សន្និសីទទូទៅ
ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ

ទោះ​ជា​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​អាច​ជួប​នឹង​អ្វី​ក៏ដោយ ក៏​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ ហើយ​រក​ឃើញ​អំណរ​ក្នុង​ទ្រង់​បាន​ដែរ ។

ដូច​យ៉ូប​នៅ​ក្នុង​គម្ពីរ​សញ្ញា​ចាស់​ដែរ នៅ​ក្នុង​គ្រា​នៃ​ទុក្ខ​លំបាក មនុស្ស​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​ថា ព្រះ​បាន​បោះ​បង់​ពួកគេ​ចោល ។ ពីព្រោះ​យើងដឹងថា ព្រះ​មាន​ព្រះចេស្តា ដើម្បី​ការពារ ឬ​ដក​ទុក្ខលំបាកណាមួយ​ចេញ​បាន នោះ​យើង​ប្រហែល​ជា​អាច​ត្រូវបាន​ល្បួង​ឲ្យ​ត្អូញត្អែរ ប្រសិនបើ​ទ្រង់មិន​ជួយ ហើយ​ប្រហែល​អាច​ចោទសួរថា « ប្រសិនបើ​ព្រះ​មិន​ផ្តល់ជំនួយ​ដែលខ្ញុំ​អធិស្ឋាន​សុំទេ តើ​ខ្ញុំ​អាច​មាន​ជំនឿ​លើទ្រង់​បាន​យ៉ាង​ដូចម្តេច ? » នៅ​គ្រា​មួយ​ក្នុង​ការ​សាកល្បង​ដ៏​ខ្លាំងក្លា​របស់​យ៉ូប​ដែល​ជាមនុស្ស​សុចរិត​បាន​និយាយ​ថា ៖

« នោះ​ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ដោយ​មង​របស់​ទ្រង់។

« មើល ខ្ញុំ​ស្រែក​ឡើង​ថា ‹ ខ្ញុំ ›​ត្រូវ​គេ​ធ្វើ​អាក្រក់​ហើយ ! តែ​គ្មាន​អ្នក​ណា​ឮ​សោះ ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ តែ​គ្មាន​សេចក្តី​យុត្តិធម៌​ឡើយ » ។

ក្នុង​ការ​ឆ្លើយ​តប​របស់​ទ្រង់​ទៅ​កាន់ យ៉ូប ព្រះ​បាន​សួរ​ថា « តើ​ឯង​នឹង​កាត់​ទោស​ដល់​យើង​ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ​អី ? » ឬ​និយាយ​ម្យ៉ាង​ទៀត « តើ​ឯង​នឹង​ដាក់​កំហុស​លើ​យើង​ឬ ? តើ​ឯង​នឹង​កាត់​ទោស​ដល់​យើង​ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ​អី ? » ព្រះ​យេហូវ៉ា​រំឭក​យ៉ូប​យ៉ាង​ម៉ឺងម៉ាត់ អំពី​ព្រះចេស្តា និង​ការ​ជ្រាប​ដឹង​ការណ៍​គ្រប់​យ៉ាង​របស់​ទ្រង់ ហើយ​យ៉ូប​បាន​សារភាព​ដោយ​រាបសារ​បំផុត​ថា លោក​មិន​មាន​អ្វី​អាច​ប្រៀប​ផ្ទឹម ឬ​សូម្បី​តែ​អាច​នឹង​នៅក្បែរ​ព្រះ​តម្រិះ ព្រះចេស្តា និង​សេចក្ដី​សុចរិត​នៃ​ព្រះ ហើយ​មិន​អាច​ឈរ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ឡើយ ៖

លោក​បាន​និយាយ​ថា​« ទូលបង្គំ​ដឹង​ថា ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា​នឹង​ឃាត់​ព្រះ​តម្រិះ​ទ្រង់​ណា​មួយ​មិន​បាន » ។

« …គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ​ដែល​ទូលបង្គំ​មិន​បាន​យល់ ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ដែល​ទូលបង្គំ​មិន​បាន​ស្គាល់​ឡើយ ។ …

