ឆ្នាំ ២០២៣
ការសន្ទនា​សំខាន់ៗ​នៅក្នុង​គ្រួសារ
ខែ មករា ឆ្នាំ ២០២៣


« ការសន្ទនា​សំខាន់ៗ​នៅក្នុង​គ្រួសារ » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ការសន្ទនា​សំខាន់ៗ​នៅក្នុង​គ្រួសារ

ការសន្ទនា​សំខាន់ៗ​នៅក្នុង​គ្រួសារ​នឹង​ជួយ​កូនៗ​របស់​យើង​ឲ្យ​ស្គាល់​ពី​អ្វី​ដែល​ពួកគេ​ជឿ និង​មូលហេតុ​ដែល​ពួកគេ​ជឿ​លើ​រឿង​នេះ ។

រូបភាព
ឪពុក និង​កូន​កំពុង​ឡើង​ភ្នំ

រចនា​រូបភាព​ដោយ ណូអា រីហ្គាន

កូនប្រុស​បាន​សូម​ឲ្យ​ឪពុក​បង្រៀន​គាត់​អំពី​ការឡើង​ភ្នំ ។ ឪពុក​រូប​នោះ​បាន​បង្រៀន​អ្វីៗ​ដែល​ចាំបាច់​ទាំងអស់ ដោយ​រួមមាន​ទាំង​ផែនការ សុវត្ថិភាព ការរៀបចំខ្លួន និង​ឧបករណ៍ ។ កូនប្រុស​រូបនោះ​បាន​សួរ​ថាតើ​ពេលណា​ទើប​ពួកគាត់​នឹង​និយាយ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ករណី​មាន​អាសន្ន ។ ឪពុក​រូប​នោះ​បាន​មាន​ប្រសាសន៍​ថា គាត់​ពុំ​ចង់​បំភ័យ​កូនប្រុស​គាត់​ទេ ហើយ​ថា ការសន្ទនា​នេះ​អាច​រង់ចាំ​រហូត​ដល់​វា​ចាំបាច់ ។

ពួកគេ​បាន​បញ្ចប់​ការបំពាក់បំប៉ន​របស់​ពួកគេ ហើយ​បាន​ទៅ​ឡើងភ្នំ​ជាលើក​ទីមួយ​នៅ​ភ្នំ រ៉េននៀ ដែល​នៅជិត ស៊ីអាតថល វ៉ាស៊ីនតោន ។ បទពិសោធន៍ និង​លក្ខខណ្ឌ​បាន​ចាប់ផ្តើម​ល្អ រហូតដល់​អាកាសធាតុ​បាន​ប្រែក្លាយ​កាន់តែ​អាក្រក់ ហើយ​ភ្លាមៗ​នោះ​ពួកគេ​បាន​ឃើញ​ថា ពួកគេ​កំពុង​សម្លឹង​មើល​ព្រិល​ដែល​កំពុង​ធ្លាក់​យ៉ាងខ្លាំង ។

ពួកគេ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ឡើយ ដោយសារ​ពួកគេ​ពុំ​បានពិភាក្សា​គ្នា​អំពី​រឿងនេះ​ពីមុន​មក ។ កូនប្រុស​រូបនោះ​បាន​សួរ​ទៅ​ឪពុក​របស់​ខ្លួន​ថា « ប៉ា ឥឡូវនេះ តើ​កូន​បាន​ត្រៀមខ្លួន​រួចហើយ​ឬ​នៅ សម្រាប់​ការសន្ទនា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅក្នុង​គ្រា​អាសន្ន​នេះ ? »

ការសន្ទនា​ដែល​ចាំបាច់—សម្រាប់​សុវត្ថិភាព​នៅក្នុង​ផ្ទះ​របស់​យើង—អាច​ជួយយើង​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ព្យុះព្រិល​នៃ​ជីវិត​បាន ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « សេចក្ដីពិត​ដ៏ធំ​ទីមួយ​នៅក្នុង​សាកលលោក​នេះ​គឺថា ព្រះ​ស្រឡាញ់​យើង » ។ ប្រសាសន៍​របស់​លោក​រំឭក​យើង​ថា សេចក្ដីស្រឡាញ់​នោះ​គឺជា​គ្រឹះ​សម្រាប់​ភាពអស់កល្ប​ជានិច្ច និង​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ។ ដោយ​មាន​សេចក្ដី​ស្រឡាញ់​នោះ​ជា​មូលដ្ឋាន នោះ​ការ​សន្ទនា និង​ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​យើង​គឺ​សំខាន់​ណាស់ ។

