២០១៨
កន្លែង​ដែល​គេ​ត្រូវការ​យើង
ខែ មិថុនា ឆ្នាំ ២០១៨


ការបម្រើ​នៅក្នុង​សាសនាចក្រ

កន្លែង​ដែល​គេ​ត្រូវការ​យើង

ឥឡូវ​នេះ​អ្នក​និពន្ធ​រស់​នៅ​រដ្ឋ ម៉ាស្សាឈូសេតស៍ ស.រ.អា. ។

ការបំផុស​គំនិត​ឲ្យ​ប្តូរ​ទៅ​រស់នៅ​ទីក្រុង ប្រូកឃ្លីន រដ្ឋ នូវ យ៉ោក បាន​នាំ​យើង​ទៅកាន់​ការបម្រើ និង​ពរជ័យ​ដែល​យើង​ពុំ​ដែល​នឹង​ស្មាន​ដល់ ។

រូបភាព
Eyi family

រូបថត​របស់​គ្រួសារ អ៊ីយី

នៅ​ក្នុង​ឆ្នាំ ២០១៣ យើង​កំពុង​រស់នៅ​ទីក្រុង ម៉ានហាតថិន រដ្ឋ នូវយ៉ោក ស.រ.អា. ។ យើង​ស្រឡាញ់​វួដ​របស់​យើង ។ ដោយសារ​យើង​កំពុង​តែ​មាន​កូន​ដំបូង នោះ​យើង​បាន​ចាប់ផ្តើម​រកមើល​ផ្ទះ​ធំ​ជាង​មុន​មួយ​នៅក្នុង​តំបន់​វួដ​យើង ។ យើង​រក​បាន​ផ្ទះ​មួយ​ដែល​ហាក់ដូច​ជា​ល្អ​បំផុត ប៉ុន្តែ​យើង​គ្មាន​អារម្មណ៍​ស្រឡះ​ក្នុង​ចិត្ត​ឡើយ ។

នៅ​រដូវ​ផ្ការីក​នោះ ឡរ៉ា​ចាប់ផ្តើម​មាន​អារម្មណ៍​ថា យើង​គួរតែ​ប្តូរ​ទៅនៅ​ទីក្រុង ប្រូកឃ្លីន ។ វីល ពុំ​ប្រាកដប្រាជា​នឹង​រឿង​នោះ​ឡើយ ។ យើង​អត់​ស្គាល់​ ទីក្រុង ប្រូកឃ្លីនសោះ ហើយ វីល ចង់​នៅ​ក្បែរ​ការងារ​គាត់​ក្នុង​ធនាគារ​វិនោយោគទុន ដោយសារ​គាត់​ធ្វើការ​ច្រើន​ម៉ោង នោះ​គាត់​មាន​ពេល​តិច​ក្នុង​ការធ្វើដំណើរ​ទៅមក ។ យើង​បាន​សម្រេច​ចិត្ត​អធិស្ឋាន​អំពី​រឿង​នោះ ហើយ​ស្តាប់​រក​ចម្លើយ​អំឡុងពេល​សន្និសីទ​ទូទៅ ។

ពេលយើង​មើល​សុន្ទរកថា​តាម​កុំព្យូទ័រ​យូរ​ដៃ​នៅក្នុង​ផ្ទះ​របស់​យើង អែលឌើរ ស្ទែនលី ជី អេលីស ក្នុង​ពួកចិត​សិប​នាក់ បាន​ចែកចាយ​បទពិសោធន៍ ដែល​លោក​មាន​ក្នុង​នាម​ជា​សមាសជិក​គណៈប្រធាន​ស្តេក ។ លោក​បាន​ថ្លែង​ថា ជារឿយៗ ក្រុមគ្រួសារ​ដែល​បាន​ប្តូរ​ទៅ​នៅ​ក្នុង​ស្តេក​របស់​លោក​នៅក្នុង​រដ្ឋ តិចសាស ស.រ.អា. សួរ​ថា តើ​វួដ​ណា​មួយ​ជា​វួដ​ល្អ​បំផុត ។ ក្នុង​រយៈពេល ១៦ ឆ្នាំ មាន​ម្តង​នោះ មាន​គ្រួសារ​មួយ​សួរ​ថា តើ​វួដ​មួយ​ណា​ដែល​ត្រូវការ​ជំនួយ ។

រឿង​របស់​លោក​ធ្វើ​ឲ្យ​យើង​រំជួលចិត្ត ។ រឿង​នោះ​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។ ដូច្នេះ ជំនួស​ឲ្យ​ការបន្ត​នៅក្នុង​វួដ​ដែល​យើង​ស្រឡាញ់ ដែល​យើង​ទទួល​អារម្មណ៍​សុខស្រួល ហើយ​ដែល​យើង​មាន​ថ្នាក់​ទារកដ្ឋាន និង​ថ្នាក់​អង្គការ​បឋម​សិក្សា​ដ៏អស្ចារ្យ នោះ​យើង​បាន​យក​ការទូន្មាន​របស់​អែលឌើរ អេលីស ដាក់​ក្នុង​ចិត្ត ហើយ​អធិស្ឋាន​អំពី​កន្លែង​ដែល​យើង​គួរតែ​ប្តូរ​ទៅ​រស់នៅ ។

