សន្និសីទទូទៅ
ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង

គ្មាន​អ្វី​អាច​មក​ជំនួស​ពេលវេលា ​ដែល​បងប្អូន​អាន​ព្រះគម្ពីរ ស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​​មក​កាន់ បងប្អូន​ដោយ​ផ្ទាល់​នោះ​ទេ ។

ឥឡូវនេះ​មាន​រយៈ​ពេល​ជាង​បី​ឆ្នាំ​ហើយ ដែល​យើង​បាន​ធ្វើ​ដំណើរ​រួម​គ្នា ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨ ពេល​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​អញ្ជើញ​យើង​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ និង​សៀវភៅ ចូរ​មក​តាម​ខ្ញុំជា​មគ្គទេស៍​របស់​យើង​តាម​របៀប​ថ្មី និង​ដ៏​បំផុស​គំនិត​មួយ ។

នៅ​ក្នុង​ដំណើរ​របស់​យើង ​វា​ជា​ការណ៍​ល្អ ដើម្បី​ងាក មក​វាយ​តម្លៃ​ពី​ការរីកចម្រើន​របស់​យើង​ម្ដងម្កាល ដើម្បី​ប្រាកដ​ថា យើង​កំពុង​បោះជំហាន​ឆ្ពោះ​ទៅ​រក​គោលដៅ​យើង ។

ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង

សូម​ពិចារណា​ពី​សេចក្តី​ថ្លែងការណ៍​ដ៏​ជ្រាលជ្រៅ​នៅ​សេចក្តីផ្តើមនៃ​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ ៖

« គោលបំណង​នៃ​ការ​រៀនសូត្រ និង​ការ​បង្រៀន​ដំណឹងល្អ​ទាំងអស់ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការប្រែចិត្តជឿ​របស់​យើង​កាន់តែ​មាន​ខ្លាំង​ឡើង លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ …

« … ប៉ុន្តែ​ប្រភេទ​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ​ដែល​ពង្រឹង​ដល់​សេចក្ដីជំនឿ​​យើង ហើយ​ដឹកនាំ​យើង​ទៅ​រក​អព្ភូតហេតុ​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ ពុំ​កើត​ឡើង​ភ្លាមមួយរំពេចទេ ។ វា​អនុវត្ត​ហួស​ពី​ថ្នាក់រៀន ចូល​ទៅ​ក្នុង​ដួង​ចិត្ត និង​គេហដ្ឋាន​របស់​យើង ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ដ៏​ខ្ជាប់​ខ្ជួន និង​ជាប្រចាំ​ថ្ងៃ​ដើម្បី​យល់ ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ ការរៀនសូត្រ​ដំណឹងល្អ​ដែល​ដឹកនាំ​ទៅ​រក​​ការប្រែចិត្តជឿ​ពិត តម្រូវ​ឲ្យ​មាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

នេះ​គឺ​ជា​អព្ភូតហេតុ​ដែល​យើង​ស្វែងរក—​នៅពេល​ដែល​បុគ្គល​ម្នាក់​មាន​បទពិសោធន៍​នៅក្នុង​ព្រះគម្ពីរ ហើយ​បទពិសោធន៍​នោះ ប្រទាន​ពរឲ្យ​ដោយ​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បទពិសោធន៍​បែប​នោះ ​គឺ​ជា​សិលា​គ្រឹះ​ដ៏​មាន​តម្លៃ សម្រាប់​ការប្រែចិត្ត​ជឿ​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ។ ហើយ​ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​យើង​​ថ្មីៗ​នេះថា ​គ្រឹះ​ខាង​វិញ្ញាណ​ត្រូវ​តែ​ពង្រឹងឲ្យ​ខ្ជាប់ខ្ជួន ។ ការ​ប្រែចិត្តជឿ​យូរ​អង្វែង​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង ។

