២០១៨
បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​នាង
ខែ មិថុនា ឆ្នាំ ២០១៨


បញ្ចាំង​ពន្លឺ​របស់​អ្នក

បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​នាង

រូបភាព
Showing Her Love

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ ឡូវ ។ ខ្ញុំ​បញ្ចាំង​ពន្លឺ​របស់​ខ្ញុំ​តាមរយៈ​ការ​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​គ្រួសារ​ខ្ញុំ ។

អំពី​ខ្ញុំ

ខ្ញុំ​រស់នៅ​ប្រទេស​នីហ្សេរីយ៉ា ។ នោះ​គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ។ ខ្ញុំ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ និង​ប្អូន​ៗ​របស់​ខ្ញុំ ។ ចម្រៀង​ដែល​ខ្ញុំ​ចូលចិត្ត​គឺ « កុមារ​ពាស​ពេញ​ពិភពលោក » ។ ខគម្ពីរ​ដែល​ខ្ញុំ​ពេញចិត្ត​គឺ នីហ្វៃ​ទី១ ៣:៧ ។

ជិត​នឹង​ព្រះវិហារ​បរិសុទ្ធ

យើង​រស់នៅ​ជិត​នឹង​ព្រះវិហារ​បរិសុទ្ធ អាបា នីហ្សេរីយ៉ា ។ វា​ចំណាយ​ពេល​ប្រាំ​នាទី​ដើម្បី​ដើរ​ទៅដល់​ទីនោះ ! ខ្ញុំ​សែន​រីករាយ​ពេល​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ពេលមួយ ពេល​ខ្ញុំ​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក ។

កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​រស់នៅ

នៅ​ថ្ងៃ​ចន្ទ ខ្ញុំ​រំឭក​ប្អូនៗរបស់​ខ្ញុំ​អំពី​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខ្ញុំ​ចូលចិត្ត​វា ពេល​ឪពុក​របស់​ខ្ញុំ​ចម្អិន​អាហារ​ពេលល្ងាច ហើយ​យើង​ទាំងអស់​គ្នា​រាំ​ជាមួយ​គ្នា ។ ផ្ទះ​គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​រស់នៅ ។

ជួយ​ប្អូន​ប្រុស​របស់​ខ្ញុំ

រៀងរាល់​ព្រឹក ខ្ញុំ​បាន​ដាស់​ប្អូន​ៗ​របស់​ខ្ញុំ​ឲ្យ​មក​ការប្រជុំ​ធម្មនិដ្ឋាន​គ្រួសារ​របស់​យើង ។ យើង​ច្រៀង​ទំនុកតម្កើង សិក្សា​ព្រះគម្ពីរ ហើយ​លុត​ជង្គង់ ព្រមទាំង​អធិស្ឋាន​ជាមួយ​គ្នា ។ បន្ទាប់​មក ខ្ញុំ​ជួយ​រៀបចំ​ពួកគេ​ទៅ​សាលា​រៀន ។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​កាតព្វកិច្ច​មួយ​ដែល​ខ្ញុំ​ជំពាក់​ព្រះវរបិតាសួគ៌​ខ្ញុំ​ក្នុងការ​ស្រឡាញ់ និង​ជួយ​ប្អូនៗ​របស់​ខ្ញុំ ។

ធ្វើការ និងការលេង

បន្ទាប់​ពី​ចេញ​ពី​សាលា ខ្ញុំ​ជួយ​ម្តាយ​ខ្ញុំ​ធ្វើការ​ជុំវិញ​ផ្ទះ​របស់​យើង ។ ខ្ញុំ​ជួយ​ប្អូនៗ​របស់​ខ្ញុំ​ធ្វើ​កិច្ចការ​មក​ពី​សាលា​ផងដែរ ។ ខ្ញុំ​ពុំ​សូវ​មាន​ពេល​ច្រើន​លេង​ទេ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ជិះកង់ និង​ធ្វើ​ខ្លែង​បង្ហោះ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ពេល​ខ្ញុំ​បង្ហាញ​សេចក្តីស្រឡាញ់​ដល់​គ្រួសារ​ខ្ញុំ ។