ទទួល​ពរជ័យ​ទាំងនោះ​ដោយ​របៀប​ណា ? តើ​ព្រះអង្គ​សង្គ្រោះ​បាន​ញាណដឹង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង ហើយ​មាន​ព្រះទ័យ​ជួយ​សង្គ្រោះ​យើង​ពី​ឧបសគ្គ​របស់​យើង​ដែរ​ឬ​ទេ ?

ខ្ញុំ​សូម​ប្រើ​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ការ​ព្យាបាល​មនុស្ស​ខ្វក់​ឲ្យមើល​ឃើញ​វិញ ដើម្បី​ជា​មូលដ្ឋាន​ឆ្លើយ​សំណួរ​ទាំង​នេះ ។ ( ឧទាហរណ៍ ៖ សូមមើល ម៉ាថាយ ៩:២៧–៣១​; ១២:២២-២៣; ម៉ាកុស ៨:២២–២៦; ១០:៤៦–៥២; យ៉ូហាន ៩:១–១១ ) ។

តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​បេសកកម្ម​របស់​ព្រះអង្គ​សង្រ្គោះ ពី​អព្ភូត​ហេតុ​របស់​ទ្រង់ ?

ដើម្បី​យល់​ពី​ឥទ្ធិពល​នៃ​អព្ភូតហេតុ​មួយ​ទៅ​លើ​យើង និង​ក្នុង​ជីវិត​របស់​យើង​សូម​ចាប់ផ្ដើម​ស្វែងយល់​ថា តើ​អព្ភូតហេតុ​នោះ​ជា​អ្វី ។ អព្ភូតហេតុ « មាន​បំណង​ដើម្បី​បង្ហាញ​ដល់​ពួក​សាសន៍​យូដា​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ។ … ភាគច្រើន​វា​ក៏​ជា​និមិត្តរូប ការ​បង្រៀន … នឹង​ជា​សេច​ក្ដីពិត​ដ៏​ទេវ​ភាព​ផងដែរ ។ … អព្ភូតហេតុ​គឺ​ជា​ការឆ្លើយតប​ទៅ​នឹង​សេចក្ដី​ជំនឿ និង​ការលើកទឹក​ចិត្ត​ដ៏​ល្អ​បំផុត​របស់​វា ។ វា​មិន​កើត​ឡើង​ដោយ​គ្មាន​ការ​អធិស្ឋាន​នោះទេ ដែលជា​អារម្មណ៍​នៃ​សេចក្តី​ត្រូវការ និង​សេចក្តី​ជំនឿ » ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

« អព្ភូតហេតុ​គឺ​ជា​សកម្មភាព​ដ៏​ទេវភាព ជា​ការបើក​សម្តែង និង​ជា​ការបង្ហាញ​ឲ្យ​ឃើញ​នៃ​ព្រះចេស្តា​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះ និង​ជា​ការបញ្ជាក់​មួយ​ថាទ្រង់​គឺ​ ‹ នៅ​តែ​ដដែល​ទោះពី​ថ្ងៃ​ម្សិល​ថ្ងៃ​នេះ និង​រហូត​តទៅ › [ មរ៉ូណៃ ១០:១៩ ] ។ …

« … អព្ភូតហេតុ​គឺ​ជា​ផ្នែក​បន្ថែម​នៃ​ផែនការ​ដ៏​អស់កល្ប​របស់​ព្រះ​អព្ភូតហេតុ​គឺ​ជា​ខ្សែជីវិត​ពី​ស្ថានសួគ៌​មក​ផែនដី » ។

ដូច្នេះ​វិធី​ដែល​មាន​ផលចំណេញ​ក្នុង​ការសិក្សា​អំពី​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​រៀន​ពី​វា​គឺ​ត្រូវ​ចងចាំ​ថា​អព្ភូតហេតុ​នីមួយៗ​ចង្អុល​ទៅ​អ្វី ដែល​ធំ​ជាង​ព្រឹត្តិការណ៍​នោះ​ដោយផ្ទាល់ និង​ដើម្បី​ស្វែងរក​សេចក្ដី​ពិត​ជាក់លាក់​អំពី​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។

សូម​ពិភាក្សា​អំពី​សេចក្ដី​ពិត​មួយ​ចំនួន​ដែល​យើង​អាច​រៀន​ពី​អព្ភូតហេតុ​នៃ​ការ​ស្តារ​ឡើង​វិញ​របស់​ព្រះ​អង្គ​ដល់​មនុស្ស​ខ្វាក់ ។ វា​អាច​ចែក​ជាបួន​មេរៀន​ដូច​ខាង​ក្រោម ។

