សន្និសីទទូទៅ
ស្ងើច​សរសើរ​ដល់​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ស្ងើច​សរសើរ​ដល់​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់

សូម​ឲ្យ​ការចងចាំ​​ដែល​ភ្នែក​យើង​បាន​ឃើញ និង​ដែល​ដួងចិត្ត​យើង​បាន​ប៉ះពាល់ ធ្វើ​ឲ្យ​យើងកាន់តែ​ស្ងើច​សរសើរ​ចំពោះ​ពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​មាន​កល្យាណ​មិត្ត​ម្នាក់​ដែល​ជា​សាស្ដ្រា​ចារ្យ​សាកលវិទ្យាល័យ​ចូល​និវត្តន៍​ដ៏​ពូកែ ជា​អ្នកនិពន្ធ​ជោគជ័យ និងលើស​ពី​នេះ​ទៅ​ទៀត​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ។ គាត់​បាន​ទៅលេង​ដែនដី​បរិសុទ្ធជាច្រើន​ដង ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ ធ្វើ​ការស្រាវជ្រាវ​ថ្នាក់​ឧត្តម​សិក្សា និង​ដឹកនាំ​ដំណើរ​ទេសចរណ៍ ។ តាម​សម្ដី​គាត់ រាល់ពេល​ដែល​គាត់​ទៅដល់​ដែនដី​ដែល​ព្រះយេស៊ូវ​បាន​យាង គាត់​ស្ញប់ស្ញែង​ណាស់ ព្រោះ​គាត់​បាន​រៀន​អ្វីមួយ​ថ្មី អស្ចារ្យ និង​ជក់​ចិត្ត​អំពី​ព្រះអង្គ​សង្គ្រោះ ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ និង​ស្រុក​កំណើត​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។ ការស្ងើច​សរសើរ​ដែល​មិត្ត​ខ្ញុំ​បង្ហាញ ពេល​គាត់​និយាយ​អំពី​គ្រប់យ៉ាង​ដែល​គាត់​បាន​រៀន​ពី​ដែនដី​បរិសុទ្ធ​ ធ្វើឲ្យ​ខ្ញុំ​ស្ងើច​សរសើរ​ដែរ ហើយ​ភាពអស្ចារ្យ​នេះ​គឺជា​គ្រឹះ​នៅក្នុង​សមិទ្ធិផល និង​ការខិតខំ​ថ្នាក់​ឧត្តម​សិក្សា​ដ៏​អស្ចារ្យនៅក្នុង​ជីវិត​របស់​គាត់ ។

ពេល​ខ្ញុំ​ស្ដាប់​បទពិសោធន៍​ និង​ដឹងពី​ចំណាប់​អារម្មណ៍​របស់​គាត់ ​ខ្ញុំ​បាន​សញ្ជឹងគិត​ថា តើ​មាន​ភាពអស្ចារ្យ​ខាង​វិញ្ញាណ​ប៉ុន្មាន​ទៀត​ដែល​យើង​អាច និង​គួរតែ​មាន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន និង​អ្វី​ដែល​មានភាពខុសប្លែក​​នៅក្នុង​ភាពជា​សិស្ស​របស់​យើង និង​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​ជីវិត​ដ៏អស់កល្ប​របស់​យើង ។ ភាពអស្ចារ្យ​ដែល​ខ្ញុំ​និយាយ​នោះ គឺ​ការ​ដឹងក្នុង​អារម្មណ៍ ការស្ងើច​សរសើរ ឬ​ការអស្ចារ្យ ​ដែលវា​មាន​ទូទៅ​ចំពោះ​មនុស្ស​គ្រប់រូប ​ដែលបាន​ផ្ដោត​ជីវិតខ្លួនទាំងស្រុង​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់​ទ្រង់ ហើយ​ទទួល​ស្គាល់​វត្តមាន​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​ដោយ​ចិត្តរាបសារ ។ អារម្មណ៍​អស្ចារ្យ ដែល​បំផុស​ឡើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធបែបនោះ ដាស់​​អារម្មណ៍​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ពេញ​ដោយ​អំណរ ។

