ជំនួយ​ការសិក្សា
យ៉ូសែប, ប្ដី​របស់​នាង​ម៉ារា


យ៉ូសែប, ប្ដី​របស់​នាង​ម៉ារា

ជា​ប្ដី​នាង​ម៉ារា ដែល​ជា​មាតា​របស់​ព្រះ​យេស៊ូវ។ យ៉ូសែប​ជា​ពូជ​ពង្ស​ពី​ហ្លួង​ដាវីឌ (ម៉ាថាយ ១:១–១៦; លូកា ៣:២៣–៣៨) ហើយ​បាន​រស់នៅ​ភូមិ​ណាសារ៉ែត។ លោក​បាន​ចូល​ដណ្ដឹង​យក​នាង​ម៉ារា។ មុន​ថ្ងៃ​រៀបការ នាង​ម៉ារា​ត្រូវ​បាន​ទេវតា​កាព្រីយ៉ែល​មក​ជួប ដែល​បាន​ប្រកាស​ប្រាប់​ថា នាង​ម៉ារា​ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​ជា​មាតា​របស់​ព្រះ​អង្គ​សង្គ្រោះ (លូកា ១:២៦–៣៥)។ យ៉ូសែប​ក៏​បាន​ទទួល​វិវរណៈ​អំពី​កំណើត​ដ៏​ឧត្ដម​នេះ​ដែរ (ម៉ាថាយ ១:២០–២៥)។

នាង​ម៉ារា គឺជា​មាតា​របស់​ព្រះ​យេស៊ូវ​ខាង​សាច់ឈាម ពី​ព្រោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា គឺជា​បិតា​របស់​ព្រះ​យេស៊ូវ។ ប៉ុន្តែ​ពួក​សាសន៍​យូដា​គិត​ថា យ៉ូសែប​ជា​បិតា​របស់​ព្រះ​យេស៊ូវ រីឯ​ព្រះ​យេស៊ូវ​ក៏​គោរព​លោក​ទុក​ដូច​ជា​បិតា​ដែរ (លូកា ២:៤៨, ៥១)។ មក​ពី​បាន​ទទួល​ការ​ព្រមាន​ដោយ​សុបិន​ពី​ស្ថាន​សួគ៌ នោះ​យ៉ូសែប​បាន​ការពារ​ជីវិត​ទារក​យេស៊ូវ ដោយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ (ម៉ាថាយ ២:១៣–១៤)។ បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​បាន​សុគត​ទៅ នោះ​មាន​ទេវតា​មួយ​មក​បង្គាប់​ឲ្យ​យ៉ូសែប​នាំ​ព្រះ​គ្រីស្ទ​ជា​កុមារ​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ (ម៉ាថាយ ២:១៩–២៣)។