ឆ្នាំ ២០២៣
ការជួយ​ជ្រោមជ្រែង​ដល់​សមាជិក​ដែល​ជួប​ប្រទះ​នឹង​ការលែងលះ
ខែ កក្កដា ឆ្នាំ ២០២៣


ការជួយ​ជ្រោមជ្រែង​ដល់​សមាជិក​ដែល​ជួប​ប្រទះ​នឹង​ការលែងលះ

ព្រះវរបិតាសួគ៌​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ផ្ដល់​នូវ​បរិយាកាស​ដែល​មាន​សុវត្ថិភាព និង​ស្វាគមន៍​នៅ​ក្នុង​វួដ និង​សាខា​របស់​យើង​បាន​ល្អបំផុត សម្រាប់​អ្នក​ដែល​បានលែង​លះ​គ្នា ឬ​ស្ថិត​នៅក្នុង​ដំណើរការ​លែងលះ ។

រូបភាព
រូប​ផ្ទះ​នៅ​ក្នុង​រូបភាព​ដែល​បាក់បែក​ជា​ពីរ

សុភាព​បុរស​ពីរនាក់​នៅក្នុង​វួដ ដែល​បាន​ក្លាយជា​ពោះ​ម៉ាយ​ក្នុង​ពេល​ដំណាល​គ្នា ក្រោយពីបាន​រៀបការ​ជាមួយ​ភរិយា​របស់​ពួកគេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ នៅពេល​ដែល​បុរស​ទី​មួយ​បាន​ក្លាយជា​ពោះម៉ាយ ខាង​វួដ​បាន​ទាក់ទង​ទៅ​គាត់​ជា​ញឹកញាប់ ផ្តល់​ជា​អាហារ ហើយ​បាន​រិះរក​មធ្យោបាយ ដើម្បី​ធានា​ឲ្យ​បាន​ថា គាត់​មិន​មាន​អារម្មណ៍​ឯកោ​នោះ​ទេ ។ ចំណែក​ឯ​សុភាព​បុរស​ទីពីរ គ្មាន​ការងារបម្រើ​ដល់​គាត់​ឡើយ ហើយ​គាត់​ត្រូវ​បាន​ទុក​ឲ្យ​មាន​អារម្មណ៍​ឯកោ និង​មិន​ស្មើភាព ។

តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​បុរស​ទាំងពីរ​នាក់​នេះ ? បុរស​ទីមួយពោះម៉ាយ ហើយ​បុរស​ទីពីរ​បាន​លែង​លះគ្នា ។ ពេល​សុភាពបុរស​ដែល​បាន​លែងលះ​គ្នា​រូបនេះ​ចែក​ចាយ​បទពិសោធន៍​នេះ​ជាមួយ​ខ្ញុំ នោះគាត់​មាន​សំណូមពរ​ដ៏​សាមញ្ញ ៖ តើ​យើង​អាច​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប​ធ្វើ​ការងារបម្រើ ដល់​អ្នក​ដែល​បានលែងលះ​គ្នា ហើយ​ដឹង​ថា​ពួកគេ​នៅតែ​មាន​សិទ្ធិ​ស្មើគ្នា មាន​តម្លៃ​នៅក្នុង​វួដ និង​សាខា​របស់​យើង​ដោយ​របៀប​ណា ?

វួដ​ជាច្រើន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការផ្តល់​ការងារបម្រើ ដល់​អ្នក​ដែល​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ការលែងលះ ប៉ុន្តែ​សំណូមពរ​របស់​បុរស​នេះ​អាច​នាំ​យើង​ទាំង​អស់​គ្នា​ឲ្យ​សួរ​ថា តើ​នៅ​តែ​មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ដែរ​ឬ​ទេ ។ ការណ៍​នេះ​ត្រូវ​ទទួល​អារម្មណ៍​ស្វាគមន៍ និង​ទទួល​បាន​ការគាំទ្រ​ទាក់ទង​នឹង​ការអញ្ជើញ​​បន្ត​ជាប់​ជានិច្ច​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ—ឲ្យ​ស្រឡាញ់​មនុស្ស​ទាំងអស់​នៅក្នុង​ហ្វូង​របស់​ព្រះ ហើយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ស្វាគមន៍ និង​មាន​សុវត្ថិភាព​នៅ​ក្នុង​ស្តេក​នៃ​ស៊ីយ៉ូន​របស់​យើង ។

