សន្និសីទទូទៅ
ការផ្លាស់ប្ដូរ​ដ៏ធំ​នៅក្នុង​ដួងចិត្ត ៖ « ទូលបង្គំ​គ្មាន​អ្វី​ផ្សេងទៀត​នឹង​ថ្វាយ​ទ្រង់​ឡើយ »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ការ​ផ្លាស់​ប្តូរ​ដួងចិត្ត​ដ៏​ធំ ៖

« ទូលបង្គំ​គ្មាន​អ្វី​ផ្សេងទៀត​នឹង​ថ្វាយ​ទ្រង់​ឡើយ »

ការផ្លាស់ប្ដូរ​ដួងចិត្ត​នេះ​មិនមែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ ការប្រែចិត្ត និង​កិច្ចការ​ខាង​វិញ្ញាណ​ដ៏ខ្ជាប់ខ្ជួន​កើតឡើង ។

សេចក្ដីផ្ដើម

នៅ​​ថ្ងៃ សុក្រ ទី ២៨ ខែ តុលា ឆ្នាំ ១៥៨៨ នាវា La Gironaដែល​ជានាវាដ៏ធំ​​របស់​អាម៉ាដា​អេស្ប៉ាញ​បាន​បាក់​ចង្កូត ហើយ​បាត់បង់ការគ្រប់គ្រង បាន​បុកជាមួយ​នឹង​ថ្ម Lacada Point នៅ​ប្រទេស​អៀកឡង់​ខាងជើង ។

នាវា​នោះ​បាន​លិច ។ នាវានិក​ម្នាក់​ដែល​បាន​ព្យាយាម​ដើម្បី​រួច​ជីវិតពី​ការ​លិច​នោះ គាត់​បាន​ពាក់​ចិញ្ចៀន​មាស​មួយ​វង់ ដែល​ភរិយា​គាត់​បាន​ជូន​ទៅ​គាត់​កាលពីរបី​ខែ​មុន ដោយ​មាន​ឆ្លាក់​អក្សរ​ថា « អូន​គ្មាន​អ្វី​ផ្សេងទៀត​នឹង​ជូន​បង​ឡើយ » ។

ឃ្លា « អូន​គ្មាន​អ្វី​ផ្សេងទៀត​នឹង​ជូន​បង​ឡើយ » —និង​ចិញ្ចៀន​ដែលរចនា​ជា​រូប​ដៃ​កាន់​បេះដូង គឺជា​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ភរិយា​ចំពោះ​ស្វាមី ។

ទំនាក់ទំនងបទគម្ពីរ

នៅពេល​ខ្ញុំ​អាន​ដំណើររឿង​នេះ ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​រឿងនេះ ហើយ​ខ្ញុំ​បាន​គិត​អំពី​សំណើ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស្នើ ៖ « ហើយ​អ្នករាល់គ្នា​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ » ។

ខ្ញុំ​ក៏បាន​គិត​ដល់​ប្រតិកម្ម​របស់​ប្រជាជន​ទៅកាន់​បន្ទូល​របស់​ស្ដេច​បេនយ៉ាមីន​ផងដែរ ៖ « ព្រះ​ពរ យើង​ខ្ញុំ​ជឿ​តាម​ពាក្យ​ទាំងអស់ ដែល​ស្ដេច​មាន​បន្ទូល​មកកាន់​ពួកយើង … ដែល​បាន​នាំមក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួកយើង ឬ​ក៏​នៅក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើល្អ​ជានិច្ច​វិញ » ។

ទំនាក់ទំនង​ផ្ទាល់ខ្លួន

ខ្ញុំ​សូម​ចែកចាយ​ជាមួយ​បងប្អូន​នូវ​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​មាន កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ជា​បទពិសោធន៍៍​ដែល​មាន​ឥទ្ធិពល​រហូត​មកដល់​សព្វថ្ងៃ​នេះ ។

