សន្និសីទទូទៅ
និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​របស់បងប្អូន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​របស់បងប្អូន

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ផ្ដោត​ជីវិត​​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចងចាំ​ពី​សេចក្ដីពិត​ដ៏​សំខាន់​នៅ​ក្នុង​បាវចនា​របស់​ក្រុម​យុវនារី ។

បងប្អូន​ស្រី​ជាទីស្រឡាញ់ សូម​អរគុណ​ដែល​បាន​ចូលរួម​នា​ថ្ងៃនេះ ។ ខ្ញុំ​មាន​កិត្តិយស​ដើម្បី​ចូលរួម​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​ស្ត្រី​ក្នុង​សន្និសីទទូទៅ​នេះ ។ មាន​គ្រាមួយ ខ្ញុំ​ក៏​ធ្លាប់​មាន​ឯកសិទ្ធិ​ដើម្បី​ចូលរួម​ក្នុង​ថ្នាក់​យុវនារី​ដែរ ។ ប៉ុន្តែ​ជាក់ស្ដែង—​ខ្ញុំ​ពុំ​មែន​នៅ​ក្មេង ហើយ​ខ្ញុំ​ក៏​ពុំ​មែន​ជា​ស្ត្រី​ទេ ! ទោះ​ជា​យ៉ាង ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​ឯកោ​ឡើយ បើ​ខ្ញុំ​អាច​សូត្រ​បាវចនា​របស់​ក្រុមយុវនារី​ជាមួយ​នឹង​ក្រុម​យុវនារី ។ គោលលទ្ធិ​ដ៏​សំខាន់​ដែល​បាន​បង្រៀន​នៅ​ក្នុង​បាវចនា​របស់​ក្រុម​យុវនារីមាន​សារៈសំខាន់​ចំពោះ​ក្រុម​យុវនារី ហើយក៏​អាច​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​យើង​ដែល​ពុំ​មែន​ជា​យុវនារី​ផង​ដែរ ។

បាវចនា​របស់​ក្រុម​យុវនារី​ចាប់ផ្ដើម​ថា ​« ខ្ញុំ​គឺជា​បុត្រី​សំណព្វ​របស់​ព្រះបិតាមាតា​សួគ៌​ដែល​មាន​និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច » ។ សេចក្ដីថ្លែង​ការណ៍​នេះ​មាន​នូវ​សេចក្ដីពិត​ដ៏សំខាន់​ចំនួន​បួន ។ ទីមួយ បងប្អូន​គឺ​ជា​បុត្រី​សំណព្វ ។ គ្មាន​អ្វី​ដែល​បងប្អូន​ធ្វើ—ឬ​មិន​ធ្វើ—អាច​ផ្លាស់ប្ដូរ​សេចក្ដីពិត​នោះ​បាន​ឡើយ ។ ព្រះ​ស្រឡាញ់​បងប្អូន ដោយសារ​បងប្អូន​គឺជា​បុត្រី​ខាងវិញ្ញាណ​របស់​ទ្រង់ ។ ពេលខ្លះ យើង​ប្រហែល​ជាពុំដឹង​ពីក្ដីស្រឡាញ់​របស់​ទ្រង់ ប៉ុន្តែ​វាតែង​តែមាន​ជានិច្ច ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ល្អ​ឥតខ្ចោះ ។ យើង​គ្មាន​លទ្ធភាព​ដើម្បី​ដឹង​ពីក្ដីស្រឡាញ់នោះទេ ។

ព្រះវិញ្ញាណ​ដើរ​តួយ៉ាង​សំខាន់​ដើម្បីភ្ជាប់សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មក​កាន់​យើង ។ ប៉ុន្តែ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ​អាច​ត្រូវ​​បិទបាំង ​« ដោយ​អារម្មណ៍​ដ៏​មួរ​ម៉ៅ ដូចជា ការ​ខឹង​ ការ​ស្អប់… [ឬ] ការភ័យ​ខ្លាច … ប្រៀប​ដូចជា​ព្យាយាម​ភ្លក់​រស់ជាតិ​ទំពាំង​បាយជូរ ​ពេល​កំពុង​ហូប​ម្ទេស​ជ្រក់​ដូច្នោះ​ដែរ ។ [ រសជាតិ​មួយ ] ខ្លាំង​ជាង​រសជាតិ​មួយ​ទៀត » ។ វា​ដូចគ្នា​ចំពោះ​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ រួមទាំង​អំពើ​បាបវា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​យើង​ដើម្បី​យល់​ពី​ក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ។

