សន្និសីទទូទៅ
វីដេអូ ៖​« បងប្អូន គឺជា​ស្ត្រី​ដែល​លោក​បាន​ទាយ​ទុក​ជា​មុន »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


វីដេអូ ៖​« បងប្អូន គឺជា​ស្ត្រី​ដែល​លោក​បាន​ទាយ​ទុក​ជា​មុន »

នៅក្នុង​ឆ្នាំ ១៩៧៩ ប្រធាន​ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ ហើយ​លោកបានសុំ​ឲ្យ​ភរិយា​របស់លោក កាមៀលឡា អាន​សុន្ទរកថា​ជំនួស​លោក​នៅក្នុង​សម័យ​ប្រជុំ​ស្ត្រី​ទូទៅ​មួយ ។

ស៊ីស្ទើរ កាមៀលឡា ឃឹមបឹល ៖« ការរីកចម្រើន​ដ៏​ខ្លាំងក្លា​បំផុត​នឹង​កើត​មាន​នៅក្នុង​សាសនាចក្រ​នៅថ្ងៃ​ចុងក្រោយ ដែលនឹង​កើត​​ឡើង​ដោយសារ​​មានស្ត្រី​ល្អៗ​ជាច្រើន​ក្នុង​ពិភព​លោក​នេះ​( ជា​អ្នក​ដែល​តែងតែ​មាន​អារម្មណ៏​នៃ​ព្រះវិញ្ញាណ ) ​នឹង​នាំសមាជិកនូវចំនួន​ដ៏​ច្រើនសន្ធឹកសន្ធាប់​មក​កាន់​សាសនាចក្រនេះ ។ ការណ៍​នេះ​នឹង​កើត​មាន​ឡើង​ក្នុង​កម្រិត​មួយ ដែល​ស្ត្រី​នៃសាសនាចក្រ​ឆ្លុះបញ្ចាំង​ពី​សេចក្ដី​សុចរិត និង​ភាពច្បាស់​លាស់នៅក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុង​កម្រិត​មួយ​ដែល​ស្ត្រី​នៃសាសនាចក្រ​ត្រូវ​គេ​មើល​ឃើញថា មាន​ភាព​ប្លែកអស្ចារ្យ ហើយ​ផ្សេង​ពីគេ​—​ក្នុង​របៀប​ដ៏​រីករាយ​—​ខុស​ពីស្ត្រី​នៃ​ពិភពលោក » ។

ប្រធាន រ័សុល អិម ណិលសុន ៖​« បងប្អូន​ស្ត្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ បងប្អូន​គឺជា​សហការី​ដ៏សំខាន់​របស់​យើង​ក្នុង​យុគសម័យ​ចុងក្រោយ​នេះ ជា​ជំនាន់​ដែល​ប្រធាន ឃឹមបឹល​បាន​ទាយ​ទុក​ជា​មុន គឺ​ពេល​សព្វថ្ងៃ​នេះ ។ បងប្អូន គឺជា​ស្ត្រី​ដែល​លោក​បាន​ទាយ​ទុក​ជា​មុន ! គុណធម៌ ពន្លឺ សេចក្ដី​ស្រឡាញ់ ចំណេះដឹង ភាពក្លាហាន អត្តចរិត សេចក្ដីជំនឿ និង​ជីវិត​ដ៏​សុចរិត​របស់​បងប្អូន នឹង​នាំ​ស្ត្រី​ល្អៗ​នៃ​ពិភពលោក​រួម​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ឲ្យ​មក​កាន់​សាសនាចក្រ​នៅក្នុង​ចំនួន​ដ៏​នឹក​ស្មាន​មិន​ដល់​មួយ !

« យើង … ត្រូវការ​កម្លាំង ការប្រែចិត្ត​ជឿ ការជឿស៊ុប សមត្ថភាព​ក្នុង​ការដឹកនាំ ប្រាជ្ញា និង សំឡេង​របស់​បងប្អូន ។ នគរ​នៃ​ព្រះ​គឺ​ពុំ​មាន និង​ពុំ​អាច​មាន​ពេញលេញ​ដោយ​គ្មាន​ស្ត្រី ដែល​ជា​អ្នក​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ រួចហើយ​គោរព​តាម​សេចក្ដី​សញ្ញា​ទាំងនោះ ដែលជា​ស្ត្រី​ដែល​អាច​និយាយ​ដោយ​អានុភាព និង​សិទ្ធិអំណាច​ពី​ព្រះ​បាន​នោះទេ !…

« … មិន​ថា​ការហៅ​បម្រើ​របស់​បងប្អូន​ជា​អ្វីនោះ​ឡើយ មិនថាស្ថានភាព​របស់​បងប្អូន​យ៉ាងណា​ក៏ដោយ យើង​ត្រូវការ​ចំណាប់​អារម្មណ៍ គំនិត និង​ការបំផុស​គំនិត​របស់​បងប្អូន ។ យើង​ត្រូវការ​ឲ្យ​បងប្អូន​ហ៊ាន​និយាយ​ដោយ​ក្លាហាន​នៅក្នុង​ក្រុមប្រឹក្សា​វួដ និង​ស្តេក​របស់​បងប្អូន ។ យើង​ត្រូវការ​ឲ្យ​បងប្អូន​ស្ត្រី​ដែល​បាន​រៀបការ​រួច​ម្នាក់ៗ​និយាយ​ក្នុងនាម​ជា​‹ អ្នក​រួម​ចំណែក និង​ជា​ដៃគូ​ពេញលេញ ម្នាក់ › នៅពេល​ដែល​បងប្អូន​រួបរួម​គ្នា​ជាមួយ​នឹង​ស្វាមី​របស់​បងប្អូន​នៅក្នុង​ការគ្រប់​គ្រង​គ្រួសារ​របស់​បងប្អូន ។ ទាំង​អ្នក​រៀបការ ឬ​នៅ​លីវ បងប្អូន​មាន​សមត្ថភាព​ដាច់​ដោយ​ឡែក និង​មាន​វិចារណ​ញាណ​ពិសេស​ដែល​បងប្អូន​បាន​ទទួល ជា​អំណោយ​ទាន​មកពី​ព្រះ ។ យើង​ជា​បងប្អូន​ប្រុស ពុំ​អាចមាន​ឥទ្ធិពល​ដ៏ពិសេស​នោះ​របស់​បងប្អូន​បាន​ឡើយ ។

« យើង​ដឹងថា​សកម្មភាព​ដ៏​សំខាន់​បំផុត​នៃ​ការបង្ក​បង្កើត​ទាំងឡាយ គឺជា​ការបង្ក​បង្កើត​នៃ​ស្ត្រី ! យើង​ត្រូវការ​កម្លាំង​របស់​បងប្អូន !…

« … ខ្ញុំ​សូម​អរគុណ​ បងប្អូន​ស្រ្តី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ហើយ​សូម​ប្រសិទ្ធពរ​ដល់​បងប្អូន​ឲ្យ​សម្រេច​បានសក្ដានុពល​ពេញលេញ​របស់​បងប្អូន ដើម្បី​បំពេញ​នូវ​ទំហំ​នៃ​ការបង្ក​បង្កើត​របស់​បងប្អូន នៅពេល​យើង​ដើរ​កាន់​ដៃគ្នា​នៅក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ។ យើង​នឹង​រួមគ្នា​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​មក ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ » ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Spencer W. Kimball​( ឆ្នាំ​២០០៦ ) ទំព័រ ២២២–២៣ ។

  2. រ័សុល អិម. ណិលសុន, « A Plea to My Sisters » Ensignឬ​Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៦, ៩៧ ។