ម្ដាយ​ខ្ញុំ​និយាយ​ថា « អេក្វាដូ លឿន​ឡើងកូន យើង​ទៅ​ព្រះវិហារ​យឺត​ហើយ » ។

ខ្ញុំ​បាន​ឆ្លើយ​ថា « ម៉ាក់ ខ្ញុំ​នៅ​ផ្ទះ​ជាមួយ​ប៉ា​ថ្ងៃនេះ » ។

គាត់​និយាយ​ថា « តើ​កូន​ប្រាកដ​ហើយ​ឬ ? កូន​ត្រូវ​ចូលរួម​ក្នុង​ការប្រជុំ​កូរ៉ុម​បព្វជិតភាព​របស់​កូន ។

ខ្ញុំ​និយាយ​ថា « អាណិត​ប៉ា ! គាត់​នៅ​តែម្នាក់​ឯង ។ ខ្ញុំ​នៅ​ផ្ទះ​ជាមួយ​គាត់​ថ្ងៃនេះ » ។

ប៉ា​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទេ ។

ម្ដាយ និង​បងប្អូន​ស្រី​របស់​ខ្ញុំ​បាន​ទៅ​ការប្រជុំ​ថ្ងៃ​អាទិត្យ ។ ដូច្នេះ ខ្ញុំ​បាន​ទៅជួប​ប៉ា​នៅក្នុង​រោងជាង​របស់​គាត់ ជា​កន្លែង​ដែល​គាត់​ចូលចិត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ហើយ​ពេល​ខ្ញុំ​ប្រាប់​ម្ដាយ​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​នៅ​ជាមួយ​ប៉ា​មួយ​សន្ទុះ​សិន នោះ​គឺ​ពីរបី​នាទី​ជាមួយ​នឹង​គាត់ រួចហើយ​ខ្ញុំ​សួរ​ថា « ប៉ា គ្រប់យ៉ាង​គ្មាន​បញ្ហា​ទេ​ឬ ? »

គាត់​បាន​បន្ដជួសជុល​វិទ្យុ និងនាឡិកា ជា​កិច្ចការ​ដែល​គាត់​ចូលចិត្ត​ហើយ​គាត់​​ញញឹម​ដាក់​ខ្ញុំ ។

រួច​ខ្ញុំ​បាន​សុំ​គាត់​ថា « ខ្ញុំ​សូម​ទៅ​លេង​ជាមួយ​មិត្តភក្ដិ​ខ្ញុំ » ។

ប៉ា​បាន​និយាយ​មក​ខ្ញុំ​ទាំង​ឈ្ងោក​ធ្វើការ​ថា « ថ្ងៃនេះ​ជា​ថ្ងៃ​អាទិត្យ ។ ក្រែង​កូន​ត្រូវ​ទៅ​ព្រះវិហារមែនទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « បាទ ប៉ុន្ដែ​ថ្ងៃនេះ​ខ្ញុំ​បាន​ប្រាប់​ម៉ាក់​ថា ខ្ញុំ​មិន​ទៅ​ទេ » ។ ប៉ា​បាន​បន្ដ​ធ្វើ​ការងារ​គាត់​ទៀត ហើយ​សម្រាប់​ខ្ញុំ នោះ​គឺជា​ការអនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅលេងបាន ។

នៅ​ព្រឹក​នោះ មាន​ការលេង​បាល់ទាត់​ដ៏សំខាន់​មួយ ហើយ​មិត្ត​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​អាច​ខកខាន​បាន​ទេ ព្រោះ​យើង​ត្រូវ​យក​ឈ្នះ​ឲ្យបាន ។

ឧបសគ្គ​ខ្ញុំ​គឺថា ខ្ញុំ​ត្រូវ​ដើរឆ្លងកាត់​មុខសាលាប្រជុំ​ដើម្បី​ទៅដល់​ទីលាន​បាល់ទាត់ ។

