២០១៨
បាន​ពរ​តាម​គ្រប់​របៀប​ដែល​អាច​មាន
ខែ មិថុនា ឆ្នាំ ២០១៨


បាន​ពរតាម​គ្រប់​របៀប ដែល​អាច​មាន

អែលឌើរ អ៊ែតវើឌ ឌូប បាន​កើត​នៅ​ក្នុង​ប្រទេស​ស្ស៊ីមបាវ៉េ ហើយ​លោក និង​ភរិយា​លោក ណៅមី មាន​កូន​បួន​នាក់ ។

របៀប​ដែល​វិវរណៈ​នេះ​បាន​ផ្តល់​ពរ​ជ័យដល់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ ព្រមទាំង​សាសនាចក្រ​នៅក្នុង​ទ្វីប​អាហ្វ្រិក ។

នៅ​គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​អំពី​ការដាក់​កំហិត​ទៅលើ​ពួក​ស្បែក​ខ្មៅ​មិន​ឲ្យ​កាន់​បព្វជិតភាព​នោះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​កំពុង​បម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​ជ្រមុជ​ទឹក​នៅ​ឆ្នាំ ១៩៨៤ បន្ទាប់​ពី​ការដាក់​កំហិត​នោះ​បាន​ចប់​ទៅ​ហើយ ។ ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​យ៉ូហាណែសស្បើក អាហ្វ្រិក​ខាង​ត្បូង ។

អំឡុងពេល​ចាត់តាំង​ទៅ​ទីក្រុង បូឡាវ៉េយូ ប្រទេស ស្ស៊ីមបាវ៉េ ដៃគូ​ខ្ញុំ​អែលឌើរ ហ្វ្រានស៊ីស ជេក និង​ខ្ញុំ​បាន​ទៅ​ជួប​បងស្រី​មិន​សូវ​សកម្ម​ម្នាក់ ។ ស្វាមី​របស់​គាត់​គឺ​ជា​សាស្ដ្រាចារ្យ​ខាង​សាសនា​ម្នាក់​នៅ​ព្រះវិហារ​មួយ​ទៀត ។ ស្វាមី​របស់​គាត់​បាន​សួរ​យើង​អំពី​មូលហេតុ​ដែល​បព្វជិតភាព​ត្រូវបាន​ដកចេញ​ពី​ពួកបុរស​ស្បែក​ខ្មៅ​ពូជពង្ស​អាហ្វ្រិក ។ គាត់​បាន​និយាយ​រឿង​ជាច្រើន​ដែល​រំខាន​ចិត្ត​ខ្ញុំ — ជា​រឿង​ដែល​ខ្ញុំ​ពុំ​ធ្លាប់​បាន​ឮ​ពី​មុន​មក​សោះ ។ ពេល​ខ្ញុំ​បាន​ដើរ​ចេញ​ពី​បន្ទប់​នោះ ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ និង​បាក់​ទឹកចិត្ត​ជា​ខ្លាំង ។

អែលឌើរ ជេក និង​ខ្ញុំ​បាន​ជិះ​កង់​របស់​យើង​ត្រឡប់​ទៅ​ផ្ទះ​របស់​យើង​វិញ​ដោយ​ពុំ​និយាយ​អ្វី​មួយ​ម៉ាត់​ឡើយ ។ នៅពេល​យើង​ទៅ​ដល់​ផ្ទះ​វិញ គាត់​បាន​មើល​មក​ខ្ញុំ ហើយ​និយាយ​ថា « អែលឌើរ ឌូប តើ​អែលឌើរ​មាន​រឿង​អ្វី ? មើល​ទៅ​អែលឌើរ​ដូច​ជា​មាន​អ្វី​រំខាន​ចិត្ត » ។

ខ្ញុំ​បាន​តប​វិញ​ថា « តើ​អែលឌើរ​មិន​ឮ​អ្វី​ដែល​គាត់​បាន​និយាយ​ទេ​ឬ ? តើ​រឿង​នេះ​អាច​កើត​ឡើង​ដោយ​របៀប​ណា ? »

« អែលឌើរ តើ​អែលឌើរ​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ក្មេង​ប្រុស​យ៉ូសែប​ដែរ​ឬ​ទេ ? »

ខ្ញុំ​បាន​តប​ថា « បាទ​ខ្ញុំ​ជឿ ។ ប៉ុន្តែ តើ​រឿង​នោះ​ទាក់ទង​អ្វី​នឹង​ចំណុច​នេះ ? »

អែលឌើរ ជេក បាន​ឆ្លើយ​ថា « វា​ទាក់ទង​នឹង​អ្វីៗ​ទាំងអស់ ។ យើង​ជឿ​លើ​វិវរណៈ មែនទេ » ?

