ឆ្នាំ ២០២៣
ក្រុមគ្រួសារ​គឺ​អស់កល្ប​ជានិច្ច
ខែ មករា ឆ្នាំ ២០២៣


« ក្រុមគ្រួសារ​គឺ​អស់កល្ប​ជានិច្ច » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

ក្រុមគ្រួសារ​គឺ​អស់កល្ប​ជានិច្ច

រូបភាព
គ្រួសារ​បញ្ចេញ​ស្នាម​ញញឹម

គ្រួសារ​គឺ​ជា​អង្គភាព​ដ៏​សំខាន់​នៃ​សង្គម និង​សាសនាចក្រ ។ សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​ថា ក្រុមគ្រួសារ​អាច​នៅ​អស់កល្ប​ជានិច្ច​បាន ។ យើង​អាច​ខំ​ធ្វើ​ការ​ដើម្បី​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង​នៅលើ​ផែនដី​បាន ។ យើង​ក៏​មាន​សេចក្តី​ជំនឿ​ថា យើង​អាច​ទទួល​បាន​ពរជ័យ​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ផងដែរ ។

ក្រុមគ្រួសារ​នៃ​ព្រះ

មនុស្ស​គ្រប់រូប​ទាំងអស់​គឺជា​បុត្រា ឬ​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ។ យើង​ទាំងអស់​គ្នា​មាន​ចំណែក​ក្នុង​គ្រួសារ​របស់​ព្រះ ។ យើង​ទាំងអស់គ្នា​មាន និស្ស័យ និង​ជោគវាសនា​នៃ​ព្រះ ។ ប្រសិនបើ​យើង​រស់នៅ​ដោយ​សុចរិត នោះ​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ​បាន ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ទ្រង់​ជា​រៀង​រហូត ។

រូបភាព
គូស្វាមី​ភរិយា​ថ្មីថ្មោង​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

រូបថត​អាពាហ៍​ពិពាហ៍​ដោយ យ៉ូសែប កាលូបា

ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

នៅពេល​បុរស និង​ស្រ្តី​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រក្សា សេចក្តី​សញ្ញា របស់​ពួកគាត់ នោះ​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​នឹង​ស្ថិតស្ថេររហូតអស់កល្ប​ជានិច្ច ។ ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ​នេះ​​ហៅ​ថា ការផ្សារភ្ជាប់ ។ កូនៗ​ដែល​កើត​បន្ទាប់ពី​ឪពុកម្តាយ​បាន​ផ្សារភ្ជាប់​ហើយ គឺ​បាន​កើត​នៅក្នុង​សេចក្តី​សញ្ញា​នោះ ។ កូនៗ​ដែល​កើត​មុន​ពេល​ឪពុកម្តាយ​របស់​ពួកគេ​បាន​ផ្សារភ្ជាប់ អាច​ផ្សារភ្ជាប់​ជាមួយ​ឪពុកម្តាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ដើម្បី​ឲ្យ​ពួកគេ​អាច​ក្លាយជា​គ្រួសារ​មួយ​ជារៀងរហូត ។ សមាជិក​សាសនាចក្រ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្សារភ្ជាប់​គ្រួសារ​ពួកគេ​ជាមួយគ្នា​គ្រប់​ជំនាន់​ទាំងអស់ ។ ពរជ័យ​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​អាច​កើតមាន​ឡើង​បាន ដោយសារ​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ។

អាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ស្វាមី និង​ភរិយា​ឲ្យ​ស្មោះត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្មោះត្រង់​ក្នុង​សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។ ពួកគេ​ត្រូវ​ស្មោះត្រង់​នៅ​ក្នុង​គំនិត ក្នុង​ពាក្យសម្ដី និង​ទង្វើ ។ អាពាហ៍​ពិពាហ៍​ជា​ភាព​ជា​ដៃគូ​ស្មើភាពគ្នា ហើយ​ស្វាមី​ភរិយា​គួរតែ​លើកទឹកចិត្ត លួងលោម និង​ជួយគ្នា​ទៅវិញ​ទៅមក ។

រូបភាព
ឪពុក​ម្ដាយ​ជាមួយ​ទារក

ឪពុក​ម្តាយ និង​កូនៗ

ព្រះ​បាន​បង្គាប់​ឲ្យ​អ័ដាម និង​នាង​អេវ៉ា​បង្កើត​កូនចៅ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ថា បទបញ្ញត្តិ​នេះ​នៅ​តែ​អនុវត្ត​ដដែល ។ ឪពុក និង​ម្តាយ​ខិតខំ​រួមគ្នា​ដើម្បី​ចិញ្ចឹម​កូន​ដោយ​សេចក្ដី​ស្រឡាញ់ និង​សុចរិត ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៨:២៥–២៨ ) ។ កូនៗ​ត្រូវ​បាន​បង្រៀន​ឲ្យ​គោរព និង​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​របស់​ពួកគេ ( សូមមើល និក្ខមនំ ២០:១២ ) ។

ការបង្រៀន និងការរៀនសូត្រ

ឪពុក​ម្តាយ​បង្រៀន​កូនៗ​របស់​ខ្លួន​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ ជីវិត​គ្រួសា​រផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​មាន​អារម្មណ៍​រីករាយ និង​រៀន​ពី​ភាពអត់ធ្មត់ និង​ការមិន​គិតពី​ខ្លួនឯង ។ លក្ខណៈ​ទាំងនេះ​ជួយយើង​ឲ្យ​កាន់តែ​បាន​ដូចព្រះ ហើយ​រៀបចំ​យើង​ឲ្យ​រស់នៅ​ដោយ​សុភមង្គល​ជាក្រុម​គ្រួសារ​ជារៀង​រហូត ។

ការពង្រឹង​ក្រុម​គ្រួសារ

វា​ត្រូវការ​ការខិតខំ ការលះបង់ និង​ការអត់ធ្មត់ ដើម្បី​ស្ថាបនា​គ្រួសារ​ជោគជ័យ​មួយ ។ គោលការណ៍​នៃ​ដំណឹងល្អដូចជា សេចក្តីជំនឿ ការអធិស្ឋាន ការអភ័យទោស សេចក្តី​ស្រឡាញ់ ការងារ និង​ការសប្បាយ​ដែល​ល្អៗ អាច​ជួយយើង​ឲ្យ​រកឃើញ​អំណរ​នៅក្នុង​ជីវិត​គ្រួសារ ។ យើង​អាច​ទទួល​បាន​វិវរណៈ ផ្ទាល់ខ្លួន ដើម្បី​ដឹង​ពី​របៀប​ដើម្បី​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ។

រូបភាព
រូបគំនូរ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព​របស់​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វមិន

ពរជ័យ​មាន​សម្រាប់​មនុស្ស​ទាំងអស់

មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​ឱកាស​ធ្វើ​ជា​ផ្នែកមួយ​នៃ​គ្រួសារ​ដ៏ល្អ​នៅលើ​ផែនដី​នេះ​ទេ ។ ប៉ុន្តែ​ព្រះ​បាន​សន្យា​ថា មនុស្ស​គ្រប់រូប​ដែល​កាន់​តាម​បទបញ្ញត្តិ​របស់​ទ្រង់​នឹង​ទទួល​បាន​ពរជ័យ​ទាំងអស់​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ យើង​ត្រូវ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​មាន​សេចក្តីជំនឿ​លើ​ពេលវេលា​របស់ទ្រង់ ។