ឆ្នាំ ២០២៣
ត្រៀមដី​ខាង​វិញ្ញាណ​របស់​បងប្អូន
ខែ មករា ឆ្នាំ ២០២៣


« ត្រៀមដី​ខាង​វិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ត្រៀម ដី​ខាង​វិញ្ញាណ របស់​បងប្អូន

រឿង​ប្រៀបប្រដូច​អំពី​អ្នក​សាបព្រោះ​អាច​ជួយ​យើង​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការសិក្សា ចូរ​មក​តាម​ខ្ញុំ ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​ឆ្នាំ​នេះ​បាន ។

រឿង​ប្រៀបប្រដូច​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី គឺ​រឿង​អ្នក​សាបព្រោះ ដូច​ដែល​មាន​នៅក្នុង ម៉ាថាយ ១៣:៣–២៣ ( សូមមើល​ផងដែរ ម៉ាកុស ៤:៣–២០; លូកា ៨:៥–១៥ ) ។ ក្នុង​រឿង​ប្រៀបប្រដូច​នេះ របៀប​ដែល​មនុស្ស​ទទួល​ព្រះបន្ទូល ( គ្រាប់ពូជ ) ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​ប្រភេទ​ដី​ផ្សេងៗ​គ្នា ។ យើង​រៀន​ថា​ដី​នីមួយៗ​មាន​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ មិន​ថា​ល្អ ឬ​អាក្រក់​ទេ ។

ជាញឹកញាប់ យើង​អាន​រឿងប្រៀបប្រដូច​នេះ ហើយ​គិត​ថា វា​ពិពណ៌នា​អំពី​ឆន្ទៈ​របស់​មនុស្ស​ដើម្បី​ទទួល​យក និង​រស់នៅ​តាម​ដំណឹងល្អ ។ ខណៈដែល​នេះ​ជា​ការពិត ខ្ញុំ​គិត​ថា​រឿង​ប្រៀបប្រដូច​នេះ​ក៏​អាច​ពិពណ៌នា​ពី ការរីកចម្រើន​ផ្ទាល់​ខ្លួន​របស់​យើង កាល​សេចក្តី​ជំនឿ និង​ចំណេះដឹង​ខាង​ដំណឹងល្អ​របស់​យើង​រីកលូតលាស់​ផងដែរ ។ ម្យ៉ាង​វិញទៀត យើង​មិន​បាន​ជាប់គាំង​ក្នុង​ប្រភេទ ឬ​កម្រិត​នៃ​សេចក្តីជំនឿ​ណាមួយ​ជារៀងរហូត​នោះ​ទេ ។ យើង​អាច​កែលម្អ​ដី​ខាង​វិញ្ញាណ​របស់​យើង​បាន​ដោយ​មាន​សេចក្តី​ជំនឿ និង​ការខិតខំ ដើម្បី​វា​នឹង​ផ្តល់​ផលផ្លែ​បានល្អ ។

ខ្ញុំ​ចង់​បង្ហាញ​គំនិត​នេះ​ដល់​បងប្អូន ព្រោះ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​រឿង​ប្រៀបប្រដូច​នេះ​កាន់តែ​ច្បាស់ ។ ខ្ញុំជឿ​ថា កាល​ដែល​យើង​រៀបចំ​ខ្លួន​ដើម្បី​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​របស់​យើង​នៅក្នុង ចូរ​មក​តាម​ខ្ញុំ នៅ​ឆ្នាំ​ក្រោយ ការរំឭក​រឿង​ប្រៀប​ប្រដូច​ពី​អ្នក​សាបព្រោះ​នេះ អាច​ជួយ​យើង​ឲ្យ​រៀបចំ​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​សេចក្តីពិត​នៃ​ដំណឹងល្អ​បាន ។

