២០១៨
ព្រះវរបិតាសួគ៌​ស្គាល់​អ្នក
ខែ មិថុនា ឆ្នាំ ២០១៨


ព្រះវរបិតាសួគ៌​ស្គាល់​អ្នក

រូបភាព
Heavenly Father Knows You

រៀងរាល់​ថ្ងៃ​អាទិត្យ​នៅក្នុង​ទីក្រុង​តូច​មួយ​នៅ​ក្នុង​ប្រទេស​ ​អាហ្សង់ទីន មានមនុស្ស​មួយ​ក្រុម​ជួបជុំ​គ្នា​នៅ​ក្រោម​ដើមឈើ ដើម្បី​អាន​ព្រះគម្ពីរ និង​រៀន​អំពី​ដំណឹង​ល្អ ។ មនុស្ស​មួយ​ចំនួន​ជា​សមាជិក​សាសនាចក្រ ។ ប៉ុន្តែ​ពួកគេ​ជាច្រើន​ពុំ​ទាន់​ជ្រមុជទឹក​នៅឡើយ ហើយ​ពួកគេ​ពិតជា​ចង់​ជ្រមុជទឹក​ណាស់ !

ទោះជា​យ៉ាង​ណា​ក្តី ពួកគេ​មាន​បញ្ហា ។ ពួកគេ​រស់នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ទីក្រុង​ផ្សេង​ទៀត ។ គ្មាន​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ទៅ​ជួប​ពួកគេ​នៅក្នុងទីក្រុងពួកគេ​ម្តង​ណាឡើយ ។

បន្ទាប់មក ពួកគេ​បាន​ឮ​ថា មាន​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​នៅក្នុង​ទីក្រុងដែល​នៅចម្ងាយ​ប្រហែល​ជា​បួន​ម៉ោង​ពី​ពួកគេ ។ ពួកគេ​ទាំងអស់​គ្នា​បាន​ចូលលុយ​គ្នា ដើម្បី​ឲ្យ​បុរស​ម្នាក់​អាច​ទិញ​សំបុត្រ​ឡាន​ក្រុង​ជិះ​ទៅ​ទីក្រុង​ដែល​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ ។ នៅពេលគាត់​ទៅដល់​ទីនោះ គាត់​បានរង់ចាំ​នៅ​ស្ថានីយ​ឡាន​ក្រុង ។ គាត់​បាន​គិត​ថា វា​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែងរក​អ្នកផ្សព្វផ្សាយ​សាសនា ។

បន្ទាប់​ពី​របី​ម៉ោង​ក្រោយ​មក គាត់​បាន​ឃើញ​យុវជន​ពីរ​នាក់ ។ ពួកគេ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ! គាត់​បាន​ប្រាប់​ពួកគេ​អំពី​មនុស្ស​នៅក្នុង​ទីក្រុង​របស់​គាត់ ។ ដូច្នោះ​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ប្រធាន​បេសកកម្ម​បាន​រៀបផែនការ​ធ្វើ​ដំណើរ​មួយ​ដើម្បី​ទៅ​ជួប​មនុស្ស​នៅទីនោះ ។

នៅ​ថ្ងៃ​ដែល​ប្រធាន​បេសកកម្ម និង​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ មនុស្ស​ជាច្រើន​បាន​ជួបជុំ​គ្នា​ដើម្បី​ជួប​ពួកគេ ។ ឥឡូវ​នេះ​អស់​អ្នកដែល​ពុំ​ទាន់​បានជ្រមុជទឹក​អាច​ទទួល​បុណ្យ​ជ្រមុជទឹក ។ បន្ទាប់​ពី​បង្រៀន​មេរៀន​ដល់​ពួកគេរួច ពួកគេ​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច !

ទន្លេ​ដែល​ជិត​បំផុត​គឺ​នៅ​ឆ្ងាយ​ណាស់ ដូច្នេះ​ពួកគេ​បាន​សប់​ទឹក​មកពី​អណ្តូង​ស្នប់ ហើយ​ដាក់​វា​ឲ្យ​ពេញ​អាង​ហែល​ទឹក​ចល័ត​មួយ ។ វា​ចំណាយ​ពេល​បីម៉ោង​ដើម្បី​ដាក់​ទឹក​ពេញ​អាង​នោះ ! មាន ២៧ នាក់​ទាំង​ស្ត្រី បុរស និង​ក្មេង​ដែលទទួលបុណ្យ​ជ្រមុជទឹកនៅ​ថ្ងៃ​នោះ ។ ពួកគេ​ពោរពេញ​ដោយ​អំណរ !

ព្រះវរបិតាសួគ៌​បាន​ដឹង​ថា មនុស្ស​ទាំង​នេះ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ទ្រង់​បាន​ជួយ​ពួកគេ​ឲ្យ​រក​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ព្រះវរបិតាសួគ៌ក៏​ស្គាល់​អ្នក​ផងដែរ ។ ទ្រង់ជ្រាបពីកន្លែង​ដែល​អ្នក​នៅ និង​ស្គាល់​អ្នក ហើយ​ដឹង​ពី​តម្រូវការ​អ្នក ។ ទ្រង់​ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់អ្នក ។ មិន​ថា​អ្នក​មាន​អារម្មណ៍​ឯកោ​បែប​ណា​នោះ​ទេ ទ្រង់​គង់​នៅ​ទីនោះ​ជានិច្ច ។ អ្នក​ពុំ​នៅ​ឯកោ​ឡើយ ។ ​អ្នក​អាច​បែរ​ទៅ​រក​ទ្រង់ ។