សន្និសីទទូទៅ
ផ្លូវ​នៃ​សេចក្តីសញ្ញា ៖ ផ្លូវ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ផ្លូវ​នៃ​សេចក្តីសញ្ញា ៖ ផ្លូវ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច

ផ្លូវ​ទៅកាន់​ភាពល្អឥតខ្ចោះ​ គឺជា​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ស្នូល​នៃ​ពិធី​បរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងអស់ ។

ស្ដេច​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ​មាន​ព្រះរាជបំណង​ឲ្យ​បុត្រា​ទ្រង់ ឡើង​គ្រងរាជ​នៅ​នគរ​មួយ ។ ព្រះអង្គម្ចាស់​នោះ​ត្រូវតែ​រៀន និង​ចម្រើន​​ប្រាជ្ញា ដើម្បី​គង់​លើ​បល្ល័ង្ក​នោះ ។ ថ្ងៃ​មួយ ស្ដេច​បាន​ជួប​នឹង​ព្រះអង្គម្ចាស់ ហើយ​បាន​ប្រាប់​អំពី​ផែនការ​របស់​ទ្រង់ ។ ទ្រង់​ទាំងទ្វេ​បាន​យល់​ស្រប​ថា ព្រះអង្គម្ចាស់​នោះ​នឹង​យាង​ទៅឯ​ទីក្រុង​មួយផ្សេង​ ដើម្បី​ទទួល​បាន​បទពិសោធន៍​នានា ។ ទ្រង់​នឹង​ជួបឧបសគ្គ ព្រមទាំងរីករាយ​នឹង​ការណ៍​ល្អៗ​ជា​ច្រើន​ផងដែរ ។ បន្ទាប់​មក ស្ដេច​បាន​បញ្ជូន​ទ្រង់​ទៅឯ​ទីក្រុង​នោះ ជា​កន្លែង​ដែល​ព្រះអង្គម្ចាស់​ត្រូវ​បង្ហាញ​ពី​ភាពស្មោះត្រង់​​ចំពោះ​ស្ដេច ហើយ​បង្ហាញ​ថា ទ្រង់​សម​នឹង​ទទួលបាន​ឯកសិទ្ធិ និង​ទំនួលខុសត្រូវ ដែល​ស្ដេច​បាន​មាន​សម្រាប់​ទ្រង់ ។ ស្ដេច​បាន​ឲ្យ​សេរីភាព​ទៅ​ព្រះអង្គម្ចាស់​​ជ្រើសរើស​ទទួល​យក​ឯកសិទ្ធិ និង​ទំនួល​ខុសត្រូវ​ទាំងនេះ ឬ​ក៏​អត់ វាអាស្រ័យ​ទៅលើ​ព្រះរាជ​បំណង និង​ភាពស្មោះត្រង់​របស់​ទ្រង់ ។ ខ្ញុំ​ប្រាកដ​ថា បងប្អូន​ចង់​ដឹង​ពី​អ្វី​កើតឡើង​ចំពោះ​ព្រះអង្គម្ចាស់​នោះ ។ តើ​ទ្រង់​បាន​ត្រឡប់​ទៅ​គ្រង​រាជ​នៅ​នគរ​នោះ​ដែរ​ឬ​ទេ ?

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ យើង​ម្នាក់ៗ​គឺ​ជា​ព្រះអង្គម្ចាស់ ឬ​ព្រះនាង​មួយ​អង្គនោះ ។ យើង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ជីវិត​​នេះ ដោយ​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​រូបកាយ ដែល​នឹង​ក្លាយ​ជា​អមតៈ តាមរយៈ​ដង្វាយធួន និង​ដំណើរ​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ត្រូវបាន​រំពឹង​ឲ្យ​រៀបចំខ្លួន ដើម្បី​ត្រឡប់​ទៅ​វត្តមាន​នៃព្រះ​វិញ ដោយ​ការបង្ហាញ​​ថា យើង​នឹង « ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់ [ យើង ] នឹង​បញ្ជា​ដល់ [ យើង ] » ( អ័ប្រាហាំ ៣:២៥ ) ។

