សន្និសីទទូទៅ
ការ​បង្រៀន​ភាពខ្លួន​ទីពឹង​ខ្លួន​ដល់កុមារ និង​យុវវ័យ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ការ​បង្រៀន​ភាពខ្លួន​ទីពឹង​ខ្លួន​ដល់កុមារ និង​យុវវ័យ

សូម​ឲ្យ​យើង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ដោយ​ការក្លាយ​ជាមនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ពេញ​មួយ​ជីវិត​របស់​យើង និង​ដោយ​ការ​បង្រៀន​គោលលទ្ធិ​នេះ​ទៅ​កាន់​កុមារ និង​យុវវ័យ​របស់​យើង ។

ខ្ញុំ​នឹង​និយាយ​អំពី​ភាពខ្លួន​ទីពឹង​ខ្លួន និង​របៀប​ដែល​វា​អាច​ត្រូវបាន​បង្រៀន​ដល់​កុមារ និង​យុវវ័យ ។ ភាពខ្លួន​ទីពឹង​ខ្លួន​ប្រហែល​ជា​ត្រូវ​បាន​យល់​ថា ជា​ប្រធានបទ​សម្រាប់​មជ្ឈិមវ័យ ។ ខ្ញុំ​បាន​ដឹង​ថា មជ្ឈិមវ័យ​អាច​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់ភាព​ខ្លួន​ទី​ពឹង​ខ្លួន​បាន​ល្អបំផុត នៅពេល​ពួកគេ​ត្រូវបាន​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​គេហដ្ឋាន ហើយ​បាន​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​នោះ​តាំងពី​កុមារភាព និង​ជា​យុវវ័យ ។

ការ​បង្ហា្ហញ​ដ៏ល្អ​បំផុត ​​គឺជា​គំរូ​នៃ​ជីវិត​ពិត​ដ៏​អស្ចារ្យ​មួយ ។ វិលហ្វ្រាយ វេនី បងប្អូន​ប្រាំពីរ​នាក់ និង​ម្ដាយ​របស់​គាត់​បាន​ចូលរួម​ព្រះវិហារ​នៅ Abidjan Ivory Coast នៅពេល​គាត់​មានអាយុ​ប្រាំមួយ​ឆ្នាំ ។ គាត់​បាន​ជ្រមុជ​ទឹក​នៅ​អាយុ​ប្រាំបី​ឆ្នាំ ។ ឪពុក​របស់គាត់​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ចម្បង​ក្នុង​គ្រួសារ​បានស្លាប់​នៅ​ពេល​វិលហ្វ្រាយ​អាយុ​បាន​ដប់​មួយ​ឆ្នាំ ។

ទោះបី​ស្ថានភាព​គ្រួសារ​បាន​ធ្វើឲ្យ​វិលហ្វ្រាយ​សោកសៅ​យ៉ាងណា​ក៏ដោយ​ ក៏គាត់​នៅ​តែបន្ដ​ទៅសាលា​ ដោយ​មានការ​លើក​ទឹកចិត្ត​ពី​ម្ដាយ​របស់​គាត់ និង​ដោយ​មានការ​គាំទ្រ​ពីព្រះវិហារ ។ គាត់​បាន​បញ្ចប់​វិទ្យាល័យ ហើយ​បាន​បម្រើ​បេសកកម្ម​ពេញម៉ោង​នៅ​បេសកកម្ម​ឆ្នេរសមុទ្រ​ហ្គាណា​ខេព ​ជា​កន្លែង​ដែលគាត់​បានរៀន​ភាសា​អង់គ្លេស ។ បន្ទាប់​ពី​បេសកកម្ម​របស់​គាត់ នោះ​គាត់​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ និង​បាន​ទទួល​សញ្ញាប័ត្ររង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ។ វា​ពិបាករក​ការងារ​​ក្នុង​ជំនាញរបស់គាត់ គាត់​រកបាន​ការងារ​ធ្វើនៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ។