ក្នុងនាម​ជា​ស្វាមី ឪពុក អ្នកប្រឹក្សា​ក្នុង​សាលា និង​អ្នកប្រឹក្សា​សុខភាព​ផ្លូវចិត្ត​ដែលមាន​អាជ្ញាប័ណ្ណ ខ្ញុំបាន​រកឃើញថា ការសន្ទនា​ក្នុង​គ្រួសារ​មាន​សារៈសំខាន់ ហើយ​មិនគួរ​ពន្យារពេល​ឡើយ ។ ចយ ឌី ចូនស៍ អតីត​ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « យើង​មិន​អាច​រង់ចាំ​ឲ្យ​ការប្រែចិត្ត​ជឿ​កើតឡើង​ចំពោះ​កូនៗ​របស់​យើង​នោះទេ ។ … ការសន្ទនា​ជា​គ្រួសារ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ការសន្ទនា ចាំបាច់ … ដែល​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ » ។

តើ​ការសន្ទនា​ដែល​ចាំបាច់​មាន​អ្វីខ្លះ ?

ស៊ីស្ទើរ ចូនស៍ ផ្តល់​និយមន័យ​នៃ​ការសន្ទនា​ចាំបាច់​ថាជា « វិធីងាយៗ គឺការសន្ទនា​ដោយ​យកចិត្ត​ទុកដាក់ [ ដែល ] អាច​ជំរុញ​កូនៗ [ និង​យើង ] ឲ្យ​ដឹងថា វា​មិនមែន​ត្រឹមតែ អ្វី ដែល​ពួកគេ​ជឿ​នោះទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ មូលហេតុ ដែល​ពួកគេ​ជឿ​លើ​ដំណឹងល្អ​នេះ​វិញ » ។ ពាក្យ​សម្តី​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ពី​និយមន័យ​នេះ​គឺ ងាយៗ ។ ការសន្ទនា​របស់​យើង​មិន​ចាំបាច់​តែ​ស៊ីជម្រៅ ឬ​ពិបាកៗ ឬ​សូម្បី​តែ​គ្រោង​ទុក​នោះទេ ។ តាមពិត​ទៅ ការសន្ទនា​ដ៏​ល្អ​បំផុត​មួយ​ចំនួន​ដែល​យើង​នឹង​មិន​ធ្លាប់​មាន មិន​អាច​ត្រូវ​បាន​គ្រោង​ទុក​នោះទេ មានតែ​ការរៀបចំ​ខ្លួន​ដោយ​ការមាន​ព្រះវិញ្ញាណ​គង់​នឹង​យើង​ដើម្បី​ជួយ​យើង​ជានិច្ច​នោះ​ទេ​ទើប​អាច​ជួយ​បាន ។

ស៊ីស្ទើរ ចូនស៍ បាន​បន្ត​បង្រៀន ៖ « ការប្រែចិត្តជឿ​ដោយ​ចៃដន្យ​គឺ មិនមែន ជា​គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ការប្រែក្លាយ​ដូចជា​ព្រះ​អង្គសង្រ្គោះ​របស់​យើង​ពុំមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ » ។ វា​កើត​ឡើង​មួយ​បន្ទាត់​ម្តងៗ ជាមួយនឹង​ពេលវេលា និង​ចេតនា​នៃ​ការខិតខំ​ប្រឹងប្រែង ។

តើ​ការសន្ទនា​ចាំបាច់ៗ​កើតឡើង​ញឹកញាប់​ប៉ុណ្ណា ?

យើង​គួរ​និយាយ​ជាមួយ​កូនៗ​យើង​រាល់​ថ្ងៃ ។ កាលណា​យើង​មាន​ការសន្ទនា​ចាំបាច់ៗ​ញឹកញាប់ នោះ​វា​កាន់តែ​ក្លាយ​ជារឿង​ធម្មតា ដូច​ធម្មជាតិ និង​មាន​ការ​បំភ្លឺ ។

របៀប​មួយ​ដ៏​អាក្រក់​បំផុត​ក្នុង​ការសន្ទនា​ចាំបាច់ៗ គឺ​មិន​ត្រូវ​លើក​យក​រឿង​ទាំងអស់​មក​និយាយ​ក្នុងពេល​តែមួយ​ទេ ! ជាញឹកញាប់​យើង​គិត​ថា វា​មិនមែន​ជា​ពេលវេលា​ត្រឹមត្រូវ​ទេ វា​ស្មុគស្មាញ​ពេក ឬ​កូនៗ​យើង​នឹង​មិនយល់​ទេ ។ យើង​មិន​ចង់​ប្រមាថ ឬ​និយាយ​អ្វី​ខុស ឬ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​មិន​ស្រណុកចិត្ត​ឡើយ ។ ទោះជា​ណា យ៉ាង​ហោច​ណាស់​ការ​ព្យាយាម​សន្ទនា​គឺ​ល្អ​ជាង​មិន​និយាយ​អ្វី​សោះ ។

តើ​យើង​មាន​ការសន្ទនា​ចាំបាច់ៗ​ជាមួយ​កូន​ដោយ​របៀប​ណា ?

