២០១៨
ស្វែងរក​អំណោយ​ទាន​របស់​អ្នក
ខែ មិថុនា ឆ្នាំ ២០១៨


ស្វែងរក អំណោយ​ទាន របស់​អ្នក

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង រ៉ៃឡែន ប៉ាឡាទីណែត​ប្រទេស​អាល្លឺម៉ង់ ។

រូបភាព
discovering your gifts

មនុស្ស​គ្រប់​រូប​ហាក់​ដូចជា​និយាយ​បែបនេះ​ជានិច្ច​ថា « លើកលែងតែ​អ្នក​បាន​ដឹង​ថា អ្នក​អស្ចារ្យ​ប៉ុណ្ណា » ។ ប្រាកដណាស់ ការពិត​នោះ​គឺ​ថា ជួនកាល​អ្នក​គ្រាន់តែ​ពុំ​ដឹង​ថា ខ្លួន​អ្នក​អស្ចារ្យ​ខ្លាំង​ប៉ុណ្ណា​ប៉ុណ្ណោះ ។ ពេល​យើង​គ្មាន​អារម្មណ៍​ថា ឆ្លាត​ខ្លាំង ចិត្ត​ល្អខ្លាំង ស្អាត​ខ្លាំង កំប្លែង​ខ្លាំង និង​មាន​ទេពកោសល្យ​ខ្លាំង​បំផុតក្តី ការ​អះអាង​របស់​ខ្លួន​យើង​ហាក់ដូចជាគ្មាន​សោះឡើយ ។​

ខ្ញុំ​បាន​គិត​អំពី​ចំណុច​នេះ ៖ យើង​ទាំងអស់​គ្នា​គឺ​ជា​បុត្រា និង​បុត្រី​របស់​ព្រះវរបិតាសួគ៌ ។ ដោយសារ​តែ​រឿង​នោះ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​អំណោយ​ទាន និង​ទេពកោសល្យ​ពិសេសៗ ដើម្បី​ជួយ​យើង​បំពេញ​សក្តានុពល​នៃ​ភាព​ជា​ព្រះ​របស់​យើង ។ ពេល​យើង​រកឃើញ​អំណោយ​ទាន​ទាំង​នេះ យើង​ត្រូវបាន​រំឭក​អំពី​ភាព​សក្តិសម​ដ៏​ទេវភាព​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​យើង​អាច​ខិតកាន់តែ​ជិត​ទ្រង់ ហើយ​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូច្នោះ​ផងដែរ ។

ស្វែងរក​អំណោយ​ទាន​របស់​អ្នក

នេះ​គឺ​ជា​យោបល់​ចំនួន​ប្រាំបួន​ដើម្បី​ជួយ​អ្នក​ស្វែងរក​អំណោយទានដែល​មើលពុំ​ឃើញ​ជាក់ស្តែង​មួយ​ចំនួន​របស់​អ្នក​ ។

  1. សួរ​មនុស្ស​ដទៃ​ដើម្បី​ឲ្យ​អ្នក​បាន​ដឹង ។

    ជួនកាល​យើង​មើល​ពុំ​ឃើញ​នៅក្នុង​ខ្លួន​យើង​នូវ​អ្វី​ដែល​អ្នកដទៃ​អាច​ឃើញ​នៅក្នុង​ខ្លួន​យើង​ឡើយ ។ សូម​សួរ​មិត្តភក្តិ សាច់​ញាត្តិ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឲ្យ​សរសេរ​លិខិត​ខ្លី​មួយ​អំពី​អំណោយ​ទាន ឬ​ទេពកោសល្យ​ដែល​ពួកគេ​ឃើញ​នៅក្នុង​ខ្លួន​អ្នក ។