« បាន​ជា​ទូលបង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ ។ » ។

នៅទីបំផុត យ៉ូប បាន​មាន​ឯកសិទ្ធិ​ឃើញ​ព្រះអម្ចាស់ ហើយ « ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅ​ជាន់​ក្រោយ​នេះ ជា​ជាង​ជាន់​ដើម​ទៅ​ទៀត » ។

យើង​ពិត​ជា​ល្ងង់ខ្លៅ​ណាស់ ដែល​ចេះ​តែ​ហ៊ាន​វិនិច្ឆ័យ​ព្រះ​ជាមួយ​នឹង​ការមិន​ចេះ​គិត​វែងឆ្ងាយ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ឧទាហរណ៍ « ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ដូច្នេះ​ព្រះ​ប្រហែល​ធ្វើ​អ្វី​ខុស​ហើយ » ។ ចំពោះ​យើង ជា​កូនចៅរបស់​ទ្រង់​ដែល​មាន​ជីវិត​រមែង​ស្លាប់ នៅ​ក្នុង​ពិភព​លោក​ដែល​ធ្លាក់ចុះ ដែល​ដឹង​តិចតួច​ពី​អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ​ទ្រង់​ប្រកាស​ថា « ហើយ​គ្រប់​ទាំង​អស់​គឺនៅ​ចំពោះ​យើង ព្រោះ​យើង​ស្គាល់​គ្រប់​អ្វីៗ​ទាំង​អស់ ។  យ៉ាកុប​ធ្វើការព្រមាន​ដ៏​ឈ្លាសវៃ ៖ « ចូរ​កុំ​ចង់​ទូន្មាន​ដល់​ព្រះ​អម្ចាស់​ឡើយ តែ​ចូរ​ទទួល​ដំបូន្មាន​ពី​ព្រះ​ហស្ត​របស់​ទ្រង់​វិញ។ ដ្បិត​មើល​ចុះ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ទ្រង់​ទូន្មាន​ក្នុង​ប្រាជ្ញា សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​ដ៏​ធំធេង​នៅ​លើ​គ្រប់​ទាំង​កិច្ចការ​ទាំង​អស់​របស់​ទ្រង់ » ។

អ្នក​ខ្លះ​យល់​ខុស​ចំពោះ​អត្ថន័យ​នៃ​ការ​សន្យា​របស់​ព្រះ​ថា ការ​ស្តាប់​បង្គាប់​ទ្រង់​អាច​ផ្តល់​លទ្ធផល​ច្បាស់លាស់​តាម​កាលវិភាគ​ជាក់លាក់ ។ ពួកគេ​ប្រហែល​ជាគិតថា « បើ​ខ្ញុំ​ខិតខំ​បម្រើ​បេសកកម្ម​ពេញម៉ោង នោះព្រះ​នឹង​ប្រទានពរ​ដល់ខ្ញុំ​ឲ្យមាន​អាពាហ៍ពិពាហ៍ និង​មាន​កូនចៅ​ដ៏រីករាយ » ឬ « បើខ្ញុំ​តមមិនធ្វើ​កិច្ច​ការសាលា​នៅថ្ងៃ​បរិសុទ្ធ នោះព្រះ​នឹងប្រទានពរ​ដល់ខ្ញុំ​ឲ្យ​ទទួល​បាន​ចំណាត់​ថ្នាក់ល្អ » ឬ « បើខ្ញុំ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ​ដោយ​ផ្តល់​ការងារ​ដែល​ខ្ញុំ​ចង់​បាន » ។ បើ​ជីវិត​មិន​បាន​កើត​ឡើង​តាម​របៀប​ជាក់លាក់ ឬ​តាម​តារាង​ពេលវេលា​ដែល​បាន​រំពឹង​ទុក​ទេ នោះ​ពួកគេ​អាច​នឹង​មាន​អារម្មណ៍​ថា​ព្រះ​បាន​ក្បត់​ពួកគេ ។ ប៉ុន្តែ​នៅក្នុង​កិច្ច​ការ​របស់​ព្រះ គ្រប់យ៉ាង​មិន​ដូច​គ្រឿង​ម៉ាស៊ីនទេ ។ យើង​មិនគួរ​គិតថា ផែនការ​របស់ព្រះ​ជាកន្លែង​លក់​លោហ​ធាតុ ជា​កន្លែង​ដែលយើង ( ១ ) អាច​ជ្រើសរើស​ពរជ័យ​ដែល​ចង់​បាន ( ២ ) បញ្ចូល​ចំនួន​សរុប​នៃ​កិច្ចការ​ល្អ​ដែល​តម្រូវឲ្យធ្វើ ហើយ ( ៣ ) ការបញ្ជាទិញ​ត្រូវបាន​បញ្ចូន​មក​ភ្លាមៗ​នោះទេ ។.

