២០១៨
ពន្លឺ​គឺ​មាន​វត្តមាន​នៅ​ទីនោះ​ជានិច្ច !
ខែ មិថុនា ឆ្នាំ ២០១៨


ពាក្យ​ចុង​ក្រោយ

ពន្លឺ​គឺ​មាន​វត្តមាន​នៅ​ទីនោះ​ជានិច្ច !

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៧ កាលអែលឌើរ អុចដូហ្វ ជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ ។

រូបភាព
the light is always there

អំឡុង​ពេល​បើកបរ​ក្នុងនាម​ជា​អ្នក​បើក​យន្ដហោះ​នៅ​ជុំ​វិញ​ភព​ផែនដី​របស់​យើង ខ្ញុំ​តែងតែ​ស្ងើច​អស្ចារ្យ​ចំពោះ​សម្រស់ និង​ភាព​ឥតខ្ចោះ​នៃ​ការ​បង្កបង្កើត​របស់​ព្រះ ។ ជាពិសេស​ខ្ញុំ​រកឃើញ​ភាព​ទាក់ទាញ​នៃ​ទំនាក់ទំនង​រវាង​ផែនដី និង​ព្រះអាទិត្យ ។ ខ្ញុំ​គិត​ថា វា​គឺជា​កម្មវត្ថុមេរៀន​ដ៏​ល្អ​មួយ​អំពី​វត្តមាន​នៃ​ភាព​ងងឹត និង​ពន្លឺ ។

ដូច​យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ ក្នុង​រយៈពេល ២៤ ម៉ោង យប់​ទៅជា​ថ្ងៃ ហើយ​ថ្ងៃ​ទៅ​ជា​យប់ ។

ដូច្នេះ​តើ​អ្វី​ជា​យប់ ?

យប់​គ្មាន​អ្វី​សោះ​ក្រៅពី​ស្រមោល ។

ទោះ​ជា​នៅ​ក្នុង​យប់​ដ៏​ងងឹត​បំផុតក្ដី ក៏​ព្រះអាទិត្យ​ពុំ​អាច​បញ្ឈប់​បំភាយ​ពន្លឺ​វា​ដែរ ។ វា​បន្ដ​បំភ្លឺ​ពន្លឺ​ដ៏​ភ្លឺ​ដូច​សព្វ​ដង ។ ប៉ុន្តែ​ពាក់កណ្ដាល​ផែនដី​ស្ថិត​ក្នុង​ភាព​ងងឹត ។

អវត្តមាន​នៃ​ពន្លឺ​បណ្ដាល​ឲ្យ​ងងឹត ។

នៅពេល​ភាព​ងងឹត​នៃ​ពេល​យប់​ចូល​មក​ដល់ យើង​ពុំ​អស់សង្ឃឹម ហើយ​បារម្ភ​ថា ព្រះអាទិត្យ​រលត់​នោះ​ទេ ។ យើង​ពុំ​សន្មត់​ថា ព្រះអាទិត្យ​លែង​មាន​ទៀត​នោះទេ ។ យើង​យល់​ដឹង​ថា យើង​ស្ថិត​នៅ​ក្នុង​ស្រមោល​មួយ ដែល​ផែនដី​នឹង​បន្ដ​វិល ដែល​នៅ​ទីបំផុត កាំពន្លឺ​នៃ​ព្រះអាទិត្យ​នឹង​បំភ្លឺ​មកដល់​យើង​ម្តង​ទៀត ។​

ភាព​ងងឹត​គឺ​ពុំ​ចង្អុល​បង្ហាញ​ថា គ្មាន​ពន្លឺ​នោះទេ ។ ជាញឹកញាប់​បំផុត វា​មាន​ន័យ​ដោយ​សាមញ្ញ​ថា យើង​ពុំ​ស្ថិត​នៅ​ក្នុង​កន្លែង​ត្រឹមត្រូវ​ដើម្បី​ទទួល​ពន្លឺ ។

ពន្លឺ​ខាង​វិញ្ញាណ​បន្ដ​បំភ្លឺ​មក​លើ​គ្រប់​ការ​បង្កបង្កើត​របស់​ព្រះ ។

វា​អាស្រ័យ​ទៅលើ​យើង​ដើម្បី​នៅ​ក្នុង​កន្លែង​ត្រឹមត្រូវ​ដើម្បី​មើល​ឃើញ​ពន្លឺ និង​សេចក្ដីពិត​ដ៏​ទេវភាព​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះ​ជា​ពេល​យប់​មកដល់ ហើយពិភពលោក​ហាក់ដូចជា​ងងឹត​ក្ដី ក៏​យើង​អាច​ជ្រើសរើស​ដើរ​នៅ​ក្នុង​ពន្លឺ​របស់​ព្រះគ្រីស្ទ រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ហើយ​ថ្លែង​ទីបន្ទាល់​ដោយ​ក្លាហាន​អំពី​ភាព​ពិត និង​ភាព​មហិមា​របស់​ទ្រង់ដែរ ។

រាល់​ពេល​ដែល​អ្នក​បង្វែរ​ដួងចិត្ត​របស់​អ្នក​ទៅ​រក​ព្រះ​ក្នុង​ការ​អធិស្ឋាន​ដោយ​រាបសា នោះ​អ្នក​ទទួល​បទពិសោធន៍​នូវពន្លឺ​របស់​ទ្រង់ ។ រាល់​ពេល​ដែល​អ្នក​ស្វែងរក​ព្រះបន្ទូល និង​ព្រះទ័យ​របស់​ទ្រង់​នៅ​ក្នុង​បទគម្ពីរ នោះ​ពន្លឺ​នឹង​បំភ្លឺ​ឡើង​កាន់តែ​ចែងចាំង ។ រាល់​ពេល​ដែល​អ្នក​សង្កេត​ឃើញ​នរណា​ម្នាក់​ខ្វះខាត ហើយ​លះបង់​ភាព​សុខស្រួល​របស់​អ្នក ដើម្បី​ឈោង​ទៅ​ជួយ​ដោយ​ក្ដី​ស្រឡាញ់ នោះ​ពន្លឺ​នឹង​រីកធំខ្លាំង​ឡើងៗ ។ រាល់​ពេល​ដែល​អ្នក​បដិសេធ​ការល្បួង ហើយ​ជ្រើសរើស​ភាព​បរិសុទ្ធ រាល់ពេល​ដែល​អ្នក​ស្វែងរក ឬ​ផ្ដល់​ការ​អភ័យទោស រាល់ពេល​ដែលអ្នក​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដោយ​ក្លាហាន នោះ​ពន្លឺ​បណ្ដេញ​ភាព​ងងឹត ហើយ​ទាក់ទាញ​ដល់​អ្នកដទៃ​ដែល​កំពុង​ស្វែងរក​ពន្លឺ និង​សេចក្តីពិត​ផងដែរ ។