ការទទួល​គ្រាប់ពូជ​នៃ​ដំណឹងល្អ

នៅក្នុង​រឿង​ប្រៀបប្រដូច​នេះ យើង​រៀនថា កាល​ដែល​អ្នក​សាបព្រោះ​បាន​ព្រោះ ៖

  • គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ស៊ីវា ។

  • ខ្លះ​ធ្លាក់​ទៅក្នុង​កន្លែង​ថ្ម ។ វា​ដុះ​ពន្លក ប៉ុន្តែ​ឆេះរោលៗ​ដោយ​កម្តៅ​ថ្ងៃ ។

  • ខ្លះ​ទៀត​ធ្លាក់​នៅ​គុម្ព​បន្លា ហើយ​បន្លា​ក៏​មិន​ឲ្យ​វា​ដុះ ។

  • ខ្លះ​ទៀត​បាន​ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​បាន​បង្កើត​ជា​ផល​ផ្លែ ។

ព្រះអម្ចាស់​ពន្យល់​ថា ៖

« កាលណា​បើ​អ្នក​ណា​ស្តាប់​ព្រះបន្ទូល​ពី​នគរ តែ​មិនយល់ នោះ​អាកំណាច​ក៏​មក​ឆក់​យក​សេចក្តី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ ។ នេះ​គឺ​ជា​អ្នក​ដែល បាន​ទទួល​ពូជ​តាម​ផ្លូវ ។

« ហើយ​អ្នក​ដែល បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម​នោះ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​ទទួល​ភ្លាម​ដោយ​អំណរ ។

តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀតបៀន​ដោយ​ព្រោះ​ព្រះបន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម ។

ហើយ​អ្នក​ដែល បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា​នោះ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ​មក​ខ្ទប់​ព្រះបន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ ។

តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ​នោះ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ​មួយ​ជា ១ រយ​មួយ​ជា ៦០ ហើយ​មួយ​ទៀត​ជា ៣០ » ( ម៉ាថាយ ១៣:១៩–២៣; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

សូម​ក្រឡេក​មើល​ប្រភេទ​ដី​នីមួយៗ ហើយ​មើល​ថា​តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កែលម្អ​វា ។

រូបភាព
គ្រាប់ពូជ និង​បក្សី

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ដី​តាម​ផ្លូវ

ប្រធាន ដាល្លិន អេក អូក ដែល​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍ ៖ « គ្រាប់ពូជដែល ‹ ធ្លាក់ចុះ​តាម​ផ្លូវ › ( ម៉ាកុស ៤:៤ ) ពុំ​បាន​ធ្លាក់​ទៅ​ដល់​ដី​នៃ​ជីវិត​រមែង​ស្លាប់​ទេ ជា​កន្លែង​ដែល​វា​ប្រហែល​ជា​អាច​ដុះ​ចេញ​មក ។ ពួកគេគឺ​ដូចជា​ការបង្រៀននានា ដែលបាន​ធ្លាក់ចំ​ដួងចិត្ត ដែលរឹងរូស ឬ​មិន​បាន​រៀបចំ​ជាស្រេច » ។

បន្ថែមពី​លើ​នេះ ជួនកាល​យើង​មិន​យល់​ពីអ្វី​ដែល​យើង​ឮ ឬ​អាន​នៅក្នុង​បទគម្ពីរ​ទេ ដោយសារ​ដួងចិត្ត​យើង​មិនទាន់​បាន​រៀបចំ ។ បើ​នោះ​ជា​ការពិត តើ​យើង​គួរ​ធ្វើ​អ្វី ?

យើង​អាច​ស្វែងរក​ការពន្យល់​ពី​អ្នក​ដែល​យល់ ។ យើង​អាច​សួរ​អ្នក​ផ្សព្វផ្សាយ​សាសនា គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​របស់យើង អ្នកដឹកនាំ​បព្វជិតភាព ឬ​អង្គការ​របស់យើង គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន​របស់​យើង អ្នក​ដែល​ផ្ដល់ការងារ​បម្រើ​ដល់​យើង ឬ​ឪពុក​ម្តាយ និង​សមាជិក​គ្រួសារ​ដ៏ស្មោះ​ត្រង់​របស់យើង ។ យើង​អាច​សិក្សា​សុន្ទរកថា​នៅក្នុង​សន្និសីទ​ទូទៅ ។ កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ផ្តល់​នូវ​ធនធាន​ជាច្រើន ដែល​អាច​ជួយ​យើង​ឲ្យ​ស្វែងរក​ការយល់​ដឹង​បន្ថែម ។