ខ្ញុំ​បាន​គិត​អំពី​ពាក្យ​សម្តី​របស់​គាត់ និង​អ្វី​ដែល​សាស្ដា្រចារ្យ​នោះ​បាន​និយាយ ។ នា​យប់​នោះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង​កណ្តាល​អាធ្រាត ។ ខ្ញុំ​បាន​មាន​អារម្មណ៍​រីករាយ និង​សុខសាន្ត ។

ចម្លើយ​ចំពោះ​គ្រប់​សំណួរ​នៃ​ដំណឹង​ល្អ​ចង​ភ្ជាប់​ត្រឡប់​ទៅរក​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ឆ្នាំ ១៨២០ ។ ដោយ​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ នោះ​មាន​ន័យ​ថា លោក​គឺ​ជា​ព្យាការី ហើយ​ថា​នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ប្រសិនបើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ក្មេង​ប្រុស​យ៉ូសែប នោះ​គោលការណ៍ និង​សំណួរ​ទាំង​អស់​នៃ​ដំណឹង​ល្អ​កើត​ឡើង​តាម​រឿង​របស់​វា ។ នេះ​ជា​សាសនាចក្រ​មួយ​នៃ​វិវរណៈ ហើយ​ព្រះអម្ចាស់​បើក​សម្តែង​ដំណើរការ​មួយ​ចំនួន​តាម​ពេលវេលា​ជាក់លាក់​ដល់​ពួក​អ្នកបម្រើ ពួក​ព្យាការី​របស់​ទ្រង់ ហើយ​នោះ​ជា​អ្វី​ដែល​នាំ​ភាពសុខសាន្ត​មក​ឲ្យ​ខ្ញុំ ។

ខ្ញុំ​បាន​ចាប់ផ្តើម​លោត​ចុះ​លោត​ឡើង ហើយ​ដាស់​ដៃ​គូ​របស់​ខ្ញុំ​ដោយ​ស្រែក​ថា « ពិតមែនហើយ ពិតមែនហើយ ! អែលឌើរ ជេក អែលឌើរ​និយាយ​ត្រូវ​ហើយ ! ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស៊្មីធ ! នេះ​គឺជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ! »

ការបញ្ចប់​ការដាក់​កំហិត​នេះ​គឺ​ជា​ពរជ័យ​មួយ​ដល់​សមាជិក​ទាំងឡាយ​ទូទាំង​ទ្វីប​អាហ្វ្រិក ។ បព្វជិតភាព​បាន​ផ្តល់​ពរ​ជ័យ​ដល់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​តាម​គ្រប់​របៀប​ដែល​អាច​មាន ។ វា​គឺ​ជា​កម្លាំង​មួយ​ដ៏​រឹង​មាំ​ចំពោះ​ខ្ញុំ​ដើម្បី​មាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ជា​ពរជ័យ​នៃ​ការដឹង​ថា យើង​នឹង​រស់នៅ​ជាមួយ​គ្នា​ជា​ក្រុមគ្រួសារ​សម្រាប់​ពេល​ដ៏​អស់​កល្បជានិច្ច ។

ការទទួល​បាន​បព្វជិតភាព​បាន​ផ្តល់ពរ​ជ័យ​ដល់​ទ្វីប​អាហ្វ្រិក ។ ប្រជាជន​នៅ​ទីនេះ​មាន​ចិត្ត​រីករាយ និងភាព​វិជ្ជមាន​ក្នុង​ជីវិត​រួច​ទៅ​ហើយ ប៉ុន្ដែ​ដំណឹងល្អ​បាន​បន្ថែម​ភាពរីករាយ​បន្ថែម​ទៀត​ដល់​ពួកគេ ។ ក្រុម​គ្រួសារ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ។ ដូច្នេះ ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ពរជ័យ​ដ៏​មហិមា​មួយ ។ សាសនាចក្រ​កំពុង​រីកចម្រើន​យ៉ាង​លឿន​នៅ​ទីនេះ ។

រូបភាព
family sitting in living room

សមាជិក​នៅ​ទីនេះ​ស្តាប់​តាម​ព្រះទ័យ​របស់​ព្រះ ហើយ​យើង​បាន​ទៅ និង​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ ។ ការណ៍​នេះ​បាន​ផ្តល់​ពរ​ជ័យ​ដល់​សមាជិក​ជាច្រើន ។ នៅ​គ្រា​ដែល​តំបន់​មួយ​ចំនួន​នៅក្នុង​ទ្វីប​អាហ្វ្រិក​មាន​មនុស្ស ៩០ ភាគរយ​គ្មាន​ការងារ​ធ្វើ នោះ​សមាជិក​របស់​យើង​ហាក់ដូច​ជា​មាន​សភាព​ធម្មតា​ដោយសារ​ពួកយើង​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ បព្វជិតភាព និង​ការណែនាំ​មក​ពីថ្នាក់​ដឹកនាំ​បព្វជិតភាព​បាន​ផ្តល់​ពរ​ជ័យ​ដល់​ពួកយើង ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ឱកាស​ដើម្បី​កាន់​បព្វជិតភាព សម្រាប់​ពរជ័យ​ដែល​បព្វជិតភាព​មាន​នៅក្នុង​ជីវិត​របស់​ខ្ញុំ និង​របៀប​ដែល​បព្វជិតភាព​បាន​ផ្តល់​ពរ​ដល់​សមាជិក​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក ។