សន្និសីទទូទៅ
ស្រឡាញ់ ចែកចាយ អញ្ជើញ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ស្រឡាញ់ ចែកចាយ អញ្ជើញ

កាលដែល​យើង​ស្រឡាញ់ ចែកចាយ ហើយ​អញ្ជើញ នោះ​យើង​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ និង​ដ៏​រុងរឿង ដែល​រៀបចំ​ផែនដី​នេះ​សម្រាប់​ការយាងមក​របស់​ព្រះមែស៊ី ។

សូម​ធ្វើ​ការស្រមៃ​ជាមួយ​ខ្ញុំ​បន្តិចថា យើង​កំពុង​តែ​ឈរ​នៅលើ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ និង​ធ្វើ​ជា​សាក្សី​អំពី​ភាពអស្ចារ្យ និង​សិរីល្អ​នៃ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​កំពុង​តែ​យាង​ជួប​នឹង​ពួកសិស្ស​របស់​ទ្រង់ ។ គួរ​ឲ្យ​ស្ញប់ស្ញែង​ណាស់ ពេល​​បានឮ​ពាក្យ​ទាំងនេះ​ដោយ​ផ្ទាល់​នោះ ដែល​ទ្រង់​បាន​ចែកចាយ​នឹង​ពួកគេ ដោយបង្គាប់​ដ៏​ឱឡារិក​ថា « ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។ ប្រាកដ​ណាស់ ពាក្យ​ទាំងនេះ​នឹង​ផ្ដល់​អំណាច បំផុស​គំនិត និង​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​រំជួល​ចិត្ត ដូច​ដែល​វា​បាន​ធ្វើ​ចំពោះ​ពួក​សាវក​របស់​ទ្រង់​ដែរ ។ ពិតណាស់ ពួកលោក​បាន​បូជា​ជីវិត​ដែល​នៅសល់​ដើម្បី​ធ្វើ​ដូច្នោះ​ឯង ។

គួរឲ្យ​ចាប់​អារម្មណ៍​ណាស់ មិន​មែន​ត្រឹមតែ​ពួក​សាវក​ប៉ុណ្ណោះ​ទេ​ដែល​បាន​ដាក់​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ក្នុង​ដួងចិត្ត​នោះ ។ សមាជិក​សាសនាចក្រ​ជំនាន់​ដើម រាប់​តាំង​ពី​សមាជិក​ចាស់​បំផុត ដល់​សមាជិកថ្មី​បំផុត បាន​ចូលរួម​ចំណែក​ស្ដាប់​តាម​ការបង្គាប់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដែល​ពួកគេ​បាន​ជួប និង​ស្គាល់ ។ ការប្តេជ្ញា​ចិត្ត​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ បាន​ជួយ​សាសនាចក្រ​ដែល​ទើប​បង្កើត​ថ្មី​របស់​ទ្រង់​រីកចម្រើន​យ៉ាង​ទូលំទូលាយ ។

ដូច​គ្នា​ដែរ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​ស្ដាប់​តាម​ការបង្គាប់​របស់​ទ្រង់​នៅ​សព្វថ្ងៃ​នេះ ដូចជា​យើង​បាន​នៅ​ទីនោះ នៅលើ​ភ្នំ​នោះ​ក្នុង​ស្រុក​កាលីឡេ កាល​ទ្រង់​បាន​ប្រកាស​​ជា​លើក​ដំបូង ។ ការបង្គាប់​នេះ​ចាប់ផ្ដើម​ម្ដងទៀត​នៅក្នុង​ឆ្នាំ ១៨៣០ នៅពេល​ដែល យ៉ូសែប ស្ម៊ីធ បាន​ញែក​បងប្រុស​លោក សាំយ៉ូអែល ឲ្យ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដំបូង​ម្នាក់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តាំង​ពី​ពេល​នោះ​មក មាន​អ្នកផ្សព្វផ្សាយ​សាសនា​ជាង ១,៥ លាន​នាក់ បាន​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក ដើម្បី​បង្រៀន​ដល់​គ្រប់​ជាតិសាសន៍ និង​ជ្រមុជទឹក​ដល់អស់​អ្នក​ទាំងឡាយ​ណា​ដែល​ឱប​ក្រសោប​យក​ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។