ដើម្បី​ឲ្យវា​កាន់តែមាន​ប្រសិទ្ធភាព នោះ​បទពិសោធន៍​​ជាមួយ​ព្រះគម្ពីររបស់​បងប្អូន ត្រូវតែ​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន ។ ការ​អាន ឬ​ការស្តាប់​​បទពិសោធន៍ និង​ការយល់​ដឹង​របស់​អ្នកដទៃ អាច​ជាជំនួយ ប៉ុន្តែ​វា​​នឹងពុំ​មាននូវ​អំណាច​នៃ​ការប្រែ​ចិត្ត​ជឿ​ដូច​គ្នានឹងគេ​នោះ​ទេ ។ គ្មាន​អ្វី​អាចមកជំនួស​ពេលវេលា ​ដែល​ បងប្អូន ​អាន​ព្រះគម្ពីរ ស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​​មក​កាន់ បងប្អូនដោយផ្ទាល់​នោះទេ ។

តើ​ព្រះវិញ្ញាណបរិសុទ្ធ​កំពុង​បង្រៀន​អ្វី​ខ្លះ​ដល់​ខ្ញុំ ?

រៀងរាល់​សប្តាហ៍ ពេល​ខ្ញុំ​បើក​សៀវភៅ​ ចូរ​មក​តាម​ខ្ញុំ​ខ្ញុំ​សរសេរ​សំណួរ​នេះ​នៅ​ខាង​លើ​ទំព័រថា ៖ « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​បង្រៀន​អ្វី​ខ្លះ​ដល់​ខ្ញុំ​នៅ​សប្តាហ៍​នេះ ពេល​ខ្ញុំ​អាន​ជំពូក​ទាំង​នេះ ? »

ពេល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ ខ្ញុំ​ពិចារណា​ពី​សំណួរ​នេះ​ ម្តង​ហើយ​ម្តង​ទៀត ។ ហើយ​ការបំផុស​ខាង​វិញ្ញាណ​តែងតែ​កើត​មាន ហើយ​ខ្ញុំ​បាន​កត់ត្រា​ទុក​នៅក្នុង​សៀវភៅ​សិក្សា​ខ្ញុំ ។

ឥឡូវ​នេះ ​តើខ្ញុំ​ដឹង​ដោយ​របៀប​ណាថា ​ព្រះវិញ្ញាណ​កំពុង​បង្រៀន​ខ្ញុំ ? មែនហើយ វា​កើត​ឡើង​តាម​របៀប​​តូចតាច និង​ងាយៗ ។ ជួនកាល ​វគ្គ​បទគម្ពីរ​មួយ ហាក់​ដូចជា​ផុស​ចេញ​មកពី​ទំព័រនោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ។ មាន​ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំយល់ដឹង​កាន់តែ​ទូលំទូលាយ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ ។ ខ្ញុំ​ក៏​ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធផងដែរ នៅពេល​ភរិយា​ខ្ញុំ អាន ម៉ារី និង​ខ្ញុំ ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​យើង​កំពុង​អាន ។ ទស្សនវិស័យ​របស់​គាត់​ តែងតែយាង​អញ្ជើញ​​ព្រះវិញ្ញាណ​ជានិច្ច ។

ព្យាការី និង​បុណ្យ​រំលង

នៅ​ឆ្នាំ​នេះ​ យើង​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់—ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ ​ដែល​បំពេញ​ព្រលឹង​យើង​ដោយ​ពន្លឺ ។ អំឡុង​ពេល​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ចំណាយ​ពេល​ជាមួយ​មគ្គុទេស៍​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ៖ អ័ដាម, អេវ៉ា, ហេណុក, ណូអេ, អ័ប្រាហាំ និង​​ជា​ច្រើន​រូប​ទៀត ។

នៅ​សប្តាហ៍​នេះ អំឡុងពេល​សិក្សា និក្ខមនំ ជំពូក ៧–១៣ យើង​រៀន​ពី​របៀប​ដែល​​ព្រះអម្ចាស់ រំដោះ​កូនចៅ​អ៊ីស្រាអែល ពី​ការជាប់​ឃុំឃាំង​អស់​ជា​ច្រើន​សតវត្សរ៍​នៅក្នុង​ប្រទេស​អេស៊ីព្ទ ។ យើង​អាន​អំពី​គ្រោះ​ទាំង​ប្រាំបួន—ជាការបើក​សម្តែងពី​ព្រះចេស្តា​ដ៏អស្ចារ្យរបស់​ព្រះចំនួនប្រាំបួន—ដែល​ស្តេច​ផារ៉ោន​បាន​ឃើញ តែមិន​​បន្ទន់​ព្រះទ័យ​​ឡើយ ។

