ឆ្នាំ ២០២៣
អព្ភូតហេតុ​របស់​ព្រះ​នៅ​តែ​បន្ត
ខែ កក្កដា ឆ្នាំ ២០២៣


« អព្ភូត​ហេតុ​របស់​ព្រះ​នៅ​តែ​បន្ត » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

អព្ភូតហេតុ​របស់​ព្រះ​នៅ​តែ​បន្ត

ខ្ញុំ​បាន​ដឹង​ថា សេចក្តី​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​កាន់​តែ​ស្រប​នឹង​ព្រះ​គម្ពីរ​ប៊ីប​ជាង​ការ​ប្រកាស​ថា ព្រះគម្ពីរ​ប៊ីប​ត្រូវ​បាន​ជំនួស​ព្យាការី និង​វិវរណៈ ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រីករាយ​ណាស់ ពេល​ខ្ញុំដឹងថា ខ្ញុំ​អាច​រស់​នៅ​ក្នុង « ជំនាន់​ព្រះ​គម្ពីរ​ប៊ីប » សម័យ​ទំនើប ។

រូបភាព
គ្រួសារ​ឈរ​ជាមួយ​គ្នា​នៅ​ខាង​ក្រៅ

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត

នៅ​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា ឆ្នាំ ​១៩៨៩​ មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់​ខាង​កើត​ម្នាក់​បាន​ប្រកាស​ព័ត៌មាន​ដែល​ចុះជាធរមាន​ភ្លាមៗ​ខុសថា ប្រជាជន​ក្នុង​រាជធានី​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ជញ្ជាំង​ក្រុង​ប៊ែរឡាំង ។ ពីរ​បី​នាទី​ក្រោយ អ្នកយាម​ព្រំ​ដែន​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពីអនុញ្ញាត​ឲ្យ​ក្រុម​មនុស្ស​យ៉ាង​ច្រើន និង​កាន់​តែ​កកកុញ​ចាកចេញ​ពី​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់នោះទេ ។

ចាគុប ហ្គោរ៉ូវស្គី ជាមិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ខ្ញុំ—ពេលនោះ​យើង​នៅ​វ័យ​ជំទង់​នៅឡើយ—បាន​មើលឃើញ​អព្ភូតហេតុ​ដែល​មិន​បាន​រំពឹង​ទុក ដែល​បាន​ចាក់ផ្សាយ​នៅ​លើ​ទូរទស្សន៍​ពី​ផ្ទះ​របស់​យើង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ។ ពិភព​លោក​ពិត​ជា​ចលាចល ប៉ុន្តែ​មិន​មែន​ជា​ការ​បំផ្លិច​បំផ្លាញ​នោះ​ទេ ។ ដួងចិត្ត​របស់​មនុស្ស​រាប់​លាន​នាក់​បាន​ពោរពេញ​ដោយ​ស្មារតី​នៃ​សេរីភាព និង​ក្ដី​សង្ឃឹម ។

សម្រាប់ ចាគុប និង​ខ្ញុំ​សុបិនរបស់យើង​​ប្តូរ​ពី​ប្រទេស​ប៉ូឡូញ​ទៅ​រស់នៅ​ភាគ​ខាង​លិចសម្រេច​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ—មាន​ប្រទេស​ដាណឺម៉ាក ស៊ុយអែត និង​អាល្លឺម៉ង់​ខាង​លិច ។ យើង​បាន​ទទួល​ការបំផុស​គំនិត​ដោយ​ខ្សែ​ភាព​យន្ត និង​កម្ម​វិធី​ទូរទស្សន៍​របស់​អាមេរិក ។ រឿង​ដែល​ខ្ញុំ​ចូលចិត្ត​មាន​ចំណង​ជើង​ថា The Wonder Years ( ឆ្នាំ​ដ៏​អស្ចារ្យ ) ។ ខ្ញុំ​ចូលចិត្ត​បរិយាកាស​ជីវិត​ជនបទ​របស់​ប្រជាជន​អាមេរិក ។

ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​នៅ​ផ្នែក​ណា​មួយ​នៃ​វាំងនន​ដែក​នោះ​គិត​ថា​សង្គ្រាម​ត្រជាក់​នោះ​នឹង​បញ្ចប់​ទេ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​មាន​ផែនការ​ផ្សេង ។ នៅ​ឆ្នាំ​ ១៩៧៥ ​ដោយ​មិន​បាន​ដឹង​ខ្លួន​នោះ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ « ចូល​រួម​បន្ត​ទូល​អង្វរ​ព្រះអម្ចាស់​ដ៏​ម៉ឺងម៉ាត់​ដើម្បី​បើក​ទ្វារ​ទៅ​កាន់​ប្រជាជាតិ​នានា និង​បន្ទន់​ចិត្ត​របស់​ស្ដេច និង​អ្នក​កាន់​អំណាច​ឲ្យ​បញ្ចប់​សង្គ្រាម​នោះ ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ចូល​ទៅ​ក្នុង​ដែនដី​ទាំង​អស់នោះ ហើយ​អាច​បង្រៀន​ដំណឹង​ល្អឡើងវិញ » ។