នេះ​គឺ​ជា​គោលលទ្ធិ​របស់​យើង ។ ជា​បំណង​ប្រាថ្នា​ដ៏​ល្អ​ប្រពៃ​របស់​យើង ។

ដោយរាប់​តាំង​ពីក្មេងរហូតដល់​ចាស់ ក្នុង​ចំណោម​យើង យើង​រង់ចាំ​យ៉ាង​អន្ទះសា​ដល់​ពេលវេលា​ដែល​យើង​អាច​ស្ដាប់តាម​ការហៅ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ជាតិសាសន៍​នានា​ក្នុង​ពិភពលោក​នេះ ។ ខ្ញុំ​ប្រាកដ​ណាស់​ថា ក្មួយៗ​ជា​យុវជន​យុវនារី​​មាន​អារម្មណ៍​ពី​ការអញ្ជើញ​ដ៏​អង់អាច​ស្រដៀង​គ្នា​នេះ​មកពី​ព្យាការី​របស់​យើង​កាលពី​ម្សិល​មិញ​នេះ ពេល​ដែល​លោក​បាន​អញ្ជើញ​ក្មួយៗ​ឲ្យ​រៀបចំ​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង គឺ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​ពួកសាវក​របស់​ទ្រង់ដូច្នេះ​ដែរ ។

ដូចជា​អ្នករត់​ប្រណាំង​ដែល​រង់ចាំនៅ​ទី​ចាប់ផ្តើម គឺយើង​រំពៃ​រង់ចាំ​ការអញ្ជើញ​ជា​ផ្លូវការ ដោយ​មាន​ហត្ថលេខា​របស់​ព្យាការី ដែល​ផ្ដល់ជា​សញ្ញា​ថា​ ចាប់ផ្ដើម​ការប្រណាំង ! បំណង​ប្រាថ្នា​នេះ​គឺ​ថ្លៃថ្នូរ និង​បំផុស​គំនិត ទោះ​ជា​យ៉ាងណា​ក៏​ដោយ​សូម​ពិចារណា​ចំពោះសំណួរ​នេះ ហេតុអ្វី​យើង ទាំងអស់​គ្នា មិន​ចាប់ផ្ដើម​ពី​ពេល​ឥឡូវ​នេះ​ទៅ ?

បងប្អូន​អាច​សួរ​ថា « តើ​ខ្ញុំ​អាច​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដោយ​គ្មាន​ស្លាក​ឈ្មោះ​ដោយ​របៀប​ណា ? » ឬ​យើង​ប្រាប់​ខ្លួនឯង​ថា « ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ត្រូវបាន​ញែក​ចេញ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ ខ្ញុំ​ចង់ជួយ​ដែរ ប៉ុន្តែ​ប្រហែល​ចាំ​ពេលក្រោយ គឺ​ជាពេល​ដែល​ជីវិត​បាន​ស្ងប់​បន្តិច​សិន » ។

បងប្អូន​ប្រុសស្រី វា​សាមញ្ញ​ជាង​នោះ​ខ្លាំង​ណាស់ ! យើង​មាន​អំណរគុណ ដែល​ការបង្គាប់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ អាច​សម្រេច​បាន​តាមរយៈ​គោលការណ៍​ដ៏​សាមញ្ញ ងាយស្រួល​យល់ ដែល​ត្រូវបាន​បង្រៀន​ដល់​យើង​ម្នាក់ៗ​តាំងពី​កុមារភាព​មក ៖ ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។

ស្រឡាញ់

ចំណុច​ទីមួយ​ដែល​យើង​អាច​ធ្វើ​បាន គឺ​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់ ។