ព្រះ​ពិត​ជា​គោរព​សេចក្តីសញ្ញា និង​ការសន្យា​របស់​ទ្រង់​ចំពោះ​យើង​ម្នាក់ៗ ។ យើង​មិន​ចាំបាច់​បារម្ភ​អំពី​រឿង​នោះ​ទេ ។ អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ក៏​ដូច​ជា​ទ្រង់​បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់១០ ហើយ​ឯ​គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ទ្រង់​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង១១—អះអាង​ថា ព្រះ​អាច ហើយ​នឹង​បំពេញ​តាម​ការសន្យា​របស់ទ្រង់ ។ វា​ចាំបាច់​ណាស់​ដែល​យើង​គោរព​ដល់​និង​ធ្វើ​តាមក្រឹត្យ​វិន័យ​របស់​ទ្រង់ ប៉ុន្តែ​មិនមែន​រាល់​គ្រប់​ពរជ័យ​ដែល​បាន​មក ដោយ​ការ​គោរព​ដល់​ក្រឹត្យ​វិន័យ១២ ត្រូវ​កែលម្អ រៀបចំ និង​កំណត់​ពេលវេលា​តាម​ការរំពឹង​ទុក​របស់​យើង​នោះ​ទេ ។ យើងខិតខំ​អស់ពី​សមត្ថភាព ប៉ុន្តែ​ត្រូវទុកឲ្យ​ទ្រង់​ចាត់ចែង​រាល់​គ្រប់​ពរជ័យ​ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។

ប្រធាន ព្រិកហាំ យ៉ង់ បាន​ពន្យល់​ថា សេចក្តី​ជំនឿ​របស់​លោក​មិន​ត្រូវ​បាន​សាង​ឡើង​លើ​លទ្ធផល ឬ​ពរជ័យ​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​គឺ​សាង​ឡើង​ពី​ការធ្វើជា​សាក្សី និង​ទំនាក់ទំនង​​របស់​លោក​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​និយាយ​ថា ៖ « ​សេចក្តីជំនឿ​របស់​ខ្ញុំ​មិន​បាន​ដាក់​លើការ​ធ្វើ​ការរបស់​ព្រះអម្ចាស់​នៅ​លើ​កោះ មិន​បាន​ដាក់​លើ​កាល​ដែល​ទ្រង់​នាំ​មនុស្ស​​មក​ទីនេះ … ក៏​មិន​បាន​ដាក់​លើ​ការ​អនុគ្រោះ​ដែល​ទ្រង់​ប្រទាន​ដល់​ប្រជាជន​នេះ ឬ​លើ​ប្រជាជន​នោះ មិន​ថា​យើង​មាន​ពរ​ឬ​អត់​នោះ​ទេ ប៉ុន្តែ សេចក្តី​ជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​ដាក់​លើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​ចំណេះដឹង​របស់​ខ្ញុំ​បាន​ទទួល​មក​ពី​ទ្រង់ » ។​១៣