  2. រកមើល​អំណោយ​ទាន​នានា​នៅក្នុងពេល​មាន​ទុកលំបាក ។

    អំឡុង​គ្រា​លំបាកៗ យើង​អាច​ជ្រើសរើស​រវាង​ការឲ្យ​គុណសម្បត្តិ​ដ៏​ល្អ​បំផុត​របស់​យើង ឬ​គុណសម្បត្តិ​ដ៍​អាក្រក់​បំផុត​បង្ហាញ​ចេញ​មក ។ នៅ​គ្រា​ណា​ដែល​លំបាក សូម​ផ្តោត​លើ​ការស្វែងរក និង​ការប្រើ​ប្រាស់​គុណ​សម្បត្តិ និង​អំណោយទាន​ដ៏​ល្អ​បំផុត​របស់​អ្នក ។

  3. អធិស្ឋាន​ទូល​សូម​ជំនួយ​ឲ្យ​ស្គាល់​អំណោយ​ទាន​របស់​អ្នក ។

    ព្រះវរបិតា​សួគ៌​ជ្រាបដឹង​ពី​សក្តានុពល​នៃ​ភាព​ជាព្រះ​របស់​យើង ។ ប្រសិនបើ​យើង​មាន​ការលំបាក​ក្នុង​មើល​ឃើញ​ចំណុច​នេះ​នៅក្នុង​ខ្លួន​របស់​យើង នោះ​ទ្រង់​អាច​ជួយ​បាន ។ អ្នក​អាច​អធិស្ឋាន​ទូល​សូម​ជំនួយ​ឲ្យ​ស្គាល់​អំណោយ​ទាន​របស់​អ្នក ។

  4. សូមកុំខ្លាចក្នុង​ការ​សាកល្បង​កិច្ចការ​ថ្មីៗ ។

    តើ​យើង​អភិវឌ្ឍតែ​អំណោយ​ទាន​របស់​យើង​ដែល​យើង​មាន​រួច​ហើយ ដោយសារ​យើង​ខ្លាចនឹង​ធ្វើ​អ្វី​ដែល​យើង​ពុំ​ធ្លាប់​បាន​ធ្វើ​ពីមុន​ឬ ? ឥឡូវ​នេះ​វា​ដល់​ពេល​ដើម្បី​សាកល្បង​អ្វី​ដែល​ថ្មីៗ ហើយ​ស្វែងរក​អំណោយ​ទាន​ដែល​យើង​មិន​ស្គាល់ ។

  5. ​ស្រាវជ្រាវ​ព្រះបន្ទូល​នៃ​ព្រះ ។

    ព្រះវរបិតា​សួគ៌​ជួយ​យើង​រកឃើញ និង​អភិវឌ្ឍ​អំណោយទាន​របស់​យើង​តាមរយៈ​តម្រុយ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ — ជា​ទូទៅ​គឺ​តាមរយៈ​ការអញ្ជើញ​ឲ្យ​អនុវត្ត ។ សូមយក​ខគម្ពីរ​នេះ​ជា​គំរូ ៖ « ចូរ​ឈប់​ទាស់ទែង​នឹង​គ្នា ចូរ​ឈប់​និយាយ​អាក្រក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក » ( គ. និង ស. ១៣៦:២៣ ) ។ តើ​មាន​អំណោយ​ទាន​អ្វីខ្លះ​ដែល​អ្នក​អាច​អភិវឌ្ឍ​ចេញ​មកពី​ការអញ្ជើញ​នេះ ? អំណោយ​ទាន​នៃ​ការនិយាយ​ពាក្យ​ពិរោះ​ពិសារអំណោយទាន​នៃ​ការរម្ងាប់កំហឹង​មនុស្ស​ដទៃ អំណោយ​ទាន​នៃ​ការអត់ធ្មត់ និង​អ្វីៗ​ជា​ច្រើន​ទៀត ។ ហើយ​នោះ​វា​ចេញ​មក​ពី​ខគម្ពីរ​តែ​មួយ​ប៉ុណ្ណោះ ! ការអាន​ព្រះគម្ពីរ និង​ស្ដាប់​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណអាច​ជួយ​អ្នក​ស្វែងរក​អំណោយ​ទាន​របស់​អ្នក ។