ព្រះគម្ពីរ​មាន​នូវ​គំរូ​ជាច្រើន​អំពី​របៀប​ដែល​អារម្មណ៍​ដឹង​នេះ​មាន​ជាក់ស្ដែង ។ ឧទាហរណ៍ ព្យាការី​អេសាយ​បាន​បង្ហាញ​ពី​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​របស់​លោក​សម្រាប់​ព្រះអម្ចាស់ តាមរយៈ​ចិត្ត​អរ​រីករាយ​នៅក្នុង​ទ្រង់ ។ អស់​អ្នក​ដែល​ស្ដាប់ឮ​ព្រះយេស៊ូវ​បង្រៀន​នៅក្នុង​សាលាប្រជុំ​នៅឯ​ក្រុង​កាពើណិម​បាន​​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​គោលលទ្ធិ​របស់​ទ្រង់ ក៏ដូចជា​ព្រះពលំ​ដែល​ទ្រង់​បាន​បង្រៀន​ផងដែរ ។ វា​គឺជា​អារម្មណ៍​ដូចគ្នា​នេះ​ដែល​បាន​ចាក់​ទម្លុះ​​​ក្រអៅ​បេះដូង​របស់​យ៉ូសែប ស៊្មីធ វ័យ​ក្មេង ពេល​លោក​អាន​ព្រះគម្ពីរ​ប៊ីប ក្នុង​គម្ពីរ​យ៉ាកុប​ជំពូក​ទីមួយ ដែល​បាន​នាំ​លោក​ឲ្យ​ស្វែងរក​ព្រះបញ្ញា​ញាណ​របស់​ព្រះ ។

បងប្អូន​ប្រុស​ស្រី ពេល​យើង​ពិតជា​ស្ងើច​សរសើរ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ទ្រង់ នោះ​​យើង​កាន់តែរីករាយ យើង​ចាប់អារម្មណ៍​កាន់តែ​ខ្លាំងទៅ​លើ​កិច្ចការ​របស់​ព្រះ ហើយ​យើង​ទទួល​ស្គាល់​ព្រះហស្ដ​ទ្រង់​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ លើសពីនេះ ការសិក្សា​របស់​យើង​អំពី​ព្រះបន្ទូល​របស់​ព្រះ​​នឹងកាន់តែ​មាន​អត្ថន័យ ការអធិស្ឋានកាន់តែដោយចេតនាពិតការថ្វាយ​បង្គំ​របស់​យើង​កាន់តែ​មានគារវភាព និងកាន់តែបម្រើ​​ដោយ​ឧស្សាហ៍នៅ​ក្នុង​នគរ​របស់​ព្រះ ។ សកម្មភាព​ទាំងអស់​នេះ​នាំ​ឲ្យមាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ញឹកញាប់​នៅក្នុង​ជីវិត​យើង ។ ហេតុដូច្នេះ​ហើយ ទីបន្ទាល់​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​ នឹងកាន់តែ​រឹងមាំ យើង​នឹរក្សា​​ព្រះគ្រីស្ទ​ឲ្យរស់រាន​ក្នុង​ចិត្ត​យើង ហើយ​យើង​នឹង​ដឹកនាំ​ជីវិត​ឲ្យ « ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​ជំនឿ … ព្រម​ទាំង​អរ​ព្រះគុណ​កាន់តែ​ច្រើន​ឡើង​ផង » ។ ពេល​យើង​រស់នៅ​តាម​របៀប​នេះ នោះ​យើង​នឹង​កាន់តែ​រឹងមាំ​ខាង​វិញ្ញាណ ហើយ​មាន​ការការពារ​កុំឲ្យ​ធ្លាក់​ទៅក្នុង​អន្ទាក់​នៃ​ភាពសោះ​អង្គើយ​ខាង​វិញ្ញាណ ។