« គ្រប់​ពេល​ដែល​យើង​លើក​ស្ទួយ​នរណា​ម្នាក់​ទៀត ក្នុង​ន័យ​នេះ​គឺ​យើង​កំពុង​បង្កើត​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពួក​គេ​ហើយ » ។ វួដ និង​សាខា​របស់​យើង​គួរ​តែ​ស្ថិត​ក្នុង​ចំណោម​កន្លែង​ទាំងនោះ នៅពេល​យើង​ព្យាយាម​គោរព​បទបញ្ញត្តិ​ធំ​ពីរ គឺ​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ដទៃ​ដូច​ខ្លួន​យើង ( សូម​មើល ម៉ាថាយ ២២:៣៧–៣៩ ) ។ គោលការណ៍​ខាងក្រោម​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​គាំទ្រ​ដល់​អស់​អ្នក​ដែល​នៅក្នុង​វួដ និង​សាខា​របស់​យើង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ចំពោះ​អស់​អ្នក​ដែល​បាន​ជួប​ប្រទះ ឬ​កំពុង​ឆ្លងកាត់​ការលែងលះ ។

សូមចាំថា ការលែងលះ​ទាក់ទង​នឹង​សតិអារម្មណ៍​ជាច្រើន

ដោយសារ​យើង​ដឹង​ពី​គោលលទ្ធិ​គ្រឹះ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្បជានិច្ច និងអំណាច​នៃ​ការផ្សារភ្ជាប់​ទៅនឹង​សេចក្ដី​សញ្ញា នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ នោះ​ការលែងលះ​អាច​ជា​រឿង​ខូច​ចិត្ត​ខ្លាំង ។ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​អាច​មាន​អារម្មណ៍​ដូចគ្នា​អំពី​ការលែងលះ​របស់​ពួកគេ​នោះ​ទេ ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​បង្រៀន​ថា ការលែងលះ « គឺជា​ប្រធានបទ​ដ៏​រសើប​មួយ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​យ៉ាងខ្លាំងក្លា ខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​របៀប​ផ្សេងៗ ។ អ្នក​ខ្លះ​ចាត់ទុក​ខ្លួន​ឯង ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​ថាជា ជន​រង​គ្រោះ នៃ​ការលែងលះ​នោះ ។ អ្នក​ផ្សេង​ទៀត​ចាត់ទុក​ខ្លួនឯង​ថា​ជា អ្នក​ទទួល​បាន​ផលប្រយោជន៍ ពី​ការលែងលះ ។ អ្នក​ខ្លះ​ចាត់ទុក​ការលែងលះ​ជា​ភស្តុតាង​នៃ​ការបរាជ័យ ។ អ្នក​ផ្សេងទៀត​ចាត់ទុក​វា​ជា​ការចាំបាច់​ត្រូវ​រត់​គេច​ចេញ​ពី​អាពាហ៍​ពិពាហ៍​ដ៏​គ្រោះថ្នាក់​នេះ » ។

ជាជាង​ធ្វើការ​សន្និដ្ឋាន​ពី​បទ​ពិសោធន៍​លែងលះ​ដែល​នរណា​ម្នាក់​កំពុងឆ្លងកាត់ សូម​ពិនិត្យមើល​ស្ថាន​ភាព​របស់​ពួកគេ សូម​ត្រៀម​ខ្លួន​ស្តាប់​គ្រប់​ពេល និង​គ្រប់​សេចក្តី​ពេល​ដែល​បុគ្គល​នោះ​និយាយ ។ សូម​ពិចារណា​សាកសួរ​ដោយ​សាមញ្ញ​ថា « តើ​ខ្ញុំ​អាច​ជួយ​​អ្វី​ខ្លះ​ដល់​អ្នក​ក្នុង​ពេល​នេះ ? » ឬ « តើ​យើង​អាច​ជួយ​​អ្នក​ក្នុង​អំឡុងពេល និង​សូម្បីតែ​ក្រោយពី​លែងលះ​ដោយ​របៀប​ណា ? »