គាត់​បាន​ចាប់ផ្ដើម​ដោយ​ការ​ធ្វើជា​អ្នករត់តុ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ​មួយ ប៉ុន្ដែ​មហិច្ឆតា​ដើម្បី​រីកចម្រើន​របស់​គាត់​បាន​ជម្រុញ​គាត់​ឲ្យ​រៀន​បន្ថែម​រហូត​គាត់​បាន​ក្លាយជា​អ្នក​ទទួលភ្ញៀវ​ដែល​ប្រើ​ពីរភាសា​នៅ​ទីនោះ ។ នៅពេល​សណ្ឋាគារ​ថ្មី​មួយ​បើកដំណើរការ គាត់​ត្រូវ​បាន​ជួល​ជា​សវនករ​ពេល​យប់ ។ បន្ទាប់​មក​គាត់​គាត់​បាន​ចុះ​ឈ្មោះ​ចូលរៀន BYU-Pathway Worldwide ហើយ​បច្ចុប្បន្ន​កំពុង​សិក្សា​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ផ្នែក បដិសណ្ឋារកិច្ច និង ការគ្រប់គ្រង ទេសចរណ៍ ។ បំណង​ប្រាថ្នា​របស់​គាត់​គឺ​ថ្ងែ​ណាមួយ​ក្លាយជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​លំដាប់​ខ្ពស់​មួយ ។ វិលហ្វ្រាយ​អាច​ផ្គត់ផ្គង់​ដៃគូ​ដ៏​អស់កល្ប និង​កូនៗ​ទាំងពីរ​របស់​គាត់ ព្រមទាំង​អាចជួយ​ម្ដាយ និង​បងប្អូន​របស់​គាត់​ទៀតផង ។ បច្ចុប្បន្ន ​គាត់​បម្រើ​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ស្ដេក​នៅក្នុង​ព្រះវិហារ ។

ភាពខ្លួន​ទីពឹង​ខ្លួន​ត្រូវបាន​ផ្ដល់​និយមន័យ​ថា​ជា « លទ្ធភាព ការតាំងចិត្ត និង កិច្ចខិតខំ​ដើម្បី​ផ្ដល់​សេចក្ដីត្រូវការ​ចាំបាច់​នៃ​ជីវិត​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​សម្រាប់​ខ្លួនឯង និង គ្រួសារ » ។ ការព្យាយាម​ដើម្បី​មាន​ភាពខ្លួនទីពឹង​ខ្លួន គឺ​ជា​ផ្នែក​នៃ​កិច្ចការ​របស់​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែល​នាំ​យើង​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​វិញ ។ វា​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ត្រូវបាន​ចងភ្ជាប់​នឹង​ទ្រង់​យ៉ាងរីករាយ​តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្ដើងឡើង ។ ភាពខ្លួន​ទីពឹង​ខ្លួន​ គឺជា​គោលលទ្ធិ​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មិនមែន​ជា​កម្មវិធី​មួយ​ទេ ។ វា​គឺជា​ដំណើរការ ដែល​មាន​រយៈពេល​ពេញ​មួយ​ជីវិត ហើយ​មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ ។

យើង​ក្លាយ មាន​ភាពខ្លួន​ទីពឹង​ខ្លួន​អស់ មួយ​ជីវិត​របស់​យើង ដោយ​ការរីក​ចម្រើន​ក្នុង​កម្លាំង​វិញ្ញាណ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ការបន្តទទួលការអប់រំ និង​ការងារ​របស់​យើង និង​ការត្រៀម​ខ្លួន​ខាង​សាច់ឈាម​ តើ​កិច្ចការ​នេះ​ត្រូវបាន​បញ្ចប់​ក្នុង​ជីវិត​របស់​យើង​ដែរ​ឬទេ ? ទេ វា​គឺជា​ដំណើរការ​ពេញមួយ​ជីវិត​នៃ​ការរៀនសូត្រ ការរីកចម្រើន និង​ការងារ ។ វា​មិនមាន​ទី​បញ្ចប់​ទេ ។​​ វា​ជា​ដំណើរការ​ប្រចាំថ្ងៃ​ជា​បន្តបន្ទាប់ ។

តើ​យើង​អាច​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួនដល់​កូនៗ​យើង និង​យុវវ័យ​ដោយ​របៀបណា ? របៀប​ដ៏​សំខាន់​មួយ​គឺ​ត្រូវ​អនុវត្ត​គោលការណ៍​នៃ​កម្មវិធី​កុមារ និង​យុវវ័យ​ជា​ប្រចាំ ។ ឪពុក​ម្ដាយ និង​កូនចៅ​រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ចូលរួម​ក្នុង​ការបម្រើ និង​សកម្មភាព​នានា ហើយ​ធ្វើការ​រួមគ្នា​ក្នុង​វិស័យ​ទាំង​បួន​នៃ​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ដែល​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែកពីគ្នា​សម្រាប់​កូន​ម្នាក់ៗ ។ វា​លែង​ជា​កម្ម​វិធី​ដែល​បាន​កំណត់​ដូច​គ្នា​សម្រាប់​ទាំង​អស់​គ្នា​ទៀត​ហើយ ។