ភាពសោះ​អង្គើយ​បែប​នោះ​ កើតមកពី​ការបាត់បង់​ចំណាប់​អារម្មណ៍​ចូលរួមពេញលេញនៅក្នុង​ដំណឹងល្អ​របស់​ព្រះអម្ចាស់ម្ដង​បន្ដិចៗ ។ ជា​ទូទៅ​វា​ចាប់ផ្តើម​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​បាន​ទទួល​ចំណេះដឹង និង​ពរជ័យ​ចាំបាច់​ទាំងអស់​រួចហើយ​សម្រាប់​សុភមង្គល​របស់​យើង​នៅ​ក្នុង​ជីវិតនេះ ។ និយាយ​ទៅ ការស្កប់ចិត្ត​នេះ​បណ្ដាល​ឲ្យ​យើង​ឈប់​ស្ងើច​សរសើរ​នឹង​អំណោយទាន​នៃ​ដំណឹងល្អ ហើយ​ចាប់ពី​នោះ​ទៅ យើង​ដាក់ខ្លួនប្រថុយ​​ឈប់​ធ្វើចំណុច​សំខាន់ៗ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទជាទៀងទាត់តទៅទៀត ព្រមទាំង​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចុះ​ផងដែរ ។ ជាលទ្ធផល យើង​ផ្ដាច់​ខ្លួន​​បន្ដិច​ម្ដងៗ​ពី​ព្រះអម្ចាស់ ធ្វើឲ្យ​សមត្ថភាព​យើង​ក្នុង​ការ « ស្ដាប់​ទ្រង់ » ចុះ​ខ្សោយ លែង​មាន​អារម្មណ៍​ដឹង​ពី​ភាពអស្ចារ្យ​នៃ​កិច្ចការ​របស់​ទ្រង់​ទៀត ។ មន្ទិល​សង្ស័យ​អំពី​សេចក្ដីពិត​ដែល​យើង​បាន​ទទួល​រួចហើយ​នោះ អាច​ចូលមកក្នុង​ចិត្ត និង​គំនិត​​យើង ធ្វើឲ្យ​យើង​ងាយ​ចាញ់​ការល្បួង​របស់​មារសត្រូវ ។១០

លោក​អាចារ្យ អាយដិន វិលសុន ថូហ្សើរ ដែល​ជា​អ្នកនិពន្ធ​ដ៏​ល្បី​ឈ្មោះ និង​ជា​គ្រីស្ទាន​ដ៏ក្លាហាន​ម្នាក់​បាន​សរសេរ​ថា « ការស្កប់ចិត្ត​គឺជា​សត្រូវ​ស្លាប់រស់​នឹងការរីក​ចម្រើន​ខាង​វិញ្ញាណ​ទាំងអស់ » ។ ១១ តើ​នេះ​ពុំ​មែន​ជា​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​សាសន៏​នីហ្វៃ បន្ទាប់ពី​ការប្រសូត​របស់​ព្រះគ្រីស្ទភ្លាមៗ​ទេឬអី ? ពួកគេ « បាន​ចាប់ផ្ដើម​មាន​សេចក្ដី​អស្ចារ្យ​កាន់តែ​តិចទៅៗ​ចំពោះ​ទីសម្គាល់ ឬ​ការអស្ចារ្យ​នីមួយៗ​អំពី​ស្ថានសួគ៌ … [ ហើយ​មិន​ជឿ​អ្វីៗ ] ទាំងអស់​ដែល​ពួកគេ​បាន​ឃើញ ហើយ​បាន​ឮ » ។ ដូច្នេះ​ហើយ សាតាំង​បាន « ធ្វើឲ្យ​គេ​ខ្វាក់​ភ្នែក ហើយ​នាំគេ​ឲ្យ​វង្វេង ឲ្យ​ជឿ​ថា គោលលទ្ធិ​ព្រះគ្រីស្ទ​គឺជា​ការណ៍​មួយ​ដ៏​ឆ្កួត​លីលា ហើយ​ឥត​ប្រយោជន៍​ទៅវិញ » ។១២