ស្រដៀង​គ្នា​នេះ​ដែរ អារម្មណ៍យើង​អំពីក្ដីស្រឡាញ់​របស់​ព្រះ​ប្រហែល​ជា​ត្រូវ​សឹក​រិច​រិល​ ព្រោះតែ​ស្ថានភាព​លំបាក និង​ជំងឺ​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត នៅ​ក្នុង​ចំណោម​រឿង​ផ្សេងៗ ។ ក្នុង​ករណី​ទាំងអស់​នេះ ការ​ប្រឹក្សា​របស់​ថ្នាក់ដឹកនាំ​គួរ​ទុក​ចិត្ត​ ឬ​ពួក​អ្នក​ជំនាញ ​ជារឿយៗ ​អាច​មាន​ប្រយោជន៍ ។ យើង​ក៏​អាច​ព្យាយាម​កែលម្អ​ខ្លួន​ទទួល​យកក្ដីស្រឡាញ់​របស់​ព្រះ​ដែរ ដោយសួរ​ខ្លួន​ឯង​ថា « តើ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ​ខ្ជាប់ខ្ជួន​ដែរទេ ឬ​តើ​ខ្ញុំ​ស្រឡាញ់​ទ្រង់តែ​ពេល​ខ្ញុំ​មាន​ថ្ងៃ​ដ៏​ល្អ ប៉ុន្តែ​មិន​សូវ​ស្រឡាញ់​ទ្រង់ ​នៅ​ពេល​ខ្ញុំ​ជួបរឿងមិន​ល្អ​ឬ ? »

សេចក្ដីពិត​ទីពីរ​គឺថា យើង​មាន​ព្រះ​មាតាបិតា​សួគ៌ គឺជា​បិតាមួយអង្គ និង​មាតា​មួយអង្គ ។ គោលលទ្ធិ​អំពី​ព្រះមាតា​សួគ៌​កើត​ឡើង​តាមរយៈ​វិវរណៈ និង​ជា​ជំនឿជាក់មួយនៅក្នុង​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ ។ ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់​អំពី​សារៈ​សំខាន់​នៃ​សេចក្ដីពិត​នេះ​ថា « សាសនវិទ្យា​របស់​យើង​ចាប់ផ្ដើម​ដោយព្រះមាតាបិតា​សួគ៌ ។ ប៉ង​ប្រាថ្នា​ដ៏​ខ្ពស់​បំផុត​របស់​យើង​គឺប្រែ​ក្លាយ​ដូចជា​ទ្រង់​ទាំងពីរអង្គ » ។

មាន​រឿង​តិច​ណាស់​ដែល​បាន​បើក​សម្ដែង​អំពី​ព្រះមាតា​សួគ៌ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង ​ត្រូវ​បាន​សង្ខេប​នៅ​ក្នុង​​ប្រធានបទ​ដំណឹងល្អ​ ដែល​មាន​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​របស់​យើង ។ នៅពេល​បងប្អូន​បាន​អាន នោះ​បងប្អូន​នឹង​ដឹង​រឿង​គ្រប់ដែល​ខ្ញុំ​ដឹង​អំពី​ប្រធានបទ​នេះ ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ដឹង​បន្ថែមទៀត ។ បងប្អូន​ប្រហែលជានៅមាន​សំណួរ ហើយ​ចង់​បាន​ចម្លើយ​បន្ថែម​ផង​ដែរ ។ ការព្យាយាម​យល់ដឹង​កាន់តែច្រើន ​គឺជា​ផ្នែកមួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់យើង ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន ។ ហេតុផល​ពុំ​អាចយកមក​ជំនួស​​វិវរណៈ​បាន​ឡើយ ។

ការប៉ាន់ស្មាន​មិននាំ​ទៅ​រក​ចំណេះដឹង​ខាង​វិញ្ញាណ​កាន់​តែ​ច្រើន​ទេ ប៉ុន្តែ​វា​អាច​នាំ​យើង​ទៅរក​ការ​បំភាន់ ឬ​បង្វែរ​ការ​ផ្ដោត​របស់​យើង​ចេញ​ពី​អ្វី​ដែល​បាន​បើកសម្ដែង ។​១០ ឧទាហរណ៍ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​​ថា « អ្នករាល់គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​នូវ​នាម​យើង​ជានិច្ច » ។១១ យើង​ធ្វើ​តាម​គន្លង​នេះ ហើយ​ដឹកនាំ​ការ​ថ្វាយ​បង្គំ​របស់​យើង​ទៅ​រក​ព្រះវរបិតា​សួគ៌​​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ហើយ​ពុំ​អធិស្ឋាន​ទៅ​រក​ព្រះមាតា​សួគ៌​ទេ ។១២

