២០១៨
ពេល​គេង​សម្រាប់​ហ្វែលីក
ខែ មិថុនា ឆ្នាំ ២០១៨


ពេល​គេង​សម្រាប់​ហ្វែលីក

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

« ពេល​ណា​ខ្ញុំ​មាន​ចិត្ត​ល្អ​សប្បុរស ហើយ​ជួយ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ឃើញ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់ ដ្បិត​ខ្ញុំ​កំពុង​ជួយ​ខ្លួន​ខ្ញុំ » ( Children’s Songbook ល.រ.១៩៧ ) ។

រូបភាព
Bedtime for Felix

អ៊ែនតុន​បាន​មើល ពេល​អេក្រង់​កុំព្យូទ័រ​បានលោត​ទៅ​កម្រិត​ទី​ប្រាំមួយ​នៃ​ហ្គេម​របស់​គាត់ ដែល​ទំនង​ដូចជា​លើក​ទី​មួយ​លានដងហើយ ។ គាត់​បាន​ដកដង្ហើម​ធំ ហើយ​បាន​ចាប់ផ្តើមបោះ​ជំហាន​ឆ្លង​កាត់​ទីខ្វាត់ខ្វែង​ដែល​នាំ​ឲ្យ​វង្វេង​ ដោយ​ហោះរំលង​លើ​ចំណុច​ស្រួចៗ​ចម្រុះពណ៌ និង​ឆ្លង​កាត់ផ្លូវ​រូងក្នុង​ដី​ដែល​មាន​អណ្តាត​ភ្លើង​ឆេះ ។​ គាត់បាន​គោះ​ជើង​របស់​គាត់​កាន់តែ​លឿន នៅពេល​គាត់​កាន់តែ​មក​ដល់​ជិតទីផ្តាច់​ព្រ័ត្រ ។

« អ៊ែនតុន ? » វា​ជា​សំឡេង​របស់​ម៉ាក់ ។ គាត់​ហៅ​ដូច​ជា​គាត់​ត្រូវការ​អ្វី​មួយ ។

គាត់​បាន​គិត​ថា « មិនមែន​ពេលឥឡូវ​នេះ​ទេ ! » គាត់​បាន​លោត​រំលង​លើ​ចំណុចស្រួច​មួយ​ទៀត ហើយ​រត់​យ៉ាង​លឿន​ឆ្លង​កាត់​ផ្លូវ​រូងក្នុង​ដី​មួយ​ទៀត ។ គាត់​បាន​ឆ្លើយ​ថា « បាទ ? » ប៉ុន្តែ​ពុំ​បាន​ងាក​ភ្នែក​គាត់​ចេញ​ពី​អេក្រង់​កុំ​ព្យូទ័រ​ឡើយ ។

« តើ​កូន​អាច​ស្លៀកពាក់​អាវ​គេងយប់​ឲ្យ ហ្វែលីក ហើយ​អាន​រឿង​ឲ្យ​គាត់​ស្តាប់​បាន​ទេ ? ម៉ាក់​ត្រូវ​បញ្ចប់​ការសម្អាត​ផ្ទះបាយ​សិន » ។

« អើ … » គាត់ ជិត ដល់​ហើយ ! គាត់​បាន​បត់ឆ្លង​កាត់​ផ្លូវ​ដែល​មាន​ចំណុច​ស្រួចៗចុង​ក្រោយ​គេ លោត​រំលង​លើ​អណ្តាត​ភ្លើង​មួយ​ទៀត ហួស​ផុត​ពី​បិសាច​ដែល​ចាប់ស៊ី​ទំពារ​ដូច​សត្វ​កាច​សាហាវ​អញ្ចឹង ហើយ … មែនហើយ ! ឆ្លង​ដល់​ទី​ផ្តាច់​ព្រ័ត្រ !