ដោយ​ប្ដេជ្ញាចិត្ត ខ្ញុំ​ត្រូវ​រត់​យ៉ាង​លឿន​ទៅកាន់​ទីលាន​បាល់ទាត់ ហើយ​ត្រូវ​ឈប់​មុន​មកដល់​សាលាប្រជុំដែល​ជាឧបសគ្គ​ដ៏ធំ​នោះ​រ ។ ខ្ញុំ​បាន​រត់​ទៅ​ផ្លូវថ្មើរ​ជើង​ម្ខាងទៀត ដោយសារ​វា​មាន​ដើមឈើ​ធំៗ​មួយចំនួន ហើយ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ត្រូវរត់​ចន្លោះ​ដើមឈើ​នោះ ដើម្បី​កុំឲ្យ​គេ​ឃើញ​ខ្ញុំ ដោយសារ​វា​ជាពេល​ដែល​សមាជិក​មក​កាន់​ការប្រជុំ ។

ខ្ញុំ​មកដល់​ទាន់ពេល​គេ​ចាប់ផ្ដើម​លេង​ល្មម ​ខ្ញុំ​អាច​លេង និង​ទៅផ្ទះ​វិញ មុនពេល​ម្ដាយ​ខ្ញុំ​ទៅដល់​ផ្ទះ ។

អ្វីៗ​បាន​ដំណើរការ​យ៉ាងល្អ ក្រុម​របស់​យើង​បាន​ឈ្នះ ហើយ​ខ្ញុំ​រំភើប​ចិត្ត​ក្រៃលែង ។ ប៉ុន្ដែ​មាន​អ្នកផ្ដល់​ប្រឹក្សា​កូរ៉ុម​ឌីកុន​ម្នាក់​បាន​ឃើញ​ខ្ញុំ​រត់​ទៅ​ទីលាន​បាល់ទាត់ ដែល​បាន​លេង​​យ៉ាង​រលូន​នោះ ។

បងប្រុស ហ្វីលីក អេសស្ពីនណូហ្សា បាន​ឃើញ​ខ្ញុំ​រត់​យ៉ាងលឿន​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ​ទៀត ដោយ​ព្យាយាម​កុំឲ្យ​គេ​ឃើញ ។

នៅ​ដើម​សប្ដាហ៍​ក្រោយ បងប្រុស អេសស្ពីនណូហ្សា បាន​មក​ផ្ទះ​ខ្ញុំ ហើយ​បាន​សុំ​និយាយ​ជាមួយ​ខ្ញុំ ។ គាត់​មិន​បាន​និយាយ​ពី​អ្វី​ដែល​គាត់​បាន​ឃើញ​នៅ​ថ្ងៃ​អាទិត្យ​នោះ​ទេ ហើយ​គាត់​ក៏មិន​បាន​សួរ​ខ្ញុំ​ថា​ហេតុអ្វី​ខ្ញុំ​មិន​បាន​ទៅ​ការប្រជុំ​របស់​ខ្ញុំ​ដែរ ។

គាត់​គ្រាន់​តែ​ហួច​សៀវភៅឲ្យ​ខ្ញុំ ហើយ​និយាយថា « បងសូមឲ្យ​ប្អូន​បង្រៀន​ថ្នាក់​បព្វជិតភាព​នៅ​ថ្ងៃ​អាទិត្យ ។ បង​បាន​គូសចំណាំ​មេរៀន​ឲ្យ​ប្អូន​រួចហើយ ។ វា​មិន​ពិបាក​ខ្លាំង​ទេ ។ បង​សុំឲ្យ​ប្អូន​អាន​វា ហើយ​ពីរ​ថ្ងៃ​ទៀត បង​នឹង​មក​ជួយ​ប្អូន​ក្នុង​ការរៀបចំ​មេរៀន​នេះ » ។ ពេល​និយាយ​ចប់​ហើយ គាត់​បាន​ហុច​សៀវភៅ​សិក្សា​នោះ​ឲ្យខ្ញុំ ហើយ​ចេញ​ទៅ ។

ខ្ញុំ​មិន​ចង់​បង្រៀន​ថ្នាក់​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​មិន​ហ៊ាន​ប្រកែក​នឹង​គាត់ឡើយ ។ ខ្ញុំ​បាន​គ្រោង​ថា​នឹង​នៅ​ជាមួយ​ឪពុក​របស់​ខ្ញុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នោះ—មាន​ន័យ​ថា មាន​ការប្រកួត​បាល់​ដ៏សំខាន់​មួយ​ទៀត ។