រូបមន្ត​ងាយៗ​ដែល​ខ្ញុំ​បានរកឃើញ​សម្រាប់​ការសន្ទនា​សំខាន់ៗ​នៅ​ក្នុង​គ្រួសារ​គឺ ការស្រឡាញ់ ការ​ស្តាប់ និង​ការ​ផ្លាស់ប្តូរ ។ ទោះបីជា​យើង​ប្រហែលជា​មិន​ល្អ​ឥតខ្ចោះ​ចំពោះ​កូន​ណា​ម្នាក់​ក៏ដោយ ក៏​យើង​អាចព្យាយាម​ធ្វើ​តាម​គំរូ​នេះ​ជានិច្ច​ដែរ ។

សេចក្តី​ស្រឡាញ់ ៖ បើ​គ្មាន​មូលដ្ឋាន​គ្រឹះ និង​ការអនុវត្ត​នូវ​សេចក្តីស្រឡាញ់​ទេ យើង​មិន​អាច​មាន​ការសន្ទនា​ចាំបាច់ៗ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​នោះ​ទេ ។ សេចក្តី​ស្រឡាញ់​គឺ​ជា​អ្វី ពេលណា ហេតុអ្វី និង​របៀប​នៃ​គ្រប់​អ្វីៗ​ទាំងអស់​ដែល​យើង​ធ្វើ​នៅក្នុង​គ្រួសារ​របស់​យើង ។ កូនៗ​របស់យើង​ត្រូវ​មាន​អារម្មណ៍​មាន​សុវត្ថិភាព​នៅពេល​មាន​ទំនាក់ទំនង​ជាមួយ​យើង ហើយ​សេចក្តី​ស្រឡាញ់​ផ្តល់​នូវ​បរិយាកាស​ដ៏​សំខាន់​នោះ ។ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​បាន​ជានិច្ច ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​យើង​ពី​របៀប​ធ្វើ​ការណ៍​នេះ ។

ស៊ីស្ទើរ ចូនស៍ បាន​មាន​ប្រសាសន៍ ៖ « កាល​យើង​បីបាច់ និង​រៀបចំ​កូនៗ​របស់​យើង នោះ​យើង​ផ្តល់​សិទ្ធិ​ជ្រើសរើស​ដល់​ពួកគេ យើង​ស្រឡាញ់​ពួកគេ​អស់​ពី​បេះដូង យើង​បង្រៀន​ពួកគេ​ពី​ព្រះបញ្ញត្តិ​របស់​ព្រះ និង​អំណោយទាន​នៃ​ការប្រែចិត្ត​របស់ទ្រង់ ហើយ​យើង​នឹង​មិន​បោះបង់ ពួកគេចោល​ឡើយ ។ យ៉ាងណា​មិញ តើ​នេះ​មិនមែន​ជា​របៀប​របស់​ព្រះអម្ចាស់​ចំពោះយើង​ម្នាក់ៗ​ទេ​ឬ​អី ? »

ស្តាប់ ៖ ខ្ញុំ​បាន​រៀន​តាម​រយៈ​កំហុស​របស់​ខ្ញុំ​ផ្ទាល់​ថា ការស្តាប់​ដោយ​សកម្ម​គឺជា​ផ្នែក​ដ៏​សំខាន់​នៅរាល់​ការសន្ទនា​ដ៏​ចាំបាច់​ទាំងអស់ ។ គួរ​តែ​រៀន​ស្តាប់​មុនគេ និង​ស្តាប់​ឲ្យ​បាន​ទ្វេ​ដង ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏​ល្អ​បំផុត​នៃ​របៀប​មាន​ការសន្ទនា​ដ៏​ចាំបាច់ និង​ស្តាប់​យ៉ាង​សកម្ម ។ យើង​រៀន​នៅក្នុង យ៉ូហាន ៨ ថា ពេល​ពួក​ផារិស៊ី​នាំ​ស្ត្រី​ផិតក្បត់​នោះ​មក អ្វី​ដែល​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នេះ​ជា​ដំបូង​នោះ​គឺ ៖ « ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី » ( ខទី ១០ ) ។ ដើម្បី​ជួយ​ដល់​ការរៀន​សូត្រ​ចាំបាច់ៗ​នោះ ទ្រង់​បាន​សួរ​សំណួរ ហើយ​ស្តាប់​មុន​នឹង​បង្រៀន ។

