សន្និសីទទូទៅ
ដោយ​ស្មោះអស់​ពីចិត្ត​របស់​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ដោយ​ស្មោះអស់​ពីចិត្ត​របស់​យើង

បើ​យើង​ចង់​ឲ្យ​ព្រះអង្គសង្គ្រោះ​លើក​យើង​ឡើង​ទៅ​ស្ថាន​សួគ៌ នោះការ​ប្តេជ្ញា​ចិត្ត​របស់យើង​ចំពោះទ្រង់ និង​ដំណឹងល្អ​របស់ទ្រង់​មិនអាច​ធ្វើ​លំៗ ឬ​​ម្តង​ម្កាលៗ​នោះទេ ។

ជាដង្វាយ​ថ្វាយ​ដល់​ទ្រង់

ពីមុនទ្រង់​ប្រទាន​ព្រះជន្ម​ទ្រង់​សម្រាប់​យើងប៉ុន្មាន​ថ្ងៃ ព្រះយេស៊ូវ​គ្រីស្ទ បាន​គង់នៅ​ព្រះវិហារ​បរិសុទ្ធ​ក្រុង​យេរូសាឡិម ​ទតមើល​ប្រជារាស្រ្ត ​ថ្វាយ​ដង្វាយដាក់​ក្នុង​ឃ្លាំង​ព្រះវិហារ​បរិសុទ្ធ ។ « មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន » ប៉ុន្តែមាន​ស្រ្តី​មេម៉ាយក្រី​ក្រ​ម្នាក់បាន « ដាក់​តែ​២​ស្លឹង » ។ វាជា​ចំនួន​តិច​បំផុត ដែល​ពិបាក​នឹង​កត់ត្រា​ណាស់ ។

រូបភាព
ស្ត្រី​មេម៉ាយថ្វាយ​ដង្វាយ​ពីរ​ស្លឹង

ប៉ុន្តែ​ដង្វាយដែលហាក់​ដូចជាមិនសំខាន់នោះ បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​យក​ព្រះទ័យទុកដាក់ ។ តាមពិត វា​ធ្វើ​ឲ្យ​ទ្រង់​ពេញ​ព្រះទ័យ​យ៉ាង​ខ្លាំង « ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះបន្ទូល​ថា ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ៖

« ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង »។

តាមការសង្កេត​មើល​ដ៏​សាមញ្ញនេះ ព្រះអង្គសង្គ្រោះ​បានបង្រៀន​យើង​ពី​របៀប​វាស់វែង​ការ​ថ្វាយដង្វាយ​នៅក្នុង​នគរ​របស់ទ្រង់—​វា​ខុស​គ្នា​ពី​របៀប​ដែល​យើង​វាស់វែង​អ្វីមួយជាធម្មតានោះ​ ។ ចំពោះ​ព្រះអម្ចាស់ គុណតម្លៃនៃ​ដង្វាយ ពុំបាន​វាស់វែង​ទៅលើ​កំណើន​នៃ​ដង្វាយ​ក្នុង​ឃ្លាំង​នោះ​ទេ ប៉ុន្តែទៅលើ​កំណើន​នៅក្នុង​ដួងចិត្ត​របស់​អ្នក​ថ្វាយ​ទៅ​វិញ​ទេ ។

ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​បទដ្ឋាន​មួយ​ដល់​យើង​ដើម្បី​វាស់​វែង​ភាពជាសិស្ស​នៅក្នុង​គ្រប់ការណ៍​ទាំងអស់ ជាការ​សរសើរ​ដល់​ស្រ្តីមេម៉ាយ​ដែល​ស្មោះត្រង់​រូប​នេះ ។ ព្រះយេស៊ូវ​បានបង្រៀន​ថា ​ដង្វាយ​របស់​យើង អាច​ច្រើន ​ឬតិច ប៉ុន្តែ​ទោះច្រើន​ឬ​តិច​ក្តី​វា​ត្រូវតែ​ធ្វើឡើង​ដោយ​ស្មោះ អស់ពីចិត្តយើង ។