ដួងចិត្ត​របស់​យើង​មាន​បន្ទុក​ធ្ងន់​ដោយសារ​តែ​ការរងទុក្ខ និង​ភាពតានតឹង​របស់​មនុស្ស ដែល​យើង​ឃើញ​នៅ​ទូទាំង​ពិភពលោក អំឡុង​គ្រា​ដ៏​ច្របូក​ច្របល់​ទាំងនេះ ។ ទោះ​ជា​យ៉ាង​ណា យើង​ក៏​អាច​ទទួល​ការបំផុស​គំនិត​ពី​មេត្តាធម៌ និង​មនុស្សធម៌​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​បាន​បង្ហាញ​ដោយ​មនុស្ស​នៅ​គ្រប់​ទិសទី តាមរយៈ​កិច្ចខិតខំ​របស់​ពួកគេ ក្នុង​ការឈោង​ទៅ​ជួយ​ដល់​អ្នកខ្វះខាត—អ្នក​ដែល​ចាកចេញ​ពី​ទីលំនៅ​របស់​ពួកគេ បែក​ពី​ក្រុមគ្រួសារ​របស់​ពួកគេ ឬ​កំពុង​ជួប​ប្រទះ​នឹង​ទុក្ខសោក និង​ភាពអស់​សង្ឃឹម​តាម​ទម្រង់​ផ្សេងៗ​ទៀត ។

ថ្មីៗ​នេះ ប្រភព​ព័ត៌មាន​នានា​បាន​រាយការណ៍​ពី​អ្នក​ម្ដាយ​មួយ​ក្រុម​នៅ​ប្រទេស​ប៉ូឡូញ ដោយ​ខ្វាយខ្វល់​ដល់​គ្រួសារ​ជន​ភៀសខ្លួន​ដោយ​អស់​សង្ឃឹម​ដែល​មាន​កូន​តូច ពួកគេបាន​រៀបចំបម្រុងទុក​រទេះ​រុញ​យ៉ាង​មាន​សណ្តាប់ធ្នាប់​នៅ​ឯស្ថានីយ៍​រថភ្លើង​សម្រាប់​គ្រួសារ​ទាំងនោះ​នៅ​ពេល​ដែល​ពួកគេ​ឡើង​រថភ្លើង ។ ពិតណាស់ ព្រះវរបិតាសួគ៌​របស់​យើង​ញញឹម​ដោយ​ព្រោះ​ទង្វើ​នៃ​សប្បុរសធម៌​ដោយ​មិន​អាត្មានិយម​ដូចជា​ទង្វើ​ទាំងនេះ ដ្បិត​ពេល​ដែល​យើង​រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅមក នោះ​យើង « សម្រេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ » ។

នៅពេល​ណា​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ទៅកាន់​អ្នក​ជិតខាង​របស់​យើង នោះ​យើង​ផ្សព្វផ្សាយ​ដំណឹងល្អ​ហើយ—សូម្បី​តែ​យើង​មិន​បាន​និយាយ​ពាក្យ​មួយ​ម៉ាត់​ក្ដី ។

សេចក្ដី​ស្រឡាញ់​សម្រាប់​មនុស្ស​ដទៃ​ទៀត គឺ​ជា​ការបង្ហាញ​មតិ​ដ៏​ពូកែ​អំពី​បទបញ្ញត្តិ​ធំ​ទីពីរ ដែល​ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​យើង ។ វា​បង្ហាញ​ពី​ដំណើរការ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រិត​សម្រាំង​ព្រលឹង​របស់​យើង ។ តាមរយៈ​ការបង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ចំពោះ​មនុស្ស​ផ្សេង​ទៀត យើង​អាច​បណ្ដាល​ឲ្យ​អស់​អ្នក​ដែល​ឃើញ​កិច្ចការល្អ​របស់​យើង « សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃ [ យើង ] រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ » ។

