សន្និសីទទូទៅ
យើង​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


យើង គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

សាសនាចក្រ​ពុំ​គ្រាន់តែ​ជា​អគារ និង​រចនា​សម្ព័ន្ធ​សាសនា​ទេ តែ​សាសនាចក្រ​គឺជា​យើង​ទាំងអស់​គ្នា​ដែល​ជា​សមាជិក ដោយ​មាន​ព្រះគ្រីស្ទ​ជា​ព្រះសិរសា ហើយ​ព្យាការី​ជា​អ្នក​ថ្លែង​ព្រះបន្ទូល​របស់​ទ្រង់ ។

បន្ទាប់​ពី​ទទួលបាន​ការអញ្ជើញ​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅ​មើល » ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​លើក​ដំបូង​នៅ​អាយុ ២៦ ឆ្នាំ ។ ខ្ញុំ​ទើប​តែ​បែកពី​ស្វាមី​ដំបូង​របស់​ខ្ញុំ​ថ្មីៗ ។ ខ្ញុំ​មាន​កូន​ប្រុស​អាយុ​បី​ឆ្នាំ​ម្នាក់ ។ ខ្ញុំ​​មាន​អារម្មណ៍​ថា​ទន់ខ្សោយ និង​ភ័យខ្លាច ។ នៅពេល​ខ្ញុំ​ចូល​ទៅក្នុង​អគារ ខ្ញុំ​មានពេញ​ដោយភាពកក់ក្ដៅ​ពេល​ខ្ញុំ​ឃើញ​សេចក្ដី​ជំនឿ និង​អំណរ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ ។ វា​គឺជា « ទីជ្រកកោន​ពី​ព្យុះ​សង្ឃរា » ដ៏ពិត ។ បី​សប្ដាហ៍​ក្រោយមក ខ្ញុំ​បានចុះ​សេចក្ដី​សញ្ញា​​ពិធី​បុណ្យ​ជ្រមុជទឹក​ជាមួយ​ព្រះ​វរបិតា​សួគ៌ ហើយ​បាន​ចាប់​ផ្ដើម​ដំណើរ​ជាសិស្ស​របស់​ព្រះគ្រីស្ទ ទោះបី​ជា​ជីវិត​ខ្ញុំ​មិនល្អ​ឥតខ្ចោះ​ក្នុង​ដំណើរ​នោះ​ក្ដី ។

សម្រាប់ខ្ញុំ ដើម្បី​ទទួល​​ពរជ័យ​ដ៏​អស់កល្ប​ទាំងនោះ គឺត្រូវមានធាតុ​រូបវន្ត និងធាតុ​ខាង​វិញ្ញាណ​ជាច្រើន​ត្រូវតែ​ផ្ដុំគ្នា ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្ដារ​ឡើងវិញ និង​ផ្សព្វផ្សាយ សាលា​ប្រជុំ​ត្រូវបាន​សាងសង់ និង​ថែទាំ ​រចនា​សម្ព័ន្ធ​សាសនា​ពី​ព្យាការី​ទៅ​កាន់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ហើយ​សាខាមួយ​មាន​ពេញ​ដោយ​សមាជិក​នៃ​សេចក្ដីសញ្ញា ដែលបាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឱបក្រសោប​ខ្ញុំ និង​កូនប្រុស​របស់​ខ្ញុំ ពេល​ពួកយើង​មកកាន់​ព្រះអង្គ​សង្គ្រោះ ដើម្បី « ចិញ្ចឹម​បីបាច់​ដោយ​ព្រះបន្ទូល​ដ៏ល្អ​នៃ​ព្រះ » និង​មាន​នូវ​ឱកាស​បម្រើ ។