កុំព្យូទ័រ​បាន​លោត​ចូលទៅ​កម្រិត​ទី​ប្រាំពីរ ។ វា​មើលទៅ​កាន់តែ​ញាប់ ប៉ុន្តែ​អ៊ែនតុន​អត់ទ្រាំ​នឹង​សាកល្បង​វា​ពុំ​បាន​ឡើយ ។ គាត់​បាន​ខំលេង​យ៉ាង​ខ្លាំង​ទើប​មក​ដល់​កម្រិត​នេះ ។ អ៊ែនតុន​បាន​ចុច​ប៊ូតុង​សម្រាក ហើយក្រឡេក​មើល​ទៅ​ម្តាយ​គាត់​ដែល​កំពុង​ពរ​ប្អូន​ប្រុស​តូច​របស់​គាត់ ហ្វែលីក ។ « តើ​កូន​សូម​ពេល​ពីរបី​នាទី​ទៀត​បាន​ទេ ? កូន​ទើប​តែ​ដល់​កម្រិត​ទី​ប្រាំពីរ​ទេ ! »

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ពិត​ជា​ត្រូវការ​ជំនួយ​ណាស់ ។ កូន​អាច​លេង​មួយ​កម្រិត​ទៀត បន្ទាប់​ពី​កូន​មើលថែ​ហ្វែលីក​រួច » ។

ហ្វែលីក​បាន​ញញឹម ។ « ហ៊ឺ ? » គាត់​បាន​និយាយ​តាម​របៀប​ក្មេង​អាយុ​ពីរ​ឆ្នាំ ។

អ៊ែនតុន​បាន​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ ហើយ​ដក​ដង្ហើម​ធំ ។ « មិន​អី​ទេ » ។ គាត់​ត្រូវ​តែ​ប្រញាប់ប្រញាល់​ ដើម្បី​គាត់​អាច​ត្រឡប់​មក​លេង​ហ្គេម​របស់​គាត់​វិញ ។

គាត់​បាន​លើក​ហ្វែលីក​ឡើង ហើយ​បី​គាត់​ឡើង​ជណ្តើរ​ទៅ​បន្ទប់​របស់​ពួកគេ ។

គាត់​បាន​និយាយ​ដោយ​គោះលើក្បាល​ពោះ​ទន់ៗរបស់​ហ្វែលីក​តូចថា « នរណា​គេ​ជា​ប្អូន​ប្រុស​គួរ​ឲ្យ​ស្រឡាញ់​របស់​បង ? » គាត់​បាន​ផ្លុំ​ក្បាលពោះ​ហ្វែលីក ហើយ​ញញឹម​ពេល​ហ្វែលីក​បន្លឺ​សំឡេង​សើច​កក្អឹក ។

អ៊ែនតុន​បាន​ស្លៀក​ខោអាវ​ដេកយប់​រូបដៃណូសើរ​ដែល​ហ្វែលីក​ចូលចិត្ត ។ បន្ទាប់​មក គាត់​បាន​លើក​ហ្វែលីក​ដាក់​លើ​គ្រែ ហើយបាន​ដើរ​ទៅរក​ទ្វារ ។​ ម៉ាក់​បាន​ប្រាប់​គាត់​ឲ្យ​អាន​រឿង​ឲ្យ​ហ្វែលីក​ស្តាប់​ផងដែរ ប៉ុន្តែ​គាត់​បាន​ធ្វើ​តែ​ផ្នែក​សំខាន់​ប៉ុណ្ណោះ ។ ប្រហែល​ឥឡូវ​នេះ​គាត់​អាច​ទៅដល់​កម្រិត ពីរ ទៀត​ពីមុន​ចូលដេក ។

ស្រាប់តែ​អ៊ែនតុន​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​កន្ត្រាក់​អាវ​របស់​គាត់ ។ គាត់​បាន​មើល​ទៅ​ក្រោម ហើយ​បាន​ឃើញ​ថា ហ្វែលីក​បាន​ចុះ​ពី​លើ​គ្រែ ។