សំណួរ​ត្រិះរិះ ៖

  • តើ​បុគ្គល​ម្នាក់ៗ​អាច​ជួប​ប្រទះ​នូវ​អារម្មណ៍ ផ្សេងៗ​ជាច្រើន​ នៅ​គ្រា​នានា​រៀង​រាល់ថ្ងៃ រាល់​សប្ដាហ៍ ឬ​រាល់​ខែ​យ៉ាង​ដូចម្តេច ? តើ​ខ្ញុំ​អាច​ចេះ​គិតគូរ និង​ជួយ​ជ្រោមជ្រែង​ក្នុង​អំឡុង​ពេល​នៃ​ការ​ទទួល​អារម្មណ៍​បែបនោះ​ក្នុង​អំឡុងពេល​នីមួយៗ​យ៉ាងដូចម្តេច ?

  • តើ​ខ្ញុំ​អាច​រក្សា​ខ្លួន​ខ្ញុំ​ឲ្យ​ទទួល​យក​វិវរណៈ​អំពី​របៀប​ដើម្បី​ជួយ​ក្នុង​គ្រា​ផ្សេងៗ​យ៉ាង​ដូចម្ដេច ?

  • តើ​ការសន្និដ្ឋាន​អ្វី​ដែល​ខ្ញុំ​កំពុង​មាន ដែល​ខ្ញុំ​ប្រហែល​ត្រូវទាត់​វា​ចោល​ដើម្បី​ស្វែងរក និង​ធ្វើ​តាម​វិវរណៈ​អំពី​របៀប​ដើម្បី​ជួយ ?

រូបភាព
បេះដូង​ដែល​កំពុង​អណ្តែត​លើដៃ

ផ្តោត​លើការ​ស្រឡាញ់​ជាជាង​ផ្តោតលើ​ការ​វិនិច្ឆ័យ

ចំពោះ​បញ្ហា​លែងលះ​យើង​កម្រ​នឹង​ដឹង​ពី​សេចក្តីលម្អិត​គ្រប់យ៉ាង ដែល​បណ្តាល​ឲ្យ​គូស្វាមីភរិយា​លែងលះគ្នា​ណាស់—ហើយ​យើង​មិន​ចាំបាច់​ត្រូវ​ដឹង​រឿង​នោះ​ដែរ ។ « ពេល​ករណី​លែងលះ​កើតឡើង បុគ្គល​ម្នាក់ៗ​មាន​កាតព្វកិច្ច​លើក​លែងទោស លើក​ស្ទួយ​ជាជាង​ការថ្កោល​ទោស » នេះ​ជា​ការពិត​សម្រាប់​គូស្វាមីភរិយា​ទាំងពីរ​នាក់ និង​អ្នក​ដែល​នៅ​ជុំវិញ​ពួកគេ ។ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការផ្ដោត​ទៅ​លើ​ការស្រឡាញ់​អ្នក​ដទៃ គឺ​មិនមែន​ផ្តោត​ទៅលើ​ការវិនិច្ឆ័យ​ពួកគេ​នោះទេ មិន​ថា ស្វាមី ឬ​ភរិយា​ភាគី​ណាមួយ​ដែល​យើង​មាន​ទំនាក់ទំនង​រឹងមាំ​ជាង​ជាមួយ​នោះ​ទេ ។

ជំនួស​ឲ្យ​ការផ្តោតលើ​ការវិនិច្ឆ័យ យើង​អាច​ផ្តោតលើ​សេចក្ដី​ស្រឡាញ់ និង​ការរួបរួម​ដូច​ដែល​ស៊ីស្ទើរ ជេ អេនណេត ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈ​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

« តើ​យើង​វិនិច្ឆ័យ​អ្នកដទៃ​តាម​រូបរាង​ខាងក្រៅ និង​ទង្វើ ឬ កង្វះ សកម្មភាព​ញឹកញាប់​ប៉ុន​ណា ចុះបើ​ពេល​យើង​យល់​ច្បាស់​វិញ នោះ​​យើង​នឹងមាន​ប្រតិកម្ម​ដោយ​ក្តីមេត្តា ហើយ​មាន​បំណង​ចង់​ជួយ ជាជាង​វិនិច្ឆ័យ​បន្ថែម​ទៅលើ​បន្ទុក​របស់​ពួកគេរបៀបណា ? …