គោលការណ៍​នេះ​បានលើកឡើង​ម្តងទៀត​ដោយ​ព្យាការី​នៃ​ព្រះគម្ពីរ​មរមន អាម៉ាលេកៃ​ដោយអង្វរថា ​« មក​រក​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួល​ទាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ និង​ព្រះ​ចេស្ដា​នៃ​សេចក្ដី​ប្រោស​លោះ​របស់​ទ្រង់​ចុះ ។ មែន​ហើយ ចូរ​មក​រក​ទ្រង់ ហើយ​ចូរ​ថ្វាយ​ព្រលឹង​អ្នក​ទាំង​មូល ជា​ដង្វាយ​ថ្វាយ​ដល់​ទ្រង់ » ។

ប៉ុន្តែតើការណ៍​នេះ​កើតឡើងដោយ​របៀប​ណា ? ចំពោះ​ពួកយើង​ភាគច្រើន បទដ្ឋាន​នៃ​ការ​ប្តេជ្ញា​ចិត្ត​ថ្វាយ​ព្រលឹង​ទាំងមូល ហាក់ដូច​ជា​មិន​អាច​ធ្វើ​ទៅ​បានទេ ។ យើង​មាន​ការតាំងចិត្ត​ជា​ច្រើនរួចទៅហើយ ។ តើ​យើង​អាច​រក្សា​លំនឹង​រវាង​តម្រូវ​ការ​ជាច្រើន​ក្នុង​ជីវិត និង​បំណង​ប្រាថ្នា​ដើម្បី​ថ្វាយ​ព្រលឹង​ទាំង​មូល​របស់យើង​ចំពោះ​ព្រះអម្ចាស់​ដោយ​របៀបណា ?

ប្រហែលជាបញ្ហា​របស់យើង គឺ​ថា យើង​គិត​ថាពាក្យ​លំនឹង មានន័យ​ថា ជា​ការ​បែងចែក​ពេលវេលា​ឲ្យ​ស្មើគ្នាទៅលើចំណាប់អារម្មណ៍ដែលប្រគួតប្រជែងគ្នា ។ សូមគិតតាម​របៀប​នេះ​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​កិច្ចការ​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ដែល​យើងដាក់​ចូល​ទៅក្នុង​កាលវិភាគ​ដ៏រវល់​របស់យើង ។ ប្រហែល​ជាមាន​របៀប​ផ្សេងៗ ដើម្បីគិត​អំពី​ពាក្យ​លំនឹង ។

លំនឹង ៖ ដូច​ជាការ​ជិះកង់

ខ្ញុំ និង​ភរិយា​ខ្ញុំ ហារីត ចូលចិត្ត​ជិះកង់​ជាមួយគ្នា ។ ការជិះកង់​គឺជា​វិធី​ហាត់ប្រាណ​មួយ​ដ៏អស្ចារ្យ ហើយ​ក៏​អាច​ចំណាយ​ពេល​ជាមួយ​គ្នា​បាន​ផងដែរ ។ ពេល​យើង​ជិះកង់ ​ខ្ញុំ​មិនសូវហត់ ហើយ​ខ្ញុំ​ក៏​មិន​សូវ​ប្រើ​កម្លាំង​ខ្លាំង​ដែរ យើងរីករាយ​នឹង​ពិភពលោក​ដ៏​ស្រស់ស្អាត​ជុំវិញ​យើង ​ថែមទាំង​រីករាយ​នឹង​ការ​សន្ទនា​ជាមួយ​គ្នា​ផងដែរ ។ យើង​ពុំសូវគិតអំពីការ​រក្សា​លំនឹងពេល​ជិះកង់​របស់​យើងទេ ។ យើង​បានជិះ​កង់​យូរហើយ​ឥឡូវយើងពុំ​ដែលគិត​អំពី​រឿង​នោះ​ទៀត​ទេ—វាក្លាយ​ជារឿង​ធម្មតា​សម្រាប់​យើង ។

ប៉ុន្តែ​រាល់ពេល​ដែល​ខ្ញុំ​ឃើញ​នរណាម្នាក់​រៀន​ជិះកង់​លើក​ដំបូង ខ្ញុំ​នឹកឃើញ​ថា វា​មិន​ស្រួល​ទេ​ក្នុងការ​រក្សា​លំនឹង​នៅលើ​កង់​តូចៗ​ទាំងពីរ​នោះ ។ វា​ត្រូវ​ការ​ពេលវលា ។ វា​ត្រូវ​ការ​ការ​អនុវត្តន៍ ។ ការ​ត្រូវ​ការ​ភាព​អត់ធ្មត់ ។ វា​អាចនឹង​មាន​ការដួល​ម្តងឬ​ពីរ​ដង​ផងដែរ ។