បងប្រុស អេសស្ពីនណូហ្សា គឺជា​មនុស្ស​ដែល​យុវវ័យ​គោរព​កោត​សរសើរ ។ គាត់​បាន​រកឃើញ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ហើយ​វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​គាត់ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ដួងចិត្ត​គាត់​បាន​ផ្លាស់ប្តូរ ។

ដល់​រសៀល​ថ្ងៃសៅរ៍ ខ្ញុំ​គិត​ថា « មែនហើយ ប្រហែល​ស្អែកឡើង​ខ្ញុំ​នឹង​ឈឺ ហើយ​ខ្ញុំ​នឹង​មិន​ទៅ​ព្រះវិហារ​ទេ » ។ វាមិនមែនជាការលេងបាល់ដែលធ្វើឲ្យខ្ញុំបារម្ភនោះទេ វាគឺជាថ្នាក់ដែលខ្ញុំត្រូវបង្រៀន ជាពិសេសមេរៀនអំពីថ្ងៃឈប់សម្រាកនេះទៅវិញទេ ។

ថ្ងៃ​អាទិត្យ​បាន​មកដល់ ហើយ​ខ្ញុំ​ក្រោក​ពីដំណេកដោយ​មាន​សុខភាព​ល្អ​ជាង​សព្វដង​ទៀត ។ ខ្ញុំ​អស់​លេស​ដោះសា—គេច​លែង​រួចហើយ ។

វា​គឺជា​លើក​ទីមួយ​ដែល​ខ្ញុំ​បង្រៀន​មេរៀន​មួយ ប៉ុន្ដែ​បងប្រុស អេសស្ពីនណូហ្សា នៅក្បែរ​ខ្ញុំ​ចាំ​គាំទ្រ ហើយ​នោះ​គឺជា​ថ្ងៃ​នៃ​ការផ្លាស់ប្ដូរដួងចិត្ត​ដ៏អស្ចារ្យសម្រាប់​ខ្ញុំ ។

ចាប់តាំងពី​ពេល​នោះ​មក ខ្ញុំ​ចាប់ផ្ដើម​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទុកជា​បរិសុទ្ធ ហើយ​កាល​វេលា​ចេះតែ​កន្លង​ទៅ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា ថ្ងៃ​ឈប់​សម្រាក​បាន​ក្លាយជា​ថ្ងៃ​ដ៏សប្បាយ​រីករាយ ។

« ព្រះអម្ចាស់​អើយ ទូលបង្គំ​សូម​ថ្វាយ​អ្វីៗ​គ្រប់យ៉ាង​ដល់​ទ្រង់; ទូលបង្គំ​គ្មាន​អ្វី​ផ្សេងទៀត​នឹង​ថ្វាយ​ទ្រង់​ឡើយ » ។

ការទទួល​បាន

តើ​យើង​ទទួល​បាន​ការផ្លាស់ប្ដូរ​ដួងចិត្តដ៏ធំ​​ដោយ​របៀប​ណា ? វា​ត្រូវមាន​ការផ្ដួចផ្ដើម ហើយ​ទីបំផុត​វា​នឹង​កើតឡើង

  1. នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​ដើម្បី​ទទួល​បាន​ចំណេះដឹង ដែល​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​បង្កើត​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ ។

  2. នៅពេល​យើង​បណ្ដុះ​បំណង​ប្រាថ្នា​នោះ​តាមរយៈ​ការអធិស្ឋាន និង​ការតម​អាហារ ។

  3. នៅពេល​យើង​ធ្វើ​សកម្មភាព​ស្របតាម​ពាក្យពេចន៍​ដែល​បាន​សិក្សា ឬ​បាន​ទទួល​នោះ ហើយ​យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ប្រគល់​ដួងចិត្ត​របស់​យើង​ទៅកាន់​ទ្រង់ គឺ​ដូចជា​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​ដែរ ។

ការទទួល​ស្គាល់ និង​សេចក្ដីសញ្ញា

តើ​យើង​ដឹង​ថា ដួងចិត្ត​របស់​យើង​កំពុង​ផ្លាស់ប្ដូរ​ដោយ​របៀប​ណា ?១០

  1. នៅពេល​យើង​ចង់​ធ្វើឲ្យ​ព្រះ​សព្វ​ព្រះទ័យ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។១១

