២០១៨
ខ្ញុំ​ប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅ​នឹង​មនុស្ស​ដទៃ​ជានិច្ច ជាពិសេស​ប្រៀបធៀប​ទៅនឹង​មនុស្ស​ដែល​ហាក់​បីដូច​ជា​មាន​ជីវិត​ល្អ​ឥតខ្ចោះ ។ តើ​ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត​ឡើង​យ៉ាង​ដូចម្តេច ?
ខែ មិថុនា ឆ្នាំ ២០១៨


« ខ្ញុំ​ប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅ​នឹង​មនុស្ស​ដទៃ​ជានិច្ច ជាពិសេស​ប្រៀបធៀប​ទៅនឹង​មនុស្ស​ដែល​ហាក់​បីដូច​ជា​មាន​ជីវិត​ល្អ​ឥតខ្ចោះ ។ តើ​ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត​ឡើង​យ៉ាង​ដូចម្តេច ? »

រូបភាព
dog and cats

រូបថត​មក​ពី Getty Images

អធិស្ឋាន​ដើម្បីដឹង​អំពី​អំណោយ​ទាន​របស់​អ្នក

អ្នក​មាន​ទេពកោសល្យ និង​អំណោយ​ទាន​ខាង​វិញ្ញាណ​ជាច្រើន ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក​ដោយ​ផ្ទាល់ ។ មាន​របៀប​នានា​ដែល​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​ពរ​ដល់​ជីវិត​មនុស្សដទៃទៀត ។ នេះ​ជា​ផែនការ​របស់ព្រះវរបិតាសួគ៌ ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​អំពី​អំណោយ​ទាន​ណា​ដែល​អ្នក​ត្រូវបាន​ប្រទាន​ឲ្យ ហើយ​ប្រសិនបើ​អ្នក​ត្រូវការ​ការណែនាំ​បន្ថែម​ទៀត សូម​សួរ​អស់​អ្ន​កដែល​ជិតស្និទ្ធ​នឹង​អ្នក ។ តាមរយៈ​ការស្តាប់​តាម​ព្រះវិញ្ញាណ និង​ការព្យាយាម​រកមើល និង​អភិវឌ្ឍ​ទេពកោសល្យ​របស់​អ្នក ព្រមទាំង​គុណសម្បត្តិ​នៃ​ភាព​ជា​ព្រះ​របស់​អ្នក នោះ​អ្នក​អាច​រក​ឃើញ​ទំនុកចិត្ត​នៅក្នុង​ខ្លួន​អ្នក​ដែល​អ្នក​ពុំ​ធ្លាប់​មាន​ពីមុន ។

អែមមី ភី អាយុ ១៧ ឆ្នាំ រដ្ឋ ខេនធើឃី ស.រ.អា.

ស្គាល់ពួកគេឲ្យ​កាន់តែ​ច្បាស់

នៅពេល​ណា​ខ្ញុំឃើញ​ថា ខ្ញុំ​កំពុងប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅ​នឹង​នរណា​ម្នាក់ ខ្ញុំ​ព្យាយាម​ស្គាល់​បុគ្គល​ម្នាក់​នោះ​កាន់តែ​ច្បាស់​ជាង​មុន​បន្តិច​ទៀត ។ ពេល​ខ្ញុំ​ស្គាល់ « មនុស្ស​មាន​មុខ​មាន​មាត់ » ការពិត​នឹង​បង្ហាញ​កាន់តែ​ច្បាស់​ឡើង​ថា មនុស្ស​គ្រប់​រូប​នៅលើ​ផែនដី​នេះ​ជួប​នូវ​ការសាកល្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ។ កាលណា​ខ្ញុំ​កាន់តែនិយាយ​ជាមួយ​បុគ្គល​នោះ នោះ​ខ្ញុំ​កាន់តែ​ចាប់ផ្តើម​យល់​ឃើញ​ថា ពួកគេ​គឺ​មិត្តភក្តិ​ម្នាក់ ហើយ​ពុំមែន​ជា​មនុស្ស​ដែល​គ្មាន​កំហុស​នោះ​ឡើយ ។

អាមេលៀ ស៊ី អាយុ ១៥ ឆ្នាំ រដ្ឋ អៃដាហូ ស. រ. អា.