ចាប់តាំងពី​ដើម​មក ព្រះ​បាន​ព្យាយាម​ប្រមូល​ផ្ដុំ និង​រៀបចំ​បុត្រា​បុត្រី​របស់​ទ្រង់ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់ [ យើង ] » ។ ដោយ​មានព្រះរាជ​បំណង​នោះ​ក្នុង​ព្រះទ័យ នោះទ្រង់​បាន​ណែនាំ​យើង​ឲ្យ​សង់​កន្លែង​ថ្វាយបង្គំជា​កន្លែង​ដែល​យើង​ទទួល​បាន​ចំណេះដឹង និង​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដែល​ភ្ជាប់​យើង​ទៅនឹង​ព្រះយេស៊ូវ​គ្រីស្ទទទួល​បាន​នូវ « អំណាច​នៃ​ព្រះ »ហើយ​ជួបជុំ​គ្នា​ជា​ញឹកញាប់​ដើម្បី​ចងចាំ​ព្រះយេស៊ូវ និង​ដើម្បី​ពង្រឹង​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ទ្រង់ ។១០ អង្គការ​សាសនា​ចក្រ និង​អគារ​ទាំងឡាយ​កើតមាន​សម្រាប់​ជា​ប្រយោជន៍​ខាង​វិញ្ញាណ​របស់​យើង ។ « សាសនាចក្រ​… គឺជា​រន្ទា​ដែល​យើង​ប្រើ​សម្រាប់​កសាង​ក្រុមគ្រួសារ​ដ៏​អស់កល្បជានិច្ច » ។១១

ពេល​កំពុង​និយាយ​នឹង​មិត្ត​ម្នាក់​ដែលមាន​ការលំបាក ខ្ញុំ​បានសួរ​គាត់​ថាតើ​គាត់​រស់រាន​ខាង​ហិរញ្ញវត្ថុ​ដោយ​របៀប​ណា ។ គាត់​បានតប​ទាំង​ទឹកភ្នែក​ថា ប៊ីស្សព​​បាន​ជួយ​គាត់​ដោយប្រើ​មូលនិធិ​ដង្វាយ​តម​អាហារ ។ គាត់​បាន​បន្ថែម​ថា « ខ្ញុំ​មិន​ដឹង​ថា តើ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​នឹង​ទៅជា​យ៉ាងណា​នោះ​ទេ បើ​ពុំ​មាន​សាសនាចក្រ​នោះ » ។ ខ្ញុំ​បាន​តប​ថា « សាសនាចក្រ​គឺជា សមាជិក នោះ​ឯង ។ ពួកគេ​ស្ម័គ្រចិត្ត ហើយ​រីករាយ​ក្នុង​ការបង់​ដង្វាយ​តម​អាហារ​ដើម្បី​ជួយ​ដល់​ពួកយើង​ណា​ដែល​ខ្វះខាត ។ អ្នក​កំពុង​ទទួលបាន​ផលផ្លែ​នៃ​សេចក្ដី​ជំនឿ និង​ការប្ដេជ្ញា​ចិត្ត​របស់​ពួកគាត់​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ » ។

ឱ! សិស្ស​ព្រះគ្រីស្ទ​​អើយ ! ចូរ​យើង​កុំ​មើល​ស្រាល​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់​ដែល​កំពុង​ធ្វើ​តាមរយៈ យើង ដែល​ជា​សាសនាចក្រ​របស់​ទ្រង់​ឡើយ ទោះបីជា​យើង​មាន​ភាព​ទន់ខ្សោយក្ដី ។ ពេលខ្លះ យើង​គឺជា​អ្នកផ្ដល់​ឲ្យ ហើយ​ពេលខ្លះ យើង​ជា​អ្នកទទួល ប៉ុន្តែ​យើង​ទាំងអស់​គ្នា​គឺជា​គ្រួសារ​តែមួយ​ក្នុង​ព្រះគ្រីស្ទ ។ សាសនាចក្រ​របស់​ទ្រង់​គឺជា​រចនា​សម្ព័ន្ធ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដើម្បី​ដឹកនាំ និង​ប្រទានពរ​​យើង នៅពេល​យើង​ថ្វាយ​បង្គំ​ទ្រង់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ។