ការប្រែចិត្ត និងការគោរព​ប្រតិបត្តិ​របស់​យើង ការបម្រើ​របស់​យើង និង​ការលះបង់​របស់​យើង​ពិត​ជា​សំខាន់ ។ យើង​ចង់​នៅក្នុង​ចំណោម​មនុស្ស​ដែល​អេធើរ​បាន​ពិពណ៌នា​ថា « ខ្ជាប់​ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ » ។១៤ ប៉ុន្តែ វា​មិន​ហួស​ហេតុ​ពេក​ទេ ព្រោះ​គ្រប់​ការណ៍​ទាំងអស់ បាន​កត់ត្រា​នៅក្នុង សៀវភៅ​ដំណើរ​រឿង​នៃ​សេឡេស្ទាល ។ រឿង​ទាំងនេះ​សំខាន់ ពីព្រោះ​ពួក​វា​ធ្វើ​ឲ្យ​យើង​រួមចំណែក​នឹង​កិច្ច​ការ​របស់​ព្រះ ហើយ​ជា​មធ្យោបាយ​ដែល​យើង​សហការ​ជាមួយ​ទ្រង់​ក្នុង​ការ​ផ្លាស់ប្តូរ​ខ្លួន​យើង​ពី​មនុស្ស​ខាង​សាច់ឈាម​ទៅ​ជា​បរិសុទ្ធ ។១៥ អ្វី​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង​គឺ​រូបអង្គ​ទ្រង់ផ្ទាល់ និង​បុត្រា​របស់​ទ្រង់ ទំនាក់ទំនង​ជិតស្និទ្ធ និង​យូរអង្វែង​ជាមួយ​ទ្រង់​ទាំងទ្វេ តាមរយៈ​ព្រះគុណ និង​ការសម្រុះសម្រួល​របស់ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះប្រោសលោះ​របស់​យើង ។

យើង​ទាំងអស់​គ្នា​ជាកូនចៅរបស់​ព្រះ ដែល​ញែកចេញ សម្រាប់​ជីវិត​រមែង​ស្លាប់ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ជោគវាសនា​របស់យើង​គឺដើម្បីក្លាយ​ជា​អ្នកស្នង​មរតក​របស់ទ្រង់ « ជា​មួយ​នឹង​ព្រះគ្រីស្ទ​ផង » ។១៦ ព្រះវរបិតា​របស់​យើង​ស្ម័គ្រ​ព្រះទ័យ​ដឹកនាំ​យើង​ម្នាក់ៗ​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ជាមួយនឹង​ជំហាន​ទាំង​ឡាយ​ដែល​បាន​រៀបចំ​ទៅតាម​តម្រូវ​ការ​របស់​យើង​ម្នាក់ៗ ហើយ​កែលម្អ​ទៅ​តាម​ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល​ដ៏គ្មាន​ទីបំផុត​របស់​យើង​ជាមួយ​ទ្រង់ ។ យើង​អាច​រំពឹង​ថា ការ​ជឿ​ទុក​ចិត្ត និង​សេចក្ដី​ជំនឿ​ដែល​កំពុង​រីកចម្រើន​លើ​ព្រះវរបិតា និង​ព្រះរាជបុត្រា ជា​ការយល់​ដឹង​បន្ថែម​ពី​សេចក្តី​ស្រឡាញ់​របស់​ពួកទ្រង់ និង​ការ​លួងលោម យ៉ាង​ខ្ជាប់​ខ្ជួន ព្រមទាំង​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ទោះ​ជាយ៉ាងនោះ​ក្ដី មាគ៌ានេះ​មិន​ងាយស្រួល​ទេ​សម្រាប់​យើង​គ្រប់គ្នា ។ វាត្រូវ​ការ​ការ​សម្រិត​សម្រាំងឲ្យ​ច្រើន​បន្តិច ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖

« ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត ហើយ​ព្រះវរបិតា​ខ្ញុំ​ជា​អ្នក​ដាំ ។

« អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង » ។១៧

ដំណើរការ​​បោសសម្អាត​ដែល​ដឹកនាំ​ដោយ​ព្រះ និង​ព្រះឆន្ទៈ​ក្នុង​ការបន្សុទ្ធ​ដែល​ចាំបាច់ ពេល​ខ្លះ​ក្រៀមក្រំ និង​ឈឺចាប់ ។ នឹកឃើញ​ការបញ្ជាក់​របស់​ប៉ុល​ថា យើង​គឺជា « អ្នក​គ្រង​មរតក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះដើម្បី​ឲ្យ​បាន​តម្កើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ ។១៨