យើង​អាច​អធិស្ឋាន ហើយ​ទូលសូម​ព្រះ​ដើម្បី​ទទួល​បាន​ពន្លឺ​ថែមទៀត ។ ប្រសិនបើ​ចិត្ត​របស់​យើង​ស្មោះត្រង់ បំណង​របស់​យើង​គឺ​ពិតប្រាកដ ហើយ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ នោះ​យើង​នឹង​ទទួលបាន​ចំណេះដឹង​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖

« ចូរ​សូម នោះ​តែង​នឹងឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ។

« ដ្បិត​អស់​អ្នក​ដែល​សូម​នោះ​រមែង​បាន អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ( នីហ្វៃ​ទី​៣ ១៤:៧–៨ ) ។

រូបភាព
គ្រាប់ពូជ និង​ដុំថ្ម

ដី​នៅ​កន្លែង​ថ្ម

មនុស្ស​មួយចំនួន​បានឮ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​តាមរយៈ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះគ្រីស្ទ ហើយ​ចូលរួម និង​រីករាយ​នឹង​ការប្រជុំ​សាសនាចក្រ ។ ទោះជា​យ៉ាងណា​ក្តី ពេលខ្លះ​ភាពលំបាក​ក្នុង​ជីវិត​បន្ត ។ ពួកគេ​ឃើញ​ថា ជីវិត​នេះ​មិនបាន​ប្រែទៅជា​ជីវិត​មួយ ដែល​ជួបតែ​ពរជ័យ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ទេ ។ សេចក្ដី​ជំនឿ​របស់​ពួកគេ​ថយចុះ ហើយ​រសាត់​ឆ្ងាយ​ទៅៗ ។

អ្នក​ខ្លះ​ក៏​ឃើញ « កន្លែង​ថ្ម​នោះ​» នៅ​ពេល​ពួកគេ​ចូល​រួម​ការ​ប្រជុំ ឬ​សន្និសីទ ហើយ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ចាប់​ពី​ពេល​នោះ​តទៅ ។ ប៉ុន្តែ​បន្ទាប់មក​នៅ​ថ្ងៃ​ចន្ទ ពួកគេ​ត្រឡប់​ទៅ​ធ្វើការងារ​ធម្មតា​វិញ ។ ឧបសគ្គ​នៅ​កន្លែង​ការងារ​នៅតែ​លំបាក ។ ហាក់​ដូច​ជាមាន​ការល្បួង​លើស​លប់ ។ ដូច្នេះហើយ បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​កែលម្អ​ខាង​វិញ្ញាណ​ថយចុះ ឬ​បាត់​ទៅវិញ ។

ពួកគេ​រៀន​តាម​វិធី​លំបាក​ដែលថា បើ​គ្មាន​ឫស​ខាង​វិញ្ញាណ​ចាក់​ឲ្យ​ជ្រៅ​ដើម្បី​ទប់​យើង​ពេល​ខ្យល់​បោកបក់ ឲ្យ​ចំណី​យើង​ពេល​យើង​ស្រេកឃ្លាន ឬ​ធ្វើ​ឲ្យ​យើង​ត្រជាក់​ពេល​ព្រះអាទិត្យ​ក្តៅ​ទេ នោះ​យើង​អាច​នឹង​វិនាស​ខាងវិញ្ញាណ ។

តើ​យើង​អាច​កែលម្អ​កន្លែង​ថ្ម​ដោយ​របៀបណា ? សូម​ដកយក​ថ្មចេញ ហើយ​ពង្រឹង​ឫស​ខាងវិញ្ញាណ​របស់​យើង ។

ការដកយក​ថ្មចេញ​ប្រហែលជា​មានការលំបាក ។ វា​អាចនឹង​តម្រូវ​ឲ្យមាន​ការបង្កើត​បរិយាកាស​មួយ​ដែល​សេចក្ដីជំនឿ​ត្រូវបាន​លើកកម្ពស់ ។ វា​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការបង្កើត​មិត្តភាព​ថ្មី និង​ការជៀស​ចេញពី​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ( សូមមើល ថែស្សាឡូនីច ទី១ ៥:២២ ) ។

