២០១៨
តើ​ថ្នាក់​សមាគម​សង្គ្រោះ​នឹង​គួរ​ឲ្យ​ធុញ​ទ្រាន់​ឬ ?
ខែ មិថុនា ឆ្នាំ ២០១៨


ការរៀបចំ​ខ្លួនសម្រាប់​ជីវិត

តើ​ថ្នាក់​សមាគម​សង្គ្រោះ​នឹង គួរ​ឲ្យ​ធុញ​ទ្រាន់​ឬ ?

ខ្ញុំមាន​ការភិតភ័យ​យ៉ាង​ខ្លាំង​ដើម្បី​ចូលរួម​ថ្នាក់​សមាគម​សង្គ្រោះ ប៉ុន្តែ​ដោយសារតែ​ពួកគាត់​ស្វាគមន៍​ខ្ញុំ នោះ​ខ្ញុំ​បាន​រៀន​ស្រឡាញ់​ថ្នាក់​នេះ ។

រូបភាព
young woman teaching in class

ពេល​ខ្ញុំឈាន​ដល់​អាយុ ១៨ ឆ្នាំ ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់ ។ តើ​វា​ពុំមែន​ជា​វ័យ​ជំទង់​ទេ​ឬ​អី ? ប្រាកដ​ណាស់ ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ​នៅ​ឡើយ នៅតែ​មាន​មុន ហើយ​នៅតែ​ធ្វើ​កិច្ចការ​កំប៉ិច​កំប៉ុក​នៅ​ជុំវិញ​ផ្ទះ​របស់​យើង​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ប៉ុន្តែ​​ខ្ញុំគឺ​ជា​មនុស្ស​ពេញ​វ័យម្នាក់ ។ ខ្ញុំ​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ជីវិត ហើយ​ខ្ញុំ​រំភើប​នឹង​រឿង​នេះ​ណាស់ ។ អ្វី​មួយដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សូវ​រំភើប​ពិតប្រាកដ​នោះ គឺ​គំនិត​ដែល​នៅ​ជាមួយ « ស្ត្រី​វ័យ​ចំណាស់​ទាំងនោះ » នៅក្នុងសមាគមសង្រ្គោះ ។ ពួកគាត់​មាន​កូន និង​មុខរបរ ហើយមាន​ឆ្នាំង​ដាំបាយ​អគ្គិសនី ហើយ​ប្រហែល​ជា​ចូលចិត្ត​ដុត​នំ​ផាយ​ដោយ​ពាក់ស្បែកជើង​នៅ​ក្នុង​ផ្ទះ​ផងដែរ ។ ខ្ញុំ​មាន​កិច្ចការ​សាលា និង​ការណាត់​ជួប​គ្នា​ហែលទឹក និង​ការលាប​ថ្នាំ​ក្រចក ហើយ​ចូលចិត្ត​មិន​សម្អាត​បន្ទប់របស់​ខ្ញុំ​កាន់តែ​យូរ​កាន់តែ​ល្អ ។ តើ​ខ្ញុំ​អាច​ទាក់ទង​នឹង​នរណា​ម្នាក់​នៅ​ក្នុង​ថ្នាក់​នោះ​ដោយ​របៀប​ណា ? ប្រាកដ​ណាស់ ខ្ញុំនឹង​មាន​អារម្មណ៍​ចម្លែក ​ឯកោ ឬ​ធុញទ្រាន់ ។ ហើយ​ក្រោយ​មក​ខ្ញុំ​បានទៅ​ថ្នាក់​នោះ ។