ពួក​យើង​ត្រូវ​បាន​បង្គាប់​ឲ្យ ស្រឡាញ់ អ្នក​ដទៃ​គឺមិន​ត្រូវ​វិនិច្ឆ័យ​ពួក​គេ​ឡើយ ។ ចូរ​យើង​ឈប់​វិនិច្ឆ័យ​អ្នកដទៃ វា​ពុំ​មែនជា​តួនាទី​របស់​យើង​នោះទេ ។ ផ្ទុយទៅវិញ យើង​អាច​រើសយក​នឹម​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ​វិញ ។ …

« … មនុស្ស​គ្រប់រូប ចាំបាច់​ត្រូវ​ដឹង​ថា ពួកគេ ពិតជា មាន​ចំណែក​ហើយ ត្រូវ​ការ នៅក្នុង​រូប​កាយ​នៃ​ព្រះគ្រីស្ទ » ។

សំណួរ​ត្រិះរិះ ៖

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្ដោត​លើ​ការស្រឡាញ់​អ្នក​ដទៃ​កាន់តែ​ខ្លាំង​ដូច​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ ?

  • តើ​មាន​ទង្វើ​ណាខ្លះ​ដែល​ខ្ញុំ​កំពុង​វិនិច្ឆ័យ​នរណា​ម្នាក់ រួមទាំង​ការស្វែងរក ឬ​ចាប់​កំហុស ដែល​អាច​រារាំង​ខ្ញុំ​ពី​ការផ្ដល់​ការជ្រោមជ្រែង​ដែល​ចាំបាច់​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក​ដទៃ ?

សូម​រក​មើល​វិធី​នានា​ដើម្បី​ដាក់​វា​ចូល

បុគ្គល​ម្នាក់ៗ​តែងតែ​បាត់បង់​ចំណង​មិត្តភាព​ដែល​កើតចេញ​ពី​មិត្តភក្តិ ឬ​គ្រួសារ​របស់​អតីត​គូស្វាមី​ភរិយាដោយសារតែ​ការលែងលះ ។ ហើយ​តើ​មាន​អ្វី​កើតឡើង​នៅពេល​មិត្តភាព​ត្រូវ​បាន​បង្កើតឡើង​អំឡុងពេល​រៀបការ ហើយ​មិត្តភក្តិ​អាច​នឹង​មិន​ហ៊ាន​អញ្ជើញ​អតីត​ស្វាមី​ភរិយា​ទាំងពីរ​ឲ្យ​ចូលរួម​សកម្មភាព​ក្នុង​ពេល​តែមួយ​ទៀត​ទេ ?