រូបភាព
ដៃ​កំពុង​កាន់​ថ្ម

ដើម្បី​មាន​កម្លាំង​ដកយក​ថ្មចេញ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។ វាកើតឡើង នៅពេល​យើងទទួល​យក​សេចក្ដីសញ្ញា​ដែល​ទ្រង់​ប្រទានឲ្យ ។ ការណ៍​នេះ​ចាប់ផ្ដើម​ដោយ​ការទទួលយក​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ វាមានន័យថា ការត្រូវបាន​បញ្ជាក់ និង​ការទទួល​បាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​មាន​ន័យ​ថា ការ​ទទួល​យក​សេចក្ដី​សញ្ញា​ណា​មួយ​ដែល​យើង​នៅ​ខ្វះ ដូចជា​ការទទួល​បព្វជិតភាព ឬ​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ វា​មាន​ន័យ​ថា ការ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ការ​បន្ត​សេចក្ដី​សញ្ញា​ដោយ​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​សប្ដាហ៍ ។

នៅពេល​ការសាកល្បង និង​ការល្បួង​កើតឡើង យើង​អាច​ប្រកាន់ខ្ជាប់​នូវ​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានមាន​ប្រសាសន៍​ថា « យើង​ត្រូវបាន​ចងភ្ជាប់​ទៅ និង​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ដោយ​សុវត្ថិភាព នៅពេល​យើង​ចងចាំ ហើយ​រស់នៅ​ដោយ​ស្មោះត្រង់​ស្របតាម​កាតព្វកិច្ច​នានា ដែល​យើង​បាន​ទទួល​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង » ។ « ហើយ​ចំណង​ជាមួយ​នឹង​ទ្រង់​នោះ គឺជា​ប្រភព​នៃ​កម្លាំង​ខាង​វិញ្ញាណ​នៅក្នុង​គ្រប់​រដូវកាល​នៃ​ជីវិត​របស់​យើង » ។

រូបភាព
គ្រាប់ពូជ និង​បន្លា

ដី​មានបន្លា

ដីប្រភេទ​នេះ​អនុញ្ញាត​ឲ្យ​រុក្ខជាតិ​លូតលាស់ រួមទាំង​បន្លា​ដែរ ។ បន្លា​គឺជា « សេចក្តី​ខ្វល់​ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ ហើយ​នឹង​សេចក្ដី​ស្រើប‌ស្រាល​នៅ​ជីវិត​នេះ » ដែល​អាច​បណ្ដាល​ឲ្យ​យើង « មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ‌លេញ​បាន​ឡើយ » ( លូកា ៨:១៤ ) ។

តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ទទួល​យក​សេចក្ដី​សញ្ញា ប៉ុន្តែ​លែង​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ? ឬ​យើង​ទទួល​ទាន​សាក្រាម៉ង់ ប៉ុន្តែ​មិន​សូម​ការ​អភ័យទោស​ទេ ព្រោះ​យើង​លែង​គិត​អំពី​កំហុស​របស់​យើង​ទៀត​ហើយ ។ ឬ​យើងអាច​នឹង​សូម​ការអភ័យទោស ប៉ុន្តែ​បដិសេធ​មិន​ព្រម​អភ័យទោស​ឲ្យ​មនុស្ស​ដទៃ ។ យើង​ទទួល​យក​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​មិនបាន​ផ្ដល់​ការបម្រើ​ដល់​អ្នក​ដែល​ខ្វះខាត ។ យើង​ទុកចោល​ឱកាស​ចែកចាយ​ដំណឹង​ល្អ​មួយអន្លើ ដោយសារ​យើង​ខ្លាច​ថា​វា​ហាក់​ដូចជា​មិន​សមរម្យ ឬ​អាម៉ាស់ ឬ​ដោយសារ​យើង​លែង​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទៀត​ហើយ ។