ចាប់តាំងពី​ព្រះបាន​ចាត់​តាំងពួក​ព្យាការី​មក នោះ​ពួក​លោក​មាន​សិទ្ធិ​អំណាច​ដើម្បី​ថ្លែង​ជំនួស​ទ្រង់ ។ ប៉ុន្តែ​ពួក​លោក​ពុំ​ប្រកាស​ពី​គោលលទ្ធិ​ដែល​ប្រឌិត​តាម​ « អំពើ​ចិត្ត​របស់​[ ពួកលោក ] »​១៣ឬ​បង្រៀន​អ្វី​ដែល​ពុំ​បាន​បើក​សម្ដែង​នោះទេ ។ សូម​ពិចារណា​សម្ដី​របស់​ព្យាការី​បាឡាម​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​គេ​ឲ្យ​សំណូក​ឲ្យ​ដាក់​បណ្ដាសារ​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ដើម្បី​ឲ្យ​ពួកម៉ូអាប់​ឈ្នះ  បាឡាម​បាន​មាន​ប្រសាសន៍​ថា « ទោះបើ​ [ ស្ដេច​ស្រុក​ម៉ូអាប់ ] ប្រទាន​មាស ហើយ​នឹង​ប្រាក់​ពេញ​ដំណាក់​ទ្រង់​មក​ខ្ញុំ នោះ​គង់​តែ​ខ្ញុំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​របស់​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ និង​ធ្វើ​ការ​តិច ឬ​ច្រើន​ទៅ​បាន​ឡើយ » ។១៤ ពួកព្យាការី​ថ្ងៃ​ចុង​ក្រោយ​ ក៏​មាន​ការបង្ខិត​បង្ខំ​ស្រដៀង​គ្នា​ដែរ ។ ការ​ទាមទារ​ចង់​បាន​វិវរណៈមក​ពី​ព្រះ ​គឺជា​ភាព​ក្រអឺតក្រទម និង​ឥត​បាន​ផល ។ ផ្ទុយទៅវិញ យើង​​រង់ចាំ​ព្រះអម្ចាស់ និង​កាលវេលា​របស់​ទ្រង់​ដើម្បី​បើក​សម្ដែង​សេចក្ដីពិត ​តាមរយៈ​មធ្យោបាយ​ដែល​ទ្រង់​បាន​បង្កើត​ឡើង ។១៥

សេចក្ដីពិត​ទី​បី​នៅ​ដើម​កថាខណ្ឌ​នៃ​បាវចនា​របស់​ក្រុម​យុវនារី​ចែង​ថា យើង​មាន ​« និស្ស័យ​នៃ​ព្រះ » ។ ពាក្យ​នេះ​គឺ​ជាអត្តសញ្ញាណ​របស់​យើង ។ វា​គឺជា ​« ដើម​កំណើត » ​ខាង​វិញ្ញាណ​ទទួល​មក​ពី​ព្រះមាតាបិតា​សួគ៌​របស់​យើង​១៦ដោយ​យើង​ពុំបាច់​ប្រឹងរក​ឡើយ ។ នេះ​គឺជា​អត្តសញ្ញាណ​ដ៏​សំខាន់​របស់​យើង មិន​ថាយើង​ជ្រើសរើសមាន​អត្តសញ្ញាណ​​យ៉ាង​ណា​នោះទេ ។ ការ​យល់ដឹង​ពី​សេចក្ដីពិត​ដ៏សំខាន់​នេះ​សំខាន់​ចំពោះ​មនុស្ស​គ្រប់​គ្នា ជាពិសេស​ក្រុម​បុគ្គល​ដែល​ក្នុងប្រវត្តិសាស្ត្រ​ត្រូវបាន​គេ រើស​អើង​គាប​សង្គត់ និង​បង្ក្រាប ។ សូមចាំ​ថា អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់​បងប្អូន ​ទាក់ទង​នឹង​និស្ស័យ​នៃ​ព្រះ​​ ក្នុង​នាម​ជា​បុត្រ​នៃ​ព្រះ ។

សេចក្ដីពិត​ទីបួន​គឺថា យើង​មាន ​« ជោគវាសនា​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ ជោគវាសនា​បែប​នេះ​ នឹងដាក់កំហិត​មកលើយើង​ឡើយ ។ បន្ទាប់ពី​សេចក្ដីស្លាប់ យើង​នឹង​ទទួល​អ្វី​ដែល​ស័ក្ដិសម​នឹង​យើង ហើយ​« ត្រេកអរ​ចំពោះ​អ្វី​ដែល​ពួក ​[ យើង ] ​ព្រម​ទទួល​ [ ប៉ុណ្ណោះ ] » ។​១៧ ដោយ​ដឹង​ថា ជោគវាសនា​ដ៏​នៅអស់កល្ប​ជានិច្ច​របស់​យើង ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ជ្រើសរើស​របស់​យើង ។ វា​តម្រូវ​ឲ្យ​មាន​ការ​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ ផ្លូវ​នៃ​សេចក្ដីសញ្ញា​នេះ គឺជា​មាគ៌ា​ដែល​នាំយើង​មករក​ព្រះគ្រីស្ទ និង​ពឹង​ផ្អែក​ទៅ​លើក្រឹត្យវិន័យ​ពិត​ដ៏​នៅ​អសកល្ប​ជានិច្ច​ទាំងស្រុង ។ យើង​ពុំ​អាច​បង្កើត​មាគ៌ា​ខ្លួន​ឯង ​ហើយ​រំពឹង​ចង់​បាន​លទ្ធផល​ដែល​ព្រះ​បាន​សន្យា​នោះ​ឡើយ ។ ការ​រំពឹង​ចង់​បាន​ពរជ័យ​របស់​ទ្រង់ ​ទាំងពុំធ្វើ​តាម​ក្រឹត្យវិន័យ​ដ៏​នៅអស់កល្ប​ ដែល​មាន​ស្រាប់១៨នោះគឺជា​ការ​ដឹកនាំ​ខុស វាដូចជា​ការ​គិត​ថា ​យើង​អាច​ប៉ះ​ចង្ក្រាន​ក្ដៅ ហើយ​មិន​ « ចង់ » ​រលាក​ដៃ​ដូច្នោះ​ដែរ ។