បងស្រី​ម្នាក់​បាន​ចែកចាយ​ថា គាត់ និង​ស្វាមី​របស់​គាត់​តែងតែ​ចូលរួម​ក្នុង​រាត្រី​លេងល្បែង​កម្សាន្ត ប្រចាំ​សប្តាហ៍​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​វួដ​របស់​គាត់ ។ បន្ទាប់ពី​លែងលះគ្នា​មក គាត់​មាន​ការសោកស្តាយ ពី​ព្រោះ​ការអញ្ជើញ​ចូលរួម​ក្នុង​រាត្រី​លេងល្បែង​កម្សាន្ត​ត្រូវ​បានបញ្ចប់ ពី​ព្រោះ​មាន​តែ​អ្នក​ដែល​មាន​គូស្វាមី​ភរិយា​ប៉ុណ្ណោះ​ទើប​អាច​ចូល​រួម​បាន ។ បង​ស្រីម្នាក់​ទៀត​បាន​ចែកចាយ​ថា សមាជិក​វួដ​ជាច្រើន​បាន​សន្និដ្ឋាន​ថា ដោយសារ​គាត់​ជាម្តាយ​ទោល ដូច្នេះ​គាត់​គ្មាន​ពេល​ចូលរួម​សកម្មភាព​ជាមួយ​មិត្តភក្តិ​ដូច​ពីមុន​ទេ ដូច្នេះ​ពួកគេ​មិន​បាន​អញ្ជើញ​គាត់​ទេ ដើម្បី​កុំ​ឲ្យ​គាត់​មាន​អារម្មណ៍​សោកសៅ​ក្នុង​ការ​មិន​អាច​មក​បាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការណ៍​នេះ​ធ្វើ​ឲ្យ​គាត់​កាន់តែ​មាន​អារម្មណ៍​ឃ្លាតឆ្ងាយ និង​ឯកោ ។ បងស្រី​ម្នាក់​នេះ​បាន​ចែកចាយ​ថា វាពិត​ជាមាន​អារម្មណ៍​ល្អ​ដែល​គេ​នៅតែ​បន្ត​អញ្ជើញ​គាត់​ឲ្យ​ចូលរួម ( ទោះបីជា​គាត់​មិន​អាច​ចូលរួម​បាន​ក៏ដោយ )—ដើម្បី​គាត់​ដឹងថា អ្នក​ដទៃ​ចង់​ឲ្យ​គាត់​ នៅ​ទីនោះ​ដែរ ។

គ្រប់​ស្ថានភាព​នីមួយៗ​ខុសគ្នា​ប៉ុន្តែ « យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​អារម្មណ៍​កក់​ក្តៅ​នៃ​មិត្តភាព និង​ស្តាប់​សេចក្តី​ប្រកាស​ដ៏​រឹងមាំ​នៃ​សេចក្តី​ជំនឿ » ។

សំណួរ​ត្រិះរិះ ៖

  • តើ​ខ្ញុំ​អាច​កែសម្រួល​សកម្មភាព​អ្វីខ្លះ ដើម្បី​ជួយ​សមាជិក​នៅ​លីវ​ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ការចូលរួម​ដូចជា​គូ​ស្វាមី​ភរិយា​ដែរ ?

  • តើ​វួដ​របស់​យើង​អាច​ផ្ដល់​ឱកាស​បន្ថែម​សម្រាប់​ការបញ្ចូល​សកម្មភាព​ដែល​ត្រូវ​នឹង​តម្រូវការ​របស់​សមាជិក​បាន​ដែល​លែង​លះ​គ្នា​យ៉ាង​ដូចម្ដេច ?

  • តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​អាច​ជួយ​មិត្ត​របស់​ខ្ញុំ​ក្នុងការ​បម្រើ ឬ​រួម​ចំណែក​ជា​ពិសេស​ប្រសិនបើ​គាត់​ត្រូវ​ស្តារ​ទំនុកចិត្ត​របស់​គាត់​ឡើង​វិញ បន្ទាប់ពី​មាន​ទំនាក់​ទំនង​ដ៏​លំបាក​មួយ ?

រូបភាព
មនុស្ស​នៅ​ក្នុង​រង្វង់

« ដំបូង​ធ្វើការ​សង្កេត បន្ទាប់មក​បម្រើ »

អ្នក​ដែល​ជួប​ប្រទះ​ការលែងលះ​គឺ​ត្រូវ​សម្រប​ទៅ​នឹង​ការផ្លាស់ប្តូរ​ផ្នែក​ហិរញ្ញវត្ថុ កាលវិភាគ សតិអារម្មណ៍ ទំនៀម​ទម្លាប់​ប្រចាំ​ថ្ងៃ និង​ប្រចាំ​ឆ្នាំ ព្រមទាំង​ការរៀបចំ​ការរស់នៅ​ជា​ច្រើន​ទៀត ។ ការណ៍នេះ​គឺ​ពិត​ទាំង​ចំពោះ​មនុស្ស​ពេញវ័យ​ព្រមទាំង​កូនៗ​របស់​ពួកគេ ដែល​អាច​មាន​ការទទួល​ខុសត្រូវ​បន្ថែម​ទៀត​នៅក្នុង​ផ្ទះ​របស់​ពួក​គេ ។

