២០១៨
ជំនួយ​បន្ថែម
ខែ មិថុនា ឆ្នាំ ២០១៨


មកពីតំបន់បេសកកម្ម

ជំនួយ​បន្ថែម

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃអូវ៉ា ស.រ.អា. ។

នៅ​ក្នុង​បេសកកម្ម​របស់​អ្នក អ្នក​អាច​ជួប​សាសនាគន់ការី​ដែល​ត្រូវការ​នរណា​ម្នាក់​នៅ​ខាង​ពួកគេ ដែល​មាន​ឆន្ទៈ​មុជ​ចូល​ទៅក្នុង​ដំណើរការ​នោះ​ជាមួយ​ពួកគេ ។

រូបភាព
scuba diving

រូបថត​នៃ​ការមុជទឹក​ដោយ Getty Images

ខ្ញុំ​បាន​មុជ​ទឹកចុះទៅ​ក្នុង​ល្បឿន​ផ្ទាល់​របស់​ខ្ញុំ ។ មួយ​ម៉ែត្រ​កន្លះ … ខ្ញុំ​មាន​អារម្មណ៍​ថា ទើប​តែ​ហែល​បាន​បន្តិច​ប៉ុណ្ណោះ ។ ឥឡូវ​នេះ​បី​ម៉ែត្រ​ហើយ ។ វា​ស្រាប់តែ​ប្រែជា​ងងឹត​ភ្លាម ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិបាក​ដកដង្ហើម ។ មហា​សមុទ្រ​ដ៏ត្រជាក់ និង​ស្រអាប់​នេះ​ពុំ​ដូចជា​អាង​ទឹក​ដែល​យើង​បាន​ហាត់សម​ទាល់តែសោះ ។ ដោយ​ភ័យ និង​ខ្លាច​ទីចង្អៀត ខ្ញុំ​បាន​ប្រញាប់​ហែល​ឡើង​ទៅ​ផ្ទៃ​ទឹក​ខាង​លើ​វិញ ។

អ្នក​ជំនួយ​ការ​គ្រូបង្វឹក​បាន​សួរ​ខ្ញុំ​ថា « តើ​មាន​រឿង​អ្វី​កើត​ឡើង ? » ខ្ញុំ​បាន​យំ​ទាំង​ពាក់​របាំង​មុខ ។ ខ្ញុំ​កំពុង​តែ​ស្ថិត​ក្នុង​ការប្រឡងឲ្យ​ជាប់​ការ​មុជទឹក​ដោយ​ពាក់អុកស៊ីស្សែន​ ដោយ​ប្រកួត​ចុះ​ទៅ​ដល់​ជម្រៅ​ប្រាំបួន​ម៉ែត្រ ដែល​ជា​ជំនាញ​មួយ​ចាំបាច់​ដើម្បី​ប្រឡង​ឲ្យ​ជាប់ ។ ជំនួយការ​រូបនោះ​បាន​ឃើញ​ការភិតភ័យ​របស់​ខ្ញុំ ហើយ​បាន​អះអាង​នឹង​ខ្ញុំ​ថា ខ្ញុំ​នឹង​ធ្វើ​វា​បាន ។ គាត់​បាន​លើក​ទឹកចិត្ត​ខ្ញុំ ប៉ុន្តែគាត់​ពុំ​បាន​បង្ខំ​ខ្ញុំ​ឡើយ ។ រហូត​ដល់​ពេលមួយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា « អ្នក​ពុំ​ចាំបាច់​ត្រូវ​ធ្វើ​វា​ឡើយ » ។ គឺ​នៅត្រង់​ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​ចង់​ប្រឡង​ឲ្យ​ជាប់ ។

ខ្ញុំ​បាន​ដឹង​ថា ទោះបី​រឿង​នេះ​ពិបាក​ចំពោះ​ខ្ញុំ​ក្តី ខ្ញុំ​ចង់​សម្រេច​វា​ឲ្យ​បាន ខ្ញុំ​ចង់​ទទួលបាន​សញ្ញាប័ត្រ ។ ដូច្នេះ​ខ្ញុំ​បាន​ទប់នូវ​ការភ័យខ្លាច​របស់​ខ្ញុំ ហើយ​បាន​បញ្ចប់​នូវ​ជំនាញ​ដែល​នៅសល់​ជាមួយ​សិស្ស​ផ្សេង​ទៀត​ដើម្បី​ជាប់​ការប្រឡង​នោះ ។ វា​មាន​ការលំបាក ប៉ុន្តែ​ដោយ​មាន​ការលើកទឹក​ចិត្ត​មួយ​ចំនួន នោះ​ខ្ញុំ​អាច​ធ្វើ​វា​បាន ។