ដូច្នេះ នៅកណ្តាល​ភ្លើង​របស់​ជាង​សំរង​នេះ សូម​ចូល​ទៅ​ជិត​ព្រះ ជាជាង​ខឹង​ជាមួយ​ព្រះ ។ អំពាវនាវ​ទៅ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ។ សូម​ដើរ​ជាមួយ​ទ្រង់​ទាំងទ្វេ​ដោយ​ព្រះវិញ្ញាណ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។ សូម​អនុញ្ញាត​ឲ្យ​ទ្រង់​ទាំងទ្វេ​បង្ហាញ​ពី​ភក្តីភាព​របស់​ទ្រង់​ចំពោះ​បងប្អូន ។ សូម​ចូល​មក​ស្គាល់​ទ្រង់​ទាំងទ្វេ​យ៉ាង​ពិត​ប្រាកដ ហើយ​ស្គាល់​ខ្លួន​ឯង​យ៉ាង​ពិត​ប្រាកដ ។១៩ សូម​ទុក​ឲ្យ​ព្រះ​ឈ្នះ ។២០ ព្រះអង្គសង្គ្រោះ​អះអាង​នឹង​យើង​ថា ៖

« ចូរ​ស្ដាប់​តាម​ព្រះ​អង្គ ដែល​ជា​អ្នក​គាំទ្រ​ជាមួយ​នឹង​ព្រះ​វរបិតា ជា​អ្នក​ដែល​កំពុង​អង្វរ​ជំនួស​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ទ្រង់—

« ដោយ​មាន​បន្ទូល​ថា ៖ ព្រះ​វរបិតា​អើយ សូម​ទត​មើល​ការ​រង​ទុក្ខ​ទាំង​ឡាយ និង​ការ​សុគត​របស់​អ្នក​ដែល​ពុំ​បាន​ធ្វើ​បាប​ឡើយ ជា​អ្នក​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ចុះ សូម​ទត​មើល​ព្រះ​លោហិត​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ដែល​បាន​ច្រួច ជា​ព្រះ​លោហិត​របស់​អ្នក ដែល​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​តម្កើង​ឡើង

« ហេតុ​ដូច្នោះ​ហើយ ឱ​ព្រះ​វរបិតា​អើយ អ្នក​ផង​ទាំង​នេះ​ជា​បង​ប្អូន របស់​ទូលបង្គំ [ បងប្អូនស្រី​របស់​ទូលបង្គំ ] ដែល​ជឿ​ដល់​ព្រះ​នាម​របស់​ទូលបង្គំ ដើម្បី​ឲ្យ​ពួក​គេ​អាច​មក​រក​ទូលបង្គំ ហើយ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច »​២១

សូម​ពិចារណា​អំពី​គំរូ​មួយ​ចំនួន​នៃ​បុរស​និង​ស្ត្រី​ដ៏​ស្មោះត្រង់​ដែល​បាន​ទុក​ចិត្ត​លើ​ព្រះ ដោយ​ជឿជាក់​ថា​ពរជ័យ​របស់​ទ្រង់​ដែល​បាន​សន្យា​នឹង​ស្រោច​មក​លើ​ពួកគេ​ខាង​ជីវិត ឬ​ខាង​សេចក្តីស្លាប់ ។ សេចក្តីជំនឿ​របស់​ពួកគេ​មិន​ផ្អែក​លើ​អ្វី​ដែល​ព្រះ​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​នៅ​ក្នុង​កាលៈទេសៈ ឬពេ​លវេលា​ជាក់លាក់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​នៅ​លើ​ការស្គាល់​ទ្រង់​ជា​ព្រះវរបិតា​ដ៏​សប្បុរស និង​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​ប្រោសលោះ​ដ៏​ស្មោះត្រង់​របស់​ពួកគេ ។

