ឆ្នាំ ២០២៣
ពន្លឺ​នៃ​ជីវិត
ខែ មករា ឆ្នាំ ២០២៣


« ពន្លឺ​នៃ​ជីវិត » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ពន្លឺ នៃ ជីវិត

ព្រះ​អង្គសង្រ្គោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​របស់​យើង ជា​ជីវិត​យើង និង​ជា​ផ្លូវ​យើង—ទាំងម្សិលមិញ ថ្ងៃនេះ និង​ជា​រៀងរហូត ។

រូបភាព
រូបគំនូរ​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្តី​លម្អិត​មកពី ការផ្តោត​លើ​អំណរ ដោយ ម៉ៃឃល ធី ម៉លម៍

នៅពេល​ដែល​ព្រះអាទិត្យ​លិច​នៅ​ថ្ងៃ​អាទិត្យ​មួយ​ក្នុងឆ្នាំ ១៩៤៨ ខ្ញុំ​បាន​ដើរ​នៅតាម​មាត់ទន្លេ​ត្រិនថ៍ នៅក្នុង​ទីក្រុង ណតទីងហាំ ប្រទេស​អង់គ្លេស ។ ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ ២០ ឆ្នាំ ខ្ញុំ​ទើបតែ​បាន​ហៅ​ធ្វើជា​ប្រធាន​មណ្ឌល​ថ្មីៗ​នេះ ។ វា​គឺជា​ថ្ងៃដ៏យូរ និង​ហត់នឿយ​មួយ ដែល​ពេញ​ដោយ​ការប្រជុំ និង​ការងារ​បម្រើ ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត និង​ពេញចិត្ត​ក្នុង​ការងារ​នោះ ។

ពេល​ដែល​ខ្ញុំ​ដើរ​តាម​មាត់ទន្លេ នោះ​ខ្ញុំ​បាន​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ។ ដោយ​សង្ឃឹមថា​នឹង​ទទួលបាន​អារម្មណ៍​ដឹកនាំ​មកពី​ព្រះអម្ចាស់ ខ្ញុំ​បាន​ទូល​សួរថា « តើ​ទូលបង្គំ​កំពុង​ធ្វើ​អី្វ​ដែល​ទ្រង់​សព្វព្រះទ័យ​ឬទេ ? »

អារម្មណ៍​សន្តិភាព​ដ៏​លើសលប់​មួយ និង​ការយល់ដឹង​ភ្លាមៗ​បាន​គ្របដណ្តប់​មកលើ​ខ្ញុំ ។ នៅ​ពេល​ដ៏​ជាក់លាក់​នោះ ខ្ញុំ​បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ខ្ញុំ ហើយ​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ពុំបាន​ឃើញ​ការនិមិត្ត ឬ​ស្ដាប់ឮ​សំឡេង​អ្វីមួយ​ឡើយ ប៉ុន្តែ​ខ្ញុំ​អាច​ស្គាល់នូវ​ភាពពិត និង​ទេវភាព​របស់​ព្រះគ្រីស្ទ ប្រកប​ដោយ​អានុភាព​ខ្លាំង មិន​ចាំបាច់​ទាល់តែ​ទ្រង់​បាន​គង់នៅ​ចំពោះ​មុខខ្ញុំ ហើយ​ហៅ​ឈ្មោះ​ខ្ញុំ​នោះ​ទេ ។

បទពិសោធន៍​ដ៏​ផ្អែមល្ហែម និង​ទន់ភ្លន់​នេះ​បាន​ដុសខាត់​ជីវិត​ខ្ញុំ ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​រហូត​មកដល់​សព្វថ្ងៃ​នេះ រាល់​ការសម្រេចចិត្ត​សំខាន់ៗ​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​បាន​ទទួល​រង​ឥទ្ធិពល​ពី​ចំណេះដឹង​របស់​ខ្ញុំ​អំពី​ព្រះអង្គសង្រ្គោះ ។ អស់ជា​ច្រើនឆ្នាំ និង​នៅ​ទូទាំង​ពិភពលោក​ស្ទើរ​គ្រប់​ទីកន្លែង ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ជា​ពន្លឺ​នៃ​ពិភពលោក​នេះ ។ វា​ជា​ឯកសិទ្ធិ​សម្រាប់​យើង​ដើម្បី​មក​រក​ទ្រង់ ដើរ​តាម​ទ្រង់ ហើយ​ទទួល​អារម្មណ៍​នៃ​ពន្លឺ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ។