១.​ ការស្តារ​ចក្ខុវិស័យ​ឡើង​វិញ គឺ​ជាសញ្ញា​នៃ​ការ​យាង​មក​របស់​ព្រះមែស៊ី

ព្យាការី​ពី​បុរាណ​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី បាន​និយាយ​អំពី​អព្ភូតហេតុ​ដែល​ទ្រង់​នឹង​បើក​សម្តែង​រួម​ទាំង​ការ​ព្យាបាល​ភ្នែក​មនុស្ស​ខ្វាក់​ផង​ដែរ ។

ចំពោះ​ស្តេច​បេនយ៉ាមីន​ទេវតា​ដ៏​បរិសុទ្ធ​ម្នាក់​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​សង្គ្រោះ​នឹង​« យាង​ទៅ​ក្នុង​ចំណោម​មនុស្ស​ដោយ​សម្ដែង​អព្ភូតហេតុ​ផ្សេងៗ ដូច​ជា​ធ្វើ​អ្នក​ឈឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​ពិការ​ជើង​អាច​ដើរ​បាន មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ » ( ម៉ូសាយ ៣:៥ សូម​មើល​ផង​ដែរ ​អេសាយ ៣៥:៤–៥ )។

ដូច្នេះហើយ​អព្ភូតហេតុ​នៃ​ការ​ស្តារ​ចក្ខុវិស័យ​របស់​មនុស្ស​ខ្វាក់​ឡើង​វិញ​បញ្ជាក់​ពីការ​ព្យាករណ៍​អំពី​ការ​យាង​មក​របស់​ព្រះ​សង្រ្គោះ និង​ការ​បម្រើ​របស់​ទ្រង់​ដល់​បុត្រាបុត្រី​របស់​ព្រះ ។

២.​ ព្រះយេស៊ូវ​គឺ​ជា​ពន្លឺ​នៃ​ពិភពលោក

សេចក្ដី​ពិត​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ជួប​បុរស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត ( សូម​មើល យ៉ូហាន ៩:១-១១ ) ។ នៅ​ពេល​សិស្ស​សួរ​ថា បុរស​នេះ​បាន​ខ្វាក់​ពី​កំណើត តើ​នេះ​បណ្តាល​មកពី​អំពើ​បាប​ឬ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូលថាទេ « គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សម្តែង​មក​ក្នុង​ខ្លួន​គាត់​វិញ » ( ខ ទី​៣ ) ។ បន្ទាប់​មក​មុន​ពេល​ស្តារ​ចក្ខុវិស័យ​របស់​បុរស​នោះ​ឡើង​វិញ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ៍​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ៍ » ( ខ ទី​៥ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​បាន​ពន្យល់​ថា ៖ « មុន​ពេល​ព្យាបាល​ភ្នែក​ខ្វាក់​ខាង​រាង​កាយ​នោះ ព្រះ​យេស៊ូវ​បាន​រំឭក​អ្នក​ស្តាប់​នូវ​ការ​ប្រកាស​ពី​មុន​របស់​ទ្រង់​ថា ‹ ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក › ដូច​ជា​បង្រៀន​ថា ៖ ‹ នៅ​ពេល​ណា​ដែល​អ្នក​ចាំ​ថា ខ្ញុំ​បាន​បើក​ភ្នែក​ខ្វាក់​ទាំង​រាង​កាយ ចាំ​ផង​ដែរ​ថា ខ្ញុំ​បាន​មក​ដល់​ដើម្បី​នាំ​មក​នូវ​ពន្លឺ​ភ្នែក​ផង​ដែរ › » ។

យើង​ត្រូវតែ​ចាំ​ពី​របៀប​ដែល​អំពើ​បាប​ជា​ទូទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​គម្ពីរ​ថា ជា​ការ​ខ្វាក់​ផ្នែក​សីលធម៌ និង​ការ​រំដោះ​ពី​អំពើ​បាប​ដែល​ជា​ការ​ដក​ចេញ​នូវ​ភាព​ខ្វាក់​ភ្នែក​នេះ ។ ទ្រង់​គឺជា « ពន្លឺ​នៃ​លោកីយ៍ » បាន​ប្រើ​ព្រឹត្តការណ៍​នេះ​ដើម្បី​ធ្វើជា​និមិត្តរូប​ពី​កិច្ចការ​ដ៏​ខ្ពង់ខ្ពស់ ដែល​ទ្រង់​បាន​យាង​មក​បំពេញ​ក្នុង​លោកិយ៍​នេះ ។

រូបភាព
ការពិពណ៌នា​អំពី​ព្រះអង្គសង្គ្រោះ ព្យាបាល​បុរស​ខ្វាក់

៣. សេចក្តី​ជំនឿ​កើត​មុន​អព្ភូតហេតុ

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ផ្លូវ​កាពើណិម មាន​បុរស​ខ្វាក់​ពីរ​នាក់​បាន​ដើរ​តាម​ទ្រង់​ដោយ​ស្រែក​ថា « ឱ​ព្រះរាជបុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង » ។ បន្ទាប់​មក​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ដោយ​សួរ​ថា « តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ ? » ហើយ​ពួក​គេ​បាន​ឆ្លើយ​ថា « ជឿ​ហើយ ព្រះអម្ចាស់​អើយ » ។

ភស្ដុតាង​នៃ​សេចក្តី​ជំនឿ​របស់​ពួកគេ​ថា ព្រះ​អម្ចាស់​អាច​ជួយ​ពួក​គេ​បាន គឺ​បង្ហាញ​នៅក្នុង​ការធ្វើ​តាម​ទ្រង់​ដោយ​ខ្ជាប់​ខ្ជួន និង​នៅ​ក្នុង​ការ​សារភាព​ដ៏​បំផុស​គំនិត និង​បើក​ដួង​ចិត្ត​ឆ្លើយ​ពី​សេចក្តី​ជំនឿ​នោះ នៅ​ពេល​ត្រូវ​បាន​សួរ ។ ព្រះអង្គ​សង្គ្រោះ​ក៏​ពាល់​ភ្នែក​គេ​ដោយ​មាន​បន្ទូល​ថា « ចូរ​ឲ្យ​បាន​ដូច​សេចក្តី​ជំនឿ​របស់​អ្នក » ។ រំពេច​នោះ​ក៏បាន​ទទួល​ផល​ភ្លាមៗ ៖ « ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង » ( ម៉ាថាយ ៩:២៧–៣១ ) ។

អែលឌើរ ម៉ាខន់ឃី បាន​សង្កេត​ឃើញ​ថា ៖ « ជា​ញឹក​ញាប់​ការ​បើក​ភ្នែក​របស់​មនុស្ស​ខ្វាក់​នៅទី​នេះ គឺ​ព្រះ​យេស៊ូវ​ភ្ជាប់​បន្ទូល​របស់​ទ្រង់​ជាមួយ​នឹង​ទង្វើ​ខាង​សាច់​ឈាម​មួយ​ចំនួន ។ នៅ​រឿងនេះ និង​ក្នុង​ឱកាស​ផ្សេង​ទៀត ទ្រង់​បាន​ពាល់​ភ្នែក​មនុស្ស​ដែល​មើល​មិន​ឃើញ » ។

ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ដូច្នេះ ? អែលឌើរ ម៉ាខន់ឃី បាន​ពន្យល់ថា « រឿង​ទាំងនេះ​មិនធម្មតាទេ …​ ទង្វើ​គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​អំណាច​នៃ​ការ​ព្យាលបាល » ។ ប៉ុន្តែ​យើង​ដឹង​ថា សេចក្ដី​ជំនឿ​ត្រូវ​កើត​មុន​អព្ភូតហេតុ​ដូច្នេះ​ហើយ « គោល​បំណង​ជាក់​ស្តែង​របស់​លោកចៅហ្វាយ​គឺ​ដើម្បី​ពង្រឹង​ជំនឿ​របស់​មនុស្ស​ខ្វាក់​ឬ​ថ្លង់ »។ 

៤. ពេល​ខ្លះ​អព្ភូតហេតុ​កើត​ឡើង​មួយ​បន្ទាត់​ម្តងៗ

នៅ​បេតសៃដា ប្រជាជន​បាន​នាំ​បុរស​ខ្វាក់​ម្នាក់​មក​កាន់​ព្រះ​យេស៊ូវ ។ បន្ទាប់ពី​បាន​ដឹកនាំ​បុរស​នោះ​ចេញ​ពី​ទីក្រុង​មក នោះ​ព្រះ​យេស៊ូវ « ​ស្តោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ព្រះហស្ត​លើ » ។ ភ្នែក​បុរស​នោះ​បាន​ភ្លឺ​ឡើង​វិញ​តែ​ម្ខាង​ប៉ុណ្ណោះ ដូច្នេះ​ព្រះអង្គ​សង្គ្រោះ « ដាក់​ព្រះហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត » ដែល​ធ្វើ​ឲ្យ​ភ្លឺ​ទាំង​អស់​ឡើង​វិញ ។ ( សូមមើល ម៉ាកុស ៨:២២–២៦ ) ។