សៀវភៅ​ណែនាំ​កុមារថ្លែង​ថា « ពេល​ដែល​ព្រះយេស៊ូវមាន​អាយុ​ស្របាលប្អូនៗ ​ទ្រង់​បាន​រៀន​សូត្រ និងបាន​ចម្រើន​លូតលាស់​ឡើង ។ ប្អូនៗ​កំពុង​រៀនសូត្រ និងកំពុង​ចម្រើន​លូត​លាស់​ផង​ដែរ ។ ព្រះគម្ពីរ​ចែង​ថា ៖ ‹ ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង ›( លូកា ២:៥២ ) » ។. ខគម្ពីរ​នេះ​សំដៅលើ​ការរីក​លូតលាស់ និង​ការរៀនសូត្រ ក្នុង​ទិដ្ឋភាព​ខាងវិញ្ញាណ ជា​ទីគាប់​ព្រះហឫទ័យ​ដល់​ព្រះ ក្នុង​ទិដ្ឋភាព​សង្គម ជា​ទីគាប់​ចិត្ត​ដល់មនុស្ស ក្នុង​ទិដ្ឋភាព​ខាងរូបកាយ ជា​ការធំធាត់ និង​ក្នុង​ទិដ្ឋភាព​បញ្ញា ជា​ភាពឈ្លាសវៃ ។ ការអភិវឌ្ឍ​ទាំងនេះ​អនុវត្ត​ចំពោះ​យើង​ទាំងអស់គ្នា​មិនកំណត់​អាយុ​ទេ ។ តើ​យើង​បង្រៀន​ពួកគេ​នៅពេល​ណា ? នៅក្នុង ចោទិយកថា ៦:៦–៧ យើង​អាន​ថា ៖

« សេចក្តី​ទាំង​នេះ​ដែល​យើង​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ ៖

« ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង » ។

យើង​បង្រៀន​សេចក្ដី​ទាំងនេះ​ដល់​កូនចៅ​តាមរយៈ​គំរូ​ល្អ​របស់​យើង​ដោយ ធ្វើការ និង​ការបម្រើ​ជាមួយ​ពួកគេ ការសិក្សា​ព្រះគម្ពីរ និង​ការធ្វើតាម​ការបង្រៀន​ទាំងឡាយ​របស់​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​បានបង្រៀន​ដោយ​ពួកព្យាការី ។

ខ្ញុំ​បានលើកឡើង​ថា នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ ​កុមារ​ជ្រើសរើស​គោលដៅ​ផ្សេងៗគ្នា​នៅក្នុង​ផ្នែក​នីមួយៗ​នៃ​ការអភិវឌ្ឍ​ទាំងបួន ។ វា​គឺ​ជា​រឿង​សំខាន់​ដែល​ពួកគេ​បង្កើត​គោលដៅ​ផ្ទាល់ខ្លួន​នៅក្នុង​ផ្នែក​នីមួយៗ ។ ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​អាច​បង្រៀន ប្រឹក្សា និង​គាំទ្រ ។

ឧទាហរណ៍ មីរានដា​ ចៅស្រី​របស់​ពួកយើង​ទទួលបាន​ការជំរុញ​ទឹកចិត្ត​យ៉ាងខ្លាំង​ក្នុង​ការរីកចម្រើន​ខាងវិញ្ញាណ ដោយ​ការចូលរួម​ថ្នាក់សិក្ខា​សាលា​ពេលព្រឹក​ព្រលឹម​ជា​ប្រចាំថ្ងៃ ។ នាង​បាន​ចាប់អារម្មណ៍​ដោយសារ​ការស្ដាប់​យោបល់​វិជ្ជមាន​មកពី​សិស្ស​ថ្នាក់​សិក្ខាសាលា​ដទៃ​ទៀត ។ ម្ដាយ​របស់​នាង​មិន​ចាំបាច់​ដាស់​នាង​ឲ្យ​ក្រោក​រៀន​ទេ ។ នាង​ក្រោកឡើង​ដោយ​ខ្លួនឯង ហើយ​ភ្ជាប់​វីដេអូខល​នៅ​ម៉ោង​ដែល​បាន​កំណត់​ គឺ​ម៉ោង​ប្រាំមួយ​ម្ភៃ​នាទី​ព្រឹក ព្រោះ​នាង​បានបង្កើត​ទម្លាប់ល្អៗ​ដែល​ជួយ​នាង​ឲ្យ​ធ្វើ​ដូច្នេះ​បាន ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បានប្រាប់​ខ្ញុំ​នៅពេល​ថ្មីៗនេះ​ថា មីរានដា​ឥឡូវ​និយាយ​ច្រើនជាង​មុន​ពេល​ពួកគាត់​ទៅលេង​នាង ដោយសារ​តែ​នាង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ជាងមុន ។ ទាំងអស់​នេះ​គឺ​ជា​មេរៀន​សម្រាប់​ជីវិត និង​ការរីកចម្រើន​ជាមួយ​លទ្ធផល​ដែល​គួរឲ្យ​កត់សម្គាល់ ។