ពន្លឺ​នៃ​លោកិយ

នាយប់មួយ​ជាច្រើន​ឆ្នាំ​បន្ទាប់ពី​បទពិសោធន៍​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​មិន​អាច​បំភ្លេច​បាន​នោះ បាបារ៉ា​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​គយគន់​មើល​ផ្ទៃ​មេឃ​ដោយ​ភាពស្ញប់ស្ញែង ។ នៅពេល​យើង​ធ្វើ​ដូច្នេះ ខ្ញុំ​មើល​ផ្កាយ​រាប់លាន​ដោយ​ស្ងប់ស្ងែង ដែល​មើល​ទៅ​ពិត​ជា​ភ្លឺ និង​ស្រស់ស្អាត​ខ្លាំង​ណាស់​នៅ​យប់នោះ ។ គំនិត​ខ្ញុំ​នឹកគិត​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​ម៉ូសេ​ដោយ​ងឿងឆ្ងល់​ថា ៖ « ហើយ​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា នោះ​យើង​បាន​បង្កើត​ឡើង ហើយ​យើង​បានបង្កើត​របស់​ទាំងនោះ​ឡើង​សម្រាប់​គោលបំណង​របស់យើង​ផ្ទាល់ ហើយ​ដោយសារ​ព្រះរាជបុត្រា នោះ​យើង​បាន​បង្កើត​របស់​ទាំងនោះ​មក គឺជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​យើង » ( ម៉ូសេ ១:៣៣ ) ។

ចេញ​មកពី​ព្រះអង្គ​សង្រ្គោះ ទើប​មាន​នូវ​ព្រះចេស្តា​ដែល​បាន​បង្កើត ហើយ​ថា​ទ្រង់​បាន​ផ្តល់​ពន្លឺ​ដល់​ព្រះ​អាទិត្យ ព្រះចន្ទ ផ្កាយ និង​ផែនដី ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧–១០ ) ។ ទ្រង់​អាច​ប្រកាស​ដោយ​ត្រឹមត្រូវ​ថា ៖ « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន ៨:១២; សូមមើល​ផងដែរ យ៉ូហាន ៩:៥ ) ។

នៅក្នុង​ប្រសាសន៍​របស់​ប្រធាន ដាល្លិន អេក អូក ដែល​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ថ្លែង​ថា « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​លោកិយ ពីព្រោះ​ទ្រង់​គឺជា​ប្រភព​នៃ​ពន្លឺដែល ‹ ចេញ​មក​ពី​វត្តមាន​នៃ​ព្រះ​ដើម្បីបំពេញ​ភាពល្ហល្ហេវ​នៃមេឃ › [ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២ ] » ។ ពន្លឺ​របស់​ព្រះគ្រីស្ទ​គឺជា « ពន្លឺ​ពិត​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់ ដែល​កើត​មក​ក្នុង​លោកីយ៍ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:២; សូម​មើល​ផង​ដែរ ៨៤:៤៦ ) ។ ដោយ​មាន​ពន្លឺ​នេះ យើង​អាច​ដឹង​ពី​របៀប​ដើម្បី​វិនិច្ឆ័យ « ដឹង​ខុស និង​ត្រូវ » ( មរ៉ូណៃ ៧:១៦ ) ។ ពន្លឺ​នៃ​សាកលលោក​នេះ​ត្រូវ​បាន​ស្គាល់​ថា​ជា « ពន្លឺ​នៃ​សេចក្ដី​ពិត » « ពន្លឺ​នៃ​ព្រះ​គ្រីស្ទ » និង « ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៦; ៨៨:៧; មរ៉ូណៃ ៧:១៦ ) ។

សាវក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា « ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ » ( យ៉ូហាន ១:៥ ) ។ នៅ​សម័យ​របស់​យើង សាតាំង​កំពុង​ធ្វើការ​បន្ថែម​ម៉ោង​ដើម្បី​ដឹកនាំ​បុត្រាបុត្រី​របស់​ព្រះ​ទៅ​រក​ភាពងងឹត ដោយ​បិទ « ពន្លឺ និង​ជា​ជីវិត ហើយ​ជា​សេចក្ដី​ពិត​នៃ​ពិភពលោក » ( អេធើរ ៤:១២ ) ។

យើង​មិន​អាច​យល់—ឬ​ដឹងគុណ—ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​បាន​ពេញ​លេញ​ឡើយ នៅពេល​យើង​បាត់បង់​ពន្លឺ និង​សេចក្តីពិត​របស់ទ្រង់​នោះ ។ ប៉ុន្តែ​កាល​ដែល​យើង​ប្រែចិត្ត និង​គោរពប្រតិបត្តិ បម្រើ និង​ថ្វាយបង្គំ​ទ្រង់ នោះ​គឺយើង​យកឈ្នះ​លើ​ភាពងងឹត​ហើយ ។ ពន្លឺ​របស់​ទ្រង់​ត្រឡប់​មកវិញ ហើយ​រុញច្រាន​ស្រមោល​នៃ​ពិភពលោក​ចេញពី​មុខ និង​ចេញ​ពី​គំនិត​របស់​យើង ។