នា​គ្រា​នោះ យើង​កំពុង​បម្រើ​ជា​អ្នក​ធ្វើការ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ម៉ានហាតថិន នូវ យ៉ោក ។ អ្នក​ធ្វើ​ម្នាក់​នៅទីនោះ​ស្គាល់​ទីក្រុង នូវ យ៉ោក ច្បាស់ ។ គាត់​បាន​ផ្តល់​យោបល់​នូវ​វួដ​ពីរ​ដែល​គាត់​គិត​ថា យើង​អាច​ជួយ​បាន — ​វួដ​ទាំង​ពីរ​នោះ​គឺ​នៅទីក្រុង ប្រូកឃ្លីន ។

វួដ​ទីមួយ​នោះ​គឺ​នៅ​ឆ្ងាយ​ខ្លាំង​ពី​កន្លែង​ធ្វើការ​របស់​វីល ។ វួដ​ទីពីរ​នៅ​ជិត​ជាង ហើយ​យើង​ទទួល​អារម្មណ៏​ថា យើង​បាន​រកឃើញ​កន្លែង​ត្រឹមត្រូវ​ហើយ ពេល​យើង​បាន​ទៅ​ការប្រជុំ​សាក្រាម៉ង់​នៅ​វួដ​នោះ ។ សមាជិក​ជា​ច្រើន​គឺ​ជា​ជនជាតិ​ហៃទី​ដែល​បាន​ធ្វើ​អន្តោប្រវេស្តន៍ ។ ដោយសារ វីល មក​ពី​ទីក្រុង ហ្គាប៊ុន ហើយ​និយាយ​ភាសា​បារាំង នោះ​យើង​បាន​គិត​ថា វួដ​នោះ​នឹង​ក្លាយ​ជា​ផ្ទះ​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង ។

បទពិសោធន៍​ដ៏​អស្ចារ្យ

ពីរបីសប្ដាហ៍​ក្រោយ​មក យើង​បាន​ឃើញ​ផ្ទះ​មួយ ហើយ​យើង​បាន​ប្តូរ​ទៅរស់នៅ​ទីនោះ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក វីល ត្រូវបាន​ហៅ​ឲ្យ​បម្រើ​តាម​របៀប​ដ៏​មាន​អត្ថន័យ​ជា​ច្រើន ។ ការយល់​ភាសា​ត្រូវ​ចំណាយ​ពេល​មួយ​ចំនួន ប៉ុន្តែ​គាត់​ទទួល​អារម្មរណ៍​ថា​មាន​ពរ ដែល​មាន​សមត្ថភាព​លឿន​គ្រប់គ្រាន់​និយាយ​ភាសា ហៃទី ក្រេអូឡេ ដើម្បី​ជួយ​បកប្រែ​ឲ្យ​សមាជិក​អំឡុង​ពេល​ប្រជុំ និង​ការសម្ភាសន៍​នានា ។ ឡរ៉ា​ក៏​មាន​ពរ​ក្នុងការ​បម្រើ​នានា ហើយ​យើង​បាន​ជួយ​ក្នុង​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ។

មិត្តភក្ដិ​ម្នាក់​ដែល​យើង​បាន​រាប់អាន​គឺ​ជា​សាសនាគន់ការី​ក្មេង​ម្នាក់​ឈ្មោះ ណរមីល រ៉ូមែឡើស ដែល​មក​ពី​ប្រទេស​ហៃទី​ដើម្បី​ទទួល​ការអប់រំ ។ គាត់​មក​ផ្ទះ​របស់​យើង​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​យើង​ជួយ​បង្រៀន​គាត់​ជា​ភាសា​បារាំង និង​ភាសា ក្រេអូឡេ ។ បន្ទាប់​ពី ណរមីល បាន​ជ្រមុជ​ទឹក​រួច យើង​បាន​ឧបត្ថម្ភ​គាត់​ក្នុង​កម្មវិធី ផាតវ៉េ របស់​សាសនាចក្រ​ជា​កន្លែង​ដែល​គាត់​បាន​ជួប​អនាគត​ភរិយា​របស់​គាត់ ។ វីល មាន​អំណរគុណ​ដើម្បី​ចូលរួម​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ម៉ានហាតថិន ។