បងប្អូន​ប្រហែល​ជា​ដឹង​ថា ខ្ញុំ​ធ្លាប់​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ខ្សោយ​បេះដូង ។ ពួកគេ ទទួលបាន​លទ្ធផល​ដ៏​ល្អ​បំផុតដោយ​​ការ​ធ្វើតាម​ផែនការ​ព្យាបាល​ដែល​បាន​បង្កើត ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង ។ ទោះ​ជា​ដឹង​ពី​បញ្ហា​នេះ​ក្ដី ក៏​មាន​អ្នក​ជំងឺ​មួយ​ចំនួន​បាន​ព្យាយាម​ចរចារ​ពី​ផែនការ​ព្យាបាល​ផ្សេង​ដែរ ។ ពួកគេ​បាន​ពោលថា « ខ្ញុំ​ពុំ​ចង់​លេប​ថ្នាំ​ច្រើន​ទេ » ឬ​ « ខ្ញុំ​ពុំ​ចង់​មាន​ការ​ពិនិត្យ​តាមដាន​ច្រើន​ទេ » ។ ពិតណាស់ អ្នកជំងឺ​មាន​សេរីភាព​​ជ្រើសរើស ប៉ុន្តែ​បើ​ពួកគេ​ងាកចេញ​ពី​ផែនការ​ព្យាបាល​ដ៏​ប្រសើរ​បំផុត នោះ​ពួកគេ​នឹង​រងទុក្ខ ។ អ្នកជំងឺ​ខ្សោយ​បេះដូង​ពុំ​អាច​ជ្រើសរើស​ផ្លូវ​កាត់ ​រួចហើយ​ស្ដីបន្ទោស​ដល់​គ្រូពេទ្យ​ ពេលមាន​លទ្ធផល​មិន​ល្អ​បាន​ឡើយ ។

វា​ក៏​ពិត​ចំពោះ​យើង​ដែរ ។ ផ្លូវ​ដែល​បាន​រៀបចំ​ដោយ​ព្រះវរបិតា​សួគ៌ ​ដឹកនាំ​ទៅ​រក​លទ្ធផល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដ៏​ល្អបំផុត ។ យើង​មាន​សេរីភាព​ជ្រើសរើស ប៉ុន្តែ​យើង​ពុំ​អាច​ជ្រើសរើស​លទ្ធផល​នៃ​ការ​ពុំ​ធ្វើ​តាម​ផ្លូវ​ដែល​បាន​បើក​សម្ដែង​បាន​ឡើយ ។១៩ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « អ្វី​ក៏​ដោយ​ដែល​បំបាក់​ក្រឹត្យ​វិន័យ ហើយ​មិន​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ ប៉ុន្តែ​ស្វែងរក​ដើម្បី​ត្រឡប់​ទៅ​ជា​ក្រឹត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ … ពុំ​អាច​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ក្រឹត្យ​វិន័យ​បាន​ឡើយ ឬ​ដោយ​សារ​សេចក្ដី​មេត្តាករុណា សេចក្ដី​យុត្តិធម៌ ឬ​សេចក្ដី​ជំនុំ​ជម្រះ​បាន​ដែរ » ។២០ យើង​ពុំ​អាច​ងាកចេញ​ពី​មាគ៌ា​របស់​ព្រះវរបិតា​សួគ៌ រួចហើយ​ស្ដីបន្ទោស​ទ្រង់​ដោយសារ​តែ​លទ្ធផល​មិន​ល្អ​នោះ​ឡើយ ។