ដើម្បី​ជួយ​យើង ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ប្រោសលោះ​ ហើយ​បង្ហាញ​ផ្លូវ​យើងឲ្យត្រឡប់​ទៅ​ព្រះ​វិញ ។ បុត្រា​បុត្រី​របស់​ព្រះ​ត្រូវបាន​អញ្ជើញ​ឲ្យ​មកឯ​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់ ។ នៅក្នុង​ព្រះគម្ពីរ យើង​ឃើញ​មាន​ការអញ្ជើញ​ឲ្យ​យើង​មកឯ​ព្រះអម្ចាស់​ដដែលៗ​ជាង ៩០ ដង ហើយ​ជាង​ពាក់កណ្ដាល​នៃ​ការអញ្ជើញ​ទាំងនេះ គឺ​ជា​ការអញ្ជើញ​ដោយ​ផ្ទាល់​មកពី​ព្រះអម្ចាស់ ។ ការទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ មានន័យ​ថា​ជា​ការទទួល​ពិធី​បរិសុទ្ធ​របស់​ទ្រង់ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ផ្លូវ សេចក្ដី​ពិត និង​ជា​ជីវិត( យ៉ូហាន​១៤:៦ ) ហើយ​ទ្រង់​អញ្ជើញ​យើង « ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ » ( នីហ្វៃទី២ ២៦:៣៣ ) ។

ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​របស់​យើង ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​យើង​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទមាន​កាន់តែ​ខ្លាំង​ឡើង ហើយ​ជួយ​យើង​ឲ្យ​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់​ទាំង​ទ្វេ ។ ទោះ​ជា​ការណ៍​ទាំង​អស់​ពុំ​ទាន់​បើក​សម្ដែង​« ពេលវេលា និង​របៀប​ជាក់លាក់ ដែល​ពរជ័យ​នៃ​ភាពតម្កើង​ឡើង​[ នឹង​ត្រូវ ]​ប្រទាន​ឲ្យ​ក៏​ដោយ ក៏​យើង​មាន​ការអះអាង​អំពី​វា​ដែរ ។​( អិម. រ័សុល បាឡឺត «Hope in Christ » Liahona, ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៥ ) ។

អាលម៉ា ជា​សង្ឃ​ជាន់​ខ្ពស់ ការបង្រៀន​នៅ​ដែនដី​សារ៉ាហិមឡា ដែល​បាន​រៀបរាប់​អំពី​ការ​អញ្ជើញ​ដ៏​ស៊ីជម្រៅ​មួយ​ដោយ​ព្រះយេស៊ូវគ្រីស្ទ ៖

« មើល​ចុះ ទ្រង់​បាន​អញ្ជើញ​មនុស្ស​លោក​ទាំង​អស់ ដ្បិត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក​រក​គេ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក ។

« មែន​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរមក​រក​យើង​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត » ( អាលម៉ា ៥:៣៣–៣៤ ) ។

ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​អញ្ជើញ​យើង​ឲ្យ​មកឯ​ទ្រង់ ហើយ​ទទួល​នឹម​ទ្រង់​ ដើម្បី​យើង​អាច​បាន​សម្រាក​នៅក្នុង​ពិភពលោក​ដ៏​ច្របូក​ច្របល់​នេះ​( សូមមើល ម៉ាថាយ​១១:២៨–២៩ ) ។ យើង​មកឯ​ព្រះគ្រីស្ទ ដោយ​« អនុវត្ត​ជំនឿ​ទៅ​លើ​ទ្រង់ ប្រែចិត្ត​ជារៀងរាល់ថ្ងៃ ចុះ​សេចក្តីសញ្ញា​នឹងព្រះ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត ​ដោយ​ការគោរព​តាម​សេចក្តី​សញ្ញា​ទាំងនោះ »( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ១.២.១,គេហទំព័រ​ChurchofJesusChrist.org ) ។ ផ្លូវ​ទៅកាន់​ភាពល្អឥតខ្ចោះ​ គឺជា​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ស្នូល​នៃ​ពិធី​បរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងអស់ ។

ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា ដោយសារ​តែ​សេចក្ដីសញ្ញា​ដែល​យើងធ្វើ នោះ​យើង​ក្លាយ​ជា​បុត្រា​បុត្រី​របស់​ព្រះគ្រីស្ទ ដែល​បាន​បង្កើត​យើង​ខាង​វិញ្ញាណ ហើយនៅក្រោម​​ព្រះសិរសា​ទ្រង់​ នោះយើង​បាន​ទទួល​សេរីភាព ដ្បិត « គ្មាន​នាម​ឯណា​ផ្សេង​ទៀត​ទេ ដែល​អាច​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ » ( ម៉ូសាយ ៥:៧–៨ ) ។ យើង​បាន​សង្គ្រោះ ពេល​យើង​កាន់ខ្ជាប់ដល់​ចុងបំផុត ដោយ « ការធ្វើ​តាម​គំរូ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​នោះ » ( នីហ្វៃទី២ ៣១:១៦ ) ។ នីហ្វៃ​បាន​ទូន្មាន​ថា ការគ្រាន់តែចូល​តាម​ផ្លូវ​តូច ហើយ​ចង្អៀត​នេះពុំទាន់​ចប់​សព្វគ្រប់​​ទេ យើង​ត្រូវតែ « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ( នីហ្វៃទី២ ៣១:១៩–២០ ) ។

គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ជួយ​យើង​ឲ្យ​ស្វែងរក និង​​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយ​ដំណឹងល្អ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ឲ្យ​យើង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអម្ចាស់​តាមរយៈ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។ ព្យាការី​របស់​ព្រះ ប្រធាន រ័សុល អិម ណិលសុន បាន​ដាស់តឿន​យើង​នៅក្នុងសុន្ទរកថា​របស់​លោក​​នៅ​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០១៨ ថា « សូម​បន្ដ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ការតាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ដោយ​ការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ បន្ទាប់មក​រក្សា​សេចក្ដី​សញ្ញា​នោះ នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណសម្រាប់​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង ។ … នៅ​ចុងបំផុតនៃ​ការ​ព្យាយាមរបស់​យើងម្នាក់ៗ គឺត្រូវ​ទទួល​បាន​អំណាច​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​យើង​ស័ក្តិសម​សម្រាប់​អំណោយទាន​ដ៏​មហិមា​បំផុត​របស់​ព្រះ គឺ​ជីវិត​អស់កល្ប​ជានិច្ច » ( « នៅពេល​យើង​បន្ត​ឆ្ពោះ​ទៅ​មុខ​ជាមួយ​គ្នា » លីអាហូណាខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។

ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ ឬ​ដក​យក​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​អំពី​ជីវិត​អស់កល្ប​ជានិច្ច​ពី​អ្នក​រក្សា​សេចក្ដី​សញ្ញា​ដ៏​ស្មោះត្រង់​ណា​ម្នាក់​ឡើយ។ ហើយ​នៅ​ពេល​យើង​គោរព​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ នោះ​យើង​ខិត​ទៅ​កាន់​តែ​ជិត​ព្រះអង្គ​សង្គ្រោះ។ ។ អែលឌើរ ដេវីឌ អេ បែដណា​បាន​បង្រៀន​យើង​ពិ​ម្សិលមិញ​ថា សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដំណើរការ​នៅ​ក្នុង​ជីវិត​របស់​យើង​ដូច​ជា​ត្រីវិស័យ​ដើម្បី​ផ្តល់​ឲ្យ​យើង​នូវ​ការណែនាំ​សំខាន់ៗ​ដើម្បី​មក​រក​ព្រះគ្រីស្ទ ហើយ​ក្លាយ​ជា​កាន់​តែ​ដូច​ទ្រង់ ។

