២០១៨
បព្វជិតភាព​ត្រូវ​កាន់​ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់
ខែ មិថុនា ឆ្នាំ ២០១៨


បព្វជិតភាព​ត្រូវ​កាន់​ដោយ ការគោរព​ដ៏​ខ្ពង់ខ្ពស់

អ្នក​និពន្ធ​រស់​នៅ សេនត្រល រីជិន ប្រទេស ហ្គាណា ។

របៀប​ដែល​វិវរណៈ​ឆ្នាំ ១៩៧៨ បាន​ផ្តល់ពរ​ជ័យ​ដល់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ ។

រូបភាព
Charlotte Acquah

ខ្ញុំ​បាន​ឮ​អំពី​សាសនាចក្រ​ដំបូង កាល​ម្តាយ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ក្រុម​របស់​បងប្រុស យ៉ូសែប ដុប័លយូ ប៊ី ចនសុន ក្នុង​ឆ្នាំ ១៩៦៨ ។ ខ្ញុំ​មាន​អាយុ​ប្រហែល ១០ ឆ្នាំ ។ មុខ​ជំនួញ​របស់​ឪពុក​ខ្ញុំ​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ការបះបោរ​នា​ឆ្នាំ ១៩៦៦ ហើយ​គ្រួសារ​របស់​ខ្ញុំ​បាន​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​មួយ ។ ដូច្នេះ​ម្តាយ​របស់​ខ្ញុំ​បាន​គិត​ថា វា​ជា​ការឆ្លាតវៃ​ដើម្បី​ស្វែងរក​ជំនួយ​ខាង​វិញ្ញាណ ។

ពីមុន​វិវរណៈ​ក្នុង​ឆ្នាំ ១៩៧៨ នោះ​សាសនាចក្រ​គ្មាន​ជា​ផ្លូវការ​ឡើយ ដោយសារ​បព្វជិតភាព​ពុំ​ទាន់​ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​ពួកស្បែក​ខ្មៅ​នៅឡើយ ។ បន្ទាប់​ពី​វិវរណៈ​នោះ​មក សាសនាចក្រ​អាច​បង្កើត​ឡើង​ដោយ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ។ ខ្ញុំ​បាន​ជ្រមុជទឹក​នៅ​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ។

ស្វាមី​របស់​ខ្ញុំ​ចំណាយ​ពេល​អស់​ពីរ​ឆ្នាំ​ក្នុងការ​សិក្សា — ហើយ​ជាមួយ​នឹង​ការឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច — ដើម្បី​ចូល​ជា​សមាជិក​សាសនាចក្រ ។ ទីបំផុត​គាត់​បាន​ជ្រមុជទឹក​នៅក្នុង​ឆ្នាំ ១៩៨០ បន្ទាប់​មក​គាត់​បាន​ទទួល​បព្វជិតភាព ។ គាត់​បាន​ក្លាយ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្ងប់​ខ្លាំង រហូត​ដល់​សមាជិក​គ្រួសារ​របស់​គាត់​សឹង​ពុំ​ជឿ​លើ​ការផ្លាស់ប្តូរ​ដ៏​ខ្លាំង​របស់​គាត់ ។ គាត់​បាន​ប្រយ័ត្នប្រយែង​ជាមួយ​បព្វជិតភាព​ដែល​គាត់​បាន​កាន់ ហើយ​គាត់​ក៏​ធ្វើ​ឲ្យ​ប្រាកដ​ផងដែរ​ថា គាត់​កំពុង​ធ្វើ​កិច្ចការ​ត្រឹមត្រូវ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ជានិច្ច ។ គាត់​និយាយ​ថា ប្រសិនបើ​គ្មាន​បព្វជិតភាព​ទេ​នោះ​គាត់​ប្រហែល​ជា​ទៅ​ស្វែងរក​កិត្តិយស និង​សិរី​ល្អ​របស់​មនុស្ស​ជាក់ជា​ពុំ​ខាន ។ ប៉ុន្តែ​ជាមួយ​នឹង​បព្វជិតភាព គាត់​បាន​ដឹង​ថា រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ អាពាហ៍ពិពាហ៍​របស់​អ្នក គេហដ្ឋាន​របស់​អ្នក ក្រុមគ្រួសារ​របស់​អ្នក និង​ការបម្រើ​ដល់​មនុស្ស​ដទៃ ។

នៅក្នុង​ប្រពៃណី​ប្រទេស​របស់​យើង ប្រសិនបើ​អ្នក​គឺ​ជា​ឪពុក នោះ​អ្វី​ដែល​អ្នក​និយាយ​ត្រូវ​តែ​កើត​ឡើង ។ ប៉ុន្តែ​យើង​មិន​ប្រើប្រាស់​បព្វជិតភាព​តាម​របៀប​នោះ​ទេ ។ យើង​អង្គុយ​ជាមួយ​គ្នា​នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ ។ ពួក​ឪពុក​ជួយ​ភរិយា និង​កូនៗ​របស់​ពួកគាត់​ឲ្យ​យល់​ថា អ្វី​ដែល​គាត់​កំពុង​បង្រៀន​ដល់​ពួកគេ​គឺ​ត្រឹមត្រូវ ។