ឪពុក​ម្ដាយ ជីដូន​ជីតា ថ្នាក់ដឹកនាំ និង​មិត្ត​ទាំងឡាយ​ជួយ​ក្នុង​ការ​រីកចម្រើន​និង​ការ​អភិវឌ្ឍ​របស់​កុមារ ។ បងប្អូន​ប្រុសស្រី​ដែល​បាន​ផ្ដល់​ការងារ​បម្រើ​​យ៉ាង​ពេញលេញ រួម​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព និង​អង្គការ​ជំនួយ​នានា​ប្រចាំ​វូដ ផ្ដល់ការ​គាំទ្រ ។ « ក្រុម​គ្រួសារ៖ ការប្រកាស​ដល់​ពិភពលោក » ថ្លែង​ថា « តាម​ការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​នៅក្នុង​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់ និងសេចក្តី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្តីត្រូវការ​ក្នុង​ជីវិត ព្រម​ទាំង​ការពារ​ក្រុម​គ្រួសារ​ខ្លួន​ផង ។ ម្តាយ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូនចៅ​របស់​ខ្លួន ។ នៅក្នុងការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​ទាំងនេះ ឪពុក និង​ម្តាយ​មាន​កាតព្វកិច្ច ដើម្បី​ជួយគ្នា​ទៅវិញ​ទៅមក​ជា​ដៃគូ​ស្មើគ្នា ។ … ញាតិ សន្តាន ក្រុមគ្រួសារ គួរតែ ជួយ គាំទ្រ នៅ​ពេល មាន សេចក្តីត្រូវការ ។ បន្ទាត់​ចុងក្រោយ​នោះ​គឺ​សំដៅ​លើ​ជីដូន​ជីតា​ក្នុងចំណោម​អ្នកដទៃ​ទៀត ។

នៅ​ពេល​ពួកយើង​បម្រើ​នៅ​អាហ្វ្រិក​ខាងលិច ភរិយា​របស់​ខ្ញុំ នូរីអា បាន​ធ្វើ​កិច្ចការ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​ដើម្បី​បន្ត​ទាក់ទង​ជា​មួយ​គ្រួសារ និង​ចៅៗ​របស់​ពួកយើង​នៅ​ទូទាំង​មហាសមុទ្រ ។ គាត់​ធ្វើ​បែបនេះ​ដោយ​ប្រើ​បច្ចេកវិទ្យា ។ គាត់​អាន​សៀវភៅ​ឲ្យ​ចៅតូចៗ​ស្ដាប់ ។ គាត់​បង្រៀន​ចៅ​ធំៗ​តាម​រយៈ​ប្រធានបទ​ដែល​ទាក់ទង​នឹង​រឿងវ៉ាវ​គ្រួសារ​របស់​យើង វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ​នៃ​ព័រតូរីកូ មាត្រានៃ​សេចក្ដី​ជំនឿ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ចម្ងាយ​បច្ចុប្បន្ន​នេះ​មិន​កំណត់​ការ​ភ្ជាប់​ទំនាក់​ទំនង កម្មសិទ្ធិ និង​ការងារបម្រើ និង​ការបង្រៀន​ដល់​ជំនាន់​ដែល​កំពុង​ធំ​ឡើង​នៃ​គ្រួសារ​របស់​យើង​នោះ​ទេ ។ ខ្ញុំ​ក៏​ចូលរួម​ជាមួយ​នូរីអា​ដែរ ពេលខ្ញុំ​អាច​ធ្វើបាន ដើម្បី​បង្រៀន​ចៅៗ​ដ៏​មាន​តម្លៃ​របស់​ពួក​យើង ដើម្បី​ស្រលាញ់​ពួក​គេ និង​ដើម្បី​ទម្រើស​ពួកគេ និង​ធ្វើ​ឲ្យ​ពួកគេ​សើច​សប្បាយ ។

អ្នក​គួរ​កត់​សម្គាល់​ភាព​ស្រដៀង​គ្នា​ដែល​បាន​បំផុស​គំនិត​រវាង​ការ​កម្មវិធី​កុមារ និង​យុវវ័យ និង​ការកសាង​ភាពខ្លួន​ទីពឹង​ខ្លួន ។ វិស័យ​ទាំងបួន​នៃ​ការ​រីកចម្រើន​នីមួយៗ​គឺ​ស្រដៀង​គ្នា​ខ្លាំង​ណាស់ ។ ភាពខ្លាំង​ខាង​វិញ្ញាណ​នៅ​ក្នុង​ភាពខ្លួន​ទីពឹង​ខ្លួន​ទាក់​ទង​នឹង​ខាង​វិញ្ញាណ​នៅ​ក្នុង​កុមារ និង​យុវវ័យ ។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ក្នុង​ភាពខ្លួន​ទីពឹង​ខ្លួន​ទាក់ទង​ជាមួយ​នឹង​រាងកាយ និង​សង្គម​នៅក្នុង​កុមារ និង​យុវវ័យ ។ ការអប់រំ ការងារ និង​ការត្រៀម​លក្ខណៈ​ខាង​សាច់ឈាម​ក្នុង​ភាពខ្លួន​ទីពឹង​ខ្លួន គឺ​ស្រដៀង​ទៅ​នឹង​បញ្ញា​នៅ​ក្នុង​កម្មវិធី​កុមារ និង​យុវវ័យ​ដែរ ។

ជា​កិច្ច​បញ្ចប់ សូម​ឲ្យ​យើង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ដោយ​ការក្លាយ​ជាមនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ពេញ​មួយ​ជីវិត​របស់​យើង និង​ដោយ​ការ​បង្រៀន​គោលលទ្ធិ​នេះ​ទៅ​កាន់​កុមារ និង​យុវវ័យ​របស់​យើង ។ យើង​អាច​ធ្វើ​ការណ៍​នេះ​បាន​តាម​រយៈ ៖

  1. ការ​ធ្វើជា​គំរូ​ក្នុង​ការបម្រើ​អ្នកដទៃ ។

  2. ការ​រស់នៅ​តាម និង​ការ​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ។

  3. ការ​គោរព​ព្រះបញ្ញត្តិ​ដើម្បី​កសាង​ភាពខ្លួន​ទីពឹង​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១៥–១៦ ចែង​ថា

« នេះ​ជា​គោល​បំណង​របស់​យើង​ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់​យើង ដ្បិត​គ្រប់​ទាំងអស់​សុទ្ធ​តែជា​របស់​ផង​យើង ។

« ប៉ុន្តែ​ការណ៍នេះ​ត្រូវ​បាន​សម្រេច​តាម​មាគ៌ា​របស់​យើង ហើយ​មើល​ចុះ នេះជា​មាគ៌ា​របស់​យើង ថា​យើង​ជា​ព្រះ​អម្ចាស់​បាន​ចេញ​បញ្ញត្តិ ដើម្បី​ផ្គត់​ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង​ប្រយោជន៍​ឲ្យ​មនុស្ស​ទ័ល​ក្រ​ត្រូវ​បានតម្កើង​ឡើង​ក្នុង​កាល​មនុស្ស​មាន​ត្រូវ​បាន​បន្ទាប​ចុះ » ។

នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ដំណឹងល្អ​របស់​ទ្រង់​ប្រទានពរ​ដល់​ក្រុមគ្រួសារ​ទាំងអស់​នៅលើ​ផែនដី​នេះ និងនៅអស់កល្ប​ជានិច្ច ។ ដំណឹងល្អ​ដឹកនាំ​យើង​នៅក្នុង​ជីវិត​របស់យើង នៅពេល​យើង​ព្យាយាម​ធ្វើជា​គ្រួសារ​អស់កល្ប ។ ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល General Handbook: Serving in The Church of Jesus Christ of Latter-day Saintsក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ២២.០ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  2. សូមមើល ក្បួនខ្នាត​ទូទៅ, ២២.១ ។

  3. ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ( ២០១៩ ),ទំព័រ ៤ ។

  4. ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោកនៅលើ​គេហទំព័រ ChurchofJesusChrist.org ។