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏ឥតខ្ចោះ និងដ៏​និរន្ដរ​របស់​ទ្រង់ និង​ការញាណរបស់ទ្រង់​ពី​ធម្មជាតិ​ជា​មនុស្ស​របស់​យើង១៣នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​យើង ដើម្បី​ចៀស​កុំឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ភាពសោះ​អង្គើយ​ខាង​វិញ្ញាណ ។ ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ទស្សនវិស័យកាន់​តែ​ទូលំទូលាយ​​ដល់យើង ជាពិសេស​ពេល​គិត​ពី​ពិភពលោក​ដ៏ស្មុគស្មាញ​ដែល​យើង​កំពុង​រស់នៅ​នេះ ៖ « ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាពស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​​ភាពសុខសាន្ត​ក្នុង​យើង » ។១៤ នៅពេល​យើង​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​បង្ហាញ​ពីការបន្ទាប​ខ្លួន មានបំណងប្រាថ្នា​ធ្វើជាមនុស្ស​ងាយប្រដៅ ហើយសង្ឃឹម​ចង់ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។១៥ ការអញ្ជើញ​នេះ​ក៏រួមមាន​នូវ​ការបម្រើ​ទ្រង់ និង​ការផ្ដល់​ការងារ​បម្រើ​ដល់​បុត្រា​បុត្រី​របស់​ព្រះ « ឲ្យ​អស់ពី​ចិត្ត អស់ពី​ពលំ អស់ពី​គំនិត ហើយ​អស់ពី​កម្លាំង [ របស់​យើង ] » ផងដែរ ។១៦ ពិតណាស់ ចំណុច​ស្នូល​នៃ​ការខិតខំ​របស់​យើង​នៅក្នុង​ដំណើរជីវិត​នេះ​គឺ ​បទបញ្ញត្តិ​ធំ​ពីរ ៖ ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង និង​ស្រឡាញ់​អ្នកជិតខាង​យើង​ដូចជា​ខ្លួនយើង ។១៧

ឥរិយាបថ​បែប​នេះ ​គឺជា​​លក្ខណៈ​ដ៏ទេវភាព​របស់​ព្រះយេស៊ូវ ហើយ​បង្ហាញ​ច្បាស់​ក្នុង​គ្រប់​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ ​អំឡុង​ការងារ​បម្រើ​លើ​ផែនដី​របស់​ទ្រង់ ។១៨ ហេតុដូច្នេះ ពេល​យើង​លះបង់ខ្លួន​ចេតនាពិត ដើម្បី​មើលឆ្ពោះទៅ​ទ្រង់ ហើយ​រៀន​ពី​គំរូ​ដ៏ឥតខ្ចោះ​របស់​ទ្រង់១៩ នោះ​យើង​នឹង​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ ។ យើង​បណ្ដុះ​ចិត្ត​សាទរ និង​បំណង​ប្រាថ្នា​ដើម្បី​ដាក់បទដ្ឋាន​ដ៏ខ្ពស់​ស្ដីពី​របៀប​ដែល​យើង​គួរតែ​រស់នៅមកក្នុង​ជីវិត​របស់​យើង​​ គំរូ​ដែល​យើង​គួរតែ​ផ្ដល់ និង​បទបញ្ញត្តិ​ដែល​យើង​គួរតែ​ធ្វើតាម ។ យើង​ក៏​ទទួល​បាន​បន្ថែម​នូវការយល់ដឹង ប្រាជ្ញា​បុគ្គលិក​លក្ខណៈ​ដ៏ទេវភាព និង​ព្រះគុណ​ចំពោះ​ព្រះ និង​អ្នកជិតខាង​របស់​យើង​ផងដែរ ។២០ ខ្ញុំ​អាចអះអាងនឹង​បងប្អូន​ថា សមត្ថភាព​របស់​យើង​ដើម្បី​ដឹងអំពី​ព្រះចេស្ដា និង​ក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ នឹង​មានកាន់តែ​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង បង្កើន​សេចក្ដី​ជំនឿ​ មានបំណងប្រព្រឹត្ត​ដោយ​សុចរិត និង​ជំរុញ​ចិត្តឲ្យ​បម្រើ​ទ្រង់ និង​អ្នកដទៃ ។២១ លើសពីនេះ ការដឹងគុណ​របស់​យើង​ចំពោះ​ពរជ័យ និង​ឧបសគ្គ​ទាំងឡាយ​ដែល​យើង​បាន​ជួប​ក្នុង​ជីវិត​រមែង​ស្លាប់​ នឹង​រឹងមាំ ហើយ​ក្លាយជា​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​ដ៏ពិត​របស់​យើង ។២២