ហ្វែលីក​បាន​សួរ « ខ្លា​ឃ្មុំ ? » ។ គាត់​បាន​រត់​ទៅ​រក​កន្ត្រក​សៀវភៅ​របស់​គាត់ ហើយ​បាន​យក​សៀវភៅ​មួយត្រឡប់​មក​វិញ​ដែល​មាន​រូប​តុក្កតា​ខ្លាឃ្មុំ​ទឹកកក​នៅ​លើគម្រប​សៀវភៅ​នោះ ។

អ៊ែនតុន​និយាយ​ថា « ហា៎ ហ្វែលីក បង​មាន​កិច្ចការ​ត្រូវ​ធ្វើ​ហើយ ! » ។ ហ្វែលីក​បាន​កាន់​សៀវភៅ​ដាក់លើ​ក្បាល​របស់​គាត់ សម្លឹង​មើល​ទៅ​អ៊ែនតុន​ជាមួយនឹង​ភ្នែក​ពណ៌ត្នោត​ទាំង​គូ​របស់​គាត់ ។

អ៊ែនតុន​ពុំ​អាច​ទ្រាំ​នឹង​ញញឹម​បាន​ឡើយ ។ « បង​នឹង​មិន​ឆ្លើយ​បដិសេធ​ទេ មែនទេ ? មែនហើយ មិន​អី​ទេ » ។

អ៊ែនតុន​បាន​អង្គុយ​លើ​គ្រែ​របស់​ហ្វែលីក ហើយ​ហ្វែលីក​បាន​ឡើង​ទៅលើ​ភ្លៅ​របស់​គាត់ ។ អ៊ែនតុន​បាន​បើក​ទៅ​ទំព័រ​ទីមួយ ហើយ​អាន​ខណៈ​ដែល​ហ្វែលីក​គេង​ផ្អែក​នឹង​គាត់ ។ ហ្វែលីក​បាន​ចង្អុល​សត្វ​នីមួយៗ​នៅ​លើ​ទំព័រ​សៀវភៅ​នោះ ហើយ​ហាត់​ហៅ​ឈ្មោះ​សត្វ​នីមួយៗ ។ « សេះ-កង់ … សត្វ​ខៀល … សោត​មុត » ។

ពេល​ចប់ អ៊ែនតុន​បាន​បិទ​សៀវភៅ ហើយ​ទាញ​ភួយ​គ្រប​លើ​ហ្វែលីក ។ គាត់​បាន​ថើប​ក្បាល​របស់​ហ្វែលីក ហើយ​ក្រោក​ចេញ​ទៅ​ដោយ​និយាយ​ថា« រាត្រី​សួស្តី ហ្វែលីក » ។

ប៉ុន្តែ​ពេល​គាត់​បាន​ដើរ​ទៅ​កាន់​ទ្វារ គាត់​បាន​ឮ​សំឡេង​ដ៏​តូច​នោះ​ម្តង​ទៀត ។ « សូម​មក​គេង​ក្បែរមក ? »

អ៊ែនតុន​បាន​ញញឹម ។ « យល់ព្រម ។ គាត់​បាន​ខិត​ទៅ ។ បង​នឹង​នៅ​បន្តិច​ទៀត » ។

អ៊ែនតុន​បាន​ទម្រេត​ខ្លួន​លើ​ខ្នើយ ។ យ៉ាងហោច​ណាស់​ពេល​នេះ គាត់​គ្មាន​អារម្មណ៍​ថា ចង់​ធ្វើ​អ្វី​ទៀត​ឡើយ ។ គាត់​បាន​ញញឹម ពេលហ្វែលីក​បាន​ហាមាត់​ស្ងាប​យ៉ាង​ធំ ហើយ​បិទ​ភ្នែករបស់គាត់ ។ គាត់​មាន​អារម្មណ៍​ថា មាន​សុភមង្គល​បំផុត​ដែល​បាន​នៅ​ពេញ​មួយ​ថ្ងៃ ។ គាត់​ចាំលេង​ហ្គេម​ពេលក្រោយ​ទៀត ។