ក្រោយ​មក​ព្រះអម្ចាស់​បាន​ប្រាប់​ព្យាការី​ទ្រង់​គឺ ​ម៉ូសេ​អំពី​គ្រោះ​ទី​ដប់—និង​របៀប​ដែល​គ្រួសារ​នីមួយៗ​នៅក្នុង​ពួក​អ៊ីស្រាអែល ​អាច​រៀបចំ​ខ្លួន ។ ក្នុង​ពិធី​ដែលគេ​ហៅ​​ថា​បុណ្យ​រំលង​នោះ​ ពួកសាសន៍​អ៊ីស្រាអែល​ត្រូវ​សម្លាប់​​ចៀម​ឈ្មោល​​ដ៏​ល្អ​ឥតខ្ចោះមួយ​ធ្វើ​យញ្ញបូជា ។ រួច​ពួកគេ​ត្រូវ​យក​ឈាម​កូនចៀម​នោះ ​ទៅ​លាប​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​ពួកគេ ។ ព្រះអម្ចាស់​បាន​សន្យា​ថា គ្រប់​ផ្ទះ​​ដែល​មាន​លាប​​ឈាម​នោះ នឹង​ត្រូវបាន​ការពារ​ពី​គ្រោះ​អាក្រក់​នោះ ។

ព្រះគម្ពីរ​បាន​ចែង​ថា « ហើយ​ពួក​កូនចៅ​អ៊ីស្រាអែល … បាន​ធ្វើ​តាម​សេចក្តី​ដែល​ព្រះយេហូវ៉ា … បាន​បង្គាប់​មក​ម៉ូសេ » (និក្ខមនំ ១២:២៨) ។ មាន​អ្វី​មួយ​ដែល​មាន​អំណាច​ខ្លាំង​​បំផុត នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​សាមញ្ញ​នោះ គឺ​ការគោរព​ប្រតិបត្តិ​ ។

ដោយសារ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​ដំបូន្មាន​របស់​ម៉ូសេ ហើយ​បាន​ធ្វើដោយ​សេចក្ដី​ជំនឿ នោះ​ពួកគេ​ត្រូវបាន​សង្គ្រោះ​ពី​គ្រោះ​នោះ និង​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ពី​ការជាប់​ឃុំឃាំង​​នៅវេលានោះ ។

ដូច្នេះ​តើ​ព្រះវិញ្ញាណបរិសុទ្ធ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​ខ្ញុំ​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ក្នុង​សប្តាហ៍​នេះ ?

នេះ​ជា​គំនិត​មួយ​ចំនួន​​ដក់ក្នុង​ចិត្ត​ខ្ញុំ ៖

  • ព្រះអម្ចាស់​ធ្វើ​ការតាមរយៈ​ព្យាការី​របស់​ទ្រង់ ដើម្បី​ការពារ និង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ។

  • សេចក្តីជំនឿ និង​ការបន្ទាបខ្លួន​ធ្វើ​តាម​ព្យាការី បាន​នាំ​មក​នូវ​អព្ភូតហេតុ​នៃ​ការការពារ និង​ការដោះលែងឲ្យ​រួច ។

  • ឈាម​នៅលើ​ក្រប​ទ្វារ​នោះ ​គឺជា​សញ្ញា​ពីខាង​ក្រៅ នៃ​សេចក្តីជំនឿក្នុង​ចិត្ត​​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ​ដែល​ជា​កូនចៀម​នៃ​ព្រះ ។

ព្យាការី និង​សេចក្តីសន្យា​របស់​ព្រះអម្ចាស់

ខ្ញុំ​ស្ងើច​ចំពោះ​ភាព​ជួនគ្នា​រវាង​របៀប​ដែល​ព្រះអម្ចាស់ បាន​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់​នៅក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​របៀប​ដែល​ទ្រង់​បាន​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់​នា​សម័យ​បច្ចុប្បន្ននេះ​ផងដែរ ។

ពេល​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់​គឺ​ប្រធាន ណិលសុន បាន​ណែនាំ ចូរ​មក​តាម​ខ្ញុំ ដល់​យើង ​ជា​មធ្យោបាយ​មួយ​ក្នុង​ការសិក្សា​ព្រះគម្ពីរ នោះ​លោក​បាន​អញ្ជើញ​យើង​ឲ្យ​ផ្លាស់ប្រែ​គេហដ្ឋាន​យើង​ទៅ​ជា​ទី​ដ៏​បរិសុទ្ធ​នៃ​សេចក្តីជំនឿ និង​ជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ ។

បន្ទាប់មក​លោក​បាន​សន្យា​នូវ​ពរជ័យ​ជាក់លាក់​ចំនួន​បួន ៖

  1. ថ្ងៃ​ឈប់​សម្រាក របស់​បងប្អូននឹង​បាន​ជា​ទីរីករាយ​

  2. កូនចៅ របស់​បងប្អូននឹង​មាន​ចិត្ត​រំភើប​ក្នុង​ការរៀន និង​រស់​នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ

  3. ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត របស់​បងប្អូននិង​គេហដ្ឋាន របស់​បងប្អូននឹង​ត្រូវ​សាប​រលាប ហើយ

  4. នៅក្នុង​គ្រួសារ របស់​បងប្អូននឹង​មានការ​ផ្លាស់ប្ដូរ​​ទាំងនេះ​យ៉ាង​ខ្លាំង និង​រឹងមាំ ។

ឥឡូវ​នេះ​យើង​គ្មាន​កំណត់​ហេតុ​មកពី​អស់​អ្នក​ដែល​មាន​បទពិសោធន៍នៅថ្ងៃ​បុណ្យរំលង​ជាមួយ​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ​ទេ ។ ប៉ុន្តែ​យើង​មាន​ទីបន្ទាល់​ជា​ច្រើន​មក​ពី​ពួកបរិសុទ្ធ ដែល​មាន​​ជំនឿ​​ដូច​គ្នានោះ កំពុង​ធ្វើ​តាម​ការទូន្មាន​របស់​ប្រធាន ណិលសុន សព្វ​ថ្ងៃ​នេះ ហើយ​​​កំពុង​ទទួល​ពរជ័យ​ដែល​បាន​សន្យា​ទាំង​នោះ ។

នេះ​ជា​ទីបន្ទាល់មួយ​ចំនួន ៖

ម្តាយ​ម្នាក់​​ដែល​កូនតូច​ៗ​បាន​ថ្លែង ៖ « យើង​និយាយ​អំពី​ព្រះគ្រីស្ទ និង​រីករាយ​ក្នុង​ព្រះគ្រីស្ទ​​នៅក្នុង​ផ្ទះ​របស់​យើង ។ សម្រាប់​ខ្ញុំ​នោះ​គឺ​ជាពរជ័យ​ដ៏​មហិមា—ដែល​កូនៗ​អាច​ធំ​ឡើង​ដោយ​មាន​ការសន្ទនា​អំពី​ដំណឹងល្អ​នៅក្នុង​ផ្ទះ ដែល​នាំ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ » ។

បងប្រុស​ម្នាក់​បាន​ហៅ​ការសិក្សា​ព្រះគម្ពីរ​តាមរយៈសៀវភៅ ចូរ​មក​តាម​ខ្ញុំ នេះថា​ជា « មធ្យោបាយ​មួយដែល​ពោរពេញ​ដោយ​ពន្លឺ​នៃ​ព្រះ ដើម្បី​ជួយ​យើង​ឲ្យ​មើល​ឃើញ​គោលលទ្ធិ​​នៃ​ដំណឹងល្អ​ថា ចាំបាច់​សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង » ។

ភរិយា​វ័យ​ក្មេង​ម្នាក់​បាន​ពិពណ៌នា​ពី​ពរជ័យ​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​នាង ៖ « ខ្ញុំ​កាន់តែស្គាល់​ចិត្ត​​ស្វាមី ហើយ​ខ្ញុំកាន់តែ​​បើក​ចិត្ត​​ចំពោះ​គាត់ ពេល​យើង​សិក្សា​ជាមួយ​គ្នា » ។