នៅពេល​ដែល​លោកអ័ប្រាហាំ​ហៀប​នឹងត្រូវ​បូជា​ដោយសង្ឃ​អេស៊ីព្ទ​របស់​អែលកេណា លោក​បានស្រែក​អង្វរ​ព្រះ​ឲ្យ​ជួយ​លោក ហើយ​ទ្រង់​បាន​ជួយ ។២២ អ័ប្រាហាំ​បាន​រស់នៅ​ដើម្បី​ក្លាយ​ជា​ឪពុក​របស់​អ្នក​ស្មោះ​ត្រង់​តាម​ពូជពង្ស នោះ​ក្រុមគ្រួសារ​ទាំងអស់​នៃ​ផែនដី​នឹង​មាន​ពរ ។.២៣ កាល​ពីមុន នៅលើអាសនា​ដដែលនេះ សង្ឃ​ដដែល​នេះ បាន​បូជា​ថ្វាយ​ស្ត្រីព្រហ្មចារី​បីនាក់ ដែល « ព្រោះ​តែ​គុណធម៌​របស់​ពួក​គេ … មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ធ្វើ​ពី​ឈើ ឬ​ធ្វើ​ពី​ថ្ម​ទាំង​ឡាយ​នោះ » ។២៤ ពួកគេ​បាន​ស្លាប់​នៅ​ទី​នោះ​ក្នុង​នាម​ជា​អ្នក​ខ្ជាប់ខ្ជួន​លើសេចក្តី​ជំនឿ ។

យ៉ូសែប ពី​បុរាណ​ត្រូវបាន​លក់​ទៅ​ធ្វើ​ជា​ទាសករ តាំង​ពីក្មេង ដោយ​ដៃ​បងប្រុស​របស់​លោក នៅ​ក្នុង​សេចក្តីទុក្ខលំបាក​របស់​លោក​បាន​បែរ​ទៅ​រក​ព្រះ ។ បន្តិច​ម្ដងៗ លោក​បាន​មាន​មុខ​មាត់​ក្នុង​ផ្ទះ​ម្ចាស់​លោក​នៅ​ស្រុក​អេស៊ីព្ទ ប៉ុន្តែ​បន្ទាប់​មក​ការ​រីក​ចម្រើន​ទាំង​អស់​នេះ​ត្រូវ​រលាយ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​ប្រពន្ធ​របស់​ប៉ូទីផារ ។ យ៉ូសែប​អាច​គិត​ថា « ដូច្នេះ​ការ​ឃុំឃាំង​ជាលទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​សម្រាប់​ការ​រក្សា​ច្បាប់​ព្រហ្មចារីភាព » ។ ជំនួស​មក​វិញ​លោក​បាន​បន្ត​បែរ​ទៅ​រក​ព្រះ ហើយ​បាន​ចម្រើន​ឡើង​សូម្បី​តែ​លោក​នៅ​ក្នុង​គុក​ក្តី ។ យ៉ូសែប​បាន​រង​ការ​ខក​ចិត្ត​យ៉ាង​ខ្ទេចខ្ទាំ​បន្ត​ទៀត​នៅ​ពេល​អ្នក​ទោស​ដែល​លោក​បាន​ធ្វើ​ជា​មិត្ត នៅ​ក្នុង​គុក​ភ្លេច​សន្យា​ថា​ជួយ​យ៉ូសែប​បន្ទាប់​ពី​គាត់​បាន​កាន់​តំណែង​វិញ​របស់​គាត់​នៅ​ក្នុង​ការកាត់ក្តី​របស់ស្តេច​ផារ៉ោន ។ តាម​កាល​កំណត់​ដូច​ដែល​បងប្អូន​បាន​ដឹង​ហើយ​ថា ព្រះអម្ចាស់​បាន​ដាក់​យ៉ូសែប​ឲ្យ​ស្ថិត​ក្នុង​តំណែង​ខ្ពស់​បំផុត​នៃ​ការទុកចិត្ត និង​អំណាច​នៅ​ក្បែរ​ស្តេច​ផារ៉ោន ដែល​អនុញ្ញាត​ឲ្យ​យ៉ូសែប​ជួយស​ង្រ្គោះ​វង្ស​អ៊ីស្រាអែល ។ ប្រាកដ​ណាស់ យ៉ូសែប​អាច​បញ្ជាក់​បាន​ថា « គ្រប់​ការណ៍​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ » ។២៥