  2. នៅពេល​យើង​ប្រព្រឹត្ត​ដាក់​មនុស្ស​ដទៃ​ដោយ​សេចក្តី​ស្រឡាញ់ ការគោរព និង​ការចេះ​គិតគូរ ។១២

  3. នៅពេល​យើង​ឃើញ​ថា គុណលក្ខណៈ​របស់​ព្រះគ្រីស្ទ​កំពុង​ក្លាយជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​យើង ។១៣

  4. ពេល​យើង​មាន​អារម្មណ៍​ពី​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ខ្ជាប់ខ្ជួន​ជាងមុន ។១៤

  5. នៅពេល​យើង​កាន់តាម​បទបញ្ញត្តិ​មួយ ដែល​យើង​ពិបាក​គោរព​តាម រួចហើយ​បន្ដ​រស់នៅ​តាម​វា ។១៥

នៅពេល​យើង​ស្ដាប់​តាម​ដំបូន្មាន​របស់​ថ្នាក់ដឹកនាំ​យើង​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​សម្រេច​ចិត្ត​ធ្វើតាម​វា​ដោយ​ក្ដីរីករាយ តើ​យើង​មិន​បាន​ដក​ពិសោធន៍​ការផ្លាស់ប្ដូរ​ដ៏ធំ​នៅក្នុង​ដួងចិត្ត​ទេ​ឬអី ?

« ព្រះអម្ចាស់​អើយ ទូលបង្គំ​សូម​ថ្វាយ​អ្វីៗ​គ្រប់យ៉ាង​ដល់​ទ្រង់; ទូលបង្គំ​គ្មាន​អ្វី​ផ្សេងទៀត​នឹង​ថ្វាយ​ទ្រង់​ឡើយ » ។

តំហែទាំ និង​អត្ថប្រយោជន៍

តើ​យើង​ថែទាំ​ការផ្លាស់ប្ដូរ​ដ៏ធំ​នេះ​ដោយ​របៀប​ណា ?

  1. នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ហើយ​រំឭក​សេចក្ដីសញ្ញា​ដើម្បី​លើក​ដាក់​មកលើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ចងចាំ​ទ្រង់​ជានិច្ច ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។១៦

  2. នៅពេល​យើង​បង្វែរ​ជីវិត​របស់​យើង​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។១៧ ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាទៀងទាត់​នឹង​ជួយ​យើង​ឲ្យ​ថែទាំ​ដួងចិត្ត​ថ្មី និង​រំឭក​ជាថ្មី នៅពេល​យើង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នានា ។

  3. នៅ​ពេល​យើង​ស្រឡាញ់​ហើយ បម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង ដោយ​សកម្មភាព​នៃ​ការងារ​បម្រើ​ទាំងឡាយ និង​កិច្ច​ការ​អ្នក​ផ្សព្វផ្សាយ​សាសនា ។18

បន្ទាប់មក​ដោយសារ​អំណរ​ដ៏ធំ​របស់​យើង នោះ​ការផ្លាស់ប្ដូរ​ក្នុង​ចិត្ត​នោះ​បាន​រឹងមាំ​ឡើង ហើយ​រាយសាយ​រហូត​ដល់​វា​ពោរពេញ​ទៅដោយ​កិច្ចការ​ល្អៗ ។១៩

ការផ្លាស់ប្ដូរ​ដ៏ធំ​នៅក្នុង​ដួងចិត្ត​នេះ​នាំ​ឲ្យយើង​មាន​អារម្មណ៍​នៃ​សេរីភាព ការទុកចិត្ត និង​សេចក្ដី​សុខសាន្ដ ។២០