លើស​ពីនោះ អស់​អ្នក​ដែល​ពូកែ​រក្សា​លំនឹង​ពេល​ជិះ​កង់ ពួកគេបាន​រៀន​ពី​គន្លឹះ​សំខាន់​ទាំងនេះ ៖

កុំ​មើលទៅ​ជើង​ខ្លួន​ឯង ។

មើល​ទៅ​មុខ ។

ភ្នែក​មើល​ទៅមុខ ។ ផ្តោត​លើ​គោលដៅ​របស់អ្នក ។ ហើយ​ធាក់​ឈ្នាន់​កង់ ។ ការរក្សា​លំនឹង​ គឺជា​ការរំកិលឆ្ពោះ​ទៅ​មុខ ។

គោលការណ៍​ស្រដៀងគ្នា​នេះ​ក៏​អនុវត្ត នៅពេល​យើង​ស្វែងរក​លំនឹង​នៅក្នុងជីវិត​ ក្នុងនាម​ជាសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ របៀប​ដើម្បី​ចែករំលែក​ពេលវេលា និង​ថាមពល​របស់​អ្នក​នៅ​ក្នុងកិច្ចការ​សំខាន់ៗ​ជា​ច្រើន​របស់​អ្នក​នោះ វា​នឹង​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​នៃ​ជីវិត ។ ប៉ុន្តែ​គោលបំណង​រួម​របស់យើង​គឺ​ធ្វើ​តាម​មាគ៌ា​របស់​លោក​ចៅហ្វាយ​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​យើង​វិញ ។ គោលដៅ​នេះ​ត្រូវតែ​ខ្ជាប់ខ្ជួន និង​ស្ថិតស្ថេរ មិន​ថា​យើង​ជានរណា ហើយ​មាន​អ្វី​កំពុងកើត​ឡើង​នៅក្នុង​ជីវិត​របស់យើង​នោះ​ទេ ។ 

លើក​ឡើង ៖ ដូចជា​ការ​បើក​យន្តហោះ

ឥឡូវនេះ​សម្រាប់​អ្នក​ចូលចិត្ត​ជិះកង់ ការប្រៀប​ធៀប​ភាព​ជាសិស្ស​ទៅនឹង ការជិះកង់ អាច​ជា​ការប្រៀបប្រដូច​ដ៏​មាន​ប្រយោជន៍ ។ ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត សូម​កុំ​បារម្ភ​ឡើយ ។ ខ្ញុំ​មាន​រឿង​មួយ​ទៀត​ដែល​ខ្ញុំដឹង​ច្បាស់​នោះ​គឺ មនុស្ស​ទាំង​ប្រុស ទាំង​ស្រី និង​កុមារ​អាច​ភ្ជាប់​បាន ។

ភាព​ជា​សិស្ស ក៏​ដូច​ជា​អ្វីៗ​ភាគច្រើន​ក្នុង​ជីវិត​ដែរ ដែល​អាច​ប្រៀបធៀប​ដូចជា​ការ​បើក​យន្ត​ហោះ ។

តើ​បងប្អូន​ធ្លាប់​គិត​ថា ​វា​អស្ចារ្យ​ប៉ុណ្ណា​ដែល​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដ៏​ធំ​អាច​ហោះ​ឡើងផុត​ពី​ដី​បាន​នោះ ? តើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ទាំង​នោះ​អាច​ហោះ​បាន​យ៉ាង​ខ្ពស់នៅ​លើ​មេឃ ឆ្លងកាត់​មហាសមុទ្រ និង​ទ្វីប​នានា ?

និយាយ​ដោយ​ងាយ​គឺ​ថា យន្តហោះ​មួយ​អាច​ហោះ​បាន​តែ​នៅ​ពេល​មាន​ខ្យល់​បំលាស់​ទី​លើ​ស្លាប​របស់​វា​ប៉ុណ្ណោះ ។ ការ​បំលាស់​ទី​នោះ​បង្កើត​ឲ្យ​មាន​សម្ពាធ​ខ្យល់​ខុសៗ​គ្នា ដែល​ធ្វើ​ឲ្យ​យន្តហោះ​ហោះ​ឡើងបាន ។ ហើយ​តើ​បងប្អូន​អាច​ទទួល​បាន​ខ្យល់​គ្រប់គ្រាន់​ដើម្បី​បង្វិល​ស្លាប​ឲ្យ​វិល​បង្កើត​ការហោះ​ឡើង​យ៉ាង​ដូចម្តេច ? ចម្លើយ​គឺ​កម្លាំង​រុញ​ទៅមុខ ។

