សន្និសីទទូទៅ
ធ្វើ​អ្វី​ដែល​សំខាន់​បំផុត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ធ្វើ​អ្វី​ដែល​សំខាន់​បំផុត

នៅ​ពេល​យើង​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ភាពរឹងមាំ​ខាង​វិញ្ញាណ សុភមង្គល និង​អំណរ ។

មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ មានសម្លាញ់​ម្នាក់​ទទួលអារម្មណ៍​ឲ្យ​ទៅ​សួរ​សុខទុក្ខ​ស្ដ្រី​ម្នាក់​ក្នុង​វួដ​របស់​គាត់ ។ គាត់​បដិសេធការបំផុស​នោះ​ ព្រោះ​គាត់​មិន​ធ្លាប់​ស្គាល់​ស្ដ្រី​នោះ​ទេ—វា​មិន​ទំនង​ទេ ។ តែវាបន្ដ​កើតឡើង​ក្នុង​គំនិតគាត់​ នោះ​គាត់​ក៏​សម្រេច​ចិត្ត​​ធ្វើតាម​ការបំផុស​នេះ ។ ការ​ទៅ​សួរសុខទុក្ខ​ភ្លាមៗ​ដូច្នេះ បាន​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ទេ ដូច្នេះ​គាត់​តាំងចិត្ត​ថា ការយក​អ្វី​មួយ​ទៅជូន​បងស្រី​នោះ នឹង​ជួយបន្ធូរ​អារម្មណ៍តានតឹងបានខ្លះ ។ ប្រាកដ​ណាស់ គាត់​មិន​អាច​ទៅ​ដោយ​ដៃ​ទទេ​នោះ​ទេ ! ដូច្នេះ គាត់​បាន​ទិញ​ការ៉េម​មួយ​ប្រអប់ ហើយ​គាត់​បានចេញ​ទៅ​សួរ​សុខទុក្ខ ជាអ្វី​ដែល​គាត់​គិត​ថា​មិន​ទំនង​នេះ ។

គាត់​បាន​គោះ​ទ្វារ​ផ្ទះ​​ស្ដ្រី​នោះ បងស្រី​នោះ​ក៏បានបើក​​ទ្វារ​ ។ មិត្ត​ខ្ញុំ​បាន​ជូន​ការ៉េម​ដែល​ដាក់ក្នុងថង់​ពណ៌ត្នោត​ទៅឲ្យ​គាត់ រួច​ក៏ចាប់ផ្ដើម​សន្ទនាគ្នា ។ មិនយូរប៉ុន្មានមិត្ត​ខ្ញុំ​ក៏​បានដឹង​ពី​មូលហេតុ ​ដែលចាំបាច់​ត្រូវទៅ​សួរ​សុខទុក្ខ​នោះ ។ កាល​ពួកគេ​អង្គុយ​​នៅខាង​មុខ​ផ្ទះ ស្ដ្រី​រូប​នេះ​បាន​រៀបរាប់​ពី​ឧបសគ្គ​ជាច្រើន​ដែល​គាត់​កំពុង​ជួបប្រទះ ។ បន្ទាប់ពី​ជជែក​គ្នាមួយម៉ោង​ក្រោម​អាកាសធាតុ​​ក្ដៅ ​មិត្ត​ខ្ញុំ​បាន​ឃើញថា​ការ៉េម​រលាយ​ពេញក្នុង​ថង់​​ពណ៌​ត្នោត​នោះ ។

គាត់​បាន​លាន់​មាត់​ថា « ខ្ញុំ​សុំទោស​បង ការ៉េម​បង​រលាយ​អស់ហើយ ! »

ស្ដ្រី​នោះ​ឆ្លើយ​ដោយ​ស្រទន់​ថា « មិន​អីទេ​ ! ខ្ញុំ​ប្រតិកម្ម​នឹងជាតិ​ទឹកដោះគោ ! »