សេចក្ដីសញ្ញា​ទាំងឡាយ គូស​ផ្លូវ​ត្រឡប់​ទៅ​រក​ព្រះ​វិញ ។ ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ការតែងតាំង​បព្វជិតភាព និង​ពិធី​សាក្រាម៉ង់ ដឹកនាំ​យើង​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​ភាពលើកតម្កើង​របស់​ទ្រង់ ។

ខ្ញុំ​សូម​លើក​ឡើង​រឿង​ពីរ​យ៉ាង ដែល​ព្រះអង្គ​សង្គ្រោះ​​យើង​បាន​សង្កត់​ធ្ងន់ ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សញ្ញា​ដោយ​ស្មោះត្រង់ ៖

  1. ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​យើង រំឭក​យើង​អំពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ និង​គង់​នៅ​ជាមួយ​យើង​ជា​រៀង​រហូត ( សូមមើល យ៉ូហាន ១៤:១៦, ២៦ ) ។ ទ្រង់​អាច​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង ដើម្បី​ដឹកនាំ​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅ​ពេល​ខាង​មុខ យើងនឹង​មិន​អាច​រស់​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ ​លួងលោម​ចិត្ត និង​មានឥទ្ធិពល​ដ៏ខ្ជាប់ខ្ជួន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ( « Revelation for the Church, Revelation for Our Lives » Liahonaខែ ឧសភា ឆ្នាំ ២០១៨ ) ។

  2. ព្រះអង្គ​សង្គ្រោះ​បាន​តាំង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ឡើង ដើម្បី​ឲ្យ​យើង​អាច​ចងចាំ​ទ្រង់ ហើយ​មាន​​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប ។ ពិធីបុណ្យ​ជ្រមុជ​ទឹក​បើក​ទ្វារ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច ហើយ​ពិធី​សាក្រាម៉ង់​ ជួយ​យើង​ឲ្យ​ឈាន​ទៅ​មុខ​យ៉ាង​ខ្ជាប់ខ្ជួន​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ កាល​យើង​ទទួលទាន​សាក្រាម៉ង់ វា​នឹង​ជា​ទីបន្ទាល់​មួយ​ចំពោះ​ព្រះវរបិតា​ថា យើង​ពិតជា​ចងចាំ​ដល់​ព្រះរាជបុត្រា​ទ្រង់​ជានិច្ច​ ។ ហើយ​នៅពេល​យើង​ចងចាំ​ទ្រង់​ជានិច្ច និង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​យើង ។ បន្ថែមលើ​ការសន្យា​នេះ ព្រះអម្ចាស់​បាន​រំឭក​អំពី​ការផ្ដាច់បាប​ដែល​បាន​សន្យា​ ពេល​យើង​ប្រែចិត្ត​ពី​អំពីបាប​​ដោយចិត្ត​រាបសា ។

ដើម្បីបន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​យើង យើង​គួរតែព្យាយាម​ឲ្យ​មាន​ព្រះវិញ្ញាណ​រៀបចំ​យើង​ឲ្យ​ទទួល​ពិធី​សាក្រាម៉ង់​ដោយ​ស័ក្ដិសម ​ដូចគ្នានោះ​ដែរ យើង​ទទួល​ពិធី​សាក្រាម៉ង់​ជា​ទៀងទាត់ ដើម្បី​យើងមាន​ព្រះវិញ្ញាណ​ជានិច្ច ។

