ឆ្នាំ ២០២៣
ហេតុអ្វី​ខ្ញុំ​មិន​អាច​អភ័យទោស​បាន ?
ខែ មករា ឆ្នាំ ២០២៣


« ហេតុអ្វី​ខ្ញុំ​មិន​អាច​អភ័យទោស? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ហេតុអ្វី​ខ្ញុំ​មិន​អាច​អភ័យទោស​បាន ?

ខ្ញុំ​បាន​អធិស្ឋាន​ទូលសូម​ឲ្យ​ព្រះវរបិតាសួគ៌​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​លើ​អារម្មណ៍​អាក្រក់​របស់​ខ្ញុំ ហើយ​អត់ទោស ។

រូបភាព
បុរស​ម្នាក់​ដើរ​នៅ​សួនច្បារ​ព្រះវិហារ​បរិសុទ្ធ

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​បាន​ចូលរួម​ជាមួយ​បងប្អូន​ប្រុស​ពីរ​បី​នាក់​ផ្សេង​ទៀត​ក្នុង​វួដ​របស់​ខ្ញុំ ដើម្បី​ជួយ​បងស្រី​ម្នាក់​ប្តូរ​ទីលំនៅ ។ ប៉ុន្តែនៅពេលដែលពួក​ខ្ញុំ​មកដល់ផ្ទះ​របស់​បងស្រី​នោះ យើង​មិន​អាច​ចូល​ផ្ទះ​គាត់​បានឡើយ ព្រោះ​មាន​ឡាន​វ៉ែន​មួយ​ដែល​ចត​មិន​ត្រឹមត្រូវ​បាន​បាំងផ្លូវ​យើង ។

ខ្ញុំ​បាន​ទូរសព្ទ​ហៅ​តាមលេខ​ដែល​បាន​បិទ​នៅ​ចំហៀង​ឡានវ៉ែន​នោះ ដើម្បី​សុំ​ឲ្យ​នរណា​ម្នាក់​មក ហើយ​បើកឡាន​នោះ​ចេញ ។ បុរស​ម្នាក់​បាន​លើក​ទូរសព្ទ ហើយ​បានសន្យា​ថា គាត់​នឹង​មក​ដល់​ឆាប់ៗ ។

១៥ នាទី​ក្រោយមក ខ្ញុំ​បាន​ទូរសព្ទ​ហៅ​ម្តងទៀត ប៉ុន្តែ​គាត់​ពុំបាន​លើកទូរសព្ទ​នោះ​ទេ ។ ទីបំផុត ក្រោយពី​ទូរសព្ទ​ហៅ​ម្តងទៀត គាត់​ក៏​បាន​មកដល់​ជាមួយ​កូនពីរ​នាក់ ។ គាត់​បាន​ខឹង ហើយ​បាន​និយាយ​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ។ ខ្ញុំ​បាន​ព្យាយាម​បំភ្លេច​រឿង​នេះ កាល​ដែល​ពួកខ្ញុំ​បន្ត​ជួយ​ប្តូរ​ទីលំនៅ ។

នៅយប់​នោះ ខ្ញុំ​បានគិត​ពី​បទពិសោធន៍​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ទូលសូម​ឲ្យ​ព្រះវរបិតាសួគ៌​ជួយ​ខ្ញុំ​ឲ្យ​បំភ្លេច​អារម្មណ៍​របស់​ខ្ញុំ ហើយ​អត់ទោស​ដល់​បុរស​នោះ ។ ទ្រង់​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

