ឆ្នាំ ២០២៣
ភាសា​នៃ​ព្រះវិញ្ញាណ
ខែ មករា ឆ្នាំ ២០២៣


« ភាសា​នៃ​ព្រះវិញ្ញាណ » លីអាហូណា ខែ មករា ឆ្នាំ ​២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ភាសា​នៃ​ព្រះវិញ្ញាណ

ខ្ញុំ​បាន​រៀន​ថា ព្រះវិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​ប្រាស្រ័យ​ទាក់ទង​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​បាន ទោះបី​ជា​យើង​មាន​អារម្មណ៍​មិន​គ្រប់គ្រាន់​ក៏​ដោយ ។

រូបភាព
ឡានក្រុង

រូបថត​ផ្តល់​សិទ្ធិ​ដោយ​អ្នកនិពន្ធ; រចនា​រូបភាព​ដោយ ជេនីហ្វឺ អិម ផតធឺ

រចនា​រូបភាព​ដោយ ជេនីហ្វឺ អិម ផតធឺ

ខ្ញុំ​ធ្លាប់​ចំណាយ​ពេល​នា​រដូវ​ក្តៅ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទ្វីប​អឺរ៉ុប​ជាមួយ​ក្រុមរាំ ។ ទស្សនិកជន ការសម្តែង និង​កម្រិត​ថាមពល​របស់​យើង​ប្រែប្រួល ប៉ុន្តែ​យើង​មាន​ប្រពៃណី​មួយ​ដែល​តែងតែ​នៅ​ដដែល ៖ យើង​បិទ​រាល់​កម្មវិធី​ដោយ​ការច្រៀង​បទ « សូម​ព្រះអង្គ​គង់​ជាមួយ​អ្នក​ផង » ជា​ភាសា​ជាតិរបស់​ប្រទេស​ដែល​យើង​ទៅ​សម្តែង ។ ដោយសារ​ក្រុមរាំ​របស់ខ្ញុំ​ភាគច្រើន​ជា​សមាជិក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ចូលចិត្ត​ប្រពៃណី​នេះ​ណាស់ ។ វា​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទស្សនិកជន​របស់​យើង និង​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។

នៅ​ជិត​ចុង​បញ្ចប់​នៃ​ការធ្វើ​ដំណើរ​ទាំងនេះ​មួយ យើង​ទើប​តែ​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​អាល្លឺម៉ង់ ហើយ​កំពុង​ហាត់​ច្រៀង​ជា​ភាសា​អាល្លឺម៉ង់​សម្រាប់​ការ​សម្ដែង​នាពេល​ខាងមុខ ។ ប៉ុន្តែ​នៅពេល​មកដល់ យើង​បានដឹង​ថា តំបន់​ពិសេស​នេះ​នៃ​ប្រទេស​អាល្លឺម៉ង់​និយាយ​ភាសា សូបៀន ជា​គ្រាម​ភាសា​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​បទចម្រៀង​ដែល​យើង​បាន​ខិតខំ​ហាត់​យ៉ាង​ខ្លាំង ។

នៅលើ​ឡានក្រុងទៅ​ធ្វើ​ការសម្តែង​របស់យើង ខ្ញុំនឿយហត់ ហើយ​គ្រាន់តែ​ចង់​ដេក​នៅ​តាមផ្លូវ​ជិះទៅ​នោះ ។ ប៉ុន្តែ​នាយក​របស់​យើង​មាន​គំនិត​ផ្សេង ។ ពួកគាត់​បាន​សុំ​ឲ្យ​មគ្គទេសក៍​របស់​ពួកយើង​បក​ទំនុក​តម្កើង​នោះ​ជា​ភាសា​សូបៀន ។ ឥឡូវនេះ ពួកគាត់​ចង់​ឲ្យ​អ្នក​នៅលើ​ឡានក្រុង​ទាំងអស់​ដែល​កំពុង​ដេក​លក់​អស់​ពាក់​កណ្តាលទៅ​ហើយ​នេះ​រៀន​ច្រៀងចម្រៀងនោះ តែ​ប៉ុន្មាន​ម៉ោង​មុន​ការសម្តែង​របស់យើង​ប៉ុណ្ណោះ ។

យើង​បាន​ខំ​អស់ពី​សមត្ថភាព​របស់​យើង ។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នេះ ពួក​យើង​បាន​ឈរ​ជុំគ្នា​នៅ​ខាង​មុខ​ឆាក ហើយ​ចាប់ផ្តើម​ច្រៀង ។ ខ្ញុំ​ចាំ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល នៅពេល​ដែល​ពាក្យ​ដែលមិនចេះ បែរជា​ខ្ញុំអាច​និយាយបានតែ​ពីរបី​ម៉ោង​មុន​នេះប៉ុណ្ណោះ ហើយ​វា​បាន​ផុស​ក្នុង​គំនិត​ខ្ញុំ​យ៉ាង​ងាយ ។ អារម្មណ៍​សង្ស័យ​របស់ខ្ញុំអំពី​ការ​ត្រៀម​ខ្លួន​របស់​ពួកយើង​ដើម្បី​​ច្រៀង​បាន​រសាត់​ទៅវិញ នៅពេល​ខ្ញុំ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​ដើម្បី​រំឭក​ខ្ញុំ​អំពី​ពាក្យពេចន៍​ទាំងឡាយ ។

រូបភាព
ដៃគូ​កំពុង​រាំ

កាល​យើង​រាំ​ចប់ ហើយ​ចាប់ផ្ដើម​ច្រៀង នោះ​ព្រះវិញ្ញាណ​បាននាំ​ពាក្យ​នៃ​បទចម្រៀង​នោះ​ឲ្យ​ផុស​ក្នុង​គំនិត​ខ្ញុំ ។

រូបថត​ផ្តល់​សិទ្ធិ​ដោយ​អ្នកនិពន្ធ

ទស្សនិកជន​ដែល​ជា​សមាជិក​មើល​ទៅ​ហាក់​ដូចជា​ភ្ញាក់ផ្អើល ហើយ​បន្ទាប់​មក​មានចិត្ត​រំភើប ។ នៅពេល​ច្រៀង​ចប់ ទស្សនិកជន​ស្ងាត់​មាត់ ។ បន្ទាប់មក ពួកគេ​បាន​ក្រោកឈរ ហើយ​ចាប់ផ្ដើម​ច្រៀង​ចម្រៀង​មួយ​បទ​មក​យើងវិញ ដែល​ក្រោយមក​ពួកគេ​បានពន្យល់​ថា​ជា​ចម្រៀង​នៃ​អំណរគុណ​ដែល​ពួកគេ​តែងតែ​រក្សាទុក​សម្រាប់​ឱកាស​ពិសេសៗ ។

ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​នោះ ទោះ​ជា​ខ្ញុំ​មិន​អាច​យល់​ថា ពួកគេ​កំពុង​ច្រៀង​អ្វី​ក៏​ដោយ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាងខ្លាំង​ដែល​ព្រះអម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រាស្រ័យ​ទាក់ទង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ទោះបី​ជា​ខ្ញុំ​មាន​អារម្មណ៍​មិន​គ្រប់គ្រាន់​ក៏​ដោយ ។ ខ្ញុំ​បាន​ទទួល​ការរំឭក​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតា​សួគ៌​គឺ​ជា​សារលិខិត​ជា​សាកល​មួយ ។ ទោះជា​យើង​មាន​ភាពខុស​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​ទាំងអស់​គ្នា​អាច​យល់​ពី​ភាសា​នៃ​ព្រះវិញ្ញាណ​ដែរ ។