យើង​ក៏​បាន​ជួប​ប្អូន​ស្រី​ម្នាក់​ដែល​មក​ពី​ប្រទេស​ហៃទី ដែល​មក​កាន់ទីក្រុង នូវ យ៉ោក​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​របស់​គាត់ ។ អំឡុង​ពេល​នាង​ស្នាក់​នៅទីនោះ ក្រុមប្រឹក្សា​វួដ​បាន​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដើម្បី​ជួយ​គាត់ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា គាត់​មាននូវ​អ្វី​ដែល​គាត់​ត្រូវការ រួមទាំងមធ្យោបាយធ្វើដំណើរទាំងទៅ​ទាំង​មក​ក្នុង​ការព្យាបាល​ជំងឺ​របស់​គាត់ ។ យើង​មាន​ពរ​ដែល​បាន​បម្រើ ហើយ​សួរសុខ​ទុក្ខ​គាត់​អំឡុង​គ្រា​នោះ ។ យើង​រំពឹង​ថា គាត់​នឹង​ជា​សះស្បើយ ប៉ុន្តែ​គាត់​បាន​ស្លាប់ ។

បទពិសោធន៍​ទាំង​ពីរ​នោះ​តំណាង​ឲ្យ​អ្វី​ដែល​សមាជិក​វួដ​បាន​ធ្វើ​សម្រាប់​មនុស្ស — គឺ​ជួយ​ពួកគេ និង​លើកស្ទួយ​ពួកគេ ។ យើង​មាន​អំណរ​គុណ​ចំពោះ​បទពិសោធន៍​ទាំង​នេះ និង​បទពិសោធន៍​ដ៏​អស្ចារ្យ​ផ្សេង​ទៀត ។

អ្វី​ដែល​ពិត​ជា​សំខាន់

យើង​បាន​រៀន​ថា នៅពេល​យើង​បម្រើ​ព្រះអម្ចាស់ និង​បុត្រាបុត្រី​របស់​ទ្រង់ នោះ​ទ្រង់​ថែ​រក្សា​ពួកយើង ។ បទពិសោធន៍​របស់​យើង​នៅ​ទីក្រុង ប្រូកឃ្លីន បាន​ជួយ​យើង​ឲ្យ​រក្សា​ទស្សនវិស័យ​ត្រឹមត្រូវ​របស់​យើង ។ បទពិសោធន៍​នោះ​បាន​ជួយ វីល មិន​សូវ​ឲ្យ​ខ្វាយខ្វល់​នឹង​ភាពមាន​មុខមាត់​នៅ វ៉ល ស្ទ្រីត ហើយ​ចងចាំ​នូវ​អ្វី​ដែល​សំខាន់​បំផុត ។ នៅក្នុង​ធនាគារ​វិនិយោគទុន មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ ។ យូរ​ម្តងៗ វីល ត្រូវ​ធ្វើការ​នៅ​ផ្ទះ​ដើម្បី​បញ្ចប់​ឲ្យ​ទាន់​ការងារ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​យើង ដូច្នោះ​គាត់​ពុំ​ដែល​ចូល​ការិយាល័យ​គាត់​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។

ពេល​យើង​បាន​ប្តូរ​ទៅ​នៅ​ប្រូកឃ្លីន យើង​បាន​គិត​ថា យើង​កំពុងតែ​ក្លាយ​ជា​គ្រួសារ​មួយ នៃ​គ្រួសារ​ពីរ​ដែល​មាន​កូន​តូចៗ​នៅក្នុង​វួដ ។ ប៉ុន្តែ​ព្រំដែន​របស់​វួដ​បាន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​បន្ទាប់​ពី​យើង​បាន​ប្តូរទៅ​រស់​នៅ​ទីនោះ ហើយ​មាន​គ្រួសារ​វ័យក្មេង​ជា​ច្រើន​ទៀត​ក៏​បាន​ប្តូរ​ទៅរស់​នៅ​ទីនោះ​ផងដែរ ។

ទីបំផុត យើង​មាន​បំណង​ប្តូរ​ទៅ​រស់នៅ​ទីក្រុង ហ្គាប៊ុន ។ យើង​ទទួល​អារម្មណ៍​ថា បទពិសោធន៍​របស់​យើង​នៅ​ទីក្រុង ប្រូកឃ្លីន បាន​ជួយ​យើង​រៀបចំ​ខ្លួន​យើង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ដើម្បី​បម្រើ​ក្នុង​សាសនាចក្រ និង​ប្រជាជន​អាហ្វ្រិក ។ យើង​មាន​អំរណគុណ​ដែល​យើង​បាន​ធ្វើតាម​ការបំផុស​គំនិត​ឲ្យប្តូរ​ទីលំនៅ ។ ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកយើង — ហើយ​បន្ត​ប្រទាន​ពរ​ដល់​យើង — តាម​របៀប​ដែល​យើង​ពុំ​ដែល​នឹក​ស្មាន​ដល់ ។

កំណត់​ចំណាំ

  1. សូមមើល ស្ទែនលី ជី អេលីស « ផ្លូវ​របស់​ព្រះអម្ចាស់ » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៣៦–៣៨ ។