មាន​តែ​យោបល់របស់​ព្រះវរបិតាសួគ៌​ប៉ុណ្ណោះ​ដែល​ចាំបាច់

នៅក្នុងសុន្ទរកថា​សន្និសីទ​ខែតុលា ឆ្នាំ ២០១៦ « តើ​ខ្ញុំបាន​គ្រប់​លក្ខណ៍​ហើយ​ឬ​នៅ ? តើ​ខ្ញុំ​អាចបាន​គ្រប់​លក្ខណ៍​ដែរ​ឬ​ទេ ? » អែលឌើរ ជេ. ដេវណ៍ ខួនីស្ស ក្នុង​ពួក​ចិត​សិប​នាក់​ថ្លែង​ថា « យោបល់​តែមួយ​គត់​ដែល​សំខាន់​ចំពោះ​យើង​គឺ​ថា តើ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​យើង ។ សូម​ទូល​សួរ​ទ្រង់​ដោយ​ស្មោះ​ថា ទ្រង់​គិត​យ៉ាង​ណា​អំពី​អ្នក ។ ទ្រង់​នឹង​ស្រឡាញ់ ហើយ​កែ​តម្រូវ ប៉ុន្តែ​មិន​បំបាក់​ទឹក​ចិត្ត​យើង​ឡើយ » ។ ពេល​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មិន​ល្អ​ដូច​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​បាន​អធិស្ឋាន​ទៅរក​ព្រះវរបិតាសួគ៌ ហើយ​ព្យាយាម​ចងចាំ​ថា ខ្ញុំ​គឺ​ជា​បុត្រី​របស់​ព្រះ​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ ដែល​មាន​ព្រះទ័យ​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​បាន​នូវ​សក្តានុពល​ដ៏ពេញ​លេញ​របស់​ខ្ញុំ និង​ជា​អង្គ​ដែល​ជ្រាបដឹង​ថា ខ្ញុំ​អាច​ក្លាយ​ជា​អ្វី ប្រសិនបើ​ខ្ញុំ​ស្វែងរក​ជំនួយពីទ្រង់ ។

អាម៉ានដា អិម អាយុ ១៩ ឆ្នាំ ប៉ារ៉ាណា ប្រទេស ប្រេស៊ីល

អធិស្ឋាន​សូម​ទំនុក​ចិត្ត

ខ្ញុំ​ធ្លាប់​ប្រៀបធៀប​ខ្លួន​របស់​ខ្ញុំ​ទៅនឹង​មនុស្សដ​ទៃ ដែល​ខ្ញុំ​បាន​គិត​ថា​ ពួកគេ​មាន​ជីវិតល្អ​ជាង​ខ្ញុំ​ឆ្ងាយណាស់ ជាពិសេស​មនុស្ស​ដែល​មាន​ហិរញ្ញវត្ថុ​នឹងនរ​ជាង​ខ្ញុំ ។ ពេល​ណា​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ទ្រង់​បាន​ប្រទាន​ទំនុកចិត្ត​ដល់​ខ្លួន​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ទោះបីជា​មាន​ឧបសគ្គ​បែប​ណា​ក្តី ព្រះ​នឹង​ជួយ​ខ្ញុំ ដោយសារ​ទ្រង់​ពុំ​ប្រទាន​កាតព្វកិច្ច​ដល់​យើង​ឡើយ លើកលែង​តែ​ទ្រង់​រៀបចំ​ផ្លូវ​ឲ្យ​យើង​សម្រេច​នូវ​កិច្ចការ​នោះ ( សូមមើល ​នីហ្វៃទី​១ ៣:៧; ១៧:៣ ) ។

យ៉ូស្វេ អូ អាយុ ១៩ ឆ្នាំ ឡាហ្គោស ប្រទេស​នីហ្សេរីយ៉ា