នៅក្នុង​សុបិន្ដ​មួយ ព្រះអម្ចាស់​បាន​ប្រាប់​ព្យាការី​លីហៃ​ថា « លីហៃ​អើយ អ្នក​មាន​ពរ​ហើយ ដោយសារ​អំពើ​ទាំងឡាយ​ដែល​អ្នក​បាន ធ្វើ » ។

ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ គឺហួស​ពី​ការគ្រាន់តែ​សង្ឃឹម ឬ​ការជឿ ។ វា​តម្រូវ​ឲ្យមាន​ការខិតខំ ​សកម្មភាព និង​ការប្ដេជ្ញា​ចិត្ត ។ វា​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វីមួយ ជា « អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់តែ​ស្តាប់​ប៉ុណ្ណោះ » ឡើយ ។

តើ​ករណី​រលាយ​ការ៉េម​នេះ ​អ្វី​ដែល​សំខាន់​បំផុត ? តើជាការ៉េមឬ ? ឬ​ក៏ជា​​អ្វីមួយដ៏​សាមញ្ញ ដែល​មិត្ត​ខ្ញុំ​បានធ្វើ​នោះ ?

ខ្ញុំ​មាន​បទពិសោធន៍​ដ៏ល្អ​មួយ​ជាមួយ​យុវនារី​ជាទី​ស្រឡាញ់​ម្នាក់ ដែល​បាន​សួរ​សំណួរ​ដ៏​ស្មោះថា ៖ « ស៊ីស្ទើរ កា្រវីន តើ​ស៊ីស្ទើរ​ដឹង​ថា អ្វីៗ​អំពី​សាសនាចក្រ​នេះ​ពិត​ដោយ​របៀប​ណា ? ព្រោះខ្ញុំ​គ្មាន​អារម្មណ៍​អ្វីសោះ » ។

មុននឹងឆ្លើយ ខ្ញុំ​បាន​សួរ​សំណួរ​ខ្លះៗ​ទៅ​នាង​សិន ។ « សូម​ប្រាប់​ខ្ញុំ​អំពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ប្អូន » ។

នាង​បាន​តប​ថា « ខ្ញុំ​ពុំ​អាន​ព្រះគម្ពីរ​ទេ » ។

ខ្ញុំ​បាន​សួរ​ថា « ចុះ​គ្រួសារ​ប្អូន​វិញ ? តើ​ប្អូន​សិក្សា ចូរ​មកតាម​ខ្ញុំ ជាមួយ​គ្នា​ដែរ​ឬទេ ? »

នាង​តប​ថា « អត់ទេ » ។

ខ្ញុំ​បាន​សួរ​អំពី​ការអធិស្ឋាន​របស់​នាង ៖ « តើ​ប្អូន​មាន​អារម្មណ៍​បែបណា ពេល​ប្អូន​អធិស្ឋាន ? »

ចម្លើយ​នាង ៖ « ខ្ញុំ​មិន​អធិស្ឋាន​ទេ » ។

ចម្លើយ​ខ្ញុំ​តប​ទៅ​នាង​គឺ​សាមញ្ញ ៖ « បើ​ប្អូន​ចង់​ដឹង​អ្វីមួយ នោះ​ប្អូន​នឹង​ត្រូវ​ធ្វើ​អ្វីមួយ » ។

តើ​វាមិនពិតទេឬ ​ចំពោះ​អ្វីៗ​ដែល​យើង​ចង់​រៀន ឬ​ចង់​ដឹង​ ? ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ថ្មី​របស់​ខ្ញុំ​ឲ្យ​ចាប់ផ្ដើម ធ្វើ តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ អធិស្ឋាន សិក្សា បម្រើ​មនុស្ស​ដទៃ និង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ការប្រែចិត្ត​ជឿ​នឹង​មិន​កើតមាន​ទេ បើ​មិន​ធ្វើ​អ្វី​សោះ​នោះ ។ វា​កើត​មាន​តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​យើង​ខិតខំ​ដោយ​​ចេតនា​ចង់​ដឹង តាមរយៈ​ការសួរ ការស្វែងរក និង​ការគោះ ។ វា​កើតមាន​តាមរយៈ​ការធ្វើ ។

នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ជារឿយៗ​ថា « មិន​ជា​សំខាន់​ទេ » ។ វា​ធ្វើឲ្យ​ខ្ញុំ​​គិត​ថា បើ​រឿង​មួយ​ចំនួន​មិន​សំខាន់ ឬ​មិន​សូវ​សំខាន់ នោះ​ប្រាកដ​ជា​មាន​រឿង​ដែល​សំខាន់​បំផុត​ហើយ ។ នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី ធ្វើ​អ្វីមួយធ្វើ​អ្វីៗក៏​ដោយនោះ​យើង​អាច​សួរ​ខ្លួនឯង​ថា « តើ​អ្វីទៅ​ដែល​សំខាន់​បំផុត ? »

ជា​ញឹកញាប់ អ្នកផ្សាយ​ពាណិជ្ជកម្ម​ប្រើ​ពាក្យ​ដូច​ជា « សំខាន់ » ឬ « ត្រូវ​តែ​មាន » ដើម្បី​ល្បួង​យើង​ឲ្យ​ជឿ​ថា ផលិតផល​ដែល​ពួកគេ​កំពុង​លក់​នោះ​គឺ​ចាំបាច់​សម្រាប់​សុភមង្គល ឬ​សុខុមាលភាព​របស់​យើង ។ ប៉ុន្ដែ​តើ​អ្វី​ដែល​ពួកគេ​កំពុង​លក់​នោះ ពិតជា សំខាន់​មែន​ឬ ? តើ​យើង ពិតជា ត្រូវតែ​មាន​វា​ឬ ? តើ​វា ពិតជា សំខាន់​​ឬ ?

នេះ​គឺជា​យោបល់​មួយ​ចំនួន​ដើម្បី​ពិចារណា ។ តើ​អ្វី​ទៅ​ដែល​សំខាន់​បំផុត ?

  • តើ​យើង​ទទួល​បាន « likes » ( « ពេញចិត្ត » ) នៅ​លើ​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ប៉ុណ្ណា ? ឬ តើ​ព្រះវរបិតា​សួគ៌​របស់​យើង​ស្រឡាញ់ និង​ឲ្យ​តម្លៃ​យើង​ខ្លាំង​ប៉ុណ្ណា ?

  • តើ​ការស្លៀកពាក់​ទាន់​សម័យ​ឬ ? ឬ ក៏ជាការបង្ហាញ​ការគោរព​ដល់​រូបកាយ​របស់​យើង ដោយ​ការស្លៀកពាក់​សមរម្យ​ឬ ?

  • តើ​ស្វែងរក​ចម្លើយ​តាមរយៈ​ការស្រាវជ្រាវ​ក្នុង​អ៊ីនធឺណិត​ឬ ? ឬ តើ​ទទួល​បាន​ចម្លើយ​មកពី​ព្រះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​ចង់​បាន​បន្ថែម​ឬ ? ឬ តើ​ពេញចិត្ត​នឹង​អ្វី​ដែល​យើង​មាន​ឬ ?

ប្រធាន រ័សុល អិម ណិលសុន បង្រៀន​ថា

« ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ នោះ​ប្អូនៗ​អាច​មើល​ឃើញ​នូវ​វប្បធម៌​ល្បីល្បាញ ​បាន​វាយ​លុក​​មក​លើ​សង្គម​របស់​យើង ។ ប្អូនៗ​អាច​ឈ្លាសវៃ​ជាង​ជំនាន់​មុនៗ ។ …

ចូរ​បង្កើត​បទដ្ឋាន​មួយ​សម្រាប់​លោកិយ​ទាំងមូល ! »