ដំណោះស្រាយ​គឺត្រូវ​រស់នៅ​តាម​សេចក្ដីសញ្ញា​ដែល​យើង​បានធ្វើ នៅពេល​យើង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ដើម្បី « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ … [ ដើម្បី ] កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង​ដែល [ យើង ] បាននៅ​រហូតដល់ពេលស្លាប់ » ( ម៉ូសាយ ១៨:៩ ) ។

យើង​ដក​ស្មៅចេញ នៅពេល​យើង​ប្រែចិត្ត​រាល់ថ្ងៃ ដោយ​ធ្វើការ​កែសម្រួល​តូច ឬ​ធំ ហើយ​ត្រឡប់​ទៅ​ផ្លូវត្រង់ ហើយតូចចង្អៀតនៃសេចក្ដីសញ្ញា ។

យើង​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ស្មៅ​នៃជីវិត​ដុះបិទបាំង​យើង​ឡើយ ។ យើង​ធ្វើ​ដូច្នេះ​ដោយ​ការ​ប្រែក្លាយ​ផ្ទះ​របស់​យើង​ឲ្យ​ទៅ​ជា​ជម្រក​នៃ​សេចក្តី​ជំនឿ ។ យើង​ស្វែងរក​អ្វី​ដែលយាង​អញ្ជើញ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ។ យើង​បដិសេធ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ព្រះចេស្ដា​នោះ​ឃ្លាត​ចេញ ។ ហើយ​យើង​បម្រើ​ក្នុង​នគរ​ព្រះ—ក្នុង​ការហៅ​បម្រើ​របស់​យើង ក្នុង​ព្រះវិហារ​បរិសុទ្ធ ក្នុង​កិច្ចការ​ផ្សព្វផ្សាយសាសនា ក្នុង​ក្រុម​គ្រួសារ​របស់​យើង ។

ដី​ល្អ

មាន​មនុស្ស​ជាច្រើន​ដែល​ស្ដាប់​ឮ​ព្រះបន្ទូល យល់ពី​ព្រះបន្ទូល ហើយ​អនុញ្ញាត​ឲ្យ​ព្រះបន្ទូល​លូតលាស់​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ។ ព្រះអម្ចាស់​បាន​មានបន្ទូល​ទៅកាន់​ពួកគេ​ថា « គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នករាល់គ្នា​វិញ ទាំង​តាំង​អ្នករាល់គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​អ្នករាល់គ្នា​បាន​នៅ​ជាប់​ផង » ( យ៉ូហាន ១៥:១៦ ) ។ សម្រាប់​មនុស្ស​បែប​នេះ ចម្លើយ​គឺ​ត្រូវ​ដើរ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ ហើយ​ស៊ូទ្រាំ​ក្នុង​កិច្ចការល្អ ។

ប្រធាន អូក បានសួរថា « តើ​យើង​ធ្វើ​ដូចម្តេច ចំពោះ​ការបង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ ខណៈ​ដែល​យើង​រស់នៅ​ក្នុង​ជីវិត​របស​យើង ? »​ នៅ​ឆ្នាំ​នេះ នៅពេល​យើង​រៀបចំ​ខ្លួន​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​កែលម្អ​ដី​ខាង​វិញ្ញាណ​របស់​យើង ដើម្បី​យើង​អាច​ទទួល​បាន​ព្រះបន្ទូល ។ បន្ទាប់មក យើង​អាច​បង្កើត​ផលផ្លែ​ដែល​ទ្រង់​សុំ​ឲ្យ​យើង​នាំមក​ដោយ​ការទទួល​យក និង​ការរំឭក​សេចក្ដីសញ្ញា​ដែល​ចង​យើង​ទៅនឹង​ទ្រង់ ដោយ​ការបម្រើ​ព្រះ និង​ការស្រឡាញ់​អ្នកជិតខាង​យើង ហើយ​ដោយ​ការ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅ​គេហដ្ឋាន​សួគ៌ា​របស់​យើង​វិញ​នៅ​ថ្ងៃណាមួយ ។

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « The Parable of the Sower » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២ ។

  2. ដេវីឌ អេ បែដណា « With the Power of God in Great Glory » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៩ ។

  3. ដាល្លិន អេក អូក « The Parable of the Sower » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២ ។