យើង​ធ្វើ​ការណ៍​នេះ​ដោយ​មិន​រំពឹង​ចង់បាន​អ្វី​ត្រឡប់​មកវិញ​នោះ​ទេ ។

ពិតណាស់​ក្តីសង្ឃឹម​របស់​យើង គឺ​ថា​ពួកគេ​នឹង​ទទួល​យក​សេចក្តីស្រឡាញ់ និង​សារលិខិត​របស់​យើង ទោះ​បី​ជា​របៀប​ដែល​ពួកគេ​ប្រតិកម្ម​តបត​មិន​ស្ថិត​នៅ​ក្នុង​ការគ្រប់គ្រង​របស់​យើង​ក៏​ដោយ ។

ប៉ុន្តែ​យើង​ពិតជា​អាច​គ្រប់គ្រង​អ្វី​ដែល​យើង​ធ្វើ និង​ខ្លួន​យើង​បាន ។

តាមរយៈ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​សម្រាប់​មនុស្ស​ដទៃ​ទៀត នោះ​យើង​ផ្សព្វផ្សាយ​យ៉ាង​ស្ទាត់​ជំនាញ អំពី​លក្ខណៈ​សម្បត្តិ​ដែល​ផ្លាស់ប្តូរ​ជីវិត​ដ៏​រុងរឿង​នៃ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ហើយ​យើង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​ការបំពេញ​តាម​ការបញ្ជា​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

ចែកចាយ

ចំណុច​ទីពីរ​ដែល​យើង​អាច​ធ្វើ​បាន គឺ​ចែកចាយ ។

អំឡុង​ខែ​ដំបូងនៃ​រោគរាតត្បាត​កូវីដ-១៩ ប្អូនប្រុស វីសាន មកពី​ប្រទេស​ថៃ បាន​ទទួល​ការបំផុសគំនិត​ឲ្យ​ចែកចាយ​អារម្មណ៍ និង​ចំណាប់​អារម្មណ៍​របស់​គាត់​អំពី​អ្វី​ដែល​គាត់​កំពុងរៀន​នៅក្នុង​ព្រះគម្ពីរ​មរមន នៅលើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់ ។ នៅក្នុង​ការចុះផ្សាយ​ផ្ទាល់​ខ្លួន​ជា​ពិសេស​របស់​គាត់​មួយ គាត់​បានចែកចាយ​ដំណើររឿង​មួយ​អំពី​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ក្នុង​ព្រះគម្ពីរ​មរមន​ពីរនាក់ គឺ​អាលម៉ា និង​អាមូលេក ។

វីណៃ ដែល​ជា​បង​ប្រុស​របស់​គាត់ បាន​ជឿស៊ប់ក្នុងសាសនា​របស់​គាត់គាត់​បាន​រំជួល​ចិត្ត​ពីការបង្ហោះ​នោះ​ដែរ ហើយ​បាន​សួរ​តប​មក​វិញ​ដោយ​មិន​បាន​រំពឹង​ទុក​ថា « តើ​ខ្ញុំ​អាច​សុំ​សៀវភៅ​នោះ​ជា​ភាសា​ថៃ​បាន​ទេ ? »

វីសាន បាន​រៀបចំ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​យ៉ាង​ឈ្លាសវៃ ហើយ​បាន​បញ្ជូន​វា​តាមរយៈ​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​ពីរនាក់ ដែល​បាន​ចាប់ផ្ដើម​បង្រៀន​បងប្រុស​របស់​គាត់ ។

វីសាន បាន​ចូលរួម​មេរៀន​តាម​អនឡាញ ដែល​គាត់​បាន​ចែកចាយ​អារម្មណ៍​របស់​គាត់​អំពី​ព្រះគម្ពីរ​មរមន ។ វីណៃ បាន​រៀន​អធិស្ឋាន និង​សិក្សា​ជាមួយ​នឹង​ស្មារតី​ស្វែងរក​សេចក្ដីពិត ដើម្បី​ទទួល និង​ឱបក្រសោប​យក​សេចក្ដីពិត ។ ក្នុង​ពេល​ប៉ុន្មាន​ខែ​ក្រោយមក វីណៃ បាន​ជ្រមុជ​ទឹក !