ពីរ​ឆ្នាំ​ក្រោយ​មក​ប្រធាន ឃឹមបឹល បាន​ចុះ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ូឡូញ ។ នាព្រឹកមួយ ដោយ​មាន​ការ​អម​ដំណើរ​ដោយ​ក្រុម​សហការី​តូច​មួយ​របស់​លោក​ដែល​រួមមាន​អែលឌើរ រ័សុល អិម ណិលសុន ប្រធាន ឃឹមបឹល អញ្ជើញ​ចេញពី​សណ្ឋាគារ​របស់​លោក ធ្វើ​ដំណើរ​កាត់​ផ្នូរ​របស់​នាយ​ទាហាន​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ចូល​ឧទ្យាន​សាគី ។ នៅ​មិន​ឆ្ងាយ​ពី​ប្រភព​ទឹក​ធំ​មួយ ដែល​ប្រភពទឹក​នោះ​នៅ​តែ​មាន​រហូត​មកទល់​នឹង​សព្វថ្ងៃ​នេះ នៅទីនោះ​លោក​បាន​លុត​ជង្គង់ ហើយ​បាន​ឧទ្ទិស​ប្រទេស​ប៉ូឡូញ ដើម្បី​បើក​ឲ្យ​មាន​ការផ្សព្វផ្សាយ​ដំណឹងល្អ​ឡើង​វិញ ។

ភាព​ចលាចល និង​ការ​តវ៉ា​ប្រឆាំង​ជាច្រើន​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រយៈ​ពេល​មួយ​ទសវត្សរ៍ ។ ខណៈ​ដែល​មនុស្ស​ពេញ​វ័យ​មិន​ទុក​ចិត្ត ហើយ​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​នយោបាយ យុវវ័យ​ជា​ច្រើន​ក៏​បាន​ចោទ​សួរ​ពី​គុណ​តម្លៃ​ទំនៀម​ទម្លាប់ និង​អាកប្បកិរិយា​មួយ​ចំនួន​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ​ដែរ ។ ចាគុប​មិត្តសម្លាញ់​របស់​ខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ខក​ចិត្ត​ចំពោះ​សាសនា​គ្រីស្ទ ទៅ​តាម​អ្វី​ដែល​យើង​បាន​យល់​ដឹង ។ គាត់​បាន​បាត់បង់​ចំណាប់​អារម្មណ៍​លើ​សាសនា​ទូទៅ ខណៈ​ដែល​ខ្ញុំ​បាន​ខិត​ទៅ​រក​ទស្សនវិជ្ជា​ដែល​មាន​ដើម​កំណើត​មក​ពី​អាស៊ី ។

នៅ​ខែ មេសា ឆ្នាំ ១៩៩០ ចាគុប និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូទ្រីស ។ នៅ វីអែនណា យើង​បាន​ជួប​ស្ត្រី​ដ៏​ល្អ​ពីរ​នាក់​ដែល​ឈរ​នៅ​តាម​ផ្លូវ​ដ៏​មមាញឹក​មួយ ។ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​កំពុង​កាន់​ព្រះគម្ពីរ​មរមន​ជា​ភាសា​ប៉ូឡូញ ។ នាង​បាន​ប្រាប់​យើង​អំពី​ការយាង​មក​របស់​ព្រះ​យេស៊ូវ​ទៅ​ជួប​ប្រជាជន​អាមេរិក​ពី​បុរាណ ហើយ​បាន​សន្យា​ថា​នឹង​ផ្ញើ​សៀវភៅ​នោះ​ទៅ​ផ្ទះ​របស់​យើង ប្រសិន​បើ​យើង​ឲ្យ​អាសយដ្ឋាន​របស់​យើង​ទៅ​នាង ។ យើង​ក៏​បាន​បើក​សៀវភៅ​អាសយដ្ឋាន​របស់​យើង និង​ចម្លង​អាសយដ្ឋាន​មិត្តភក្តិ​របស់​យើង​ជា​ច្រើន​នាក់​ផង​ដែរ ។ យើង​បាន​គិត​ថា វា​នឹង​ជា​ការ​ភ្ញាក់​ផ្អើល​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គេ​ដែល​ទទួល​បាន​អំណោយ​មួយ ។