ម្តាយ​ម្នាក់​នៃ​គ្រួសារ​ធំ​មួយ​បាន​កត់សម្គាល់​ពី​របៀប​ដែល​ការខិតខំ​របស់​គាត់ ដើម្បី​បង្រៀន​គ្រួសារ​គាត់ ​បាន​ផ្លាស់ប្តូរ ។ គាត់​បាន​លើក​ឡើង​ថា ៖ « កន្លង​មក វា​ដូច​ជា​ខ្ញុំ​កំពុង​តែ​លេង​ព្យាណូ​ពាក់​ស្រោមដៃ​ចូក​ព្រិល​​អ៊ីចឹង ។ ខ្ញុំ​បាន​លេង​តាម​ណោត ប៉ុន្តែ​លេង​មិន​ត្រូវសោះ ។ ឥឡូវ​ខ្ញុំ​ដោះ​ស្រោមដៃ​ចេញ ​ទោះ​ខ្ញុំ​​លេង​មិនល្អ​ក្តី តែខ្ញុំ​ឭ​សំឡេង​ប្លែក​ពីមុន ។ សៀវភៅចូរ​មក​តាម​ខ្ញុំ បាន​ផ្តល់​ការយល់ដឹង សមត្ថភាព ការផ្តោត​ចិត្ត​ទុកដាក់ និង​គោលបំណងដល់ខ្ញុំ » ។១០

ស្វាមី​វ័យ​ក្មេង​មួយ​រូប​បាន​ថ្លែង ៖ « ខ្ញុំឃើញកាន់តែច្បាស់​នូវអាទិភាព​សំខាន់បំផុត​​ក្នុង ចាប់តាំង​ពី​ខ្ញុំ​បាន​​សិក្សា ចូរ​មក​តាម​ខ្ញុំ ជា​ទៀងទាត់​រាល់​ព្រឹក ។ ការសិក្សា​នេះបាននាំ​ឲ្យ​ខ្ញុំ​គិត​កាន់តែ​ច្រើន​អំពី​អ្វី​ៗ​ដែល​សំខាន់​បំផុត​ចំពោះ​ខ្ញុំ ដូចជា ព្រះវិហារ​បរិសុទ្ធ ទំនាក់ទំនង​ជាមួយ​ភរិយា​ខ្ញុំ និង​ការហៅ​បម្រើ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ដែលផ្ទះ​របស់​ខ្ញុំ ​គឺ​ជា​ទីដ៏​បរិសុទ្ធ​ដែលមាន​ព្រះ​ជា​អាទិភាព​មុន​គេ » ។១១

ប្អូនស្រី​ម្នាក់​បាន​ចែកចាយ​ថា ៖ « បទពិសោធន៍​​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​ជាមួយ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ​ដូច​ជាពុំ​ឃើញ​អី​អស្ចារ្យ​ទេ ប៉ុន្តែយូរ​ទៅៗ ខ្ញុំ​អាច​ឃើញ​​ថាខ្ញុំ​​កំពុង​​ផ្លាស់ប្តូរ ពេល​ខ្ញុំផ្តោតចិត្ត​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ ។ ការសិក្សា​​តាម​របៀប​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បន្ទាប​ខ្លួន បង្រៀន និង​ផ្លាស់ប្តូរ​ខ្ញុំ​បន្តិច​ម្តងៗ » ។១២

អ្នក​ត្រឡប់​ពី​បេសកកម្ម​ម្នាក់​បាន​រាយការណ៍ថា ៖ កម្មវិធី « ចូរ​មក​តាម​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខិតជិតដល់កម្រិត​​ការសិក្សា​ព្រះគម្ពីរ ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​បេសកកម្ម ហើយ​ខ្ញុំ​អាច​ផ្លាស់ប្តូរ​ពី​ការសិក្សា​ព្រះ​គម្ពីរ តាម​កាតព្វកិច្ច មក​ជា​ការ​រៀន​មួយ​ដ៏​ថ្លៃថ្លាក្នុងការ​ស្គាល់​ព្រះ » ។១៣

ប្អូនប្រុស​ម្នាក់​ថ្លែងថា ៖ « ខ្ញុំ​ទទួល​អារម្មណ៍​ថា មានព្រះវិញ្ញាណ​បរិសុទ្ធ​​​កាន់​តែ​ខ្លាំង​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ទទួល​ការ​ណែនាំប្រកប​ដោយ​វិវរណៈ​របស់​ព្រះ ក្នុងការ​សម្រេច​ចិត្ត ។ ខ្ញុំ​អាចសន្ទនា​កាន់តែ​ជ្រាលជ្រៅអំពី​ភាពស្រស់ស្អាត​នៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​សាមញ្ញ និង​ដង្វាយធួន​របស់​ទ្រង់ » ។១៤