វា​តម្រូវ​ឲ្យមាន​ការខិតខំ​បន្ដ​ផ្ដោតលើ​អ្វី​ដែល សំខាន់ពិត សម្រាប់​អំណរ​ដ៏​យូរ​អង្វែង ។ សាតាំងពុំ​ចង់​បាន​អ្វី​ក្រៅពី​ឲ្យ​យើង​គិត​ខុស​អំពី​គុណតម្លៃ​ដ៏អស់កល្ប​របស់​យើង​នោះ​ទេ ​វា​នាំ​​ឲ្យ​យើងខ្ជះខ្ជាយ​ពេលវេលា ទេពកោសល្យ ឬ​កម្លាំង​ខាង​វិញ្ញាណ​ដ៏មាន​តម្លៃ​ ទៅលើ​រឿង​ដែល​មិន​សំខាន់ ។ ខ្ញុំ​សូម​អញ្ជើញ​ពួកយើង​ម្នាក់ៗ​ឲ្យ​ពិចារណា​​ដោយ​ការអធិស្ឋាន​អំពី​រឿង​​ដែល​បង្អាក់​យើង​មិន​ឲ្យធ្វើ​អ្វីៗ​ដែល​សំខាន់​បំផុត ។

គ្រូបង្រៀន​ថ្នាក់​ទីបី​របស់​កូនប្រុស​ច្បង​យើង​ បាន​បង្រៀន​កូន​សិស្ស​គាត់​ឲ្យ « គ្រប់គ្រង​ខួរក្បាល​របស់​គេ » ។ ជាការ​​រំឭក​ដល់​កូនសិស្ស​វ័យក្មេង​របស់​គាត់​ថា ពួកគេ​គឺជា​អ្នកគ្រប់គ្រង​គំនិត​ខ្លួនឯង ដូច្នេះ​ពួកគេ​ក៏​អាច​គ្រប់គ្រង​អ្វីៗ ​ដែល​ពួកគេ​ធ្វើ​បាន​ផងដែរ ។ ខ្ញុំ​រំឭក​ខ្លួនឯង​ឲ្យ « គ្រប់គ្រង​ខួរក្បាល របស់​ខ្ញុំ » នៅពេល​ខ្ញុំ​ឃើញ​ថា​ ខ្លួនឯង​ប្រឡូក​ក្នុង​អ្វី​ដែល​មិន​សូវ​សំខាន់ ។

សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថ្មីៗ​នេះ​ថា ការ​ល្មើល​បញ្ញត្តិ រួច​ប្រែចិត្ត​ជា​ក្រោយ ក្លាយជា​រឿងល្បី​មួយ​ក្នុង​ចំណោម​យុវវ័យ​សាសនាចក្រ​មួយ​ចំនួន ។​ ។ គាត់​ប្រាប់​ខ្ញុំ​ថា « វា​ដូចជា​ស្លាក​កិត្តិយស​មួយ​អញ្ចឹង » ។ ច្បាស់ណាស់ ព្រះអម្ចាស់​នឹង​បន្ដ​អភ័យទោស​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត​ដោយ​រាបសា និង « ដោយ​ស្មោះ​អស់ពី​ចិត្ត » ។ ប៉ុន្ដែ​ដង្វាយធួន​​ដោយ​ក្ដីមេត្តា​របស់​ព្រះអង្គ​សង្គ្រោះ ​មិន​គួរ​យកមក​ប្រើ ​តាម​របៀប​ចំអក​បែប​នោះ​ឡើយ ។ យើង​ស្គាល់​រឿងប្រៀប​ប្រដូច​អំពី​ចៀម​មួយ​ដែល​បាត់ ។ ប្រាកដ​ណាស់ អ្នកគង្វាល​នឹង​ទុក​ចៀម ៩៩ ​ដើម្បី​ទៅរក​ចៀម​មួយ​ដែល​វង្វេង ។ ប៉ុន្ដែ​តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ពី​អំណរ​ដែល​អ្នក​ជ្រើសរើស​ធ្វើជា​ចៀម ៩៩ នាំ​មកឲ្យ​​អ្នកគង្វាល​ល្អ​ដែរ​ឬទេ ? ជា​ចៀម​ដែល​នៅជុំ​គ្នា ហើយ​ជួយ​គ្នា​ឲ្យ​រស់នៅ​តាម​សេចក្ដីសញ្ញា​ ? តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ពិភពលោក​នេះ ឬ​សាលារៀន ឬ​កន្លែង​ធ្វើការ ឬ​គេហដ្ឋាន​របស់​បងប្អូន​ថា វា​នឹង​ទៅជា​យ៉ាងណា បើ​ការគោរព​ប្រតិបត្តិ​គឺជា​រឿង​ល្បី​ដែល​ត្រូវ​ធ្វើ​នោះ ? វា​ពុំមែន​អំពី ការដឹកនាំ ជីវិតយ៉ាងល្អ​ឥតខ្ចោះ​នោះទេ—គឺវា​អំពី​ការមាន​អំណរ​ ខណៈដែល យើង​ខំអស់ពី​សមត្ថភាព​ ដើម្បី​រស់នៅ​តាម​សេចក្ដី​សញ្ញា​ ដែល​យើង​បាន​ចុះ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