ពួក​បុរស​ដែល​ជា​សមាជិក​សាសនាចក្រ​បម្រើ​ភរិយា​របស់​ពួកគេ ជាជាង​ឲ្យ​ភរិយា​ពួកគេ​បម្រើ​ខ្លួន ។ ការណ៍​នេះ​នាំ​ឲ្យ​ពួកគេ​មាន​សេចក្ដីស្រឡាញ់ និង​មាន​ភាពសុខសាន្ត​ជាមួយ​គ្នា ។

នៅ​ពេល​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​គាត់​ប្រសិទ្ធពរ​សាក្រាម៉ង់​គឺ​នៅ​អំឡុង​ពេល « ការដាក់​កំហិត » ដោយសារ​យើង​បាន​ធ្វើ​ការប្រជុំ​សាក្រាម៉ង់​របស់​យើង​នៅ​ក្នុង​ផ្ទះ​របស់​យើង​ផ្ទាល់ ។ យើង​មាន​អារម្មណ៍​អស្ចារ្យ​យ៉ាង​ខ្លាំង ពេល​គាត់​បាន​កាន់​បព្វជិតភាព​នា​គ្រា​នោះ ។ គ្មាន​នរណា​ម្នាក់​មក​ផ្ទះ​របស់​យើង​ដើម្បី​ប្រសិទ្ធពរ​សាក្រាម៉ង់​សម្រាប់​យើង​ឡើយ គឺ​គាត់​ជា​អ្នក​ធ្វើ​ពិធី​នោះ ។ វា​ពិតជា​ពិសេស​ណាស់ ហើយ​យើង​ចូលចិត្ត​រឿង​នោះ ។

ពេល​ដំបូង​ដែល​ខ្ញុំ​បាន​អាន​អត្ថបទ​ស្តីពី​ការពុំ​អនុញ្ញាត​ឲ្យ​ពួកស្បែក​ខ្មៅ​កាន់​បព្វជិតភាព​គឺ​នៅ​អំឡុង​ពេល​នៃ​ការដាក់​កំហិត​នោះ គឺ​ជា​ពេល​ដែល​អត្ថបទ​នៃ​ពួក​ប្រឆាំង​នឹង​ពួក​មរមន​បាន​ចាប់​ផ្តើម​រីក​សុះសាយ​ជា​សារធារណៈ ។ វា​ពុំ​រំខាន​ចិត្ត​ខ្ញុំ​ខ្លាំង​ទេ ដោយសារ​ខ្ញុំ​ដឹង​ថា សាសនាចក្រ​នេះ​ពិត ។ យើង​ត្រូវបាន​បង្រៀន​មិន​ឲ្យ​ពឹងផ្អែក​លើ​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​ត្រូវ​ផ្តោត​ជីវិត​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ នោះ​ជា​អ្វី​ដែល​សេចក្តីជំនឿ​របស់​ខ្ញុំ​ផ្តោត​ទៅ​លើ ។

នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ១៩៩៦ យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធយ៉ូហាណែសស្បើក អាហ្វ្រិក​ខាង​ត្បូង ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប ជាពិសេស​ពេល​ខ្ញុំ​បាន​ឮ​ថា កូន​ដំបូង​របស់​យើង​ជា​កូន​ប្រុស​ដែល​បាន​ស្លាប់​បន្ទាប់​ពី​កើត​បាន​ពីរ​បី​ថ្ងៃ​នោះ​នឹង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ពួកយើង ។ ខ្ញុំ​បាន​គិត​ថា គាត់​បាន​ស្លាប់ ហើយ​ទៅ​បាត់​រហូត​ហើយ ទោះជា​ខ្ញុំ​បាន​ដឹង​ថា គាត់​គ្មាន​បាប​ក្ដី ។ ប៉ុន្តែ​កាល​ដែល​យើង​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​គាត់​នា​ពេល​នោះ​គឺ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដែល​ខ្ញុំ​នឹង​ពុំ​ភ្លេច​ឡើយ ។

ដូច្នេះ​ពេល​គេ​សួរ​ខ្ញុំ​ថា តើ​ពួកយើង​មាន​កូន​ប៉ុន្មាន​នាក់ នោះ​ខ្ញុំ​ប្រាប់​ពួកគេ​ថា យើង​មាន​កូន​ប្រាំបី​នាក់ ។ ពួកគេ​បាន​សួរ​ថា « ប្រាំបី​នាក់​យ៉ាង​ម៉េច​ទៅ ? » ខ្ញុំ​និយាយ​ថា « ចាស៎ កូន​ច្បង​របស់​យើង​កំពុង​រង់ចាំ​យើង ដូច្នេះ​វា​ស្រេច​លើ​យើង​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​រស់នៅ​តាម​បទបញ្ញត្តិ​ទាំង​នោះ ដើម្បី​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​វិញ ហើយ​រស់នៅ​រួម​គ្នា​ជា​គ្រួសារ​មួយ » ។

បព្វជិតភាព​គឺ​ជា​អំណាច​របស់​ព្រះ ។ ខ្ញុំ​បាន​ទទួល​ពរ​ជា​ច្រើន​មក​ពី​បព្វជិតភាព ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង​លើក​ស្ទួយ​ជានិច្ច នៅពេល​កូនៗ​សូម​ការប្រសិទ្ធពរ​បព្វជិតភាព​ពី​ឪពុក​របស់​ពួកគេ ។ ដូច្នេះ​ខ្ញុំ​ដឹង​ថា ពួកគេ​ទុកចិត្ត​គាត់ ហើយ​ពួកគេ​ទុកចិត្ត​ថា ព្រះវរបិតា​សួគ៌​ធ្វើការ​តាមរយៈ​ឪពុក​របស់​ពួកគេ​ដែល​កាន់​បព្វជិតភាព​នោះ ។ យើង​កាន់​បព្វជិតភាព​ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ផ្ទះ​របស់​យើង ។ ឥឡូវ​នេះ​កូនប្រុស​បី​នាក់​របស់​ពួកយើង​បាន​រៀបការ​រួច ហើយ​ពួកគេ​កំពុង​ប្រើប្រាស់​បព្វជិតភាព​នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ ។

ខ្ញុំ​ដឹង​ថា បព្វជិតភាព​គឺ​ពិត ដោយសារ​វា​គឺ​ជា​អំណាច​របស់​ព្រះ ហើយ​វា​ជា​អំណាច​ដ៏​រស់​រវើក​មួយ ដោយសារ​ព្រះវរបិតាសួគ៌​មាន​ព្រះជន្ម​រស់នៅ ។ ទ្រង់​បាន​ប្រទាន​អំណាច​នោះ​មួយ​ចំណែក​ឲ្យ​ពួកបុរស​របស់​ទ្រង់​នៅ​លើ​ផែនដី ។ យើង​ជា​ស្ត្រី​មាន​ចំណែក​មួយ​នៅ​ក្នុង​បព្វជិតភាព ។ ខ្ញុំ​បាន​កាន់​វា​ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់ ។ បព្វជិតភាព​បាន​ជួយ​គ្រួសារ​របស់​យើង ហើយ​វា​បន្ត​ធ្វើ​ដូច្នេះ ។

កំណត់​ចំណាំ

  1. នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៦០ នៅក្នុង​ប្រទេស​ហ្គាណា យ៉ូសែប វិល្លាម ប៊ីលី ចនសុន បាន​ទទួល​ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្តី​សញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ជា​ច្រើន​ក្បាល ហើយ​បាន​ទទួល​អារម្មណ៍​ជំរុញ​ចិត្ត​យ៉ាង​ខ្លាំង​ដើម្បី​ស្ថាបនា​ក្រុមជំនុំ​សាសនាចក្រ​ក្រៅ​ផ្លូវការ​ឡើង ។

  2. ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ចាត់​ឲ្យ​ទៅ​ប្រទេស​ហ្គាណា​ជា​ផ្លូវការ​ដំបូង​នៅក្នុង ខែ វិច្ឆិកា ឆ្នាំ ១៩៧៨ ។

  3. នៅ​ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ១៩៨៩ រាជរដ្ឋាភិបាល​ប្រទេស​ហ្គាណា​បាន​បណ្តេញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចេញ ហើយ​បិទ​សាសនាចក្រ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​សមាជិក​ធ្វើ​ពិធី​ផ្សេងៗ​នៅ​តាម​គេហដ្ឋាន​របស់​ពួកគេ ។ ដប់​ប្រាំបី​ខែ​ក្រោយ​មក​រដ្ឋាភិបាល​បាន​បង្ហាញ​ការពេញ​ចិត្ត​ដោយសារ​សាសនាចក្រ​បង្រៀន​សមាជិក​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ច្បាប់​រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​មាន​សុខុដុមនីកម្ម​ពូជសាសន៍ ហើយ​នៅ​ថ្ងៃ​ទី ១ ខែ ធ្នូ ឆ្នាំ ១៩៩០ ប្រទេស​ហ្គាណា​បាន​អនុមតិ​ឲ្យ​សាសនាចក្រ​បន្ត​សកម្មភាព​ឡើង​វិញ ។