កុមារ​អាយុ​ប្រាំពីរ​ឆ្នាំម្នាក់​បាន​ចែកចាយថា ៖ « ខ្ញុំ​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក​ឆាប់ៗ​ហើយ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ កំពុង​រៀបចំខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ពិធី​នោះ ។ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​ពិភាក្សា​គ្នា​អំពីបុណ្យ​ជ្រមុជទឹក ហើយ​ឥឡូវ​នេះ​ខ្ញុំ​អត់​ខ្លាច​នឹងទទួល​បុណ្យ​ជ្រមុជទឹក​ទេ ។ ចូរ​មក​តាម​ខ្ញុំ ជួយ​​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​​មក​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ ។១៥

ហើយ​ចុងក្រោយ​នេះ​គឺមក​ពី​ម្តាយ​​ម្នាក់​ដែល​មាន​កូនបួន​ប្រាំ​នាក់ ៖ « ពេល​យើង​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ នោះ​ទ្រង់​បាន​ជួយ​គ្រួសារ​យើង​ប្តូរ​ពី​កង្វល់​ទៅ​រក​អំណាច ប្តូរ​ពី​ការសាកល្បង និង​ឧបសគ្គ​ទៅ​រក​ការរំដោះឲ្យរួច ប្តូរ​ពី​ការទាស់ទែង​គ្នា និង​ការរិះគន់​គ្នា ទៅ​ជា​សេចក្តីស្រឡាញ់ និង​ភាព​សុខសាន្ត និង​ប្តូរ​ពី​ការទទួល​ឥទ្ធិពល​របស់​អារក្ស ទៅ​ទទួល​ឥទ្ធិពល​របស់​ព្រះ​វិញ » ។១៦

អ្នក​ដើរ​តាមព្រះគ្រីស្ទ​​ទាំង​នេះ និង​អ្នក​ដើរ​តាម​ដ៏​ស្មោះត្រង់​ជា​ច្រើន​នាក់ទៀត បាន​លាប​ព្រះលោហិត​នៃ​កូនចៀម​នៃ​ព្រះ ​ជានិមិត្តរូប​នៅលើ​ច្រកចូល​​ផ្ទះ​របស់ពួកគេ ។ ពួកគេ​កំពុង​បង្ហាញ​ការតាំងចិត្ត​​ក្នុងខ្លួន ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ ។ សេចក្តីជំនឿ​របស់​ពួកគេ ​នាំឲ្យមាន​អព្ភូតហេតុ ។ វា​ជា​អព្ភូតហេតុ​ដែល​បុគ្គល​ម្នាក់​មាន​បទពិសោធន៍​នៅក្នុង​ព្រះគម្ពីរ ហើយ​បទពិសោធន៍​នោះ​បាន​ផ្តល់​ពរ​តាមរយៈ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ពេល​យើង​សិក្សា​ព្រះគម្ពីរ នោះពុំមានអំណត់អត់​ខាងវិញ្ញាណ​នៅក្នុង​ដែនដី​ឡើយ។ ដូច​នីហ្វៃ​បាន​ថ្លែង​​ថា « អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បីតែ​ការ​ល្បួង​ទាំង​ឡាយ និង​ព្រួញ​ភ្លើង​ទាំង​ឡាយ​របស់​មារសត្រូវ ក៏​មិន​អាច​ឈ្នះ​លើ​គេ​ដល់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្វាក់ ដើម្បី​នាំ​គេ​ទៅ​ឯ​សេចក្ដី​បំផ្លិចបំផ្លាញ​បាន​ដែរ » ( នីហ្វៃទី១ ១៥:២៤ ) ។