កថាខណ្ឌ​ទីពីរ​នៅ​ក្នុង​បាវចនា​​ក្រុម​យុវនារី​ចែង​ថា « ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ខិត​ខំ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​ស្វែងរក និង​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន ហើយ​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។ យើង​អាច​អភិវឌ្ឍ​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ​ដោយ​ធ្វើ​សកម្មភាព​នៅក្នុងសេចក្ដីជំនឿ ។២១ យើង​អាច​ទាមទារ​អំណោយទាន​ខាង​វិញ្ញាណ « ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ។ ឬ​យើង​អាច​ទទួល​អំណោយទាន​ ដើម្បី​ជឿ​​ពាក្យ​សម្ដី​របស់​អ្នក​ដែល​ដឹង២២រហូត​ដល់​យើង​ដឹង​ដោយ​ខ្លួន​ឯង ។ យើង​អាច​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​មករកទ្រង់ ។ តាម​របៀប​នេះ យើងចូលរួម​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។២៣

បាវចនា​របស់​ក្រុម​យុវនារី​បន្ត​ថា ​« ខ្ញុំ​នឹង​ឈរ​ជា​សាក្សី​ចំពោះ​ព្រះ​នៅ​គ្រប់​ពេល គ្រប់​ការណ៍​ទាំងអស់ និង គ្រប់​កន្លែង​ទាំងអស់ » ។ សមាជិក​សាសនាចក្រ​គ្រប់រូប​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​សាក្សី​របស់​ព្រះ២៤ទោះជា​ពួក​សាវក និង​ពួក​ចិតសិបនាក់​បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ធ្វើ​ជា​សាក្សីពិសេស​ក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ក្ដី ។២៥ សូម​នឹក​ស្រមៃ​អំពី​ការ​ប្រកួត​កីឡា​បាល់ទាត់​ដែល​មាន​តែ​អ្នក​ចាំទី​ ។ បើ​គ្មាន​ជំនួយ​ពី​កីឡាករ​ផ្សេងទៀត អ្នក​ចាំទីនោះ​ នឹង​ពុំ​អាច​ការពារ​គ្រាប់បាល់​បាន​ឡើយ ហើយ​ក្រុម​នោះ​នឹង​ចាញ់​ជានិច្ច ។ ដូចគ្នា​នេះ​ដែរ មនុស្សគ្រប់រូបចាំបាច់ត្រូវ​​នៅ​ក្នុង​ក្រុម​របស់​ព្រះអម្ចាស់ ។២៦

កថាខណ្ឌ​ចុងក្រោយ​នៃ​បាវចនា​របស់​ក្រុម​យុវនារី​ផ្ដើម​ថា « នៅពេល​ខ្ញុំ​ព្យាយាម​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង នោះ​ខ្ញុំ​រីករាយ​ចំពោះ​អំណោយទាន​នៃ​ការ​ប្រែ​ចិត្ត ហើយ​ខិតខំ​កែលម្អ​ជា​រៀង​រាល់​ថ្ងៃ » ។ ដោយ​សារ​តែ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​ប្រែចិត្ត រៀន​ពី​កំហុស​ ហើយមិន​ត្រូវ​បាន​ផ្ដន្ទា​ទោស​ ដោយសារ​តែ​កំហុស​ទាំងនោះ​ឡើយ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « មាន​មនុស្ស​ច្រើនណាស់​គិត​ថា ការប្រែចិត្ត​ជា​ទណ្ឌកម្ម ។ ប៉ុន្តែ​អារម្មណ៍​នៃ​ការដាក់​ទោស​នេះ គឺ​បណ្ដាល​មក​ពី​សាតាំង ។ វា​ព្យាយាម​រារាំង​យើង​ពី​ការមើល​ឆ្ពោះទៅ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​គង់ចាំ​ទាំង​ព្រះហស្ត​លាតលា​ដោយ​សង្ឃឹម ហើយ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យ​បរិសុទ្ធ និង​ញែក​យើង​ជា​បរិសុទ្ធ » ។២៧

នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះត្រង់ នោះពុំមានស្លាក​ស្នាម​របួស​ខាង​វិញ្ញាណតទៅ​ទៀត មិន​ថា​យើង​ធ្លាប់​បាន​ធ្វើ​អ្វី ​ធ្ងន់ធ្ងរ​ប៉ុនណា ឬ​​ច្រើន​ដង​ប៉ុនណា​ក្ដី ។២៨ កាល​ណា​យើង​ប្រែចិត្ត​ជា​ញឹកញាប់ ហើយ​ស្វែង​រក​ការ​អភ័យទោស​ដោយ បំណង​ពិត នោះ​យើង​អាច​ត្រូវបាន​អត់ទោស​ឲ្យ ។២៩ អំណោយទាន​មក​ពី​ព្រះអង្គសង្គ្រោះ​​ ព្រះយេស៊ូវគ្រីស្ទអស្ចារ្យ​អ្វីម្ល៉េះ !៣០ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បញ្ជាក់​ប្រាប់​យើង​ថា យើង​ត្រូវ​បាន​អភ័យទោស​ឲ្យ ។ នៅពេល​យើង​ទទួល​អារម្មណ៍​អំណរ និង​ភាពសុខសាន្ត៣១នោះ​កំហុស​ត្រូវ​បាន​រសាយ​បាត់៣២ហើយ​យើង​លែង​ឈឺចាប់ ​ដោយ​សារ​តែ​អំពើបាប​របស់យើង​ទៀត ។៣៣

ប៉ុន្តែ​ទោះ​ជា​បន្ទាប់ពី​ការ​ប្រែចិត្ត​ដោយ​ចិត្តស្មោះក្ដី ក៏​យើង​អាច​នឹង​ជំពប់ទៀត​ដែរ ។ ការ​ជំពប់ពុំ​មែន​មាន​ន័យ​ថា ការ​ប្រែចិត្ត​នោះ​មិន​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​វា​បង្ហាញពី​ភាព​ទន់ខ្សោយ​របស់​មនុស្ស​លោក ។ វា​ជា​ការ​លួងលោម​ចិត្ត​អ្វីម្ល៉េះ​ ពេល​ដឹង​ថា « ព្រះអម្ចាស់​ទត​មើល​ភាព​ទន់​ខ្សោយ​ខុស​ផ្សេង​ពី ​[ ទ្រង់​ទតមើល ] ការបះបោរ » ។ យើង​ពុំ​គួរ​សង្ស័យ​​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ជួយ​​ភាព​ទន់ខ្សោយ​របស់​យើង​ឡើយ ដោយសារ ​« ពេល​ព្រះ​មាន​បន្ទូល​អំពី​ភាព​ទន់ខ្សោយ នោះ​តែងតែមាន​ក្ដី​មេត្តាករុណា » ។៣៤

បាវចនា​របស់​ក្រុម​យុវនារី​បញ្ចប់​ថា « តាមរយៈ​សេចក្ដីជំនឿ ខ្ញុំ​នឹង​ពង្រឹង​គេហដ្ឋាន និង​គ្រួសារ​របស់​ខ្ញុំ ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ និង​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ ព្រមទាំង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ » ។​ ការ​ពង្រឹង​គេហដ្ឋាន និង​គ្រួសារ​ អាច​មានន័យ​ថា ជា​ការ​បង្កើត​តំណ​ដំបូង​ទៅលើតំណនៃ​សេចក្ដីស្មោះត្រង់ ដែល​បន្ត​កេរដំណែល​នៃ​សេចក្ដីជំនឿ ឬ​ស្ដារ​វា​ឡើង​វិញ ។៣៥ ទោះ​ជាយ៉ាងណា កម្លាំង​កើត​ឡើង​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​ចុះ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​រៀន​អំពី​អត្តសញ្ញាណ​ និង​កន្លែង​ដែល​យើង​ធ្លាប់​រស់​នៅ ។ ទស្សនវិទូ​សាសន៍​រ៉ូម​ឈ្មោះ ស៊ីសេរ៉ូ បាន​ថ្លែង​ថា « ការ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ ពីមុន​អ្នក​បាន​ចាប់កំណើត​ គឺ​ត្រូវ​រស់នៅ​ដូច​ជា​កូនក្មេង​ជានិច្ច » ។៣៦ ពិតណាស់ គាត់​សំដៅ​ទៅ​លើ​ប្រវត្តិសាស្ត្រ​ពិភពលោក ប៉ុន្តែ​ការ​សង្កេត​ដ៏​ឈ្លាសវៃ​របស់​គាត់ ​ក៏​អាច​មានន័យ​លើស​ពី​នោះ​ដែរ ។ យើង​រស់នៅ​ជា​កូនក្មេង​ជានិច្ច បើ​យើង​មិន​យល់​ពី​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ ដែល​ទទួល​បាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ទីនោះ​យើង​រីកចម្រើន​នៅ​ក្នុង​ព្រះអម្ចាស់ ទទួល​យក​ភាព​ពេញលេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ៣៧ហើយ​កាន់​តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ ។៣៨ នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​ នោះ​យើង​ទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះ​នៅ​ក្នុង​ជីវិត ។៣៩