ទោះជា​យ៉ាងណាក្តី បន្តិច​ក្រោយមក ខ្ញុំ​បាន​អាន​កាសែត​ក្នុងស្រុក​មួយ ហើយ​បានឃើញ​អត្ថបទមួយ​អំពី​បុរស​រូប​នេះ ។ អត្ថបទ​នោះ​បង្ហាញ​រូបថត​របស់​គាត់ ។ អារម្មណ៍​អវិជ្ជមាន​របស់​ខ្ញុំ​ចំពោះ​គាត់​បាន​ត្រឡប់​មក​វិញ​ម្តងទៀត ។ អ៊ីចឹង​ហើយ បានជា​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​បែប​នោះ​សា​ជាថ្មី ។ ខ្ញុំ​បាន​ទូល​សូម​ព្រះអម្ចាស់​ថា សូម​កុំ​ឲ្យ​បញ្ហា​ដែល​មិន​សំខាន់​នេះ​​រំខាន​ដល់​ខ្ញុំ​ទៀត ហើយ​សូម​ទ្រង់​ជួយ​ខ្ញុំ​ឲ្យ​អត់ទោស​ដល់​បុរស​នោះ​ផង ។ អារម្មណ៍​ល្អ​ក៏​បាន​កើតមាន ។

មិនយូរ​ប៉ុន្មាន ខ្ញុំ​បាន​ជួប​បុរស​ដដែល​នេះ​នៅក្នុង​ហាង​មួយ ។ អារម្មណ៍​មិនល្អ​របស់​ខ្ញុំ​បាន​ត្រឡប់​មកវិញ​ម្តងទៀត ។ ខ្ញុំ​ងឿងឆ្ងល់​ណាស់ ។ ខ្ញុំ​បាន​ទូលសួរ​ព្រះ​អម្ចាស់​ថា ហេតុអ្វី​បានជា​ខ្ញុំ​មិន​អាច​យកឈ្នះ​លើ​បទពិសោធន៍​នេះ​បាន ។ ពីរបី​ថ្ងៃក្រោយ​មក ទ្រង់​បាន​បង្រៀន​មេរៀន​មួយ​ដល់​ខ្ញុំ ។

ខ្ញុំ​បាន​ចេញពី​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ហេលស៊ីនគី ហ្វាំងឡង់ ពេល​ខ្ញុំ​បាន​ឃើញ​បុរស​ដដែល​នេះ​ធ្វើ​ការ​នៅក្នុង​សួនច្បារ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​មិនចង់​ជឿ​ខ្លួន​ឯង​ទេ ។ គំនិត​របស់​ខ្ញុំ​បានបើក ហើយ​ខ្ញុំ​យល់ថា គាត់​ក៏​ដូចជា​រូប​ខ្ញុំ​ដែរ ដែល​កំពុង​បម្រើ​ព្រះអម្ចាស់ ហើយ​ថា​គាត់​ដ៏​ដូចជា​រូប​ខ្ញុំ​ដែរ នៅពេល​អ្វីៗ​មិន​ដំណើរការ​ទៅ​រលូន នោះ​យើង​ក៏​មាន​ចិត្ត​មួម៉ៅ ។ បន្ទាប់មក ខ្ញុំ​អាច​មើល​ទៅ​បុរស​ម្នាក់​នេះ​ទុក​ដូចជា​បងប្រុស​របស់​ខ្ញុំ ។ ដោយ​មាន​ទស្សនៈ​ថ្មី នោះ​ខ្ញុំ​មាន​អារម្មណ៍​គោរព និង​ស្រឡាញ់​ចំពោះ​គាត់ ។ បន្ទាប់ពី​នោះ​មក អារម្មណ៍​ដែល​មាន​ពីមុនៗ​ក៏បាន​រសាយទៅ ហើយ​មិន​ដែល​ត្រឡប់​មកវិញ​ឡើយ ។

នៅពេល​យើង​មើល​ទៅ​អ្នកដទៃ​ដូច​ដែល​ព្រះអម្ចាស់​ទត​មក​យើង នោះ​យើង​អាច​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដើម្បី​អត់ទោស​ទាំងស្រុង​បាន ( សូមមើល ម៉ាថាយ ៦:១៤–១៥; គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:៩–១០ ) ។ ខ្ញុំ​មិន​អាច​បំភ្លេច​បទពិសោធន៍​នេះ​បាន​ឡើយ ជា​បទពិសោធន៍​ដែល​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ ដែល​ខ្ញុំ​នៅ​សញ្ជឹងគិត​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ​នៅឡើយ ។