មាន​ពរ​ដោយព្រោះ​ពន្លឺ

កាល​ដែល​ពិភពលោក​របស់យើង​កាន់តែ​ងងឹត ហើយ​មិន​ស្ងប់ នោះ​ការទទួល​អារម្មណ៍​នៃ​ពន្លឺ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង​អាច​ហាក់​ដូចជា​បញ្ហា​ប្រឈម​មួយ ។ ប៉ុន្តែ​ប្រធាន រ័សុល អិម ណិលសុន បានរំឭក​យើង​ថា « កាលណា​ភាពងងឹត​មក​ជាមួយ​នឹង​ការ​ឈឺចាប់​ដ៏​ខ្លាំង​កើត​មាន​កាន់តែ​ច្រើន នោះធ្វើ​ឲ្យ​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ភ្លឺ​កាន់តែ​ចែងចាំង » ។

ខ្ញុំ​បាន​ឃើញ​ថា ពន្លឺ​របស់ទ្រង់​កាន់តែ​ភ្លឺឡើងៗ​នៅក្នុង​ព្រលឹង​ខ្ញុំ កាល​ខ្ញុំ​មាន​ពេល​សម្រាប់​កិច្ចការ​នៃ​ព្រះវិញ្ញាណ​នៅ​គ្រា​ដែល​ស្ងប់ស្ងាត់ ដូចជា​យប់​នោះ​ជាមួយ បាបារ៉ា ជាដើម ។ នោះហើយ​ជា​ពេល​ដែល​ចំណាប់​អារម្មណ៍​ខាងវិញ្ញាណ ការណែនាំ និង​ពន្លឺ​មក​រក​យើង ។ នោះគឺជា​ពេល​ដែល​យើង​ចាប់ផ្តើម​យល់​ថា​តើ​មានពរ​យ៉ាងណា​ដែល​យើង​មាន​ព្រះអង្គ​សង្រ្គោះ ។

ក្នុង​នាម​ជា​ពន្លឺ​នៃ​ពិភពលោក​នេះ ព្រះអង្គ​សង្គ្រោះ​បំភ្លឺ​ផ្លូវ​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង តាមរយៈ​គំរូ និង​ការបង្រៀន​របស់ទ្រង់ ( សូមមើល យ៉ូហាន ៨:១២ ) ។ ទ្រង់​សម្រាល​បន្ទុក​របស់​យើង​ដោយ​ក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។ ទ្រង់​សម្រាល​ដួងចិត្ត​យើង​ដោយ​ក្តីសង្ឃឹម និង​ការព្យាបាល​តាមរយៈ​ដង្វាយ​ធួន​របស់ទ្រង់ ( សូមមើល មរ៉ូណៃ ៧:៤១ ) ។ ហើយ​ទ្រង់​បំភ្លឺ​គំនិត​របស់​យើង​ជាមួយ « ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:១៥; សូមមើល​ផងដែរ ១១:១៣ ) ។

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ៖ « នៅ​គ្រប់​រដូវ​នៃ​ជីវិត​របស់​យើង នៅ​គ្រប់​ស្ថានភាព​ដែល​យើង​ជួប​ប្រទះ ហើយ​នៅ​គ្រប់​ឧបសគ្គ​ដែល​យើង​អាច​ប្រឈម​មុខ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​ដែល​កម្ចាត់​ភាពភ័យ​ខ្លាច ផ្ដល់​នូវ​ការអះអាង និង​ការដឹកនាំ ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដីសុខសាន្ដ និង​អំណរ​ដ៏​ខ្ជាប់ខ្ជួន » ។

រូបភាព
អិម រ័សុល បាឡឺដ កាលពី​នៅ​វ័យ​កំលោះ

អែលឌើរ បាឡឺដ បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អង់គ្លេស​ចាប់ពី​ឆ្នាំ ១៩៤៨ ដល់​ឆ្នាំ ១៩៥០ ។