បងប្អូន​ស្ត្រី​ខ្លះ​បាន​សុំទោស​ខ្ញុំ ព្រោះគាត់​គិត​ថា​ពួកគាត់​​អសកម្ម​នៅក្នុង​សមាគម​សង្គ្រោះ ដោយសារ​ពួកគាត់​កំពុង​បម្រើ​ក្នុង​អង្គការ​បឋម​សិក្សា ឬ​ថ្នាក់​យុវនារី ។ បងប្អូន​ស្ត្រី​ទាំងនោះ​គឺជា​ក្រុម​ដ៏សកម្ម​បំផុត​មួយ​ក្នុង​ចំណោម​សមាជិក​សមាគម​សង្គ្រោះ ព្រោះ​ពួកគាត់​កំពុង​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់កូនៗ និង​យុវវ័យ​ដ៏មាន​តម្លៃ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សមាគម​សង្គ្រោះ​ពុំ​កំណត់​ត្រឹមជា​បន្ទប់​មួយ​ក្នុង​អគារ មេរៀន​សាលា​ថ្ងៃអាទិត្យ សកម្មភាព​មួយ ឬ​គណៈប្រធាន​នៅ​កម្រិត​មូលដ្ឋាន ឬ​ទូទៅ​នោះទេ ។ សមាគម​សង្គ្រោះ​គឺជា​ស្ត្រី​នៃ​សេចក្ដី​សញ្ញា​នៅក្នុង​សាសនាចក្រ ​គឺជា យើងយើង​ម្នាក់ៗ និង យើង​ទាំងអស់​គ្នា ។ វា​គឺ​ជា « សហគមន៍​ពិភពលោក​នៃ​ក្ដី​មេត្តា និង​ការបម្រើ » របស់​យើង ។១២ មិនថា​កន្លែងណា​ក៏ដោយ​ដែល​យើង​ទៅ យើង​តែងតែ​ជា​ផ្នែក​មួយ​នៃ​សមាគម​សង្គ្រោះ នៅពេល​យើង​ព្យាយាម​បំពេញ​នូវ​គោល​បំណង​ដ៏​ទេវភាព គឺ​ដើម្បី​ឲ្យ​ស្ដ្រី​សម្រេច​នូវ​កិច្ចការ​របស់​ព្រះ​តាម​របៀប​ជាបុគ្គល និង​ជា​ក្រុម១៣តាមរយៈ​ការផ្ដល់​ឲ្យ​នូវ​ភាព​ធូរស្បើយ ដែល​ជា « ការស្បើយ​ពី​ភាពក្រីក្រ ការធូរស្រាល​ពី​ជំងឺ ការស្បើយ​ពី​ការសង្ស័យ ការស្បើយ​ពី​ភាព​ល្ងង់ខ្លៅ—ការស្បើយ​ពី​អ្វីៗ​ដែល​រារាំង … អំណរ និង​ភាពរីក​ចម្រើន » ។១៤

ភាពជាកម្មសិទិ្ធ​ស្រដៀង​គ្នា​នេះ មាន​នៅក្នុង​កូរ៉ុម​អែលឌើរ និង​អង្គការ​ផ្សេងៗ​ទៀត​របស់​សាសនាចក្រ សម្រាប់​សមាជិក​គ្រប់វ័យ ​រួមទាំង​កុមារ និង​យុវវ័យ​របស់​យើង​ផងដែរ ។ សាសនាចក្រពុំ​គ្រាន់តែ​ជា​អគារ និង​រចនា​សម្ព័ន្ធ​សាសនា​ទេ តែ​សាសនា​ចក្រ​គឺជា យើង​ទាំងអស់​គ្នា ដែលជា​សមាជិក ។ យើង គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដោយ​មាន​ព្រះគ្រីស្ទ​ជា​ព្រះសិរសា ហើយ​ព្យាការី​ជា​អ្នក​ថ្លែង​ព្រះបន្ទូល​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដូច្នេះ ៖

« មើល​ចុះ នេះ​ហើយ​ជា​គោល​លទ្ធិ​របស់​យើង—គឺ​អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​មក​រក​យើង នោះ​មាន​ឈ្មោះ​ថា​ជា​សាសនាចក្រ​របស់​យើង​ហើយ ។ …

« ហើយ​…​អស់​អ្នក​ណា​ដែល​ជា​របស់​ផង​សាសនាចក្រ​យើង ហើយ​កាន់​ខ្ជាប់​នៅ​ក្នុង​សាសនាចក្រ​របស់​យើង​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ ដែល​យើង​នឹង​តាំង​ឡើង​លើ​ថ្មដា​របស់​យើង » ។១៥

បងប្អូន​ស្រីប្រុស ចូរ​យើង​ដឹង​ថា យើង​មាន​អភ័យ​ឯកសិទ្ធិ​ប៉ុណ្ណា​ដើម្បី​ធ្វើជា​សមាជិក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​កន្លែង​ដែល​យើង​អាច​រួបរួម​សេចក្ដី​ជំនឿ ដួងចិត្ត កម្លាំង គំនិត និង​ដៃ​របស់​យើង​សម្រាប់​ទ្រង់ ដើម្បី​សម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ « ដ្បិត​រូបកាយ [ នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ] មិន​មែន​សុទ្ធតែ​មាន​អវយវៈ​តែមួយ​ទេ គឺ​មាន​ច្រើន​វិញ » ។១៦