យន្តហោះ​មិន​អាច​ហោះ​ឡើង​ដោយ​ឈរ​នៅ​ស្ងៀម​លើ​ផ្លូវ​នោះ​ទេ ។ ទោះ​បី​នៅ​ថ្ងៃ​ដែល​មាន​ខ្យល់​បក់​ខ្លាំង​ក្ដី ក៏​វា​មិន​អាច​ហោះ​ឡើង​ដែរ លុះត្រា​តែ​យន្តហោះ​រំកិល​ឆ្ពោះ​ទៅ​មុខ​ដោយ​មាន​កម្លាំង​រុញ​ច្រាន​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​​នឹង​កម្លាំង​ដែល​ទាញ​វា​មក​ក្រោយ​ ។

ក៏​ដូច​ជា​សន្ទុះ​កម្លាំងរុញ​ទៅ​មុខ ជួយ​ឲ្យ​កង់​មាន​លំនឹង​ទៅមុខ​ត្រង់ នោះ​ការរំកិលឆ្ពោះ​ទៅមុខ ក៏​ជួយ​ឲ្យ​យន្តហោះ​យកឈ្នះ​លើ​កម្លាំង​ទំនាញ​ផែនដី និង កម្លាំង​ទាញ​ដែរ ។

តើ​វាមាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​ដែល​ជា​សិស្ស​របស់​ព្រះ យេស៊ូវ​គ្រីស្ទ ? វា​មាន​ន័យ​ថា បើ​យើង​ចង់​ស្វែងរកលំនឹង​នៅ​ក្នុង​ជីវិត ហើយ​បើ​យើង​ចង់​ឲ្យ​ព្រះអង្គសង្គ្រោះ​លើក​យើង​ឡើង​ទៅ​ស្ថាន​សួគ៌ នោះការ​ប្តេជ្ញា​ចិត្ត​របស់យើង​ចំពោះទ្រង់ និង​ដំណឹងល្អ​របស់ទ្រង់​មិនអាច​ធ្វើ​លំៗ ឬ​ម្តង​ម្កាលៗ​នោះទេ ។ ដូចជា​ស្រ្តី​មេម៉ាយ​នៅ​យេរូសាឡិម​ដែរ យើង​ត្រូវតែ​ថ្វាយ​ព្រលឹង​យើង​ទាំងមូលទៅ​ទ្រង់ ។ ការថ្វាយ​របស់​យើង​អាច​ថា​តិចតួច ប៉ុន្តែ​វា​ត្រូវ​តែ​ចេញ​ពី​ចិត្ត និង ព្រលឹង​របស់​យើង ។

ការ​ធ្វើ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ពុំ​គ្រាន់តែ​ជា​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​ជាច្រើន​ដែល​យើង​ធ្វើ​នោះ​ទេ ។ ព្រះអង្គសង្រ្គោះ​គឺជា​ថាមពល​ជំរុញ​នៅពីក្រោយ​ការណ៍ គ្រប់យ៉ាង​ដែលយើង​ធ្វើ ។ ទ្រង់ពុំមែន​ជាទីឈប់​សម្រាកពេល​យើងធ្វើដំណើរ​នោះ​ទេ ។ ទ្រង់​ពុំមែន​ជាផ្លូវ​កាត់មាន​ទេសភាព​ស្អាត ឬ​ក៏​ទីតាំង​សំខាន់ៗ​ទេ ។ ទ្រង់​គឺជា « ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត ៖ បើមិន​មកតាម​ខ្ញុំ [ ព្រះ​យេស៊ូវ គ្រីស្ទ ]គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។ នោះ​គឺជា​មាគ៌ា និង គោលដៅ​ដ៏​សំខាន់​របស់​យើង ។

លំនឹង​និង​ការលើកឡើង​កើតមាន​នៅពេល​យើង « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ។