ការផ្លាស់ប្តូរ ៖ កាល​យើង​មាន​សេចក្តី​ស្រឡាញ់ ស្តាប់ និង​មាន​ទំនាក់ទំនង​គ្នា​ល្អ តើ​យើង​ធ្វើ​អ្វី​ពី​ទី​នេះ​ទៅ ? តើ​យើង​ត្រូវ​ប្រែចិត្ត បង្រៀន ស្តាប់​ឲ្យ​បាន​ច្រើន បម្រើ សុំទោស អត់​ទោស​ឬ ? ការសន្ទនា​ដ៏​ចាំបាច់​គួរតែ​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ផ្លាស់ប្តូរ ។ សង្ឃឹម​ថា យើង​តែង​ព្យាយាម​ធ្វើ​ដូចជា​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ « ធ្វើ​ឲ្យ​បានល្អ​បន្តិច​រាល់​ថ្ងៃ » ។

រូបភាព
ឪពុក និង​កូនប្រុស​កំពុង​និយាយ​គ្នា

តើ​យើង​អាច​មាន​ការសន្ទនា​ចាំបាច់ៗ​ញឹកញាប់​ជាង​មុន​ដោយ​របៀបណា ?

បងប្អូន​នឹង​បានដឹកនាំ​ដោយ​វិវរណៈ​សម្រាប់​អ្វី​ដែល​ដំណើរការ​ល្អ​បំផុត​សម្រាប់​គ្រួសារ​របស់​បងប្អូន ។ សូម​ពិចារណា​ការណែនាំ​ទាំងនេះ​មកពី​បទពិសោធន៍​របស់​គ្រួសារ​យើង ៖

ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ៖ នៅពេល​ខ្ញុំ​បាន​សួរ​កូនៗ​របស់​យើង​ពី​អ្វី​ដែល​យើង​ធ្វើ​ដែល​ជួយ​ពួកគេ​បាន​ល្អ​បំផុត​ក្នុងការ​សន្ទនា​អំពី​ដំណឹងល្អ នោះ​ពួកគេ​បាន​និយាយថា គឺ​ការសិក្សា​ព្រះគម្ពីរ​ជាមួយគ្នា​ជា​រៀងរាល់​ល្ងាច​ដោយ​ប្រើ ចូរ​មក​តាម​ខ្ញុំ ។

ការប្រជុំ​ថ្លែង​ទីន្ទាល់​គ្រួសារ​រាល់​ថ្ងៃអាទិត្យ​តម​អាហារ ៖ ជា​ធម្មតា វា​មិនមែន​ជា​ការប្រជុំ​ថ្លែង​ទីបន្ទាល់​ជា​ផ្លូវការ​នោះទេ ប៉ុន្តែ​ជា​ពេលវេលា​សម្រាប់​មនុស្ស​ម្នាក់ៗ​នៅក្នុង​គ្រួសារ​របស់យើង​ដើម្បី​ចែកចាយ​អារម្មណ៍ ជំនឿ ការពុះពារ និង​ភាពជោគជ័យ ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​តែងតែ​ព្យាយាម​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ការប្រជុំនេះ​បានក្លាយ​ជា​បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅក្នុង​ផ្ទះ​របស់យើង ។

អាហារ​ពេលល្ងាច​ជុំ​គ្រួសារ ៖ នៅពេល​យើង​និយាយ​ថា « នេះ​ជា​ម៉ោង​អ្វី ? » ក្នុងអំឡុង​ពេល​អាហារ​ពេលល្ងាច កូនៗ​ដឹង​ថា វា​ដល់​ពេល​ដែល​សមាជិក​ម្នាក់ៗ​ត្រូវ​ចែកចាយ​រឿង​មួយ​ដែល​ដំណើរការ​ទៅ​បានល្អ និង​រឿង​មួយ​ដែល​ពួកគេ​បន់​ឲ្យវា​ដំណើរការ​បាន​ល្អ​នៅ​ថ្ងៃ​នោះ ។ ជា​រឿយៗ វា​នាំ​ទៅរក​ការបង្ហាញ​ពី​ការដឹងគុណ សេចក្តី​ស្រឡាញ់ ពេលខ្លះ​ការខកចិត្ត និង​ជា​ញឹកញាប់​ឈាន​ដល់​ការសន្ទនា​ដែល​និយាយតែ​ពី​ដំណឹងល្អ ដែល​បើ​មិន​និយាយ​ទេ នោះនឹង​មិន​កើត​ឡើង​ឡើយ ។