អែលឌើរ ម៉ាខន់ឃី បាន​ចង្អុល​បង្ហាញ​ពី​សេចក្ដី​ពិត​ដែល​យើង​អាច​រៀន​ពី​ព្រឹត្តិការណ៍​នេះ ៖

« វា​ហាក់​ដូច​ជា​ករណី​បន្ត​បន្ទាប់​នៃ​ការទាក់ទង​ខាង​រូបកាយ​ជា​មួយ​នឹង​ព្រះ​យេស៊ូវ មាន​ឥទ្ធិពល​នៃ​ការ​បន្ថែម​សេចក្ដី​សង្ឃឹម ការ​ធានា និង​ជំនឿ​ទៅ​លើ​អ្នក​ដែល​មិន​អាច​មើល​ឃើញ ។

 … មនុស្ស​គប្បី​ស្វែងរក​ព្រះគុណ​ព្យាបាល​របស់ព្រះអម្ចាស់​ដោយ​អស់ពី​កម្លាំង និង​អស់​ពី​សេចក្ដីជំនឿ​របស់ពួកគេ ដ្បិត​រឿង​ដូច្នេះ​គឺ​គ្រប់គ្រាន់​ល្មម​ត្រឹមតែ​ការព្យាបាល​ខ្លះៗ​ប៉ុណ្ណោះ ។… ពួកគេ​អាច​នឹង​ទទួលបាន​នូវការ​អះអាង និង​សេចក្ដី​ជំនឿ​បន្ថែម​ដើម្បី​ធ្វើ​ឲ្យជា​សះស្បើយ និង​បាន​ល្អ​គ្រប់ផ្នែក ។ ជាញឹកញាប់​មនុស្ស​ក៏​ត្រូ​វ​បាន​ព្យាបាល​ពី​ជំងឺ​ខាង​វិញ្ញាណ​របស់ពួកគេ​តាម​កម្រិត មួយដំណាក់​កាល​ម្ដងៗផងដែរ នៅពេល​ពួកគេ​ដាក់ជីវិត​របស់ពួកគេ​ឲ្យ​ស្រប​ទៅ​តាម​ផែនការ និង​គោលបំណង​របស់ព្រះ » ។

ដោយ​ការ​បើក​សម្តែង​អព្ភូតហេតុ​នេះ​ក្នុង​ជំហាន​ពីរ​ផ្សេងគ្នា នោះ​ព្រះអម្ចាស់​បាន​ជួយ​បុរស​ខ្វាក់​ឲ្យ​ត្រៀម​ខ្លួន ដើម្បី​ទទួល​បាន​ពរ​ពេញលេញ ។ តើ​យើង​អាច​មើល​ឃើញ​លំនាំ​នេះ​ផង​ដែរ​ក្នុង​ការ​ស្វែងរក​អព្ភូតហេតុ​របស់​យើង​ផ្ទាល់—ជា​អ្វីមួយ​ដែល​យើង​ត្រូវ​ធ្វើ ឬ​ក៏​មិន​ត្រូវ​ធ្វើ មុន​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​អន្តរាគមន៍​ខ្ពស់​ជាង​នេះ ?

មាន​សេចក្ដី​ជំនឿ​ថា មិន​អាច​​បាន​ព្យាបាល

ទោះបី​ជា​យើង​អាច​ឃើញ​ថា សេចក្ដី​ជំនឿ​មាន​សារៈសំខាន់​ដើម្បី​សម្រេច​នូវ​អព្ភូតហេតុ​ក៏​ដោយ ក៏​វា​សំខាន់​ដើម្បី​ដឹង​ថា ពេល​ខ្លះ​សូម្បី​តែ​ពួក​បរិសុទ្ធ​ដ៏​ស្មោះ​ត្រង់​បំផុត​ក៏​នឹង​មិន​សម្រេច​បំណង​ប្រាថ្នា និង​ទទួល​ចម្លើយ​ចំពោះ​ការទូលអង្វរ​របស់​ពួកគេ​ដែរ ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ៖