ក្រោយមក វីសាន បាន​និយាយ​ថា « យើង​មាន​ការទទួល​ខុសត្រូវ ដើម្បី​ធ្វើ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​របស់​ព្រះ ហើយ​យើង​ត្រូវតែ​ត្រៀម​ខ្លួន​រួច​រាល់​ជានិច្ច​សម្រាប់​ទ្រង់ ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ តាម​របៀប​របស់​ទ្រង់ តាមរយៈ​យើង » ។ អព្ភូតហេតុ​គ្រួសារ​របស់​ពួកគេ​បាន​កើតឡើង ដោយសារ​តែ វីសាន គ្រាន់តែ​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ដ៏​សាមញ្ញ​មួយ ។

យើង​ទាំងអស់​គ្នា​ចែកចាយ​អ្វីៗ​ជាមួយ​មនុស្ស​ផ្សេង​ទៀត ។ យើង​ធ្វើ​វា​ជា​ញឹកញាប់ ។ យើង​ចែកចាយ​ពី​រឿងកុន និង​អាហារ​ដែល​យើង​ចូលចិត្ត រឿង​សប្បាយៗ​ដែល​យើង​ឃើញ កន្លែង​ដែល​យើង​ទៅលេង រូបសិល្បៈ​ដែល​យើង​ពេញចិត្ត ការដកស្រង់​ដែល​បំផុស​គំនិត​យើង ។

តើ​យើង​អាច​បន្ថែមសេចក្តីស្រឡាញ់​​របស់​យើង​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ចូល​ទៅក្នុង​បញ្ជី​ដែល​យើង​មាន​ដើម្បី​ចែកចាយ​នោះ​បាន​យ៉ាង​ដូចម្តេច ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​ពន្យល់​ថា « បើ​មានមនុស្ស​ម្នាក់​សួរ​​បងប្អូន​ថា តើនៅចុង​សប្ដាហ៍​​បងប្អូន​បានធ្វើអ្វីខ្លះ នោះសូម​កុំ​ស្ទាក់ស្ទើរ​ប្រាប់ពីបទពិសោធន៍ដែល​បងប្អូន​មាន​នៅ​ព្រះវិហារដល់​ពួកគេ ។ សូម​ប្រាប់​អំពី​កុមារ​តូចៗ​ដែល​ឈរ​នៅ​ខាង​លើ​វេទិកា​ពី​មុខ​ក្រុមជំនុំ ហើយ​ច្រៀង​ចម្រៀង​ដោយ​ក្លៀវក្លា​អំពី​របៀប​ដែល​ពួកគេ​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ ។ និយាយ​អំពី​ក្រុម​យុវវ័យ​ដែល​ចំណាយ​ពេល​ជួយ​ដល់​មនុស្ស​ជរា​ដែល​នៅ​ផ្ទះ​ដើម្បី​ប្រមូល​ព័ត៌មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន » ។

ការចែកចាយ​មិនមែន​ជា « ការលក់ » ដំណឹងល្អ​នោះ​ទេ ។ បងប្អូន​មិន​ចាំបាច់​សរសេរ​ទេសនកថា​មួយ ឬ​កែតម្រូវ​ការយល់ឃើញ​មិន​ត្រឹមត្រូវ​របស់​នរណា​ម្នាក់​នោះ​ទេ ។

ពេល​និយាយ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រះ​មិន​ត្រូវការ​បងប្អូន​ឲ្យ​ធ្វើ​ជា​នគរបាល​របស់​ទ្រង់​ទេ ទោះ​យ៉ាង​ណា​ ទ្រង់​សុំ​ឲ្យ​បងប្អូន​ធ្វើ​ជា​អ្នកចែកចាយ​របស់​ទ្រង់​វិញ ។

តាមរយៈ​ការចែកចាយ​បទពិសោធន៍​វិជ្ជមាន​របស់​យើង​នៅក្នុង​ដំណឹងល្អ​នេះ​ជាមួយ​មនុស្ស​ផ្សេង​ទៀត យើង​ចូលរួម​ចំណែក​នៅក្នុង​ការបំពេញ​តាម​បញ្ជា​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​ហើយ ។