ជា​ច្រើន​ខែ​ក្រោយ​មក ពេល​ខ្ញុំ​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ប៉េរូ ខ្ញុំ​បាន​នឹកចាំ​ពី​បទពិសោធន៍​មុជទឹក​ដ៏​លំបាក​របស់​ខ្ញុំ ពេល​ខ្ញុំ​បាន​អញ្ជើញ​មនុស្ស​ឲ្យ​ពង្រឹង​សេចក្តីជំនឿ​ ហើយ​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ ។ គ្រួសារ​មួយ​ដែល​ដៃគូ​ខ្ញុំ និង​ខ្ញុំ​ចូលចិត្ត​ទៅ​ជួប​នោះ​គឺ​គ្រួសារ រុមេ ។ ខារីណា និង អង់រីគឹស និង​កូនស្រី​វ័យ​ជំទង់​ពីរ​នាក់​របស់​ពួកគាត់​គឺ ខារែន និង នីកូល បានស្វាគមន៍​ពួកយើង​ជារឿយៗ ហើយ​យើង​បាន​ស្រឡាញ់​គ្រួសារ​នេះ​ភ្លាម ។ វា​មិន​សូវ​ជា​យូរ​ប៉ុន្មាន​ទេ​ពីមុន ខារីណា, ខារែន និង​នីកូល​បាន​ទទួល​យក​ដំណឹង​ល្អ ហើយ​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នោះ ។

ប៉ុន្តែ អង់រីគឹស ត្រូវការ​ជំនួយ​បន្ថែម​បន្តិចទៀត ។ សារលិខិត​របស់​ពួកយើង​ផ្សេង​ពីអ្វី​ដែល​គាត់​បាន​ទទួល​ការអប់រំ ដូច្នេះ​វា​ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​គាត់ ។ អង់រីគឹស​មាន​កង្វល់​ជា​ច្រើន ។ ចំណុច​ដ៏​ចម្បង​អំពី​ដំណឹង​ល្អ​ដែល​ធ្វើ​ឲ្យ​គាត់​អំពល់​ចិត្ត​នោះ​គឺ​ព្រះគម្ពីរ​មរមន ។ គាត់​ពុំ​ធ្លាប់​ឮ​អំពី​គម្ពីរ​នេះ​ឡើយ ហើយ​គាត់​ពិបាក​នឹង​អាន ហើយ​យល់​ពី​គម្ពីរ​នេះ ។ ការ​មិន​ស្គាល់​គម្ពីរ​នេះ​ធ្វើ​ឲ្យ អង់រីគឹស មាន​អារម្មណ៍​ពុំ​ប្រាកដ​ប្រជា ។

នៅ​គ្រា​នោះ អង់រីគឹស គឺ​ដូច​ជា​រូប​ខ្ញុំ​ដែរ ពេល​ខ្ញុំ​ហែល​ឡើង​ត្រឡប់​មក​រក​ផ្ទៃ​ទឹក​វិញ ៖ មនុស្ស​ផ្សេង​ទៀត​ហាក់ដូច​ជា​ហែល​ចុះ​ទឹក​នោះ​ដោយ​ងាយ​ស្រួល ប៉ុន្តែ​ខ្ញុំ​បែរ​ជា​មាន​ការភ័យ​ខ្លាច​ទៅ​វិញ ។ អង់រីគឹស​ក៏​ដូច​ជា​ខ្ញុំ​ផងដែរ អ្វី​ទាំងអស់​ដែល​គាត់​ត្រូវការ​ដើម្បី​ទទួល​បាន​ជោគជ័យ​នោះ​គឺ​ត្រូវការ​ជំនួយ​បន្ថែម​មួយ​ចំនួន ។

ជំនួយ​នេះ​បាន​កើត​មានដល់​គាត់​តាម​រូបភាព​ជាច្រើន ។ គាត់​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ជួយ​គាត់ដោះស្រាយ​កង្វល់​របស់​គាត់ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ គាត់​ក៏​មាន​សមាជិក​វួដ​ដែល​ស្វាគមន៍​គាត់ ហើយ​បង្រៀន​គាត់​អំពី​តួនាទី​របស់​គាត់​ក្នុង​នាម​ជា​ឪពុក ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ជំនួយ​ដ៏​ធំ​បំផុត​នៃ​ជំនួយ​ទាំង​អស់​គឺ គ្រួសារ​របស់​អង់រីគឹស​ផ្ទាល់ ។