  6. កុំ​ផ្តោត​តែ​លើ​ខ្លួន​អ្នក ។

    ជួនកាល​គុណសម្បត្តិ​ដ៏​ល្អ​បំផុត​របស់​យើង​កើត​មាន ពេល​យើង​មិន​ផ្តោត​តែ​លើ​ខ្លួន​ឯង ប៉ុន្តែ​ផ្តោត​ជំនួស​វិញ​ទៅលើ​របៀប​ដែល​យើង​អាច​ធ្វើ​ការ​ជាមួយ និង​ជួយ​អ្នកដទៃ ។ ពេលយើង​ធ្វើ​ដូច្នេះ យើង​នឹង​ឃើញ​ថា យើង​មាន​អំណោយ​ទាន​ជា​ច្រើន​ដែល​ដូច​ព្រះគ្រីស្ទ ។

  7. គិត​អំពី​មនុស្ស​ដែល​យើង​យក​ធ្វើ​ជា​គំរូ ។

    តើ​មាន​នរណា​ខ្លះ​ដែល​ជា​គំរូ​របស់​អ្នក ? អ្នក​អាច​ធ្វើ​បញ្ជី​មួយ​អំពី​អំណោយ​ទាន​ទាំងអស់​នៃ​មនុស្ស​ដែល​អ្នក​យក​ធ្វើ​ជា​គំរូ​ សូមសង្កេត​រកមើល​អំណោយ​ទាន​នានា​ដែល​អ្នក​មាន ជំនួស​ឲ្យ​ការផ្តោត​លើអំណោយទាន​ណា​មួយ​ដែល​អ្នក​គ្មាន​ជារួមជាមួយ​បុគ្គល​នោះ ។

  8. សញ្ជឹង​គិត​ពី​គ្រួសារ​របស់​អ្នក ។

    តើ​មាន​អំណោយ​ទាន​អ្វី​ខ្លះ​ដែល​អ្នក​មាន ហើយ​បងប្អូន​ ឪពុក​ម្ដាយ ឬ​តាយាយ​របស់​អ្នក​ក៏​មាន​ផងដែរ​នោះ ? ចូរ​បន្ត​ទៅ​មុខ​ទៀត ! ស្រាវជ្រាវ​ពង្សប្រវត្តិ​គ្រួសារ ស្វែងរក​រឿង​នានា និង​រកមើល​អំណោយ​ទាន​បន្ថែម​ទៀត​ដែល​អ្នក​មាន​ដូច​គ្រួសារ​របស់​អ្នក ។

  9. ទទួល ឬ​អាន​ពរ​លោកអយ្យ​កោរ​របស់​អ្នក ។

    ពរ​របស់​អ្នក​អាច​និយាយ​អំពី​អំណោយ​ទាន​ដែល​អ្នក​មាន និង​អំណោយ​ទាន​ដែល​គួរតែ​អភិវឌ្ឍ​ឲ្យមាន ហើយ​វា​ក៏​ចង្អុល​បង្ហាញ​ដល់​អ្នក​នូវ​ផ្លូវ​ដែល​នឹង​ដឹកនាំ​ទៅរក​អំណោយទាន និង​ទេពកោសល្យ​ថ្មីៗ​ដទៃ​ទៀត​ផងដែរ ។

​ចូរឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់

យើង​ពុំ​ចាំបាច់​ត្រូវ​ពូកែ​គ្រប់​កិច្ចការ​ទាំង​អស់​ដើម្បី​ដឹង​ថា យើង​គឺ​ជា​បុត្រាបុត្រី​ដ៏សក្តិសម​របស់​ព្រះឡើយ ។ យើង​ត្រូវតែ​លះបង់​ក្នុង​ការស្វែងរក និងអភិវឌ្ឍ​អំណោយទាន និង​ទេពកោសល្យ​របស់​យើង — បន្ទាប់​មក តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាចបាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។