អញ្ជើញ

ចំណុច​ទីបី​ដែល​បងប្អូន​អាច​ធ្វើ​បាន គឺ​អញ្ជើញ ។

ស៊ីស្ទើរ មេរ៉ា គឺជា​អ្នកប្រែ​ចិត្ត​ជឿ​ថ្មី​ម្នាក់​មក​ពី​ប្រទេស អេក្វាទ័រ ។ អំណរ​របស់​គាត់​នៅក្នុង​ដំណឹងល្អ​បាន​កើនឡើង​ភ្លាមៗ បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ កាលដែល​គាត់​បាន​អញ្ជើញ​មិត្តភក្ដិ និង​មនុស្ស​ជាទី​ស្រឡាញ់​ដែល​នៅ​ជុំ​វិញ​គាត់ តាមរយៈ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់ ។ សមាជិក​គ្រួសារ និង​មិត្តភក្ដិ​ជាច្រើន ដែល​បាន​ឃើញ​ការចុះផ្សាយ​របស់​គាត់​បានតប​ជាមួយ​នឹង​សំណួរ​នានា ។ មេរ៉ា បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួកគេ ជា​ញឹកញាប់​គឺ​ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​មក​ផ្ទះ​របស់​គាត់ ដើម្បី​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាមួយ​គ្នា ។

ឪពុក​ម្ដាយ​របស់ មេរ៉ា បងប្អូន មីង បងប្អូន​ជីដូន​មួយ​ពីរនាក់ និង​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​របស់​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ដោយសារ​គាត់​បាន​មាន​ភាពក្លាហាន​អញ្ជើញ​ពួកគេ​ឲ្យ « មក ហើយ​មើល » « មក ហើយ​ជួយ » និង « មក​ហើយ​ចូល​ជា​សមាជិក » ។ តាមរយៈ​ការអញ្ជើញ​ដ៏​សាមញ្ញ​របស់​គាត់ មនុស្ស​ជាង ២០ នាក់ បាន​ទទួល​ការអញ្ជើញ​របស់​គាត់ ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​បាន​ចូល​ជា​សមាជិក​សាសនាចក្រ ដោយសារ​ស៊ីស្ទើរ មេរ៉ា គ្រាន់តែ​បាន​អញ្ជើញ​មនុស្ស​ដទៃ​ទៀត ឲ្យ​មក​ដក​ពិសោធន៍​សេចក្ដី​អំណរ​ដែល​គាត់​បាន​ទទួល ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ។

រូបភាព
ស៊ីស្ទើរ មេរ៉ា និង​អស់​អ្នក​ដែល​ទទួល​បទពិសោធន៍​នៃ​សេចក្តីអំណរ​នៃ​ដំណឹងល្អ<nb/>។

មាន​ការអញ្ជើញ​រាប់​រយ ដែល​យើង​អាច​អញ្ជើញ​ទៅ​អ្នក​ដទៃ​ទៀត​បាន ។ យើង​អាច​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ឲ្យ « មក ហើយ​មើល » ពិធី​សាក្រាម៉ង់ សកម្មភាព​វួដ វីដេអូ​តាម​អនឡាញ ដែល​ពន្យល់​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ « មក ហើយ​មើល » អាច​ជា​ការអញ្ជើញ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ឬ​មកមើល​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​ពិធី​សម្ពោធ ពីមុន​ពិធី​ឧទ្ទិស​ឆ្លង ។ ជួនកាល ការអញ្ជើញ​នោះ​ជា​អ្វី​មួយ​ដែល​យើង​អញ្ជើញ​នៅ​ខាង​ក្នុង—ជា​ការអញ្ជើញ​ដល់​ខ្លួន​យើង ដែល​ផ្ដល់​ការយល់ដឹង និង​ទស្សនវិស័យ​ដល់​ខ្លួន​យើង អំពី​ឱកាស​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដើម្បី​ធ្វើ​សកម្មភាព​តាម ។