« សេចក្ដី​សុចរិត និង​សេចក្ដី​ជំនឿ​គឺពិតជា​ឧបករណ៍​នៅក្នុង​ការ​រំកិល​ភ្នំ​មែន—បើ​សិន​ជា​ការ​រំកិល​ភ្នំនោះ​សម្រេច​នូវ​គោលបំណង​របស់ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ សេចក្ដី​សុចរិត និង​សេចក្ដី​ជំនឿ​គឺពិតជា​ឧបករណ៍​នៅក្នុង​ការព្យាបាល​អ្នកឈឺ​អ្នក​ថ្លង់ ឬ​អ្នក​ខ្វិន​មែន—បើ​សិន​ជា​ការព្យាបាល​នោះ​សម្រេច​នូវ​គោលបំណង​របស់ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ ដូច្នេះ​ទោះ​ជាយើង​មាន​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​ក្ដី​ក៏មាន​ភ្នំ​ជាច្រើន​នឹង​ពុំ​រំកិល​ចេញ​ដែរ ។ ហើយ​ពុំ​មែន​គ្រប់​អ្នក​ដែល​ឈឺ និង​ជនពិការ​នឹង​ត្រូវ​បាន​ជា​សះស្បើយ​នោះ​ទេ ។ ប្រសិនបើ​ជា​រាល់​ការ​ផ្ទុយ​ទាំងអស់​ត្រូវ​បាន​កាត់បន្ថយ ប្រសិន​បើ​ជា​រាល់ការ​ឈឺចាប់​ត្រូវ​បាន​ដកចេញ នោះ​គោលបំណង​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​នឹង​ត្រូវ​បំផ្លាញ​ហើយ ។

« មេរៀនជាច្រើន​ដែល​យើង​ត្រូវ​រៀន​នៅក្នុង​ជីវិត​រមែង​ស្លាប់ អាច​ត្រូវ​បាន​ទទួល​តែ​តាមរយៈ​រឿង​ទាំងឡាយ ដែល​យើង​ជួប​ប្រទះ ហើយ​ពេល​ខ្លះ​ក៏រងទុក្ខ​ប៉ុណ្ណោះ ។ ហើយ​ព្រះរំពឹង និង​ទុក​ចិត្ត​យើង​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​ពុំ​អនុគ្រោះ​នៃជីវិតរមែង​ស្លាប់​ជាបណ្ដោះ​អាសន្ន​នេះ ដោយ​មាន​ជំនួយ​របស់ទ្រង់ ដើម្បី​យើងអាច​រៀន​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ហើយ​នៅទីបំផុត អាច​ប្រែក្លាយ​ទៅជា​មនុស្ស​ដែល​យើង​ត្រូវ​ប្រែក្លាយ នៅក្នុង​ភាព​អស់កល្បជានិច្ច » ។

ខ្ញុំ​ចង់​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​លើទីបន្ទាល់​របស់​ព្យាការី​ពី​បុរាណ និង​សម័យ​ទំនើប ។ អព្ភូតហេតុ​នៅ​តែ​កើត​ឡើង​នៅ​ក្នុង​ចំណោម​យើង ។ ព្រះអង្គ​សង្គ្រោះ​យេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​នៃ​អំណាច ពន្លឺ និង ការធូរស្បើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាម​រយៈ​ជំនឿ​របស់​យើង​លើ​ទ្រង់ នោះ​យើង​អាច​បានជា​សះស្បើយ ហើយ​នៅ​តែ​អាច​រកឃើញ ភាព​សុខសាន្ត​តាម​រយៈ​អម្ចាស់​នៃ​មេត្រី​ភាព ដែល​ជា​ពន្លឺ​នៃ​លោក​កិយ​នេះ និង អ្នក​ព្យាបាល​លើ​អស់​ទាំង​អ្នក​ព្យាបាល ។

កំណត់​ចំណាំ

  1. សូមមើល ​ Bible Dictionary ​« Miracles » ។

  2. ( រ៉ូណល អេ រ៉ាសបាន ​« មើលចុះ! យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩, ១១០ ។

  3. សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ​Doctrinal New Testament Commentary ( ឆ្នាំ ១៩៧៣ ) ១:៣២០ ។

  4. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ​Doctrinal ​New ​Testament ​Commentary​ ១:៤៨១ ។

  5. សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ​Doctrinal New Testament Commentary ១:៣២០ ។

  6. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ​Doctrinal New Testament Commentary ១:៣៧៩–៨០ ។

  7. ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Liahona ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ២២ ។