ពលិកម្ម និង​ការ​ថ្វាយ

ហើយ​ចុះ​ចំណែកឯ កិច្ចការ និង​ទំនួល​ខុស​ត្រូវ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មមាញឹក​នោះវិញ​យ៉ាង​ណា​ដែរ ? ការចំណាយ​ពេល​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ ការទៅ​សាលារៀន ឬ​ការរៀបចំ​ដើម្បី​មាន​អាជីពមួយ ការរកប្រាក់​ចំណូល ការ​ថែទាំ​គ្រួសារ និង​ការងារ​បម្រើ​ក្នុង​សហគមន៍—តើ​អ្វីៗ​ទាំងអស់​នេះធ្វើ​បាន​ដោយ​របៀបណា​ទៅ ? ព្រះអង្គសង្គ្រោះ​អះអាង​ដល់​យើង​ថា ៖

« ឯ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ ។

« ចូរ​អ្នក​ស្វែងរក​នគរ​នៃ​ព្រះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង » ។

ប៉ុន្តែរឿង​នោះ​ពុំ​មាន​ន័យថា​វា​ងាយ​ស្រួលទេ ។ វា​តម្រូវ​ឲ្យមាន​ទាំង​ការពលិកម្ម និង​ការ​ថ្វាយ ។

វា​តម្រូវ​ឲ្យ​បោះបង់​ចោល​អ្វី មួយ និង​ទុក​ឲ្យ​អ្វី​មួយ រីកចម្រើន ។

ការពលិកម្ម និង​ការ​ថ្វាយ គឺជា​ក្រឹត្យវិន័យ​សួគ៌​ចំនួនពីរ ​ដែល​យើង​ចុះ​សេចក្តីសញ្ញា​​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធថា គោរពតាម ។ ក្រឹត្យវិន័យ​ទាំងពីរ​ស្រដៀងគ្នា ប៉ុន្តែ​មិនដូចគ្នា​ទាំងស្រុង​ទេ ។ ដើម្បី ពលិកម្ម​មានន័យថា​ត្រូវ​លះបង់​អ្វីមួយ​ដើម្បី​អ្វី​មួយ​ផ្សេង​ទៀត​ដែល​មានតម្លៃ​ខ្ពស់ជាង ។ កាល​ពី​បុរាណ រាស្ដ្រ​របស់​ព្រះ​បាន​បូជាយញ្ញ​សត្វ​ដំបូង​ក្នុង​ក្រោល​របស់​ខ្លួន​ដើម្បី​គោរព​ដល់​ព្រះមេស៊ី ដែល​នឹង​យាងមក ។ នៅក្នុង​ប្រវត្តិ​សាស្រ្ត​ទាំងមូល ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​បាន​លះបង់​បំណង​ប្រាថ្នា ភាព​សុខស្រួល និង​សូម្បី​តែ​ជីវិតខ្លួន ដើម្បី​ព្រះអង្គសង្គ្រោះ ។

អ្វីៗ​ដែល​យើង​ទាំងអស់​គ្នាមាន ទោះ​តូច ​ឬ​ធំក្តី យើង​ត្រូវ​តែពលិ ដើម្បី​យើង​អាច​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ពេញលេញ ។ ការ​ពលិកម្ម​របស់​យើង​បង្ហាញ​ថា​យើង​ពិត​ជាមានតម្លៃ ។ ការពលិកម្ម គឺត្រូវតែ​ពិសិដ្ឋ និងជាទីគោរព​មកពី​ព្រះអម្ចាស់ ។

យ៉ាង​ហោច​ណាស់​ក៏មានចំណុច​សំខាន់មួយ​ដែរ ដែល ការថ្វាយ​ខុសពី​ការពលិកម្ម ។ នៅពេល​យើង​ថ្វាយ​អ្វី​មួយ យើង​មិន​ទុក​វា​ចោល​នៅ​លើ​ទីអាសនា​ឡើយ ។ ប៉ុន្តែ​យើង​ទុក​វា​សម្រាប់​ប្រើ​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ ។ យើង​ឧទ្ទិស​ថ្វាយ​របស់​នោះចំពោះទ្រង់​និង​គោលបំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។១០ យើង​ទទួល​ប្រាក់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ហើយ​ខិតខំ​រកប្រាក់​ចំណេញ​ឲ្យបានច្រើន ដើម្បី​អាច​ជួយ​នៅក្នុង​ការ​ស្ថាបនា​នគរ​របស់​ព្រះអម្ចាស់​កាន់តែច្រើន ។១១