កាល​ណា​ពិភពលោក​បង្ហាញពី​ការសង្ស័យ​ចំពោះ​ព្រះ និង​មានការភាន់​ច្រឡំ និង​សម្ពាធ​កាន់តែ​ច្រើន​ឡើង នោះ​ហើយ​​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​តែ​នៅជិត​ព្យាការី​បំផុត ។ ក្នុង​នាម​លោក​ជា​អ្នកថ្លែង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទុកចិត្ត​លោក​ថា អ្វី​ដែល​លោក​ជម្រុញ ទូន្មាន និង​អង្វរ​ឲ្យ​យើង​ធ្វើ គឺជា​រឿង​ដែល​សំខាន់​បំផុត ។

ទោះជា​វា​មិន​ងាយស្រួល​ក្ដី ក៏វា​តែងតែ​មាន​របៀប​មួយ​ ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ដែរ ។ ពេល​ជជែក​លេង​នឹង​មិត្តក្នុង​សាលា យុវនារី​ម្នាក់​បាន​ស្រងាកចិត្ត ពេល​ដែល​ការសន្ទនា​នោះ​ប្រែជា​ការ​រិះគន់​អំពី​បទដ្ឋាន​របស់​សាសនាចក្រ ។ នាង​ដឹង​ថា នាង​មិន​អាច​បន្ដ​នៅ​ស្ងៀម​បាន​ទេ —នាង​ត្រូវ​ធ្វើ​អ្វីមួយ ។ នាង​បាន​ថ្លែង​ឡើងដោយ​ក្ដីគោរព​​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​របៀប​ដែល​ព្រះបញ្ញត្តិ​ត្រូវបាន​ប្រទានឲ្យ ដើម្បី​ប្រទាន​ពរជ័យ និង​ការពារ​បុត្រា​បុត្រី​របស់​ទ្រង់ ។ វា​នឹង​ងាយស្រួល​ជាង បើ​នាង​មិន​ធ្វើ​អ្វីសោះ​នោះ ។ ប៉ុន្ដែ​តើ​អ្វីទៅ​ដែល​សំខាន់​បំផុត ? ធ្វើ​តាម​គេឬ ? ឬ​ក៏ ក្រោកឈរ ធ្វើជា​សាក្សី​នៃ​ព្រះ​នៅ « គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង » ?