ពីរ​បី​ខែ​ក្រោយ​មក​បេសកកម្ម វ័រស្ស័រ ប៉ូឡូញ ក៏​បាន​បង្កើត​ឡើង​ហើយ​ពួកអ្នក​ផ្សព្វ​ផ្សាយ​សាសនា​បួន​នាក់​បាន​មក​ដល់​ទី​ក្រុង​របស់​យើង ។ ក្រោយមក​ខ្ញុំ​ដឹង​ថាចំនួន « សាសនា​គន់ការី » ជាច្រើន—ពោល​គឺ​អាសយដ្ឋាន​របស់​មិត្តភក្តិ​ខ្ញុំ—បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការសម្រេចចិត្ត​ដើម្បី​បើក​ទីក្រុង​របស់​ខ្ញុំ​សម្រាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ពីរបី​ខែ​ក្រោយ​មក​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ចាគុប​បាន​ប្រាប់​ខ្ញុំ​ថា ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា « មរមន » ពីរ​នាក់​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ហើយ​ថា​គាត់​បាន​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​ព្រះ​វិហារ​របស់​ពួក​គេ​ហើយ ។

ដំណឹង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចិត្ត​ណាស់ ។ ខ្ញុំ​បាន​ព្យាយាម​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​លើ​សាសនា​ប៉ុន្តែ​មិន​បាន​សម្រេច​សោះ ។ តើ​មនុស្ស​មិន​ស្គាល់មុខ​មក​ពី​ប្រទេស​ផ្សេង​អាច​ធ្វើ​ឲ្យ​គាត់​ប្រែ​ចិត្ត​ជឿ​ភ្លាមៗ​ដោយ​របៀប​ណា ? ខ្ញុំ​បាន​តាំង​ចិត្ត​ថា នឹង​ប្រឈម​មុខ​នឹង​ពួក​គេ ហើយ​បង្ហាញ ចាគុប ថា​ពួក​គេ​គ្មាន​ឱកាស​ជជែក​ពិភាក្សា​ជាមួយ​ខ្ញុំ​ទេ ។

ខ្ញុំ​មាន​អារម្មណ៍​ពិសេស​អ្វីមួយ

នៅ​ពេល​ខ្ញុំ​បាន​ឃើញ​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​វ័យ​ក្មេង​ទាំង​ពីរ​នាក់​ញញឹម​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​ម្តាយ​ខ្ញុំ ខ្ញុំ​ភ្លេច​ពី​គោល​ដៅ​របស់​ខ្ញុំ​ដើម្បី​រក​ភស្តុតាង​ថា​ពួក​គេ​ខុស​អស់​ហើយ ។ ពួកគេ​រីករាយ និង​កំប្លែង ។ ពួកគេ​បាន​សួរ​សំណួរ​ជា​ច្រើន​អំពី​ខ្លួន​ខ្ញុំ និង​ជំនឿ​របស់​ខ្ញុំ ។ ពួកគេ​គោរព​លើ​ការ​ប្រែចិត្ត​ជឿ​របស់​ខ្ញុំ ។ ក្រោយ​មក​ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ក្នុង​អំឡុង​ពេល​ជួប​គ្នា​ជា​លើក​ដំបូង​ជាមួយ​មនុស្ស​ដែល​មាន​ចិត្ត​ក្រអឺតក្រទម មាន​សក់​វែង និង​ខោ​ខៅប៊យ​រហែក​កំពុង​ជក់​បារី ពួក​គេ​ពិបាក​នឹង​ស្រមៃ​ថា ខ្ញុំ​នឹង​ចាប់​អារម្មណ៍​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​មួយ​យ៉ាង​ពិសេសចំពោះ​វត្តមាន​របស់​ពួកគេ ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ថា សាសនាចក្រ​របស់​ពួកគេ​គឺ​ជា​និកាយ​គ្រីស្ទាន​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ដឹងថា បាន​ជឿ​លើ​ជីវិត​មុខ​ឆាក​ជីវិត​នេះ ។

ខ្ញុំ​ក៏​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ និង​ការ​ប្រែចិត្ត​ជឿ​យ៉ាង​រឹង​មាំ​របស់​ចាគុប និង រ៉ូបឺត ហ្សែលីវស្គី ដែល​ជា​មិត្ត​ថ្មី​របស់​គាត់​មក​ពី​សាសនា​ចក្រ ។ រ៉ូបឺត គឺ​ជា​អ្នក​ចិត្ត​វិទ្យា ជាមនុស្ស​ដែល​មានប្រាជ្ញា ជា​មនុស្ស​ប្រសប់​ម្នាក់​ដែល​ការយល់ដឹង និង​បទពិសោធន៍​របស់គាត់​បាន​ពង្រឹង​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ ចំពោះ​សាសនា​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