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ផ្ដោត​ជីវិត​​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចងចាំ​ពី​សេចក្ដីពិត​ដ៏​សំខាន់​នៅ​ក្នុង​បាវចនា​របស់​ក្រុម​យុវនារី ។ បើ​បងប្អូន​យល់​ព្រម នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​បងប្អូន ។ ព្រះវរបិតាសួគ៌​នៃ​យើង​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ប្រែក្លាយ​ជា​អ្នក​គ្រង​មរតក​របស់​ទ្រង់ ហើយ​ទទួល​អ្វីៗ​ដែល​ទ្រង់​មាន ។៤០ ទ្រង់​ពុំ​អាច​ផ្ដល់​ឲ្យ​បងប្អូនហួសពីនោះ​ឡើយ ។ ទ្រង់​ពុំ​អាច​សន្យា​នឹង​បងប្អូនហួសពីនោះ​ទេ ។ ទ្រង់​ស្រឡាញ់​បងប្អូន​លើស​ពី​បងប្អូន​ដឹង​ទៅ​ទៀត ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឃើញ​បងប្អូន​រីករាយ​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់ ៕ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល បូនី អេច ខ័រឌុន « Beloved Daughters » Liahonaខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទំព័រ ៦៧ « Young Women Theme », ChurchofJesusChrist.org ។

  2. សូមមើល « The Family: A Proclamation to the Worldលើ​គេហទំព័រ​ChurchofJesusChrist.org ។

  3. សូមមើល រ៉ូម ៨:៣៥,៣៨–៣៩ ។

  4. សូមមើល កាឡាទី ៥:២២ ។

  5. អែលឌើរ រីឆាត ជី ស្កត « To Acquire Spiritual Guidance » Liahonaខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ ៨ ។ ចាឡាផេញ៉ូ​គឺជា​ម្ទេស​ឈីលី​ទំហំ​កណ្ដាល​នៃ​ប្រភេទ ម្ទេស ។

  6. សូម​មើល ម៉ូសាយ ២:៣៦ ។

  7. សូមមើល Gospel Topics « Heavenly Parents » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

  8. ដាល្លិន អេក អូក «Apostasy and RestorationEnsign, ខែឧសភា ឆ្នាំ ១៩៩៥, ៨៧; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣១:១–៤; ១៣២:១៩ ។ ស្ត្រី និង​បុរស​ពុំ​អាច​ទទួល​បាន​ភាព​តម្កើង​ឡើង​ដោយ​ខ្វះគ្នា​បាន​ឡើយ ។

  9. សូមមើល Gospel Topics « Heavenly Parents » ។ Another resource providing information on this subject is the Gospel Topics essay « Mother in Heaven » (topics.ChurchofJesusChrist.org) ។

  10. សូម្បី​តែ​សំណួរ​ដ៏​ស្មោះ​ត្រង់​អំពី​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង​ដោយ​ផ្នែក ឬ​មិន​បាន​លាតត្រដាង​អាច​នាំ​យើង​ទៅ​រក « ហួស​ទីដៅ » ( យ៉ាកុប ៤:១៤ ) ។ ជា​ពិសេស​យើង​ត្រូវ​ពឹងផ្អែក​« ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឬទ្ធិ​ដើម្បី​សង្គ្រោះ » (នីហ្វៃ​ទី២ ៣១:១៩), ព្រះយេស៊ូវគ្រីស្ទ ។ ការ​ផ្តល់​យោបល់​អំពី​តម្រូវការ​សម្រាប់​អ្វី​មួយ​លើស​ពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​ផ្តល់​ឲ្យ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​វិសាលភាព និង​អំណាច​នៃ​ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់ ។ ក្នុង​ការ​ធ្វើ​ដូច្នេះ យើង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ពី​ចំណុច​កំពូល « ប្រភព [ ដែល​យើង​គួរ ] ណា​មួយ​ដើម្បី​ឲ្យ​បាន​ផ្តាច់​បាប​[ របស់​យើង ] » ( នីហ្វៃទី​២ ២៥:២៦ ) ។

  11. នីហ្វៃទី៣ ១៨:១៩ ។

  12. ឧទាហរណ៍ សូមមើល រ័សុល អិម ណិលសុន « Lessons from the Lord’s Prayers »Liahonaខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៧ ។

  13. ជនគណនា ១៦:២៨ ។

  14. ជនគណនា ២២:១៨ ។

  15. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:២–៧ ។

  16. សូមមើល Gospel Topics « Heavenly Parents » ។

  17. គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៣២ ។

  18. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០–២១ ។

  19. សូ​មមើល នីហ្វៃ​ទី ២ ២:៥, ១៦, ២៦–២៧ ។

  20. គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣៥ ។

  21. សូមមើល រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains »​Liahonaខែ ឧសភា ឆ្នាំ ២០២១, ១០១-៤ ។

  22. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១៣–១៤ ។

  23. សូមមើល ក្បូនខ្នាតទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ១.៤នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  24. សូមមើល ម៉ូសាយ ១៨:៩ ។

  25. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២១០៧:២៣, ២៥១២៤:១៣៨–១៣៩ ។

  26. គ្មាននរណា​ម្នាក់​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​គ្រប់យ៉ាង​នោះ​ទេ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​ណា​ដែល​មាន​ឆន្ទៈអាច​ធ្វើ​អ្វី​មួយ​បាន ។ លើស​ពី​នេះ​ទៀត ព្រះ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ឆន្ទៈ​មាន​សមត្ថភាព ប៉ុន្តែ​ទ្រង់​ពុំអាច ឬ​នឹង​មិន​ធ្វើឲ្យ​អ្នក​មាន​សមត្ថភាព​មាន​ឆន្ទៈ​បាន​ឡើយ ។

