២០១៨
តើ​មាន​សាសនាចក្រ​នៅ ទីនេះ​ដែរ​ឬ ?
ខែ មិថុនា ឆ្នាំ ២០១៨


តើ​មាន​សាសនាចក្រ​នៅទីនេះ​ដែរ​ឬ ?

ចុន អ៊ីវ៉ាន រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា.

រូបភាព
church building

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​បាន​ចូល​ជា​សមាជិក​សាសនាចក្រ​កាលខ្ញុំ​មានអាយុ ៣៦ ឆ្នាំ ហើយ​នៅ​គ្រា​នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ខាង​វិញ្ញាណ​យ៉ាងខ្លាំង ។ គ្រា​ផ្សេង​ទៀត ខ្ញុំ​គ្រាន់តែ​បណ្តែត​បណ្តោយ​ខ្លួន​តាម​កាលៈទេសៈ​ប៉ុណ្ណោះ ។ រវាង​កាលវិភាគដ៏​មមាញឹក ភរិយា​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​មុខរបរ​ថ្មី ការមាន​សុខភាព​មិន​ល្អ និង​ឧបសគ្គ​ផ្សេង​ទៀត នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​មាន​ការលំបាក​ខាង​វិញ្ញាណ ។ ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ ហើយ​បាន​ជួយ​បង្រៀន​កូរ៉ុមឌីកុន ប៉ុន្តែ​នោះ​គឺ​ជា​អ្វី​ដែល​ជំរុញ​ខ្លួន​ខ្ញុំ​ឲ្យ​ធ្វើ​វាប៉ុណ្ណោះ ។ ខ្ញុំ​ពុំ​អាច​រកឃើញ​កម្លាំង​បើក​ព្រះគម្ពីរ​ខ្ញុំ​អាន ឬ​លុត​ជង្គង់​អធិស្ឋាន​ឡើយ ។

ខ្ញុំ​នៅតែ​មាន​ការលំបាក​ ពេល​ខ្ញុំ​បាន​ចាកចេញ​ក្នុងការ​ធ្វើដំណើរ​ទៅ​ធ្វើជំនួញនៅ​ប្រទេស ឈីលី ភាគ​ខាង​ជើង ។ ពី​ព្រលាន​យន្ត​ហោះ​នៅ កូភៀប៉ូ យើង​បាន​បើក​ឡាន​រយៈពេល​ពីរ​ម៉ោង​ទៅ​កាន់​ការដ្ឋានសម្រាប់​ដំឡើង​គម្រោង​សូឡា​នៅ​វាល​ខ្សាច់ អាតាកាម៉ា ប្រទេស ឈីលី ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ភាពឆ្ងាយ​ដាច់​ស្រយាល​របស់​តំបន់​នេះ មាន​តែ​វាលខ្សាច់​ពណ៌​ក្រហម​ជា​ច្រើន​គីឡូម៉ែត្រ ។ ភាពឯកោ​នៃ​ទេសភាព​នោះ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់ ។

បន្ទាប់​ពី​បាននៅ​តំបន់​នោះ​អស់​មួយ​សប្តាហ៍​មក យើង​បាន​បើក​ទៅ​ទីក្រុង​ជិត​បំផុត​មួយ​ដើម្បីរក​គ្រឿង​បរិក្ខា​នានា ។ នៅទីនោះ ខ្ញុំ​បាន​ឃើញ​អគារ​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ ។ ខ្ញុំ​បាន​សូម​ឲ្យ​តៃកុង​ឡាន​ឈប់ ។ អគារ​នោះ​មាន​បរិវេណ​ស្រស់ស្អាត​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​របង​ដែក​ពណ៌​ខ្មៅ ។ នៅ​ខាង​មុខ​អគារ​នោះ​មាន​ស្លាក​សញ្ញា​ដែល​ខ្ញុំ​ស្គាល់ « La Iglesia de Jesucristo de los Santos de los Últimos Días » ឬ « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។

« តើ​សាសនាចក្រ​នៅទីនេះ​ដែរ​ឬ ?» ខ្ញុំ​បាន​គិត ។ ខ្ញុំ​មាន​ការអស្ចារ្យ​ដែល​សាសនាចក្រ​មាន​នៅក្នុង​តំបន់​ដ៏ឆ្ងាយ​ដាច់​ស្រយាលយ៉ាង​នេះ​នៅលើ​ពិភពលោក ។ ខ្ញុំ​បាន​ថត​រូប​សាលាប្រជុំ​នោះ ហើយ​ផ្ញើ​ទៅ​ភរិយា​របស់​ខ្ញុំ ។ ចម្លើយ​របស់​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ខ្ញុំ ៖ « ព្រះវរបិតាសួគ៌​ស្គាល់​រាស្ត្រ​របស់​ទ្រង់​គ្រប់ទីកន្លែង » ។

​នេះ​គឺ​ជា​សារលិខិត​ផ្ទាល់​មួយ​សម្រាប់​ខ្ញុំ​ពី​ព្រះវរបិតាសួគ៌ ។ នៅក្នុង​សម្ពាធ​នៃ​ការរស់នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ខ្ញុំ​បាន​ភ្លេច​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ហើយ​ខ្ញុំ​ត្រូវការ​ការរំឭក​នោះ ។ ទ្រង់​ស្រឡាញ់​ពួកបរិសុទ្ធ​នៅក្នុង​ទីក្រុង​តូច និង​ឆ្ងាយ​ដាច់​ស្រយាល​នៅកណ្តាល​វាល​ខ្សាច់​នោះ ហើយ​ទ្រង់​ក៏​ស្រឡាញ់​ខ្ញុំ​ផងដែរ ។

នាយប់​នោះ ខ្ញុំ​បាន​លុត​ជង្គង់ ហើយ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ ដែល​ទ្រង់​បានប្រទាន​ដល់​ខ្ញុំ​នៅ​ថ្ងៃ​នោះ ។ ការដឹង​ថា ទ្រង់​ស្រឡាញ់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ថាបនា​ខាង​វិញ្ញាណ​របស់​ខ្ញុំ​វិញ ហើយ​វា​បន្ត​ពង្រឹង​ខ្ញុំ​រៀងរាល់​ថ្ងៃ ។