មិត្ត​ជាទី​ស្រឡាញ់ រឿង​ទាំងអស់​នេះ​ពង្រឹង​ភាពអស្ចារ្យ​ខាង​វិញ្ញាណ​របស់​យើង​អំពី​ដំណឹងល្អ ហើយ​ធ្វើឲ្យ​យើង​ខំ​រក្សា​សេចក្ដី​សញ្ញា​ដែល​យើងបាន​ចុះ​ជាមួយ​នឹង​ព្រះអម្ចាស់​ពេញ​ដោយ​អំណរ—ទោះជា​យើង​កំពុង​ស្ថិត​ក្នុង​ការសាកល្បង និង​ឧបសគ្គ​នានា​ក្ដី ។ ពិត​ណាស់ ដើម្បី​ទទួលបានលទ្ធផល​ទាំងនេះ​ នោះ​យើង​ចាំបាច់ត្រូវ​ជ្រមុជ​ខ្លួនយើង​​ទៅក្នុង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយបំណងពិត និងដោយ​សេចក្ដី​ជំនឿ២៣ ទាំងខិតខំ​ធ្វើត្រាប់​តាម​គុណលក្ខណៈ​របស់​ទ្រង់​ក្នុង​របៀប​រស់នៅ​របស់​យើង ។២៤ លើស​ពី​នេះ យើងចាំបាច់​ត្រូវ​ខិតទៅ​ជិត​ទ្រង់​តាមរយៈ​ការប្រែចិត្ត​របស់​យើង២៥ដោយ​ស្វែងរក​ការអភ័យទោស​ពី​ទ្រង់ និង​ព្រះចេស្ដា​ដ៏ប្រោសលោះ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ព្រមទាំង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ព្រះអម្ចាស់​ផ្ទាល់​បាន​សន្យា​ថា ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​យើង បើ​យើង​ទុកចិត្ត​លើ​ទ្រង់​ដោយ​អស់ពី​ចិត្ត​ ដោយ​ទទួល​ស្គាល់​ទ្រង់​ក្នុង​គ្រប់ទាំង​ផ្លូវ​របស់​យើង ហើយ​មិន​ពឹង​លើ​ចំណេះដឹង​ផ្ទាល់​ខ្លួន​ឡើយ ។២៦

រូបភាព
អែលឌើរ ចូនស៍ ជាមួយ វ៉េស

បុរស​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​​ថ្មីៗ​នេះ ​មាន​ឈ្មោះ​ថា វ៉េស គាត់បាន​ទទួល​យក​ការអញ្ជើញ​របស់​ព្រះគ្រីស្ទ​ឲ្យ​រៀន​អំពី​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ គាត់​ចាប់ផ្ដើម​ស្ងើច​សរសើរ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បន្ទាប់ពី​រយៈពេល ២៧ ឆ្នាំ នៃ​ការដកខ្លួន​ចេញ​ពីផ្លូវ​នៃ​សេចក្ដីសញ្ញារបស់គាត់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា មានថ្ងៃ​មួយ​អ្នកផ្សព្វផ្សាយ​សាសនា​​ទាក់ទង​​គាត់​តាម​ហ្វេសបុក គឺ​អែលឌើរ ចូនស៍ ដែល​ត្រូវបាន​ចាត់​ឲ្យមក​​តំបន់​របស់ វ៉េស ជាបណ្ដោះ​អាសន្ន ពីមុន​គាត់​ត្រូវទៅបេសកកម្ម​​ដើម​របស់​គាត់​នៅ​ប្រទេស​ប៉ាណាម៉ា ។ ពេល​អែលឌើរ ចូនស៍ បាន​ប្រទះ​ឃើញ​ប្រវត្តិរូប​របស់ វ៉េស ទាំង​មិនដឹង​ទេ​ថា គាត់​ជា​សមាជិក​សាសនាចក្រ អែលឌើររូប​នេះ​បាន​ទទួល​អារម្មណ៍​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ដឹង​ថា គាត់​គួរតែ​ទាក់ទង​ទៅ វ៉េស ភ្លាម ។ គាត់​បាន​ធ្វើតាម​​អារម្មណ៍​នេះ​ភ្លាម ។ វ៉េស បាន​អស្ចារ្យ​នឹង​ការទាក់ទង​ដែល​មិន​បាន​រំពឹង​ទុក​នេះ ហើយ​ចាប់ផ្ដើម​ដឹង​ថា ព្រះអម្ចាស់​ស្គាល់​គាត់ ថ្វីបើ​គាត់​បាន​ឃ្លាត​ឆ្ងាយពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ក៏ដោយ ។