កាល​កូនស្រី​យើង​មាន​អាយុ​ប្រាំ​ឆ្នាំ នាង​មាន​កូន​ឡាន​ប្រើ​ថាមពលថ្ម ហើយគាត់​ចូលចិត្ត​បើក​វា​នៅ​ជុំ​វិញ​ផ្ទះ ។ ល្ងាច​មួយ នាង​បាន​មករក​ខ្ញុំ ហើយ​និយាយ​ថា « ប៉ា ឡាន​កូន​លែង​ដើរ​ហើយ ។ តើ​យើង​អាច​យក​សាំង​ខ្លះ​ពី​ឡាន​ប៉ា ចាក់​ក្នុង​ឡាន​កូន ដើម្បី​ឲ្យ​វា​បើក​បាន​ម្ដង​ទៀត​ឬ​ទេ ? ប្រហែល​ជា​វា​ត្រូវការ​សាំង​ដូច​ឡាន​ប៉ា​ដែរ » ។

ក្រោយ​មក ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ​ថ្ម​​វាជិត​អស់ភ្លើង​ហើយ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ថា យើងនឹង​អាច​បើក​វា​បានវិញ​ប្រហែល​មួយ​ម៉ោង​ទៀត ។ នាង​បាន​និយាយ​ដោយ​រំភើប​ចិត្ត​ថា « ចាស ! យើង​នឹង​យក​វា​ទៅ​ការ៉ាស​សាំង » ។ ខ្ញុំ​គ្រាន់តែ​ដោតភ្លើងសាក​ថ្មវា​ ហើយ​មួយ​ម៉ោង​ក្រោយមក នាង​អាច​បើក​ឡាន​នោះ​បានវិញ ពេល​វា​សាក​ថ្ម​រួច​ហើយ ។ ក្រោយមក​នាង​បាន​ដឹង​ថា វា​សំខាន់​ដើម្បី​បញ្ចូល​ថ្ម​ជានិច្ច ដោយដោត​វា​ទៅ​ភ្លើង​អគ្គិសនី ។

ដូច​ដែល​កូនស្រី​របស់​យើង​បាន​រៀន​ពី​ទំនាក់ទំនង​រវាង​ថ្ម និង​ថាមពល ដើម្បី​បើក​ឡានបាន នោះ​យើង​ក៏​រៀន​អំពី​ទំនាក់ទំនង​រវាង​ព្រះយេស៊ូវគ្រីស្ទ ពីធី​សាក្រាម៉ង់ និង​ព្រះវិញ្ញាណ​ផងដែរ ។ យើង​ត្រូវការ​ព្រះវិញ្ញាណ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​នេះ នៅ​ពេល​យើង​រក្សា​សេចក្តីសញ្ញា​ដោយ​ស្មោះត្រង់ ហើយ​យើង​ត្រូវការ​ពិធី​សាក្រាម៉ង់​ដើម្បី​ផ្ដល់​ថាមពល​ដល់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ។ ការរំឭក​សេចក្ដីសញ្ញា​បុណ្យ​ជ្រមុជ​ទឹក និង​ការទទួលទាន​សាក្រាម៉ង់​របស់​យើង នាំ​ឲ្យ​យើង​មាន​ភាពស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ផ្សេងៗ​ទៀត ។ នៅពេល​​យើង​សិក្សា​ដោយ​ការអធិស្ឋាន ហើយ​គោរពតាម​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ហើយរីករាយ​នឹង​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា នោះ​យើង​ច្បាស់ជាមាន​ការ​បញ្ចប់​ដោយរីករាយ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​ឲ្យ​បាន​ពេញ​លេញ កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការ​អធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​អ្នក​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​ត្រូវ​បាន​សន្យា​ថា​នឹង​មាន​សេចក្ដីសុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក ។( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣ ) ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា នៅពេល​បងប្អូន​ទទួលទាននិមិត្តរូប​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិធី​សាក្រាម៉ង់​ជា​ទៀងទាត់ នោះ​បងប្អូន​នឹង​មាន​ព្រះវិញ្ញាណ​​ទ្រង់ ដើម្បី​ដឹកនាំ​បងប្អូន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​បងប្អូន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