យើង​ទាំងអស់គ្នា​ភាគតិច​ណាស់​ ដែលនឹងត្រូវ​សុំ​ឲ្យ​ពលិកម្ម​ ជីវិត​របស់​យើង​ដើម្បី​ព្រះអង្គសង្គ្រោះ ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​អញ្ជើញ​ឲ្យ ថ្វាយ ជីវិត​រស់នៅ​របស់​យើង​ចំពោះ​ទ្រង់ ។

កិច្ចការ​តែមួយ អំណរ​តែមួយ គោលបំណង​តែមួយ

នៅពេល​យើង​ខិតខំ​បន្សុទ្ធ​ជីវិត​របស់យើង និង​គិត​ដល់​ព្រះ​គ្រីស្ទ​ក្នុង​គ្រប់​គំនិត ១២ នោះ​អ្វីផ្សេង​ទៀត​នឹងចាប់ផ្ដើម​ដើរ​ស្របគ្នា ។ ជីវិត​នឹង​ឈប់​មាន​អារម្មណ៍​ថា វា​ដូចជា​បញ្ជី​នៃ​កិច្ចខិតខំដាច់ដោយឡែក​ដ៏​វែងអន្លាយ​នៅក្នុង​លំនឹងដ៏​តឹងតែង​ទៀត​ហើយ ។

យូរៗទៅ គ្រប់​យ៉ាង​នឹង​ក្លាយ​ជាកិច្ច​ការតែមួយ ។

អំណរ​តែមួយ ។

គោលបំណង​បរិសុទ្ធ​តែមួយ ។

វា​គឺ​ជា​កិច្ចការ​នៃ​ក្តីស្រឡាញ់ និង​ការ​បម្រើ​ព្រះ ។ វា​គឺ​ជា​កិច្ចការ​នៃ​ក្តីស្រឡាញ់ និង​ការ​បម្រើ​បុត្រាបុត្រី​របស់​ព្រះ ។១៣

ពេល​យើង​ក្រឡេក​មើល​ទៅជីវិត​យើង ហើយ​ឃើញ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើរាប់​រយជំពូក នោះយើង​មាន​អារម្មណ៏​ធុញថប់ ។ ពេល​យើង​ឃើញ​អ្វី​មួយ—ដោយ​ក្តីស្រឡាញ់ និង​ការបម្រើ​ដល់​ព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ តាម​របៀប​ខុសៗគ្នា​ជាច្រើន—នោះ​យើង​ធ្វើការ​លើ​កិច្ចការ​ទាំងនោះ​ដោយ​អំណរ ។

នេះ​ជា​របៀប​ដែល​យើង​ថ្វាយ​ព្រលឹង​យើង​ទាំង​មូលគឺ—ដោយ​ការលះបង់​ចោល​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​រារាំង​យើង ហើយ​ថ្វាយ​អ្វីៗគ្រប់យ៉ាង​ដែល​នៅ​មាន​ចំពោះ​ព្រះអម្ចាស់ និង​ព្រះរាជ​បំណង​របស់​ទ្រង់ ។

ពាក្យ​លើក​ទឹកចិត្ត និង​ទីបន្ទាល់

បង​ប្អូន​ប្រុស​ស្រី មិត្ត​ជា​ទី​ស្រឡាញ់​មាន​គ្រា​ដែល​បងប្អូន​ប្រាថ្នា​ថា​បងប្អូនអាច​ធ្វើ​បាន​ច្រើន​ជាង​នេះ ។ ព្រះវរបិតា​ជាទីស្រឡាញ់​របស់បងប្អូន ដែល​គង់​នៅ​ស្ថានសួគ៌​ទ្រង់ស្គាល់​ចិត្ត​បងប្អូន ។ ទ្រង់​ញាណដឹង​ថា បងប្អូន​មិន​អាច​ធ្វើ​អ្វីៗគ្រប់យ៉ាង​តាម​ចិត្ត​ដែល​បងប្អូន​ចង់​នោះ​ទេ ។ ប៉ុន្តែ​បងប្អូន​អាច​ស្រឡាញ់ និង​បម្រើ​ព្រះ​បាន ។ បងប្អូន​អាច​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ បង​ប្អូន​អាច​ស្រឡាញ់ និង​បម្រើ​ដល់​កូនចៅ​របស់​ទ្រង់ ។ ហើយ​កិច្ច​ខិតខំ​របស់​បងប្អូន​បាន​បន្សុទ្ធ​ដួង​ចិត្ត​បងប្អូន ហើយ​កំពុង​រៀបចំ​បងប្អូន សម្រាប់​អនាគត​ដ៏រុងរឿង ។