ក្រុមប្រឹក្សា​វួដ ឬ​សាខា​អាច​ពិចារណា​ពី​របៀប​ផ្តល់​ការជួយ​ជ្រោមជ្រែង​ដល់សមាជិក​ម្នាក់ៗ​នៃ​គ្រួសារ​រួមទាំង​កូនៗ​ផង​ដែរ ។ ក្នុង​នាម​ជា​បុគ្គល​ម្នាក់ៗ យើង​ក៏​មាន​ឱកាស​ជាច្រើន​ដើម្បី​មើលឃើញ​តម្រូវការ ហើយ​បន្ទាប់មក​ធ្វើ​តាម​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​បំពេញ​តម្រូវការ​នោះ ។

បងស្រី​ម្នាក់​បាន​ទទួលពរ​ពេល​អ្នក​ជិតខាង​ដឹង​ថា ជាធម្មតា​អតីត​ស្វាមី​របស់គាត់ធ្វើ​ការសម្អាត​ទីធ្លា​នៅ​រដូវ​ស្លឹកឈើជ្រុះ​រាល់​ឆ្នាំ រួមទាំង​រៀបចំ​ឧបករណ៍​បាញ់ទឹក ហើយ​គាត់បាន​សុំខ្លួនជួយ​ ឬ​បង្រៀនគាត់​ពី​របៀប​ដើម្បី​ធ្វើ​កិច្ចការ​ទាំងអស់​នេះ ។ ឪពុក​ទោល​ម្នាក់​បាន​ទទួល​ពរ នៅ​ពេល​អ្នក​ជិតខាង​បាន​ផ្តល់​យោបល់​ឲ្យ​យក​កូន​ទៅ​កន្លែង​ថែទាំ​ទារក ដែល​អាច​ទុកចិត្ត​បាន​នៅក្នុង​តំបន់​ថ្មី​របស់​គាត់ ។

នេះ​គឺ​ជា​វិធី​ផ្សេង​ទៀត​ដែល​សមាជិក​វួដ​បាន​ជួយ​គ្រួសារ​ជាច្រើន ៖

  • ថ្នាក់ដឹកនាំ​យុវវ័យ និង​កុមារ​បាន​ធ្វើ​ជា​គំរូ​ដែល​ជះ​ឥទ្ធិពល​ល្អ​ក្នុង​ជីវិត​កុមារ អំពី​ភាពជា​ឪពុក ឬ​ជា​ម្តាយ ។

  • អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​ត្រូវ​បាន​បរិច្ចាគ មាន​​ប្រាក់​ជាដើម​ដើម្បី​ជួយ​ក្នុង​ការចំណាយ​លើ​បេសកកម្ម​ផង​ដែរ ។

  • អាហារ​លើស​ដែល​នៅ​សល់​ពី​សន្និសីទ​យុវវ័យ ឬ​សកម្មភាព​នានា​ត្រូវ​បាន​យក​ជូន​ដល់​ផ្ទះ​របស់​គ្រួសារ​នោះ ។

  • សមាជិក​វួដ​បាន​ចូលរួម​សកម្មភាព​កីឡា​របស់​កុមារ ។

  • ក្រុម​ប្រឹក្សា​គ្រូ​បង្រៀន​បានពិភាក្សា​អំពី​របៀប​គិតគូរ​ដល់​កុមារ ដែល​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​ឪពុក​ម្តាយ​លែងលះ​គ្នា ជា​ពិសេស​ជាមួយនឹង​មេរៀន​អំពី​គ្រួសារ ឬ​នៅពេល​ដែល​កុមារ​បាន​ចូលរួម​វួដ​តែ​ក្នុង​សប្តាហ៍​ដែលនៅ​ជាមួយ​ឪពុក​ម្តាយ​ជាក់លាក់​ណាមួយ​ប៉ុណ្ណោះ ។

  • គូស្វាមីភរិយា​វ័យ​ចំណាស់​មួយ​គូ បាន​ទទួលខុសត្រូវមើលថែរ​គ្រួសារ​ដែល​មាន​ឪពុក ឬ​ម្តាយ​ទោល ។