ចូរ​លើក​ពន្លឺ​របស់​អ្នករាល់គ្នា​ឡើង

ឯកសិទ្ធិ​នៃ​ការចែកចាយ​ពន្លឺ​នៃ​ព្រះអង្គសង្គ្រោះ​ជាមួយ​អ្នក​ដទៃ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ​តែងតែ​ពិសេស​សម្រាប់​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​ពេញចិត្ត​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អង់គ្លេស ។ ខ្ញុំ​ពេញចិត្ត​ធ្វើ​ជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេស​កាណាដា ។ ហើយ​ខ្ញុំ​ស្រឡាញ់​ការហៅបម្រើ​បច្ចុប្បន្ន​របស់​ខ្ញុំ​ក្នុងនាម​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ការហៅ​របស់​ខ្ញុំ​ផ្តល់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ចែកចាយ​សារលិខិត​នៃ​ការស្តារ​ឡើងវិញ​នៅ​ទូទាំង​ពិភពលោក ។

ថ្មីៗ​នេះ​ព្រះអង្គសង្រ្គោះ​បាន​ប្រាប់​ដល់​ពួកសាវក​របស់​ទ្រង់​ថា ៖

« អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​លោកិយ ។ ឯ​ទីក្រុង​ណា​ដែល​នៅលើ​ភ្នំនោះ​លាក់​មិន​កំបាំង​ទេ ។ …

« ដូច្នេះ​ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរតម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ » ( ម៉ាថាយ ៥:១៤, ១៦ ) ។

ចំពោះ​ប្រជាជន​នីហ្វៃ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « មើលចុះ យើង​ជា​ពន្លឺ​ដែល​អ្នករាល់គ្នា​នឹង​លើក​ឡើង—គឺ​នូវ​អ្វី​ដែល​អ្នករាល់គ្នា​បាន​ឃើញ​យើង​ធ្វើ » ។ ទ្រង់​បាន​បន្ថែម « អ្នករាល់គ្នា​ស្គាល់​ការណ៍​ទាំងឡាយ ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ​នៅក្នុង​សាសនាចក្រ​របស់​យើង ត្បិត​កិច្ចការ​ទាំងឡាយ​ដែល​អ្នករាល់គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នករាល់គ្នា​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ ដ្បិត​អ្វីៗ​ដែល​អ្នករាល់គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នក​ត្រូវ​ធ្វើ​តាម​យ៉ាង​នោះ​ដែរ » ( នីហ្វៃទី​៣ ១៨:២៤; ២៧:២១ ) ។

នៅ​ជំនាន់​របស់​យើង ព្រះអង្គ​សង្រ្គោះ​ក៏​រំពឹងថា សិស្ស​របស់​ទ្រង់​នឹង​ប្រើ​ពន្លឺ​របស់​ទ្រង់​ដើម្បី « បណ្ដេញ​សេចក្ដី​ងងឹត​ចេញ​ពី​ចំណោម [ យើង ] » ផងដែរ ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:២៥ ) ។ ពន្លឺ​របស់​យើង​ចែងចាំង កាល​យើង​មាន​ក្តី​ស្រឡាញ់​ដូចជា​ទ្រង់ ។ ពន្លឺ​របស់​យើង​ចែងចាំង កាល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង​ពី​ការស្តារឡើងវិញ និង​ក្តីសង្ឃឹម​ក្នុង​ព្រះ​គ្រីស្ទ ។ ពន្លឺ​របស់​យើង​ចែងចាំង កាល​យើង​បន្លឺ​សំឡេង​របស់​យើង​ក្នុង​ការ​ការពារ​សេចក្តី​ពិត ។ ហើយ​កាល​ដែល​ពន្លឺ​របស់​យើង​ចែងចាំង​ឡើង យើង​ទាក់​ទាញ​អ្នក​ដទៃទៀត​ឲ្យ​ទៅរក​ប្រភព​នៃ​ពន្លឺ​នោះ ។

ផ្តល់​ការបម្រើ​ដោយ​មិន​គិត​ពី​ប្រយោជន៍ ហើយ​បងប្អូន​នឹង​ទទួល​អារម្មណ៍​នៃ​ពន្លឺ​ទ្រង់​ភ្លឺ​ក្នុង​ចិត្ត​បងប្អូន ។ សូម​អធិស្ឋាន​ដោយ​បន្ទាបខ្លួន ដើម្បី​ទទួលបាន​ឱកាស​ដើម្បី​ចែកចាយ​ដំណឹងល្អ ហើយ​បងប្អូន​នឹង​ត្រូវបាន​ដឹកនាំ​ទៅកាន់​អស់​អ្នក​ដែល​ត្រៀមខ្លួន​ទទួល​យក​ពន្លឺ​របស់​ទ្រង់ ។ សូម​ស្រឡាញ់​អ្នក​ដទៃ​តាមរបៀប​តូចតាច និង​ធំដុំ ហើយ​បងប្អូន​ធ្វើ​ឲ្យ​ពិភពលោក​នេះ​កាន់តែ​ប្រសើរ​ឡើង និង​កាន់​តែ​ភ្លឺថ្លា​ឡើង ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន

ព័ត៌មាន​លម្អិត​មកពី ព្រះយេស៊ូវ​គ្រីស្ទ ដោយ ហារី អែនឌើរសិន

ពន្លឺ​មួយ​ដែល​មិន​ចេះ​ចប់មិន​ចេះ​ហើយ

ខ្ញុំ​មាន​អំណរគុណ​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ​បទពិសោធន៍​ដែល​ខ្ញុំ​មាន​កាល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅ​ប្រទេស​អង់គ្លេស ពេល​ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួន​ឯង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ បច្ចុប្បន្ន​នេះ​ខ្ញុំ​ដឹង​ច្បាស់​ជាង​នេះ​ទៅទៀត កាល​ខ្ញុំ​បាន​ឆ្លងកាត់​ជីវិត​ដោយ​ការសាកល្បង និង​សេចក្តី​រីករាយ​ទាំងអស់ ។

ការ​បម្រើ​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ​បាន​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​នូវ​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ពិសេស​អស្ចារ្យ​ជាច្រើន ហើយ​ខ្លះ​ទៀត​ពិសិដ្ឋ​ពេក​រហូត​មិន​អាច​លើក​មក​ពិភាក្សា​បាន​ឡើយ ។ គ្មាន​អំណោយ​ទាន​ណា​ដែល​សំខាន់ និង​មាន​តម្លៃ​ជាង​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​ដល់​កូនៗ ចៅៗ ចៅទួត និង​បងប្អូន មិត្តភក្តិ​របស់ខ្ញុំ​ទូទាំង​ពិភពលោក​នេះ ជាង​សាក្សី​ដ៏​ពិតប្រាកដ​របស់​ខ្ញុំ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​នៃ​មនុស្ស​លោក​ទាំងអស់​ឡើយ ។

ភរិយា​ដ៏​មាន​តម្លៃ​របស់​ខ្ញុំ បាបារ៉ា បាន​ទទួល​មរណភាព​នៅ​ឆ្នាំ ២០១៨ ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ខ្ញុំ​ដឹងថា ដោយសារ​ការផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ហើយ​ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រួមរស់​ជាមួយ​គ្នា​ម្ដង​ទៀត​ជាមួយ​គ្រួសារ​យើង​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។

ពេលខ្លះ​ខ្ញុំ​នឿយហត់ ។ នៅគ្រា​ទាំងនោះ ខ្ញុំ​ឈប់ ហើយ​សម្លឹង​មើល​ទៅ​រូបថត​ព្រះអង្គសង្រ្គោះ​របស់​យើង ។ ខ្ញុំ​គិត​អំពី​ទ្រង់​នៅ​គែតសេម៉ានី ហើយ​ភ្លាមៗ​នោះ ខ្ញុំ​លែង​នឿយហត់​ទៀត​ហើយ ។ ខ្ញុំ​ដឹង​នៅក្នុង​ដួងចិត្ត​ខ្ញុំ​ថា ពីព្រោះ​ទ្រង់​បាន​យកឈ្នះ​ពិភពលោក​នេះ « សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង » ( យ៉ូហាន ទី១ ២:៨ ) ។

ខ្ញុំ​ដឹងថា ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្មរស់ ។ « ទ្រង់​ជា … ពន្លឺ​មួយ​ដែល​មិន​ចេះ​ចប់មិន​ចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ » ( ម៉ូសាយ ១៦:៩ ) ។ ទ្រង់​គឺ​ជា​ពន្លឺ​យើង ជីវិត​យើង និង​ជា​ផ្លូវ​យើង—ទាំង​ម្សិលមិញ ថ្ងៃនេះ និង​ជា​រៀងរហូត​ទៅ ។ សូម​ឲ្យ​យើង​ធ្វើតាម​ទ្រង់​ដោយ​ខ្ជាប់ខ្ជួន ហើយ​ចែងចាំ​ពន្លឺ​ទ្រង់​ទៅកាន់​ពិភពលោក​នេះ ។

កំណត់​ចំណាំ

  1. សូមមើល ដាល្លិន អេក អូក « The Light and Life of the World Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៦៣–៦៤ ។

  2. រ័សុល អិម ណិលសុន « ស្តាប់ទ្រង់ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨ ។

  3. ដេវីឌ អេ បែដណា « The Light and the Life of the World » ( ការប្រជុំ​ធម្មនិដ្ឋាន​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៥ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។