នេះ​ជា​អ្វី​ដែល​ស្រ្តី​មេម៉ាយ​នៅ​ឯឃ្លាំង​នៃ​ព្រះវិហារ​បរិសុទ្ធ​ហាក់​ដូច​ជាបាន​យល់ឃើញ ។ គាត់​ប្រាកដ​ជាបាន​ដឹងថា​ដង្វាយ​របស់គាត់ នឹង​មិនអាច​ផ្លាស់ប្តូរ​ជោគ​វាសនា​របស់​អ៊ីស្រាអែល​ឡើយ ប៉ុន្តែ​វាអាច​ផ្លាស់​ប្តូរ គាត់—ពីព្រោះ ទោះបីជា​វា​បន្តិច​បន្តួច​ក្ដី ក៏​វា​ជាអ្វីៗ​គ្រប់យ៉ាង​ដែល​គាត់​មាន ។

ដូច្នេះ​មិត្តភិក្ត​និង សិស្សរបស់​ព្រះ​យេស៊ូវ គ្រីស្ទ​ជា​ទីស្រឡាញ់​របស់​ខ្ញុំអើយ​ចូរយើង​កុំ « ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ » ដ្បិត​[ យើង ]​រាល់គ្នា​កំពុង​តែ​ដាក់គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ » ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល « ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ។១៤

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ​ជា​ការពិត​ ហើយ​ខ្ញុំ​ក៏សូម​ថ្លែង​ទី​បន្ទាល់​ដែរ​ថា ព្រះ​យេស៊ូវគ្រីស្ទ គឺ​ជា​លោក​ចៅហ្វាយ​របស់​យើង និង​ជា​អង្គសង្គ្រោះ​ ហើយ​ជា​ផ្លូវ​តែមួយ​ប៉ុណ្ណោះ​ដែល​នាំយើង​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​នៅ​ស្ថានសួគ៌​វិញ​បាន ។ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ម៉ាកុស ១២:៤១–៤៤ ។

  2. អោមណៃ ១:២៦ ។

  3. កុមារ និង​យុវវ័យ​របស់​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធំឡើង ក្នុង​របៀប​ដែល​មាន​លំនឹង កាល​ដែល​ពួកគេ ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​តំាង​ពី​ក្មេង ដែល​« ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង។» ( លូកា ២:៥២

  4. យ៉ូហាន ១៤:៦ ។

  5. នីហ្វៃទី ២ ៣១:២០ ។

  6. នីហ្វៃទី ៣ ១៣:៣២–៣៣; សូមមើល ផងដែរ ម៉ាថាយ ៦:៣២-៣៣ ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ​ម៉ាថាយ​៦:៣៨​ផ្តល់​ការយល់​ដឹង​បន្ថែម ៖ « ចូរ​កុំ​ស្វែងរក​អ្វីៗ​នៃ​លោកិយ​នេះ​ឡើយ ប៉ុន្តែ​ចូរ​អ្នក​ស្វែងរក ដើម្បី​កសាង​នគរ​ព្រះ ហើយ​ដើម្បី​តាំង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន » ។ ( នៅក្នុង​ម៉ាថាយ ៦:៣៣, លេខ​យោង  ) ។