បើ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ នឹង​ចេញពី​ទីអាប់អួ នោះ​យើង​ត្រូវតែ​ចេញពី​ទីអាប់អួ​ដែរ ។ ក្នុងនាមជា​យុវនារី​ដែល​រក្សា​សេចក្ដីសញ្ញា នោះ​យើង​ត្រូវតែ​បញ្ចេញ​ពន្លឺ​ដំណឹងល្អ​​ទៅកាន់​ពិភពលោក​ទាំងមូល តាមរយៈ​ការក្រោកឈរឡើង ធ្វើ​ជា​គំរូ ។ យើង​ធ្វើ​វា​រួមគ្នា​ក្នុងនាមជា​បុត្រី​នៃ​ព្រះ—ជា​កម្លាំង​នៃ​ស្ដ្រី​ចំនួន ៨.២ លាន​នាក់ ចាប់ពី​អាយុ ១១ ឆ្នាំ​ឡើង ​យើង​ធ្វើកិច្ចការ​ដូចគ្នាទាំង​ស្រុង​ ។ យើង​កំពុង​ប្រមូលផ្ដុំ​អ៊ីស្រាអែល​ ពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ៖ ដោយ​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មើលថែ​ដល់​អ្នកខ្វះខាត អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ដំណឹងល្អ និង​បង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ដំណឹងល្អ​នៃ​សកម្មភាព និង​អំណរ ! ចូរ​យើង​កុំ​មើលងាយ​សមត្ថភាពខ្លួន​ក្នុង​ការធ្វើ​កិច្ចការ​​ដែល​សំខាន់​បំផុត​ឡើយ ។ កេរ​មរតក​ដ៏ទេវភាព​របស់​យើង​ផ្ដល់ភាព​ក្លាហាន និង​ទំនុកចិត្ត​ឲ្យ​យើង​ធ្វើ និង​ក្លាយជា​មនុស្ស ដែល​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ចង់ឲ្យយើង​ប្រែក្លាយ ។

បាវចនា​យុវវ័យ​សម្រាប់​ឆ្នាំ​នេះ​គឺ​មកពី សុភាសិត ៣:៥–៦ ៖

« ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

« ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។

ធាតុសំខាន់​នៃ​ការទុកចិត្ត​លើ​ព្រះអម្ចាស់​គឺ កាឆ្ពោះ​ទៅ​មុខ ការជឿ​ថា​ទ្រង់​នឹង​ដឹកនាំ​យើង ទោះជា​គ្រា​ដែល​យើងគ្មាន​ចម្លើយ​ទាំងអស់​ក្ដី ។

បងប្អូនស្រី វា​ពុំមែន​អំពី​ការ៉េម​នោះទេ ។ ហើយ​វាក៏​ពុំមែន​អំពី​ការធ្វើ​ច្រើន​នោះដែរ ។ វា​គឺ​អំពី​ការធ្វើ​អ្វី​ដែល​សំខាន់ ។ វា​គឺជា​ការអនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​យើង ពេល​យើង​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

ដរាបណា​យើង​បន្ដ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​យ៉ាង​រឹងមាំ នោះ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​នឹង​កាន់​តែ​ដុះ​លូតលាស់ ។ កាលណា​សេចក្ដី​ជំនឿ​​យើងដុះលូតលាស់​កាន់តែ​ខ្លាំង នោះ​យើង​នឹង​ចង់​ប្រែចិត្ត​កាន់តែ​ខ្លាំង​ដែរ ។ ​កាលណា​យើងកាន់តែ​ប្រែចិត្ត នោះ​យើង​នឹង​កាន់​តែពង្រឹង​ទំនាក់ទំនង​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ ។ ទំនាក់ទំនង​សេចក្ដីសញ្ញា​នោះ​នាំ​យើង​ឲ្យខិតទៅរក​ព្រះវិហារ​បរិសុទ្ធ ព្រោះ​ការរក្សា​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ គឺជា​របៀប​ដែល​យើង​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ។

នៅ​ពេល​យើង​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅ ក្នុង​ជីវិត​របស់​យើង នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត ។ ហើយ​យើង​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ភាពរឹងមាំ​ខាង​វិញ្ញាណ សុភមង្គល ជា​មួយ​និង​អំណរ ! នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