ការផ្លាស់ប្ដូរ​ដួងចិត្ត​នេះ​មិនមែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ ការប្រែចិត្ត និង​កិច្ចការ​ខាង​វិញ្ញាណ​ដ៏ខ្ជាប់ខ្ជួន​កើតឡើង ។ វា​ចាប់ផ្ដើម​នៅពេល​យើង​មាន​បំណង​ដើម្បី​ចុះចូល​ឆន្ទៈ​របស់​យើង​តាម​ព្រះអម្ចាស់ ហើយ​ការផ្លាស់ប្ដូរ​ដួងចិត្ត​នឹង​កើតឡើង នៅពេល​យើង​ចូល​ទៅក្នុង និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ ។

សកម្មភាព​ឯកជន​ដូច្នេះ​មាន​ឥទ្ធិពល​វិជ្ជមាន​ទាំង​លើ​យើង និង​លើ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ។

នៅក្នុង​ពាក្យ​សម្ដី​របស់​ប្រធាន រ័សុល អិម ណិលសុន « សូម​ស្រមៃ​មើល​ថា តើ​ជម្លោះ​ដ៏​បំផ្លិច​បំផ្លាញ​នៅ​ទូទាំង​ពិភពលោក​នេះ—និង​ការបំផ្លិច​បំផ្លាញ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ—នឹង​ត្រូវ​ដោះស្រាយ​បាន​លឿន​ប៉ុណ្ណា ប្រសិន​បើ​យើង​ទាំងអស់​បាន​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ស្តាប់​តាម​ការបង្រៀនទាំងឡាយ​របស់​ទ្រង់​នោះ » ។២១ សកម្មភាព​នៃ​ការធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នេះ​នាំ​ទៅរក​ការផ្លាស់ប្ដូរ​ដ៏ធំ​នៅក្នុង​ដួងចិត្ត ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ យុវវ័យ និង​កុមារ នៅពេល​យើង​ចូលរួម​ក្នុង​សន្និសីទ​នៅ​ចុង​សប្ដាហ៍​នេះ សូម​ឲ្យ​ពាក្យសម្ដី​របស់​ព្យាការី​យើង ដែល​មកពី​ព្រះអម្ចាស់ ចូល​ទៅក្នុង​ដួងចិត្ត​យើង​ដើម្បី​ដក​ពិសោធន៍​ការផ្លាស់ប្ដូរ​ដ៏ធំ​មួយ ។

សម្រាប់​អស់​អ្នក​ដែល​មិន​ទាន់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់​នៅឡើយ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ស្ដាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​មាន​បំណង​ប្រាថ្នា​ដ៏ស្មោះសរ ដើម្បី​ដឹង​ពី​អ្វី​ដែល​ព្រះ​រំពឹង​ទុកពី​បងប្អូន ហើយ​ដក​ពិសោធន៍​ការផ្លាស់ប្រែ​នៅក្នុង​ចិត្ត​បងប្អូន ។២២

ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​ត្រូវ​សម្រេច​ចិត្ត​ថា​នឹង​ធ្វើតាម​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ « ព្រះអម្ចាស់​អើយ ទូលបង្គំ​សូម​ថ្វាយ​ដួងចិត្ត​ទូលបង្គំ​ដល់​ទ្រង់; ទូលបង្គំ​គ្មាន​អ្វី​ផ្សេងទៀត​នឹង​ថ្វាយ​ទ្រង់​ឡើយ » ។

គឺ​ដូចជា​ចិញ្ចៀន​ដែល​ត្រូវបាន​រកឃើញ​ពី​ការលិច​នាវា​នោះ​ដែរ ពេល​យើង​ថ្វាយ​ដួងចិត្ត​របស់​យើង​ដល់​ព្រះ នោះ​យើង​នឹង​បាន​សង្គ្រោះ​ពី​សមុទ្រ​ដ៏លិចលង់​នៃ​ជីវិត​នេះ ហើយ​នៅក្នុង​ដំណើរការ​នេះ យើង​ត្រូវបាន​បន្សុទ្ធ និង​សម្រិត​សម្រាំង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ហើយ​ក្លាយជា « បុត្រា​បុត្រី​នៃ​ព្រះគ្រីស្ទ » ដោយ​ក្លាយ​ជា « កើត​ពី​ទ្រង់ » ខាង​វិញ្ញាណ ។២៣ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ​នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