អ័ប៊ីណាដៃ​មានបំណង​បំពេញ​កិច្ចការ​ដ៏​ទេវភាព​របស់​លោក ។ លោក​បានមានប្រសាសន៍ថា « ប៉ុន្តែ ខ្ញុំ​សូម​បញ្ចប់​សារ​របស់​ខ្ញុំ​សិន​ចុះ ហើយ​បន្ទាប់​ពី​នេះ​ទៅ ទោះ​ជា​ខ្ញុំ​ទៅ​ទីណា [ មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ ] ក៏​ដោយ ក៏​មិន​ជា​ការ​អ្វី​ដែរ ប្រសិន​បើ​ខ្ញុំ​បាន​រួច » ។២៦ លោក​មិន​បាន​រួច​ផុត​ពី​ការ​ស្លាប់​ជា​អ្នក​ខ្ជាប់ខ្ជួននឹង​សេចក្តីជំនឿ​ម្នាក់​នោះ​ទេ ប៉ុន្តែ​ប្រាកដ​ណាស់ លោក​ត្រូវ​បាន​សង្គ្រោះ​ក្នុង​នគរ​នៃ​ព្រះ ហើយ​អ្នក​ប្រែចិត្ត​ជឿ​ដ៏​មាន​តម្លៃ​ម្នាក់​របស់​លោក​ឈ្មោះ អាលម៉ា បាន​ផ្លាស់ប្ដូរ​ដំណើរ​នៃ​ប្រវត្តិសាស្ត្រ​សាសន៍​នីហ្វៃ ដែល​នាំ​ទៅ​ដល់​ការ​យាង​មក​របស់​ព្រះគ្រីស្ទ ។

អាលម៉ា និង​អាមូលេក​បាន​រួច​ពី​គុក​នៅ​អាំម៉ូណៃហា ជា​ការ​ឆ្លើយ​តប​នឹង​ការ​អង្វរ​របស់​ពួកលោក ហើយ​អ្នក​បៀតបៀន​ពួកលោក​ត្រូវ​បាន​សម្លាប់ ។២៧ យ៉ាង​ណា​មិញ ពីមុន​នេះ​អ្នក​បៀតបៀន​ដដែល​នោះ បាន​ដេញ​ស្ត្រី និង​កូន​ចៅ​របស់​ពួកគេ​ដែល​មាន​ជំនឿ​ឲ្យ​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង ។ អាលម៉ា ដោយ​បានធ្វើ​សាក្សី​ទាំង​ឈឺចាប់​ចំពោះ​ទិដ្ឋភាព​ដ៏​រន្ធត់​នោះ ត្រូវ​បាន​រារាំង​ដោយ​ព្រះវិញ្ញាណ​មិន​ឲ្យ​អនុវត្ត​ព្រះចេស្ដា​នៃ​ព្រះ ដើម្បី « ជួយ​អ្នក​ទាំង​នេះ​ពី​អណ្ដាត​ភ្លើង »២៨ឡើយ ដើម្បី​ឲ្យ​ពួក​គេ​អាច​ត្រូវ​បាន​ទទួល​ឡើង​ទៅ​ឯ​ព្រះ​ក្នុង​សិរី​ល្អ ។២៩

ព្យាការី យ៉ូសែប ស៊្មីធ បានដេកឈឺ​នៅក្នុងគុក នៅលីប៊ឺធី រដ្ឋ​មីសសួរី ដោយគ្មានអំណាច​ដើម្បី​ជួយពួកបរិសុទ្ធ កាល​ពួកគេ​ត្រូវបាន​គេ​ឆក់ប្លន់ និង​បណ្តេញ​ចេញ​ពីផ្ទះ​របស់​ពួកគេ​ក្នុង​រដូវរងា​​ខ្លាំង ។ « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? » យ៉ូសែប ស៊្មីធ​បាន​បាន​អំពាវនាវ ។ « តើ​ព្រះហស្ដ​ទ្រង់​នឹង​ទប់ទុកដល់​ណា​ទៅ ? »៣០ ជាការឆ្លើយតប ព្រះអម្ចាស់​បាន​សន្យាថា « សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ ។ … អ្នក​ពុំ​ទាន់​បាន​ដូច​យ៉ូប​ទេ » ។៣១

នៅទីបញ្ចប់ យ៉ូសែប អាច​ប្រកាស​ជាមួយ​យ៉ូបថា « ទោះ​បើ [ ព្រះ ] សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ » ។៣២

អែលឌើរ ប្រ៊ូក ភី ហែល៍ បាន​ភ្ជាប់​រឿង​នេះ​ទៅនឹង​រឿង​របស់​ប្អូនស្រី ប៉ាទ្រីយ៉ា ផាគិនសុន ដែល​កើត​មក​ភ្នែក​ភ្លឺ​ធម្មតា ប៉ុន្តែ​ដល់​អាយុ ១១ ឆ្នាំ​គាត់​បាន​ងងឹត​ភ្នែក ។

អែលឌើរ ហែល៍ បានរៀបរាប់​ថា « ខ្ញុំ​បាន​ស្គាល់ប៉ាត ជា​ច្រើន​ឆ្នាំហើយ​ថ្មីៗ​នេះ​បាន​ប្រាប់​នាង​ថា ខ្ញុំ​កោតសរសើរ​ចំពោះ​ភាពពិត​ដែល​នាង​តែងតែ​វិជ្ជមាន និង​រីករាយ​ជានិច្ច ។ នាង​បាន​តប​ថា ‹ មែនហើយ លោក​មិន​បាន​នៅ​ផ្ទះ​ជាមួយ​ខ្ញុំ​ទេ មែនទេ ? ខ្ញុំ​មាន​ពេល​របស់​ខ្ញុំ ។ ខ្ញុំ​តស៊ូ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ខ្ញុំ​យំ​ច្រើន​ណាស់ › ។ ទោះយ៉ាង​ណា នាង​បាន​បន្ថែម​ថា ‹ តាំង​ពី​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​មើល​មិន​ឃើញ វា​ចម្លែក តែ​ខ្ញុំ​បាន​ដឹង​ថា​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ​បាន​គង់​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ ។​… ចំពោះ​អ្នក​ទាំងឡាយ​ដែល​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ខឹង​ដោយសារ​តែ​ខ្ញុំ​ពិការ​ភ្នែក​ឬទេ ខ្ញុំ​ឆ្លើយ​ថា ‹ តើ​ឲ្យ​ខឹង​នឹង​អ្នក​ណា ? ព្រះវរបិតា​សួគ៌​គង់​នឹង​ខ្ញុំ ខ្ញុំ​ពុំ​នៅ​ឯកោ​ទេ ។ ទ្រង់​គង់​នឹង​ខ្ញុំ​គ្រប់​ពេល​ទាំងអស់ › » ។៣៣

នៅទី​បំផុត វាគឺជាពរជ័យ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ និង​នៅ​ជិត​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ដែល​យើង​ស្វែងរក ។ វា​ធ្វើ​ឲ្យ​អ្វីៗ​មាន​ភាព​ខុសប្លែក ហើយ​មាន​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​ជារៀង​រហូត ។ យើង​នឹង​ថ្លែង​ទីបន្ទាល់​ជាមួយ​ប៉ុល ថា « អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ [ ក្នុង​ជីវិត​រមែង​ស្លាប់ ] ថា​ជា​សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សម្ដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ » ។៣៤ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ទោះ​ជា​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​អាច​ជួប​នឹង​អ្វី​ក៏ដោយ ក៏​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ ហើយ​រក​ឃើញ​អំណរ​ក្នុង​ទ្រង់ ។

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

« ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។៣៥

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