អ្វីៗ​គ្រប់យ៉ាង​ដែល​ពួក​អែលឌើរ, ចាគុប និង រ៉ូបឺត បានប្រាប់​ខ្ញុំ គឺគួរឲ្យ​ចាប់​អារម្មណ៍​ជាពិសេស​គោលលទ្ធិ​នៃ​ផែនការ​នៃ​សេចក្ដី​សង្រ្គោះ​ដោយ​ចាប់ផ្តើម​ពីជីវិត​មុន​ផែនដី និង​បញ្ចប់​ជាមួយ​នឹង​លំដាប់​នៃ​សិរីល្អ​ទាំងបី ។ ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​ចំណុច​ចំបាច់​ណា​មួយ​ក្នុង​ការ​ចូល​រួម​ក្នុង​សាសនាចក្រ​ទេ រហូត​ដល់​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់ ជាពិសេស​ពី​ជំនឿ​របស់​ពួក​គេ​សិន ។ ការ​យល់​ដឹង​របស់​ខ្ញុំ​អំពី​សាសនា​គ្រីស្ទ​គឺ​ថា ពី​បុរាណព្រះ​បាន​ធ្វើ​អព្ភូតហេតុ បាន​បញ្ជូន​ពួក​ទេវតា ហើយ​បាន​ហៅ​ពួក​ព្យាការី​ប៉ុន្តែ​ព្រឹត្តការណ៍​ទាំង​អស់​នោះ​គឺ​ជា​ជំនាន់​របស់​ព្រះ​គម្ពីរ​ប៊ីប ។ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​ប៊ីប​បាន​បញ្ចប់​មនុស្ស​ជាតិ​លែង​ត្រូវការ​អព្ភូតហេតុ និង​វិវរណៈ​ទៀត​ហើយ ព្រោះ​ព្រះ​គម្ពីរ​ប៊ីប​មាន​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ដឹង ។

រឿង​ជោគ​ជ័យ​មួយ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ពិភាក្សា​របស់​យើង គឺ​អំពី​ការក្បត់​សាសនា​ដ៏​ធំ និង​ការ​ស្តារ​ឡើង​វិញ​នូវ​ភាព​ពេញ​លេញ​នៃ​ដំណឹង​ល្អ​តាម​រយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​បាន​ដឹង​ថា ជំនឿ​របស់​ពួក​គេ​គឺ​កាន់​តែ​ស្រប​ទៅ​នឹង​ព្រះ​គម្ពីរ​ប៊ីប​ជាង​ការ​អះអាង​ថា ព្រះ​គម្ពីរ​បាន​ជំនួស​ព្យាការី​ទាំងឡាយ និង​វិវរណៈ ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រីករាយ​ណាស់ ពេល​ខ្ញុំដឹងថា ខ្ញុំ​អាច​រស់​នៅ​ក្នុង « ជំនាន់​ព្រះ​គម្ពីរ​ប៊ីប » សម័យ​ទំនើប ។

ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទូលសូម​វិវរណៈ​ផ្ទាល់​ខ្លួន​ពី​ព្រះ​ដោយ​ស្មោះ ប៉ុន្តែ​មិន​បាន​ទទួល​ចម្លើយ​ទេ ។ នៅ​ទីបំផុត​ខ្ញុំ​បាន​ទូល​សួរ​ថា « ឱ ព្រះវរបិតា​សួគ៌ ប្រសិនបើ​ទ្រង់​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ធ្វើ​ជា​ព្យាការី​របស់​ទ្រង់ នោះ​ខ្ញុំ​នឹង​គោរព​តាម​គ្រប់​បទបញ្ញត្តិ​ដែល​ទ្រង់​បាន​បើក​សម្តែង​តាម​រយៈ​លោក » ។ បន្ទាប់​មក​ចម្លើយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត និង​គំនិត​របស់​ខ្ញុំ​ដោយ​ភាព​ជឿជាក់ ហើយ​ខ្ញុំ​បាន​ដឹង​ថា ព្រះ​បាន​ស្ដារ​ឡើង​វិញ​នូវ​ភាព​ពេញលេញ​នៃ​ដំណឹង​ល្អ ហើយ​ថា​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