ការសន្ទនា​ម្នាក់​ទល់​នឹង​ម្នាក់ ៖ ខ្ញុំ​ចូលចិត្ត​ថ្ងៃអាទិត្យ​តម​អាហារ​ជារៀង​រាល់ខែ ដើម្បី​អង្គុយ​ជា​មួយ​កូនៗ​របស់ខ្ញុំ​ម្នាក់​ទល់​នឹង​ម្នាក់ អធិស្ឋាន​ឲ្យ​ពួកគេ​ម្នាក់ៗ​តាម​ឈ្មោះ មើល​កែវ​ភ្នែក​ពួកគេ ហើយ​សួរ​សំណួរ​ពួកគេ ។ ខ្ញុំ​ព្យាយាម​ស្តាប់ ហើយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អារម្មណ៍ និង​តម្រូវការ​ពួកគេ ។ វា​ប្រហែល​ជា​ចម្លែក​សម្រាប់​ពួកគេ​ពី​ដំបូង ប៉ុន្តែ​ឥឡូវ​ពួកគេ​នឹក​វា ប្រសិនបើ​យើង​មិន​ធ្វើ​នោះ ។ ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​ដឹង​ថា ពេលវេលា​របស់ខ្ញុំ​ជាមួយ​ពួកគេ​គឺ​សំខាន់​ជាង​អ្វី​ផ្សេង​ទៀត ហើយ​ថា​ខ្ញុំ​ចង់​ធ្វើ​ការសន្ទនា​ចាំបាច់ៗ​ជាមួយ​ពួកគេ​ជារៀង​រាល់ថ្ងៃ ។

ពិនិត្យមើល​គោលដៅ ៖ យើង​បង្កើត​គោលដៅ​ផ្ទាល់ខ្លួន ប្តីប្រពន្ធ និង​គ្រួសារ​រៀងរាល់​ខែមករា ។ បន្ទាប់​មក យើង​ពិភាក្សា​អំពី​ការលូតលាស់ និង​ការ​រីកចម្រើន​របស់​យើង​លើ​គោលដៅ​នោះ​ជា​រៀង​រាល់​ខែ ក្នុង​អំឡុងពេល​សិក្សា​ព្រះគម្ពីរ ឬ​មេរៀន​ពេល​ល្ងាច​នៅ​ផ្ទះ ។ ការណ៍​នេះ​ដឹកនាំ​ទៅរក​ការសន្ទនា​ដែល​ចាំបាច់ ។

ការសហការណ៍​ជា​ស្វាមី ឬ​ភរិយា ឬ​ជា​ឪពុក ឬ​ជា​ម្តាយ ៖ រៀងរាល់​យប់​ថ្ងៃអាទិត្យ នៅពេល​ដែល​ខ្ញុំ និង​ភរិយា​មើល​ប្រតិទិន​ប្រចាំ​សប្តាហ៍​របស់យើង យើង​ក៏​សួរគ្នា​ទៅវិញ​ទៅមក​អំពី​អារម្មណ៍​របស់​យើង និង​អ្វី​ដែល​យើង​កំពុង​ពុះពារ​ជាមួយ ឬ​ត្រូវការ​ជំនួយ ។ យើង​មាន​ការសន្ទនា​ចាំបាច់ៗ​អំពី​អាពាហ៍​ពិពាហ៍​របស់យើង និង​កូនៗ​របស់​យើង​ម្នាក់ៗ និង​អ្វី​ដែល​យើង​ត្រូវធ្វើ ដើម្បី​បញ្ចូល​បន្ថែម​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ដួងចិត្ត​របស់​យើង​ម្នាក់ៗ ។

ភរិយា​របស់​ខ្ញុំ​គឺជា​អ្នក​ស្តាប់​ដ៏ល្អ​ជាងខ្ញុំ ហើយ​ប្រសើរជាង​ក្នុងការ​ជួយ​យើង​ឲ្យ​មានតុល្យភាព និង​ផ្តោតលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ខ្ញុំ​រៀន​ច្រើន​ពី​គាត់ ហើយ​មាន​ពរ​ណាស់​ដែល​គាត់​ជ្រើសរើស​ខ្ញុំ​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។