រូបភាព
missionaries teaching

សូម្បី​តែ​ពីមុន​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ គ្រួសារ​រុមេ បាន​បង្កើត​ទម្លាប់​ក្នុងការ​ធ្វើ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ។ ពួកគេ​មាន​ព្រះគម្ពីរ​មួយ​ឈុត​ឲ្យ អង់រីគឹស ដែល​មាន​អក្សរ​ធំៗ និង​មាន​ព្រះគម្ពីរ​ជា​សំឡេង​ ដើម្បី​ឲ្យ​គាត់​អាច​សិក្សា​ព្រះគម្ពីរ​មរមន​កាន់តែ​ស្រួល ។ ការខិតខំ​សាមញ្ញៗ​ទាំង​នេះ​បាន​ជួយ​អង់រីគឹសយ៉ាង​ខ្លាំង ។ គ្មាន​ពេល​ណា​ដែល​នរណា​ម្នាក់​បាន​បង្ខំ​គាត់​ឡើយ ពួកគេ​ជ្រោមជ្រែង​គាត់​តាម​សម្រួល ។ តាម​រយៈ​ទង្វើ​របស់​ពួកគេ ពួកគេ​បាន​ប្រាប់​គាត់ថា « ពួកខ្ញុំដឹង​ថា អ្នក​អាច​ធ្វើ​វា​បាន » ។

ជំនួយ​នេះ​បាន​ធ្វើ​ឲ្យ​អង់រីគឹស​ដឹង​ដោយ​ខ្លួន​គាត់​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន ។ ថ្ងៃ​មួយ គាត់​បាន​ប្រកាស​ថា គាត់​បាន​ស្តាប់​ចប់​គម្ពីរ​ទាំង​មូល ហើយ​​គាត់​បានដឹង​ថា គម្ពីរ​នោះ​គឺ​ជា​បន្ទូលរបស់​ព្រះ ។ ប្រហែល​ជា​បួន​ខែ​បន្ទាប់​ពី​បុណ្យ​ជ្រមុជទឹក​របស់​ភរិយា និង​កូនស្រី​របស់​គាត់​មក អង់រីគឹស​បាន​អនុវត្ត​តាម​ជំហាន​ដូច​គ្នា​នោះ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ។

អង់រីគឹស​ថ្លែង​ថា គាត់​មាន​អំណរគុណ​ចំពោះជំនួយ និង​ការអត់ធ្មត់​ដែល​គាត់​បាន​ទទួល ដែល​ធ្វើ​ឲ្យ​គាត់​ឈាន​ដល់​ចំណុច​ដែល​គាត់​មាន​សព្វថ្ងៃ​នេះ ។ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​ទទួល​អារម្មណ៍​ថា មាន​ពរ​ក្នុងការ​ឃើញ​គំរូ​របស់​គ្រួសារ​នេះ​អំពី​សេចក្តីស្រឡាញ់​ដែល​ពួកគេ​បាន​ជួយ​ស្វាមី និង​ឪពុក​របស់​ពួកគេ​ឲ្យ​ឈ្នះ​លើ​មន្ទិល​សង្ស័យ​របស់​គាត់ ។ ខ្ញុំ​ក៏​មាន​អំណរគុណ​ដែល ខ្ញុំ​មាន​បទពិសោធន៍​ដ៏​លំបាក​នៃ​ការមុជទឹក​ដោយ​ពាក់អុកស៊ីស្សែន​នោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​តាម​របៀប​មួយ​តួចតាច​ដើម្បី​ដឹង​ពី​អារម្មណ៍​របស់​អង់រីគឹស និង​អារម្មណ៍របស់​សាសនា​គន់ការី​ផ្សេង​ទៀត​អំឡុង​ពេល​នៃដំណើរការការ​ប្រែ​ចិត្ត​ជឿ ។​

ពេល​អ្នក​អញ្ជើញ​មនុស្ស​ឲ្យ​ប្រែចិត្ត និង​ផ្តាស់ប្តូរ​នៅក្នុង​បេសកកម្ម​អ្នក សូម​ចាំ​ថា ជួនកាល​មនុស្ស​ទាំងអស់​ត្រូវការ​ការលើក​ទឹកចិត្ត​មួយ​ចំនួន​បន្ថែមទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ ។ ពួកគេ​អាច​ត្រូវការ​នរណា​ម្នាក់​ដែល​ពួកគេ​ទុកចិត្ត ហើយ​មាន​បទពិសោធន៍​ដូច​ពួកគេ​ដោយ​និយាយ​ថា « វា​នឹងដំណើរការ​ទៅ​បាន ។ ខ្ញុំ​ដឹង​ថា អ្នក​អាច​ធ្វើ​វា​បាន ។ ខ្ញុំ​ពិត​ជា​ជឿជាក់​លើរូប​អ្នក » ។ ពួកគេ​អាច​រំពឹង​ថា អ្នក​គឺ​ជា​បុគ្គល​នោះ​ដែល​មាន​ចិត្ត​មុជ​ទៅ​ក្នុង​ដំណើរ​ការ​នោះ​ជាមួយ​ពួកគេ ជួយ​ពួកគេ​ធ្វើ​ជា​ម្ចាស់ការ​លើ​ទម្លាប់ និង​ជំនាញ​ថ្មីៗ ហើយ​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​សញ្ញាប័ត្រ ដែល​បាន​អនុមតិ​ទាំង​ស្រុង​ដោយ​ព្រះអម្ចាស់ ។