ក្មេងប្រុស​ជំទង់​ម្នាក់​បានប្រាប់​ម្ដាយ​គាត់​ថា « កាល​ខ្ញុំ​នៅតូច រាល់ពេល​ខ្ញុំ​បង់​ដង្វាយ​មួយ​ភាគ​ក្នុងដប់​ចំនួន​មួយ​ដុល្លារ ខ្ញុំ​បានគិត​ថា​ដង្វាយ មួយ ដុល្លារ​នោះ អាច​យក​ទៅសង់​សាលាប្រជុំ ទាំង​មូល បាន ។ តើ​នោះល្ងង់​ណាស់​មែនទេ ? »

ម្ដាយ​បាន​តបទាំង​ប៉ះដួងចិត្ត​ថា « ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ !  តើ​កូន​បាន​ស្រមៃ​ឃើញ​សាលាប្រជុំ​ទាំងនោះ​នៅក្នុង​គំនិត​របស់​កូន​ឬទេ ? »

គាត់​បាន​ឆ្លើយ​ថា « បាទ ! » « អគារ​ទាំងនោះ​ស្រស់ស្អាត​ណាស់ ហើយ​មាន​រាប់លាន​ឯណោះ ! »១៧

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំអើយ ចូរ​យើង​មាន​សេចក្ដី​ជំនឿ​ដូចជា​កូនក្មេង ហើយ​រីករាយ​ចុះ ពេល​ដឹង​ថា សូម្បី​តែការខំ​ប្រឹងប្រែង​ដ៏​តូចបំផុត​របស់​យើង ក៏​កំពុង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​នៅក្នុង​នគរ​របស់​ព្រះ​ដែរ ។

គោលបំណង​របស់​យើង​ក្នុង​នគរ​របស់​ទ្រង់​ គួរតែជាការ​នាំគ្នា​ទៅរក​ព្រះគ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បានផ្ដល់​ការអញ្ជើញ​នេះ​ទៅកាន់​សាសន៍​នីហ្វៃ ដូច​ដែល​យើង​អាន​នៅក្នុង​ព្រះគម្ពីរ ៖

« តើ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​មាន​អ្នកណា​ឈឺ​ទេ ? ចូរ​នាំ​អ្នក​ទាំងនោះ​មក​ទីនេះ​ចុះ ។ តើ​មាន​នរណា … រងទុក្ខ​ដោយ​ហេតុណា​ផ្សេង​ទៀត ? ចូរ​នាំ​ពួកគេ​មក​ទីនេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួកគេ​បានជា ដ្បិត​យើង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​អ្នករាល់គ្នា ចិត្ត​យើង​ពោរពេញ​ទៅដោយ​សេចក្ដី​មេត្តា​ករុណា ។

« … យើង​ឃើញ​ថា សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​យើង​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ » ។១៨

តើ​យើង​ទាំងអស់​គ្នា​គ្មាន​ទុក្ខ​លំបាក ដែល​អាចនាំ​ទៅកាន់​ព្រះបាទា​របស់​ព្រះអង្គ​សង្គ្រោះ​ទេ​ឬអី ? ខណៈ​ដែល​ពួកយើង​មួយ​ចំនួន​មាន​ឧបសគ្គ​ផ្នែក​រាងកាយ មនុស្ស​​ជាច្រើន​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ផ្លូវចិត្ត ឯអ្នកផ្សេង​ទៀត​តស៊ូ​ដើម្បី​បណ្ដុះ​ទំនាក់​ទំនង​សង្គម ហើយ​យើង​ទាំងអស់​គ្នា​ស្វែករក​ការសម្រាក ពេល​យើង​ជួប​ឧបសគ្គ​ខាង​វិញ្ញាណ ។ យើង ទាំង​អស់​គ្នា រងទុក្ខ​ដោយ​ហេតុ​ផ្សេងៗ ។

យើង​អាន​ថា « ហ្វូង​មនុស្ស​ទាំង​អស់ ក៏​ដើរ​ឆ្ពោះ​ទៅ​មុខ​ព្រមគ្នា​ជាមួយ​នឹង​អ្នកឈឺ​របស់​គេ និង … អស់​ទាំង​អ្នក ដែល​រង​ទុក្ខ​ដោយ​ជំងឺ​ណា​ក៏​ដោយ ហើយ​ទ្រង់ បាន ប្រោស​ឲ្យ​ជាសះស្បើយ គ្រប់ៗ​គ្នា នៅពេល​ពួកគេ​ត្រូវបាន​នាំ​មករក​ទ្រង់ ។

« ទាំង​អ្នក​ដែល​បាន​ធ្វើឲ្យ​បានជា​ទាំងអស់ និង​អ្នក​ដែល​មាន​សុខ​ភាព​ល្អ​បាន​ក្រាប​ចំពោះ​ព្រះបាទា​ទ្រង់ ហើយ​បាន​ថ្វាយបង្គំ​ទ្រង់ » ។១៩

ពី​ក្មេងប្រុស​ម្នាក់​ដែល​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​សេចក្ដី​ជំនឿ ទៅ​ដល់ម្ដាយ​មេម៉ាយ​ម្នាក់​ដែល​ត្រូវ​ការ​ព្រះគុណ​ដ៏​មាន​អំណាច​របស់​ព្រះ​អម្ចាស់ ទៅ​ដល់ឪពុក​ដែល​តស៊ូ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ ទៅដល់​បុព្វការីជន​របស់​យើង​ដែល​ត្រូវការ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ហើយមក​ដល់​យើង​ម្នាក់ៗ​ដែល​រំឭក​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ជា​រៀងរាល់​សប្ដាហ៍ គឺយើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​អាច​នាំ​គ្នា​ទៅរក​ការព្យាបាល​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ​បាន ។

បងប្អូន​ស្រីប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​យើង​ធ្វើតាម​ការអញ្ជើញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​នាំ​ខ្លួនយើង និង​ទុក្ខ​លំបាក​របស់​យើងមករក​ទ្រង់ ។ នៅពេល​យើង​មករក​ទ្រង់ និង​នាំ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​មករក​ទ្រង់ នោះ​ទ្រង់​ទតឃើញ​សេចក្ដី​ជំនឿ​របស់​យើង ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួកគេ​បានជា ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​បានជា ។

ក្នុង​នាម​ជា « អ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ដ »២០ យើង​កំពុង​ព្យាយាម​ប្រែ​ក្លាយជា « ចិត្ត​តែមួយ និង​គំនិត​តែ​មួយ »២១ ហើយ​បន្ទាប​ខ្លួន ចុះចូល សុភាព​ទន់ភ្លន់ រហ័ស​ធ្វើ​តាម​ការល្អ ពោរពេញ​ទៅដោយ​ការទ្រាំទ្រ និង​ការអត់ធ្មត់ សង្កត់​ចិត្ត​ក្នុង​កិច្ចការ​គ្រប់យ៉ាង មានចិត្ត​ព្យាយាម​ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ​ឲ្យ​បាន​គ្រប់​ពេលវេលា មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស និង​បាន​បរិបូរ​ទៅ​ដោយ​កិច្ចការ​ល្អៗ​ជានិច្ច ។២២ យើង​កំពុង​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ក្នុង​នាម​ជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ​ថាយើង​គឺ​ជា​មធ្យោបាយ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន​នៅ​ចន្លោះ​ពេល​នេះ និង​ពេល​ដែល​ទ្រង់​យាង​មក​ម្ដង​ទៀត » ។២៣

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដូច្នេះ ៖

« មើល​ចុះ យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ ។

« ហើយ​យើង​ប្រទាន​ដល់​អ្នក … នូវ​ព្រះបញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​ជួបជុំ​គ្នា ហើយ​រៀបចំ​ខ្លួន ហើយ​ប្រុងប្រៀប​ខ្លួន ហើយ​ញែក​ខ្លួន​ជា​បរិសុទ្ធ មែន​ហើយ ចូរ​ជម្រះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ ហើយ​លាង​ដៃ​របស់​អ្នក និង​ជើង​របស់​អ្នក​នៅ​ចំពោះ​យើង​ចុះ ប្រយោជន៍​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​បាន​ជ្រះ​ស្អាត » ។២៤

សូម​ឲ្យ​ពួកយើង​ឆ្លើយតប​នឹង​ការអញ្ជើញ​ដ៏​ទេវភាព​នេះ ហើយ​ជួបជុំ​គ្នា រៀបចំ ប្រុង​ប្រៀប​ខ្លួន និង​ញែក​ខ្លួន​យើង​ជា​បរិសុទ្ធ​ដោយ​ក្ដី​រីករាយ នេះ​គឺជា​ការអធិស្ឋាន​ដោយ​រាបសា​របស់​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