  7. ឧទាហរណ៍​មួយ​មកពី​ព្យាការី​របស់​យើង គឺ ប្រធាន រ័សុល អិម ណិលសុល ។ នៅពេល​លោក​កំពុង​តែ​ទទួល​ជោគជ័យ​នៅក្នុង​អាជីព​ជា​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​បេះដូង នោះ​លោក​ក៏​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​ស្តេក ។ អែលឌើរ ស្ពែន​ស៊ើរ ដបុលយូ ឃឹមបឹល និង ឡឺគ្រែន រីឆាដ បាន​ផ្តល់​ឲ្យ​នូវ​ការហៅ​នេះ ។ ដោយ​ការដឹង​ពី​តម្រូវការ​នៃ​អាជីព​ការងារ​របស់​លោក ពួកលោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា « ប្រសិនបើ​លោក​មាន​អារម្មណ៍​ថា​រវល់​ខ្លាំងពេក ហើយ​មិន​អាច​ទទួល​ការហៅនេះ​បាន នោះ​វា​ជា​ឯកសិទ្ធិ​របស់​លោក » ។ លោក​បាន​ឆ្លើយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ថា​តើ​គួរ​ទទួល​យក​ការ ហៅ​បម្រើ​ឬ​អត់​គឺ​បាន​សម្រេច​ចិត្ត​តាំង​ពីយូរ​មកហើយ ចាប់តាំង​ពីលោក និង​ភរិយា​បាន​ចុះសេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ព្រះអម្ចាស់​ឯណោះ ។ លោក​បាន​មានប្រសាសន៍ថា « យើង​បាន​ប្តជ្ញា​ចិត្ត​តាំង​ពី ពេល​នោះ​ថា ‹ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ទ្រង់​ជា​មុនសិន › [ ម៉ាថាយ ៦:៣៣ ] ដោយមាន​អារម្មណ៍​ជឿជាក់ថា គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​យើង​ថែម​ទៀត​ដូច​ដែល​ព្រះអម្ចាស់​បានសន្យា » ( រ័សុល អិម ណិលសុន From Heart to Heart: An Autobiography [ ឆ្នាំ ១៩៧៩ ] ទំព័រ ១១៤ ) ។

  8. ថ្មីៗនេះ​ប្រធាន ណិលសុន បានមាន​ប្រសាសន៍​អំពី « តម្រូវការ​របស់​យើង​ម្នាក់ៗ ដើម្បី​រើ​កម្ទេច​កម្ទី​ចាស់ៗ​ក្នុង​ជីវិត​យើង​ចេញ ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។… លោក​មានប្រសាសន៍ថា ខ្ញុំ​សូម​អញ្ជើញ​បងប្អូនឲ្យ​អធិស្ឋាន « ​ដើម្បី​ស្គាល់​ពី​កម្ទេច​កម្ទី​ចាស់ៗ ដែល​បងប្អូន​គួរតែ​រើ​ចេញ​ពី​ជីវិត​របស់​បងប្អូន​ដើម្បី​បងប្អូន​អាច​កាន់​តែ​មាន​ភាពស័ក្ដិសម » ( សារលិខិត​សា្វគមន៍Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧ ) ។

  9. ព្រះគម្ពីរ​ប្រាប់​ថា ចំពោះ ព្រះ​ការពលិកម្ម​របស់​យើង​នឹង​បានរាប់ថា ពិសិដ្ឋ ជាង​ការសម្រេច​បាន​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧:១៣ ) ។ នេះ​ប្រហែល​ជាមូល​ហេតុ​មួយ​ដែល​ព្រះអម្ចាស់​បាន​ឲ្យតម្លៃ​លើ​ប្រាក់​ស្លឹង​របស់​ស្រ្តីមេម៉ាយ ជាជាង​ការថ្វាយ​របស់​អ្នកមាន ។ ស្រ្តីដែល​បាន​ធ្វើ​ការ​ពលិកម្ម​នោះ​បង្ហាញ​ពី​ឥទ្ធិពល​ដ៏​បរិសុទ្ធ​លើ​នាង ។ បុរស​អ្នក​មាន ខណៈ​ដែល​ថ្វាយ​ប្រាក់​ច្រើន​ក្តី​វា​មិនមែន​ជា​ការពលិកម្ម​ទេ ហើយ​អ្នក​ថ្វាយ​នោះ​ក៏​គ្មាន​ផ្លាស់ប្តូរ​អ្វី​ដែរ ។

  10. យើង​ទាំងអស់គ្នា​ភាគតិច​ណាស់​ ដែលនឹងត្រូវ​សុំ​ឲ្យ​ពលិកម្ម​ ជីវិត​របស់​យើង​ដើម្បី​ព្រះអង្គសង្គ្រោះ ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​អញ្ជើញ​ឲ្យ ថ្វាយ ជីវិត​រស់នៅ​របស់​យើង​ចំពោះ​ទ្រង់ ។

  11. សូម​មើល ម៉ាថាយ ២៥:១៤–៣០ ។

  12. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៣៦ ។

  13. តាមវិធីនេះ យើង​បាន​មើល​ឃើញ​ការបំពេញ​ការព្យាករណ៍​ពី​សាវក​ប៉ុល ៖ « សម្រាប់​ការ​កាន់​កាប់ត្រួត​ត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​[ ព្រះ ] នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » ( អេភេសូរ ១:១០ ) ។

  14. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:៣៣ ។