គ្រួសារ​របស់​យើង​មិនល្អ​ឥតខ្ចោះ​ក្នុងការ​ធ្វើ​រឿង​ទាំងអស់​នេះទេ ប៉ុន្តែ​យើង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ហើយ​យើង​បន្ត​ព្យាយាម ។

ត្រៀមខ្លួន​ឲ្យ​បាន​មុន​ពេល​ទុក្ខលំបាក​មក​ដល់

សូម​កុំ​រង់ចាំ​រហូត​ដល់​ជីវិត​នេះ​ជួប​ទុក្ខលំបាក​ជាមួយ​អាពាហ៍ពិពាហ៍ កូនៗ ឬ​ទំនាក់ទំនង​ផ្សេងទៀត​ឡើយ ។ ទុក្ខលំបាក​គឺ​កើតឡើង​ពិតប្រាកដ​ក្នុង​ជីវិត ។ ដំណឹងល្អ និង​ការសន្ទនា​ចាំបាច់ៗ​ផ្សេងទៀត​រៀបចំ​យើង​បាន​ល្អបំផុត លុះត្រាតែ​វា​កើតឡើង​ដោយ​ចេតនា និង​ទៀងទាត់ ។

ការនៅ​ជាមួយ​ភរិយា​ខ្ញុំ កូនៗ និង​គ្រួសារ​សម្រាប់​ភាព​អស់កល្បជានិច្ច​របស់​ខ្ញុំ គឺជា​គោលដៅ​ដ៏​ធំ​បំផុត​របស់ខ្ញុំ និង​ជាគោលបំណង​នៃ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ រួមទាំង​ការសន្ទនា​ចាំបាច់ៗ​នីមួយៗ​ផងដែរ ។

ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​គ្រប់​ពេល​នោះទេ ដូច​មនុស្ស​ទាំងអស់​គ្នា​ដែរ ប៉ុន្តែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត នោះ​ខ្ញុំ​ត្រូវបាន​លើក​ឡើង ។ ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថា​នឹង​ពង្រឹង​យើង​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ និង​ភាព​ភ្លឺថ្លា​នៃ​ក្តីសង្ឃឹម​ដែល​ទ្រង់​ប្រទាន​ដល់​យើង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ យើង​មិន​ចាំបាច់​ធ្វើ​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ព្យាយាម​កែ​លម្អ ! យើង​ម្នាក់ៗ​មាន​អានុភាព​នោះ ។ បងប្អូន​នឹង​មិន​បរាជ័យ​ឡើយ ។ ជោគជ័យ​តែងតែ​បាន​មកពី​ការខិតខំ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « នៅពេល​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះឈ្នះ​ក្នុងជីវិត​របស់​បងប្អូន នោះ​បងប្អូន​នឹង​ដក​ពិសោធន៍​ដោយ​ខ្លួន​ឯង​ថា ព្រះ​របស់យើង​គឺជា ‹ ព្រះ​នៃ​អព្ភូតហេតុ › [ មរមន ៩:១១ ] » ។ ការណ៍​នោះ​អាច​រួមទាំង​ការ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ការសន្ទនា​ចាំបាច់​របស់​យើង​ផងដែរ ។ អ្វីៗ​ទាំងអស់​គឺ​អាច​ធ្វើ​ទៅបាន​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​របស់យើង ព្រះយេស៊ូវ​គ្រីស្ទ រួមទាំង​ការសន្ទនា​សំខាន់ៗ​ទាំងនេះ​ដែរ ។ សេចក្តី​ស្រឡាញ់​តែងតែ​ជា​ចម្លើយ​របស់​ទ្រង់​ជានិច្ច !

អ្នក​និពន្ធ​រស់នៅ​រដ្ឋ​វ៉ាស៊ីងតោន ស.រ.អា. ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « The Greatest Possession » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩ ។

  2. ចយ ឌី ចូនស៍ « Essential Conversations » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២, ១៣ ។

  3. ចយ ឌី ចូនស៍ « Essential Conversations » ទំព័រ ១៣ ។

  4. ចយ ឌី ចូនស៍ « Essential Conversations » ទំព័រ ១២ ។

  5. ចយ ឌី ចូនស៍ « Essential Conversations » ទំព័រ ១៥ ។

  6. រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ។

  7. រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៥ ។