ចាប់​តាំងពី​ពេល​នោះ​មក វ៉េស និង​អ្នកផ្សព្វផ្សាយ​សាសនា​ចាប់ផ្ដើម​ទាក់ទង​គ្នា​ជាញឹកញាប់ ។ អែលឌើរ ចូនស៍ និង​ដៃគូ​របស់​គាត់​បាន​ផ្ដល់​ការបម្រើ និង​សារលិខិត​ខាង​វិញ្ញាណ​រៀងរាល់​សប្ដាហ៍ ដើម្បី​ជួយ វ៉េស ឲ្យ​មាន​ការស្ងើច​សរសើរ​ដល់​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​សារឡើងវិញ ។ វា​បាន​បង្កាត់​ភ្លើង​ទីបន្ទាល់​របស់​គាត់​ឡើងវិញ​អំពី​សេចក្ដីពិត និង​ក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​គាត់ ។ វ៉េស មាន​អារម្មណ៍​សុខសាន្ដ បាន​មកពី​អង្គ​លួងលោមចិត្ត ហើយ​បាន​ទទួល​កម្លាំង​ដែល​គាត់​ត្រូវការ​ដើម្បី​ត្រឡប់​មក​សាសនាចក្រ​វិញ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា បទពិសោធន៍​នេះ​បាន​នាំ​ឲ្យ​គាត់​ត្រឡប់​មកមានជីវិត​វិញ ​ទាំង​ខាង​វិញ្ញាណ និង​ខាង​សតិអារម្មណ៍ ហើយ​បាន​ជួយ​គាត់​ឲ្យ​លុបបំបាត់​អារម្មណ៍​ជូរចត់​ដែល​មាន​រាប់​ឆ្នាំ​មក ដោយសារ​តែ​បទពិសោធន៍​ពិបាកៗ​ដែល​គាត់​បាន​ឆ្លងកាត់ ។

ដូច​ដែលមិត្ត​ជា​សាស្ដ្រាចារ្យ​ដ៏ពូកែ​ដែល​ខ្ញុំ​បាន​លើកឡើង​ខាង​ដើម បាន​សង្កេត​ឃើញ​អញ្ចឹង វា​តែងតែ​មាន​អ្វីមួយ​អស្ចារ្យ និង​ជាប់ចិត្ត​ដើម្បី​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ជានិច្ច ។២៧ ព្រះអម្ចាស់​បាន​សន្យា​យ៉ាងអស្ចារ្យ​ដល់​មនុស្ស​គ្រប់រូប រួមទាំង​យើង​ផងដែរ ដែល​ខិតខំ​រៀន​អំពី​ទ្រង់ និង​ត្រាប់តាម​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ជីវិត​ ។ ទ្រង់​មាន​បន្ទូល​ទៅកាន់​អេណុក​ថា « មើលចុះ ព្រះវិញ្ញាណ​របស់​យើង [ នឹង ] ស្ថិត​នៅលើ​អ្នក ហេតុដូច្នេះ​ហើយ គ្រប់​អស់​ទាំង​ពាក្យ​សម្ដី​របស់​អ្នក យើង​នឹង​រាប់ជា​សុចរិត ហើយ​ភ្នំ​ទាំងឡាយ​នឹង​គេច​ចេញ​ពី​មុខ​អ្នក ហើយ​ទន្លេ​ទាំងឡាយ​នឹង​បែរចេញ​ពី​ដំណើរ​វា ហើយ​អ្នក​នឹង​នៅក្នុង​យើង ហើយ​យើង​ក្នុង​អ្នក » ។២៨ តាមរយៈ​អ្នកបម្រើ​របស់​ទ្រង់ គឺ​ស្តេច​បេនយ៉ាមីន ទ្រង់​បាន​ប្រកាស​ថា « អ្នករាល់គ្នា​នឹង​ត្រូវបាន​ហៅថា​ជា​កូនចៅ​នៃ​ព្រះគ្រីស្ទ គឺជា​បុត្រា​របស់​ទ្រង់ និង​ជា​បុត្រី​របស់​ទ្រង់ ដ្បិត​មើលចុះ ថ្ងៃនេះ​ទ្រង់​បាន​អ្នក​ខាង​វិញ្ញាណ ហើយ​ដ្បិត​អ្នករាល់គ្នា​បាន​និយាយ​ថា ចិត្ត​របស់​អ្នក​បាន​ផ្លាស់ប្តូរ​តាមរយៈ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះនាម​ទ្រង់ ហេតុដូច្នោះ​ហើយ អ្នករាល់គ្នា​បាន​កើត​មកពី​ទ្រង់ ហើយ​បាន​ក្លាយ​ទៅជា​បុត្រា​របស់​ទ្រង់ និង​បុត្រី​របស់​ទ្រង់​ដែរ » ។២៩