កាល​ពី​បុរាណ ពេល​ពួកកូនចៅ​អ៊ីស្រាអែលបាន​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈព្យាការី​ម៉ូសេ នោះ​ពួកគេមាន​ពរ​ដោយ​មាន​សុវត្ថិភាព និង​សេរីភាព ។ សព្វថ្ងៃនេះ នៅពេល​យើង​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ តាមរយៈ​ព្យាការី​នៅរស់​របស់​យើង​គឺ​ប្រធាន ណិលសុន នោះ​យើង​នឹង​ទទួលបាន​​ពរ​នូវ​ការផ្លាស់ប្រែចិត្ត​ជឿ​នៅក្នុង​ដួងចិត្ត​របស់​យើង និង​ការការពារ​ក្នុង​ផ្ទះ​របស់​យើងដូចគ្នាដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ នេះ​គឺ​ជា​សាសនាចក្រ​​ទ្រង់ ដែល​បាន​ស្ដារ​ឡើង​វិញមក​លើ​ផែនដី​នេះ​​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជាព្យាការី​​របស់​ព្រះអម្ចាស់ នាពេលបច្ចុប្បន្ននេះ ។ ខ្ញុំ​ស្រឡាញ់ ហើយ​គាំទ្រ​លោក ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ទំព័រ vii ។

  2. « ពួក​យើង​ម្នាក់ៗ​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រីកចម្រើន​ខាង​វិញ្ញាណ​រៀងៗ​ខ្លួន » ( រ័សុល អិម ណិលសុន « សុន្ទរកថា​បើក » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨ ) ។

  3. សូមមើល រ័សុល អិម ណិលសុន « The Temple and Your Spiritual FoundationLiahonaខែវិច្ឆិកា ឆ្នាំ ២០២១, ៩៣–៩៦ ។

  4. នេះ​ជា​មូលហេតុ​​សំខាន់មួយ​ដែល​ប្រធាន ណិលសុន បាន​អង្វរ​យើង​ឲ្យ « មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ! សូម​ធ្វើ​ឲ្យ​គ្រឹះ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន​រឹងមាំ​ ហើយ​អាចទប់ទល់​នឹង​ការសាកល្បង​​ ដោយ​ការធ្វើ​នូវ​រឿងទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​បងប្អូន​ជានិច្ច» ( « Make Time for the Lord » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១២០ ) ។

  5. មិន​ថា​មនុស្ស​ដទៃ​និយាយ ឬ​ធ្វើ​អ្វី​នោះ​ទេ គ្មាន​នរណា​ម្នាក់​អាច​ដក​យក​នូវ​សាក្សី​មួយ​ដែល​កើត​មាននៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​បងប្អូន​អំពីអ្វី​ដែល​ជា​​ការពិត​បាន​ឡើយ » ( រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។

  6. សូមមើល រ័សុល អិម ណិលសុន ​« Becoming Exemplary Latter-day Saints » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣–១១៤ ។ ប្រធាន​ណិលសុន​បាន​ថ្លែង​ពី​ការអញ្ជើញ​នេះ​ឡើង​វិញ​កាល​ពី​ខែ​មេសា​​ឆ្នាំមុន ៖ « ការប្តេជ្ញាចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់បងប្អូន​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​នៃ​សេចក្តីជំនឿ ដ៏​សំខាន់ នឹង មិនដែល បញ្ចប់​ទៅ​ឡើយ ។ កាល​ដែល​សេចក្តីជំនឿ និង​ភាព​បរិសុទ្ធ​ថយចុះ​នៅក្នុង​ពិភពលោក​ដ៏​ធ្លាក់ចុះនេះ នោះ​​តម្រូវការ​របស់​បងប្អូន​ដើម្បី​មាន​ទីកន្លែងដ៏បរិសុទ្ធ​នឹង​កើនឡើង ។ ខ្ញុំ​សូម​ជំរុញ​បងប្អូន​ឲ្យ​បន្ត​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​បងប្អូន​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​យ៉ាងពិត​ប្រាកដ ហើយ ចូរ​កុំរើគោលលទ្ធិ និង សេចក្ដី សញ្ញា ៨៧:៨ សេចក្ដី បញ្ជាក់ បន្ថែម ] »​ចេញពី​គោលដៅ​ដ៏​ចាំបាច់​នោះឡើយ » ( « អ្វី​ដែល​យើងកំពុងរៀន​នឹង​មិន​ភ្លេច​ឡើយ » Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៩ ។

  7. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន សូមមើល​ផងដែរ នីហ្វៃទី២ ២៥:២៦ ។

  8. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  9. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  10. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  11. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  12. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  13. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  14. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  15. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  16. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។