ថ្នាក់​សមាគម​សង្គ្រោះ​មិន​គួរ​ឲ្យ​ធុញទ្រាន់​ទាល់តែ​សោះ ។ មាន​ការញញឹម និង​សើច​ច្រើន​នៅ​ក្នុង​ថ្នាក់​នោះ ។ ពួកគាត់​បាន​ចែកចាយ​គំនិត​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ដោយ​ស្មោះសរ ប៉ុន្តែ​ពួកគាត់​ក៏​មិន​ខ្លាច​នឹង​សើច​ផងដែរ ។ ទីពីរ ពួកគាត់​គ្មាន​អ្វីប្លែក​ពី​ខ្ញុំ​ឡើយ ។ ប្រាកដ​ណាស់ ពួកគាត់​ចាស់​ជាង​ខ្ញុំ​មែន ប៉ុន្តែ​ពួកគេ​លេង​សើច​ជាមួយ​គ្នា​ដូច​មិត្តភក្តិ​ខ្ញុំ និង​ខ្ញុំ​បាន​លេងសើច​ជាមួយ​គ្នា​ផងដែរ ។ ជាញយៗ មាន​ស្ត្រី​ម្នាក់​បាន​សួរ​សំណួរ​មួយ​ដែល​ខ្ញុំ​កំពុង​ឆ្ងល់ ។ ហើយ​ពេល​ពួកគាត់​ប្រកាស​អំពីកម្មវិធី​ការរីកចម្រើន​ការប្រជុំ​នៅ​សប្តាហ៍​នោះ ខ្ញុំមាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ពួកគេ​កំពុង​រៀន​អំពី​ការការពារ​ខ្លួន ! ខ្ញុំ​ចង់​ធ្វើ​រឿង​នោះ !

ខ្ញុំ​មាន​ការបារម្ភ​យ៉ាង​ខ្លាំង ពេល​បងស្រី ឡាសិន ប្រធាន​សមាគម​សង្គ្រោះ​ សុំ​ឲ្យ​ខ្ញុំ​ក្រោកឈរ ហើយ​ណែនាំ​ខ្លួន​ខ្ញុំ ប៉ុន្តែ​រឿង​នោះ​មិនជា​អ្វី​ឡើយ ។ ម្នាក់ៗ​បាន​សម្លឹង​មើល​មុខ​ខ្ញុំ​ដោយរីករាយ ។ បងស្រី អែតវើឌ ជា​គ្រូ​ថ្នាក់​សិក្ខាសាលា​ឆ្នាំ​ទីពីរ​របស់​ខ្ញុំ​បាន​លើក​មេដៃ​ដាក់​ខ្ញុំ ហើយ​បងស្រី រីឆាត ដែល​ចងចាំ​តាំង​ពី​ខ្ញុំ​នៅ​ថ្នាក់​អង្គការ​បឋម​សិក្សា​បាន​ថ្លែងថា គាត់​ពុំ​ជឿ​សោះ​ថា ខ្ញុំ « ធំពេញរូបពេញរាង » ទៅហើយ ។ ហើយ​ពួកគាត់​ពិតជា​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដូច​ខ្ញុំ « ធំពេញរូបពេញរាង » មែន ។ ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ជាកូន​ក្មេង​ស្លៀកពាក់​ខោអាវ​តុបតែង​ខ្លួន​លេង ប៉ុន្តែ​ចំពោះ​ស្ត្រី​ស្ទើរតែ​គ្រប់រូប​នៅ​ថ្ងៃ​នោះ​គិត​ថា ខ្ញុំ​គឺ​ជា​ស្ត្រីថ្មី​ម្នាក់ ។

ចាប់តាំង​ពីពេល​នោះ​មក ខ្ញុំ​ចូលចិត្ត​ថ្នាក់​សមាគម​សង្គ្រោះ ទោះ​ខ្ញុំ​នៅ​វួដ​ណា​ក៏​ដោយ ។ ពេល​ខ្ញុំ​ដើរ​ចូល​ក្នុង​ថ្នាក់​សមាគម​សង្គ្រោះ ខ្ញុំ​មាន​អារម្មណ៍​ថា ៖ នោះ​ជា​ចំណងនៃ​ភាព​ជាបងប្អូន​ស្រី និង​ស្មារតី​នៃ​ចំណែក​ជាបងប្អូន​ស្រី ។ ខ្ញុំ​ចូលចិត្ត​ធ្វើកិច្ចការ​ដោយ​អស់​ពី​សមត្ថភាព ដើម្បី លើក​ស្ទួយ​បងប្អូន​ស្រី​ថ្នាក់​សមាគម​សង្គ្រោះ​របស់​ខ្ញុំ ហើយ​រៀន​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​រៀន​ពី​ពួកគាត់ ។

ហើយ​ជា​លទ្ធផល ខ្ញុំ​មាន​អ្វីៗ​ជា​ច្រើន​ដូច​នឹង​បងប្អូនស្រី​ក្នុង​ថ្នាក់​សមាគម​សង្គ្រោះ​ផងដែរ ។