ហេតុដូច្នេះ​ហើយ ពេល​យើង​ខិតខំ​រៀនសូត្រ​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​សុទ្ធចិត្ត និង​ខ្ជាប់ខ្ជួន ព្រមទាំង​​ធ្វើតាម​គំរូ​របស់​ទ្រង់ នោះ​ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​នៅក្នុង​ព្រះនាម​របស់​ទ្រង់​ថា គុណលក្ខណៈ​ដ៏ទេវភាព​របស់​ទ្រង់​នឹង​​ឆ្លាក់​ក្នុង​ចិត្ត និង​គំនិត​របស់​យើង៣០ ថា​យើង​នឹង​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ​​យើង​នឹង​ដើរ​ជាមួយ​នឹង​ទ្រង់ ។៣១

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ស្ងើច​សរសើរ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ស្រឡាញ់​ដ៏ពេញលេញ ដ៏និរន្ដរ និងដ៏​ឥតខ្ចោះ​របស់​ទ្រង់​ជាដរាប​តទៅ ។ សូម​ឲ្យ​ការចងចាំ​​ដែល​ភ្នែក​យើង​បាន​ឃើញ និង​ដែល​ដួងចិត្ត​យើង​បាន​ប៉ះពាល់ ធ្វើ​ឲ្យ​យើងកាន់តែ​ស្ងើច​សរសើរ​ចំពោះ​ពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ទ្រង់​អាច​ព្យាបាល​យើង​ពី​របួស​ខាង​វិញ្ញាណ និង​ខាង​សតិ​អារម្មណ៍​​បាន ហើយ​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ទ្រង់ ។ សូម​ឲ្យ​យើង​ស្ញប់ស្ញែង​នឹង​ការសន្យា​ដ៏មហិមា ដែល​ព្រះវរបិតា​មាន​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ ​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​អស់​អ្នក​ដែល​ស្មោះត្រង់​ទាំងឡាយ ៖

« នគរ​ជា​របស់​ផង​អ្នករាល់គ្នា ហើយ​ព្រះពរ​ទាំងឡាយ​នៃ​នគរ​ជា​របស់​ផង​អ្នករាល់គ្នា ហើយ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ខាង​ភាព​អស់កល្ប​ជានិច្ច​ជា​របស់​ផង​អ្នករាល់គ្នា ។

ហើយ​អ្នកណា​ដែល​ទទួល​គ្រប់​ទាំងអស់​ដោយ​អំណរគុណ នោះ​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​រុងរឿង » ។៣២

ព្រះយេស៊ូវ​គឺជា​ព្រះប្រោសលោះ​នៃ​ពិភពលោក​នេះ ហើយ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ធ្វើជា​សាក្សី​នៃ​សេចក្ដីពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏គួរ​ឲ្យ​ស្ងើច​សរសើរ ដ៏បំផុស​គំនិត ដ៏ពិសិដ្ឋ និង​ដ៏អស្ចារ្យ​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