យើង​ក៏​ត្រូវ​ចាំ​ថា​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​នីមួយៗ​នឹង​ត្រូវការ​ពេល​វេលា​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី​របស់​ពួកគេ ។ ចូរ​មាន​ចិត្ត​សប្បុរស​ក្នុង​ការអនុញ្ញាត​ឲ្យ​ពួកគេ​បាន​ជាសះស្បើយ និង​រីកចម្រើន​តាម​កាលវិភាគ​របស់​ព្រះ និង​របស់​ពួកគេ មិនមែន​តាមកាលវិភាគ​របស់​យើង​នោះ​ទេ ។

សំណួរ​ត្រិះរិះ ៖

  • តើ​ខ្ញុំ​អាច​ពង្រឹង​មិត្តភាព​បន្ត​ជាប់​ជានិច្ច ជាមួយ​អ្នក​ដែល​ឆ្លង​កាត់​ការលែងលះ ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​ការ​ទទួល​យក​ជំនួយ នៅ​ពេល​ពួក​គេ​ត្រូវការ​ជំនួយ​ទោះបី​ជា​វា​មិន​មែន​ឥឡូវ​នេះ​ក៏​ដោយ ដោយ​របៀប​ណា ?

  • តើ​រឿង « មុន​ដំបូង » អ្វី​ខ្លះ​ដែលអាច​នឹង​មាន​ការលំបាក​ជា​ពិសេស​សម្រាប់​គ្រួសារ ដូចជា​លើក​ដំបូង​ដែល​កូនៗ​មិន​នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ថ្ងៃ​ឈប់​សម្រាក ? តើ​ខ្ញុំ​អាច​ផ្ដល់​មិត្តភាព​បន្ថែម​ក្នុង​អំឡុង​ពេល​នោះ​ដោយ​របៀប​ណា ?

  • តើ​គ្រួសារ​អាច​ត្រូវការ​ធនធាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​ជួយ​បាន ឬ​តើ​ខ្ញុំ​អាច​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ដែល​មាន​ជំនាញ​ដើម្បី​ជួយ​យ៉ាង​ដូចម្ដេច ?

នៅពេល​យើង​អធិស្ឋាន​ដើម្បី​ស្វែងយល់​ឲ្យ​បាន​កាន់តែ​ច្បាស់ និង​ធ្វើ​ការងារបម្រើ​ដល់​អស់​អ្នក​ដែល​បានលែងលះ​គ្នា រួម​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នោះ​យើង​អាច​ដឹង និង ចែកចាយ​ផ្នែក​ខ្លះ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ទាំង​អស់ ។

កំណត់​ចំណាំ

  1. ឧទាហរណ៍ ៖ សូមមើល ឃ្វីនថិន ​អិល ​ឃុក « Hearts Knit in Righteousness and Unity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៨–២២, ឌី ថត គ្រីស្ដូហ្វឺសិន « គោលលទ្ធិ​នៃ​ការ​មានចំណែក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥៣–៥៦, ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ចិត្ត​ចងក្រង​រួមគ្នា » លីអាហូណា ខែ ​ឧសភា​ឆ្នាំ​ ២០២១ ទំព័រ ១៩–២៣ ។

  2. វីជីញ៉ា យូ ជែនសិន « Creating Places of Security » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៩១ ។

  3. ដាល្លិន ​អេក ​អូក ​« Divorce » Liahona ខែ ឧសភា ឆ្នាំ ​២០០៧​ទំព័រ ៧០ ។

  4. Gospel Topics ​« Divorce » topics.ChurchofJesusChrist.org ។

  5. ជេ អាណែត ដេននីស « នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨០, ៨១ ។

  6. ជែហ្វ្រី អ័រ ហូឡិន​ « ‹ Be With and Strengthen Them › » ​Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០២ ។

  7. លីនដា ខេ ប៊ើតុ « First Observe, Then Serve » Liahona ខែ​វិច្ឆិកា ឆ្នាំ ២០១២ ទំព័ ៧៨ ។

  8. ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ។

  9. សូម​មើល Jackie Witzel, « Rebuilding My Life after Divorce » Ensign ខែ មិថុនា ឆ្នាំ ២០០០ ទំព័រ ៥៤–៥៧ ។