នៅក្នុង​ជំនាន់​ឌីជីថល​របស់​យើង ជាញឹកញាប់​សមាជិក​ចែកចាយ​សារលិខិត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ មាន​សារ​ដែល​លើកស្ទួយ បើ​មិន​រាប់​ពាន់​ទេ ក៏​រាប់រយ​ដែរ ដែល​បងប្អូន​អាច​ឃើញ​ថា​ស័ក្ដិសម​ដើម្បី​ចែកចាយ ។ មាតិកា​នេះ​ផ្ដល់​ការអញ្ជើញ​ឲ្យ « មក ហើយ​មើល » « មក ហើយ​ជួយ » និង « មក ហើយ​ចូល​ជា​សមាជិក » ។

កាលដែល​យើង​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ចូលរួម​ចំណែក​នៅក្នុង​ការហៅ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចូលរួម​ធ្វើ​កិច្ចការ​តាម​ការបញ្ជា​ដ៏​អស្ចារ្យ​របស់​ទ្រង់​ហើយ ។

សេចក្ដី​បញ្ចប់

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ យើង​បាន​និយាយ​អំពី​ចំណុច​សាមញ្ញ​បី​នៅ​ថ្ងៃ​នេះ—ជា​ការណ៍​ងាយៗ—ដែល​នរណា​ក៏​អាច​ធ្វើ​បាន ។ ជា​អ្វី​ដែល បងប្អូន អាច​ធ្វើ​បាន ! ប្រហែល​ជា​បងប្អូន​កំពុង​ធ្វើ​វា​រួច​ហើយ—ថែមទាំង​មិន​បាន​ដឹង​ថា​បងប្អូន​កំពុង​ធ្វើ​ផង !

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។ កាល​ដែល​បងប្អូន​ធ្វើ​ដូច្នោះ នោះ​បងប្អូន​នឹង​ស្គាល់​ពី​ទំហំ​នៃ​សេចក្ដី​អំណរ ដោយ​ដឹង​ថា បងប្អូន​កំពុង​ស្ដាប់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ។

អ្វី​ដែល​ខ្ញុំ​កំពុង​ទទូច​ឲ្យ​បងប្អូន​ធ្វើ​នេះ មិន​មែន​ជា​កម្មវិធី​ថ្មី​ទេ ។ បងប្អូន​បាន​ឮ​ពី​គោលការណ៍​ទាំងនេះ​ពីមុន​មក​ហើយ ។ នេះ​មិន​មែន​ជា « កម្មវិធី​ធំ​ថ្មី » ដែល​សាសនាចក្រ​កំពុង​សុំ​ឲ្យ​បងប្អូន​ធ្វើ​នោះ​ទេ ។ ចំណុច​ទាំង​បី​នេះ​គឺ​គ្រាន់តែ​ជា​ការពង្រីក​នូវ​អ្វី​ដែល​យើង​មាន​រួច​ហើយ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។

វា​មិន​តម្រូវ​ឲ្យ​មាន​ស្លាក​ឈ្មោះ ឬ​លិខិត​នោះ​ទេ ។

មិន​ចាំបាច់​មាន​ការហៅ​ជា​ផ្លូវការ​នោះ​ទេ ។

កាលដែល​ចំណុច​ទាំងបី​នេះ​ក្លាយ​ជា​ផ្នែក​ធម្មតា​មួយ​នៃ​ខ្លួន​យើង និង​របៀប​ដែល​យើង​រស់នៅ នោះ​វា​នឹង​ក្លាយ​ជា​ការបង្ហាញ​មួយ​ដ៏​ស្វ័យប្រវត្តិ និង​មិន​បង្ខំ អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ ។

ដូចជា​ពួកសិស្ស​របស់​ព្រះគ្រីស្ទ​ទាំងនោះ ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​រៀន​ពី​ទ្រង់​នៅ​ស្រុក​កាលីឡេ​កាលពី ២០០០ ឆ្នាំ​មុន​ដែរ នោះ​យើង​ក៏​អាច​ឱប​ក្រសោប​ការបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ចូល​ទៅ​ក្នុង​ពិភពលោក​នេះ​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​ដែរ ។