រូបភាព
រូបអ្នកផ្សព្វ​ផ្សាយ​សាសនាជា​ពួក​អែល​ឌើរ​ដែល​មាន​រថភ្លើង​នៅ​ពីក្រោយ

ចាគុប​ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ហើយ​នៅ​បន្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ឡើង​ភ្នំ​ដ៏​សោកសៅ​មួយ បន្ទាប់ពី​រយៈ​ពេល​ពីរ​ទសវត្សរ៍​ក្រោយ​មក ។ ខ្ញុំ​បាន​ចូលជា​សមាជិក​សាសនាចក្រ​នៅ​ថ្ងៃទី ​១១ ខែ មករា ឆ្នាំ ១៩៩១ ដោយ​ប្តេជ្ញា​ចិត្ត​បម្រើ​បេសកកម្ម ។ រ៉ូបឺត​ ត្រូវបាន​ហៅ​ធ្វើ​ជា​ប្រធាន​សាខា​ដំបូង​នៃ​សាខា​របស់​យើង ហើយ​បាន​បើក​ឡាន​នាំ​យើង​ទៅ​កាន់​ទីក្រុង​ហ្រ្វីបឺហ្គ ប្រទេស​អាល្លឺម៉ង់ ដើម្បី​ខ្ញុំ​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​អំឡុង​ពេល​សម្ភាសន៍​ចុង​ក្រោយ​របស់​ខ្ញុំ​ជាមួយ​គាត់ ខ្ញុំ​បាន​សន្យា​ថា នឹង​ត្រឡប់​ទៅ​ប្រទេស​ប៉ូឡូញ​វិញ បន្ទាប់​ពី​ខ្ញុំ​បាន​បម្រើ​នៅ​បេសកកម្ម ឈីកាហ្គោ អិលលីណោយ ដើម្បី​ប្រើ​បទ​ពិសោធន៍​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​របស់​ខ្ញុំ​ដើម្បី​ពង្រឹង​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​របស់​យើង ។

ពីរ​ឆ្នាំ​ក្រោយ​មក​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ចូលរៀន​នៅ​អាមេរិក​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ។ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ភ្លេច​ការ​សន្យា​របស់​ខ្ញុំ​ចំពោះ​រ៉ូបឺត​ទេ ។

រូបភាព
អ្នក​ផ្សព្វ​ផ្សាយសាសនា​វ័យ​ក្មេង​ជា​ពួក​អែលឌើរ កំពុង​ឈរ​នៅ​ចន្លោះ​គូ​ស្វាមី​ភរិយា​ចំណាស់

បន្ទាប់​ពី​បាន​រៀប​ការ​នៅ​ឆ្នាំ ២០០០ ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​ប៉ូឡូញ​វិញ​ជាមួយ​ភរិយា​របស់​ខ្ញុំ ដែល​នៅ​ឆ្នាំ ១៩៨៨ នាង​បាន​ក្លាយ​ជា​តួអង្គ​បន្ថែម​ម្នាក់​ទៀត​នៅ​ក្នុង​ភាគ​ទី​ប្រាំមួយ​នៃ​រឿង The Wonder Years ។ យើង​ចូល​រួម​ការប្រជុំ​សាសនាចក្រ​នៅ​ទី​ក្រុង​ក្រាកូវ ដោយ​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់ និង​បន្ត​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កូន​ច្បង​ទាំង​ពីរ​នាក់​របស់​យើង ។ ថ្មីៗ​នេះ​កូន​ប្រុស​ច្បង​របស់​យើង​បាន​ប្រកាស​ថា គាត់​បាន​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។

នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២១ ខ្ញុំ​បាន​នាំ​គ្រួសារ​ខ្ញុំ​ទៅ​ទី​ក្រុង​ប៊ែរឡាំង​ជា​កន្លែង ដែល​ខ្ញុំ​បាន​បង្ហាញ​ពួក​គេ​នូវ​កំផែង​ដែល​ធ្លាប់​មានវត្តមាន​នៅទីនោះ ។ កំផែង​នោះ​មិន​អាច​បញ្ឈប់​ពួក​អ្នក​បម្រើ​របស់​ព្រះ ពី​ការ​ចែក​ចាយ​សារលិខិត​នៃ​ការ​ស្តារ​ឡើង​វិញ​ជាមួយ​ប្រជា​ជន​អឺរ៉ុប​ខាង​កើត​ទៀត​ទេ ។ អព្ភូតហេតុ​របស់​ព្រះ​នៅ​តែ​បន្ត​នៅ​សម័យ​យើង ។

កំណត់​ចំណាំ

  1. ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ក្នុង « Insights from June Conference » Ensign ខែ តុលា ឆ្នាំ ១៩៧៥ ទំព័រ ៧០ ។