  27. រ័សុល អិម ណិលសុន « We Can Do Better and Be Better »​Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ។

  28. យ៉ូសែប បានបង្រៀន​ថា ៖ គ្មាន​ពេលណាមួយ​ដែល​វិញ្ញាណ​មានវ័យ​ចំណាស់​ពេក​ដើម្បី​ទូលទៅ​កាន់​ព្រះឡើយ ។ អ្វីៗ​ទាំងអស់​ស្ថិតនៅ​ក្នុង​ព្រះហស្ដ​នៃ​សេចក្ដីមេត្តាករុណា ។ … គោលលទ្ធិ​នេះ​ហាក់ដូចជា​មានភាពរុងរឿង ដរាបណា​វា​បង្ហាញ​ពី​ភាពអស្ចារ្យ​នៃ​សេចក្ដីមេត្តា​ករុណា និង​សេចក្ដីសប្បុរស​ដ៏​ទេវភាព​នៅ​វិសាលភាព​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដល់​មនុស្ស​លោក ។ សេចក្ដីពិត​ដ៏​រុងរឿង​នេះ​ត្រូវ​បាន​គណនា​យ៉ាង​ច្បាស់លាស់​ដើម្បី​ពង្រីក​ការយល់ដឹង និង​គាំទ្រ​ដល់​ព្រលឹង​ដែល​ជួបបញ្ហា ការលំបាក និង​ភាពអស់សង្ឃឹម » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​២០០៧ ] ទំព័រ ៤៧១ ) ។ សូម​មើល​ផងដែរ ប៊យដ៍ ឃេ ផាកកឺ « The Plan of Happiness » Liahonaខែ ឧសភា ឆ្នាំ ២០១៥, ២៨ ។

  29. សូមមើល ម៉ូសាយ ២៦:២៩–៣០មរ៉ូណៃ​៦:៨គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២–៤៣ ។

  30. សូម​មើល មរ៉ូណៃ ៧:២៧–២៨ ។ គួរឲ្យកត់សម្គាល់ ចៅក្រម​របស់​យើង​ក៏​ជា​មេធាវី​របស់​យើង​ផងដែរ ។

  31. សូមមើល ម៉ូសាយ ៤:៣ ។

  32. សូមមើល អេណុស ១:៦ ។

  33. សូមមើល អាលម៉ា ៣៦:១៩ ។

  34. រីឆាដ ជី ស្កត « Personal Strength through the Atonement of Jesus Christ »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៨៣ ។ ការ​រៀបចំ​ផែនការ​អំពើបាប​ដោយ​ដឹងខ្លួន​ជាមួយនឹង​ផែនការ​ដ៏​អាក្រក់​ដើម្បី​ប្រែចិត្ត​នៅពេល​ក្រោយ —នៅ​ក្នុង​ពាក្យ​សំដី​ម្យ៉ាង​ទៀត​ពោល​គឺ ការប្រែចិត្ត​ដែល​បាន​គ្រោងទុក​ជាមុន —គឺ​ជា​ការ​បង្អាប់​ចំពោះ​ព្រះអម្ចាស់ ។ ជន​ដែល​ធ្វើ​បែប​នេះ​« បាន​ឆ្កាង​ព្រះរាជបុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ » ​( សូមមើល ហេព្រើរ ៦:៤–៦ ) ។ ការព្រមាន​នេះ​គួរ​ចាត់ទុក​ថា​« ដ្បិត ក្រោយ ដែល យើង បាន ទទួល ស្គាល់ សេចក្តី ពិត ហើយ បើ យើង ធ្វើ បាប ស្ម័គ្រ ពី ចិត្ត ទៀត នោះ គ្មាន យញ្ញបូជា ណា សម្រាប់ នឹង លោះ បាប ទៀត ទេ មាន​តែ​រង់ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្តី​ជំនុំ​ជម្រះ និង​សេចក្តី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ »​( ហេព្រើរ ១០:២៦–២៧ ) ។

  35. សូមមើល អេសាយ ៥៨:១២–១៤ ។

  36. Marcus Tullius Cicero, Oratortrans. H. M. Hubbell, ជំពូក ៣៤ វគ្គ ១២០ នៅក្នុង Ciceroឆ្នាំ​១៩៧១ ), ៥:៣៩៥ ។

  37. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១៥ ។

  38. សូមមើល គោលលទ្ធិ និង សេចក្ដី សញ្ញា ១០៩:២២ ។

  39. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២០ ។

  40. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៦–៣៨ ។