កាលដែល​យើង​ស្រឡាញ់ ចែកចាយ ហើយ​អញ្ជើញ នោះ​យើង​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ និង​ដ៏​រុងរឿង ដែល​រៀបចំ​ផែនដី​នេះ​សម្រាប់​ការយាងមក​របស់​ព្រះមែស៊ី ។

សូម​ឲ្យ​យើង​អាច​ស្ដាប់​តាម​ការហៅ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ខំ​ខ្នះខ្នែង​ចូលរួម​ធ្វើ​តាម​ការបញ្ជា​ដ៏​អស្ចារ្យ​របស់​ទ្រង់ នេះ​គឺជា​ការ​អធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ម៉ាថាយ ២៨:១៩ ។

  2. តើ​អ្វី​ទៅ​ជា​បុព្វហេតុ​នៃ​ការរីកចម្រើន​របស់​សាសនាចក្រ​ពី​ជំនាន់​ដើម ? ប្រវត្តិវិទូ​ម្នាក់​ផ្ដល់​យោបល់ ៖ « រឿង​ទីមួយ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការសាកសួរ​យ៉ាង​ហ្មត់ចត់​អំពី​ធម្មជាតិ​នៃ​សេចក្ដី​ជំនឿ គឺ​ការទាក់ទង​ផ្ទាល់ខ្លួន​ជាមួយ​អ្នកជឿ​ផ្សេងទៀត ។ … ការរស់នៅ និង​ធ្វើការ​កៀកគ្នា​ជាមួយ​នឹង​អ្នក​ដើរតាម​ព្រះយេស៊ូវ ការមើល​ឃើញ​ពី​អាកប្បកិរិយា​របស់​ពួកគេ​នៅ​ជិត​បង្កើយ និង​ការស្តាប់ នៅពេល​ពួកគេ​និយាយ​អំពី​ដំណឹងល្អ ក្នុង​ពេល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ធម្មតា​របស់​ពួកគេ គឺជា​ការ​ត្រូវ​ប្រឈម​មុខ​នឹង​ភស្តុតាង​នៃ​ជីវិត​ដែល​បាន​ផ្លាស់ប្តូរ ។ ក្នុង​ន័យ​នេះ អំណាច​ទាក់ទាញ​នៃ​សេចក្ដី​ជំនឿ​របស់​ពួក​គ្រិស្តបរិស័ទ ជាញឹកញាប់ មិន​មាន​ច្រើន​នៅក្នុង​ការប្រកាស​ជា​សាធារណៈ​របស់​អ្នកតំណាង​ដ៏​លេចធ្លោ​បំផុត​របស់​វា ដូចជា​នៅក្នុង​ទីបន្ទាល់​ដ៏​ស្ងប់ស្ងាត់​នៃ​អ្នកថ្វាយបង្គំ​ព្រះយេស៊ូវ​ដ៏​សាមញ្ញ​នោះ​ទេ ដែល​ធ្វើជា​សាក្សី​មួយ​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ តាមរយៈ​សុចរិតភាព ភាពខ្ជាប់ខ្លួន និង​ការបើក​ចំហ​ចំពោះ​អ្នក​ដទៃ » ( Ivor J. Davidson, The Birth of the Church: From Jesus to Constantine, A.D. ៣០–៣១២ឆ្នាំ ២០០៤ ] ទំព័រ ១០៨–៩ ) ។

  3. សូមមើល Lucy Mack Smith, History, 1845, page 169 ឆ្នាំ ១៨៤៥ ទំព័រ ១៦៩ នៅលើ​គេហទំព័រ josephsmithpapers.org ។

  4. កាឡាទី ៦:២ ។

  5. សូមមើល ម៉ាថាយ ២២:៣៩ ។

  6. ម៉ាថាយ ៥:១៦ ។

  7. ឌៀថើរ អេស្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart »​Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ ។