ឆ្នាំ ២០២៣
ការស្វែងរក​ផែនការ​ដ៏​ទេវភាព​នៅក្នុង​គ្រួសារ​ដែល « មិន​ល្អ​ឥតខ្ចោះ » របស់​យើង
ខែ មករា ឆ្នាំ ២០២៣


« ការស្វែងរក​ផែនការ​ដ៏​ទេវភាព​នៅក្នុង​គ្រួសារ​ដែល ‹ មិន​ល្អ​ឥតខ្ចោះ › របស់​យើង » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

យុវមជ្ឈិមវ័យ

ការស្វែងរក​ផែនការ​ដ៏​ទេវភាព​នៅក្នុង គ្រួសារ​ដែល « មិន​ល្អ​ឥតខ្ចោះ » របស់​យើង

ការមិន​មាន​គ្រួសារ « ដ៏ល្អ​ឥតខ្ចោះ » នៅក្នុង​ជីវិត​រមែង​ស្លាប់​អាច​ជារឿង​ដ៏​ឈឺចាប់ ប៉ុន្តែ​យើង​អាច​ប្រើ​ភាពពិត​របស់យើង ដើម្បី​ខិតទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​បាន ។

រូបភាព
យុវមជ្ឈិមវ័យ​នារី​កំពុង​គិត​អំពី​គ្រួសារ

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

គ្មាន​អ្វី​នាំ​មក​នូវ​អារម្មណ៍​ដ៏មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៃ​​អំណរ សេចក្តី​ប្រាថ្នា និង​ការ​ឈឺចាប់ ជាង​ទំនាក់ទំនង​ដែល​ជា​ចំណុច​សំខាន់​បំផុត​នៃ​បទពិសោធន៍​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់—ដែល​ជា​ទំនាក់ទំនង​គ្រួសារ​របស់​យើង​នោះ​ឡើយ ។ ហើយ​ដោយសារ​ទំនាក់ទំនង​ទាំងនេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ទើប​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បង្កើត « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » នេះ​ឡើង ។ សេចក្តីពិត​របស់​វា​ថ្លែង​ជា​សាក្សី​អំពី​ព្រះវរបិតា​ជាទីស្រឡាញ់​ដែល​ចង់ឲ្យ​យើងដឹង​ពី​គំរូ​ដ៏ទេវភាព ដែល​នាំ​ទៅរក​សុភមង្គល​ដ៏​អស់កល្ប​ក្នុង​ជីវិត​គ្រួសារ ។

ប្រធាន ហិនរី ប៊ី អាវរិង ដែល​ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន ៖ « ដោយសារតែ​ព្រះវរបិតា​របស់​យើង​ស្រឡាញ់​បុត្រាបុត្រី​របស់ទ្រង់ នោះ​ទ្រង់​នឹង​មិន​ទុក​ឲ្យ​យើង​ទស្សន៍​ទាយ​អំពី​អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​ជីវិត​នេះ​ឡើយ ពេល​វា​ទាក់ទង​នឹង​ជម្រើស​ថាតើ​ការយកចិត្ត​ទុកដាក់​របស់​យើង​អាច​នាំ​មក​នូវ​សុភមង្គល ឬ​ភាពព្រងើយ​កន្តើយ​របស់យើង​អាច​នាំ​មក​នូវ​ទុក្ខសោក​នោះ » ។ ការណ៍នេះ​រួម​បញ្ចូល​ទាំង​តួនាទី​គ្រួសារ​ដ៏​ពិសិដ្ឋ​ជាច្រើន​ដែល​យើង​អាច​មាន​នៅក្នុង​ជីវិតនេះ​ដូចជា ៖ កូនស្រី ឬ​កូនប្រុស បងស្រី ឬ​បងប្រុស ម្តាយ ឬ​ឪពុក មីង ឬ​ពូ ជីដូន ឬ​ជីតា ។

សេចក្តីពិត​នៅក្នុង​សេចក្តី​ប្រកាស​អំពី​គ្រួសារ​បំភ្លឺ​ផ្លូវ​ទៅកាន់ « ភាព​ល្អ​ឥតខ្ចោះ​ដ៏​អស់កល្ប​ជានិច្ច » ដែល​យើង​ជាច្រើន​ប្រាថ្នា​ចង់​បាន​យ៉ាង​ខ្លាំង—ពោល​គឺ​ទំនាក់ទំនង​គ្រួសារ​ដ៏​រឹងមាំ និង​ដ៏​រីករាយ​អស់កល្ប​ជានិច្ច ។ បញ្ហា​នោះ​គឺថា យើង​រស់នៅក្នុង « ជីវិត​រមែងស្លាប់​ដ៏​ពិត » ។ ហើយ​ចន្លោះ​ប្រហោង​រវាង « ពិត » និង « ល្អ​ឥត​ខ្ចោះ » អាច​ជា​រឿង​គួរ​ឲ្យ​ឈឺចាប់ ។ ពេលខ្លះ ជំនួស​ឲ្យ​ការគិត​ថា​វា​ជាពន្លឺ​ដើម្បី​ដឹកនាំ​យើង យើង​ថែម​ទាំង​អាច​នឹង​ចាត់ទុក​ថា​សេចក្តី​ប្រកាស​អំពី​គ្រួសារ​ជា​ការរំឭក​ដ៏​ក្រៀមក្រំ កាលបើ​យើង « បរាជ័យ » ក្នុងការ​បំពេញ​តាម « ភាព​ល្អ​ឥតខ្ចោះ » នេះ ។

  • យើង​ប្រហែល​ជា​ចង់​រៀបការ ប៉ុន្តែ​មិន​អាច​ទៅ​រួច ។

  • យើង​ប្រហែលជា​បាន​រៀបការ ហើយ​ជួបប្រទះ​នឹង​ការលែងលះ​ដ៏​អាក្រក់ ។

  • យើង​ប្រហែល​ជា​ចង់​មាន​កូន តែ​មិន​អាច​មាន​បាន ។

  • យើង​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​ការរំលោភ​បំពាន​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​ដែល​យើង​ទុកចិត្ត ។

  • យើង​ប្រហែល​ជា​បាន​ឆ្លងកាត់​ការឈឺចាប់​យ៉ាង​ខ្លាំង​ដោយសារតែ​ការជ្រើសរើស​របស់​សមាជិក​គ្រួសារ​ជា​ទីស្រឡាញ់ ។

  • យើង​អាច​មាន​អារម្មណ៍​ថា​បែកបាក់​គ្នា ទោះ​ជា​ខំប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​មក​នូវ​សាមគ្គីភាព​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​ក៏​ដោយ ។

  • យើង​ថែមទាំង​អាច​មាន​អារម្មណ៍​ស្រងាក​ចិត្ត ដោយសារ​ការចង់​បាន និង​ការសន្យា​មិនបាន​បំពេញ​តាម ។

តាមការពិត យើង​ទាំងអស់​គ្នា​នឹង​ស្គាល់​ពី​បញ្ហា​ប្រឈម ការឈឺចាប់ និង​ទុក្ខព្រួយ​ក្នុង​ជីវិត​គ្រួសារ—ខ្លះច្រើន​ខ្លះ​តិច ។ នៅ​ចំណុច​ខ្លះ យើង​ទាំងអស់​គ្នា​នឹង​ប្រាសចាក​ពី​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​ដែល​បាន​រៀបរាប់​នៅក្នុង​ការប្រកាស​អំពី​គ្រួសារ​នេះ ។

អ្វីដែល​យើង​អាច​មិន​ដឹង​គឺ​ផែនការ​ដ៏​ទេវភាព​ដែលមាន​ក្នុង​ភាពពិត​នោះ ។

ការខំ​ខ្នះខ្នែង​ស្វែងរក និង​ការចុះចូល​នឹង​ព្រះអង្គ​សង្រ្គោះ

ក្នុងនាម​ជា​ស្ត្រី​នៅ​លីវ​ដែល​មានចិត្ត​ចង់រៀបការ និង​ចង់​មាន​កូន​ជា​ច្រើន​ឆ្នាំ ខ្ញុំបាន​មាន​បំណង​ប្រាថ្នា និង​បានជឿថា គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​របស់​ខ្ញុំ គឺ​ដើម្បី​សម្រេច​បាន​នូវ​ភាពដ៏ល្អ​ឥតខ្ចោះ​នៃ​ជីវិត​គ្រួសារ​ដែល​មាន​នៅក្នុង​ការប្រកាស​អំពី​គ្រួសារ ។ ប៉ុន្តែ​ទោះ​ជា​ខ្ញុំ​ខំប្រឹងប្រែង​អស់​ពី​ចិត្ត​ក៏​ដោយ ក៏​ខ្ញុំ​ហាក់​មិន​អាច​ធ្វើ​ឲ្យ​វា​កើតឡើង​តាម​របៀប​ដែល​ខ្ញុំ​ជឿ​ថា​វា​គួរ​កើតឡើង​ដែរ ។ ការពុះពារ​នោះ​គឺ​នឿយហត់​ណាស់ ។

នៅពេល​នោះ ខ្ញុំ​មិនអាច​មើលឃើញ​កិច្ចការ​ដ៏​អព្ភូតហេតុ​ដែល​ព្រះអម្ចាស់​ធ្វើ​នៅក្នុង​ចិត្ត​ខ្ញុំ តាមរយៈ​ការតស៊ូ​ទាំងនោះ​ឡើយ ។

បើក្រឡេក​មើល​ទៅវិញ ការចង់​បាន​របស់ខ្ញុំ​ដែល​មិនបាន​បំពេញ​នោះ បាន​ដើរ​តួ​យ៉ាង​ពិសិដ្ឋ​ក្នុងការ​ធ្វើ​ឲ្យ​ដួង​ចិត្ត​របស់ខ្ញុំ​ងាក​ទៅរក​ព្រះប្រោសលោះ​របស់ខ្ញុំ ដើម្បី​ស្វែងរក​សេចក្តី​សុខសាន្ត និង​ការណែនាំ​ដែល​មាន​តែ​ទ្រង់​មួយ​អង្គ​គត់​ដែល​អាច​ប្រទាន និង​ធ្វើ​ឲ្យ​ការ​ទុកចិត្ត​របស់ខ្ញុំ​កាន់តែ​ស៊ីជម្រៅ​លើ​សេចក្តី​ស្រឡាញ់​ដ៏ល្អឥតខ្ចោះ និង​ព្រះចេស្ដា​ដ៏មាន​អំណាច​របស់ទ្រង់ ។ ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ហើយ​ជាពិសេស​ពាក្យសម្ដី​ក្នុង​សន្និសីទ​ទូទៅ បានក្លាយ​ជា​ខ្សែជីវិត​នៃ​សេចក្តី​សង្ឃឹម និង​ការណែនាំ ។ ខ្ញុំ​ត្រូវបាន​បង្ខំចិត្ត​ឲ្យ​ងាក​ទៅ​រក​ពាក្យសម្ដី​នៃ​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ—និង​ពរជ័យ​បព្វជិតភាព​ផ្សេង​ទៀត—ដើម្បី​ស្វែងរក​សេចក្ដី​ស្រឡាញ់ និង​ការ​ដឹកនាំ​ផ្ទាល់ខ្លួន​សម្រាប់​ខ្ញុំ​មកពី​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​ខ្ញុំ ។

នៅពេល​ខ្ញុំ​បើកដួងចិត្ត​របស់​ខ្ញុំ​ថ្វាយ​ព្រះអម្ចាស់ ទោះ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវបាន​ល្បួងឲ្យ​ងាកចេញ​ដោយ​ភាព​ជូរចត់​ក្ដី ក៏​ចំណាប់​អារម្មណ៍​ដ៏ពិសិដ្ឋ​បាន​កើតមាន​ក្នុង​គំនិត និង​ដួងចិត្ត​របស់​ខ្ញុំ​ដែរ ដែល​វា​ធានា​ថា ទ្រង់​ដឹងថា​ខ្ញុំ​នៅឯណា ជីវិត​របស់​ខ្ញុំ​មាន​ផែនការ​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​អាច​ទុកចិត្ត​លើទ្រង់​បាន ។ កម្មសិទ្ធិ​នៃ​សេចក្ដីសញ្ញា ចំពោះ​ព្រះប្រោសលោះ​របស់​ខ្ញុំ​ក្លាយទៅជា​បណ្ដាញ​នៃ​សេចក្ដីសុខសាន្ត និង​អំណរ​ដ៏​លើស​លុប​ដែល​ធំជាង​ប្រភព​នៃ​ជោគជ័យ ឬ​សុភមង្គល​គ្រប់​យ៉ាង ។

ខ្ញុំ​បាន​មើល​ឃើញ​ថា ទោះបីជា​ខ្ញុំ​បាន​ជឿ​ថា គោលបំណង​នៃ​ជីវិត​របស់​ខ្ញុំ​គឺ​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ខ្ញុំ​អំពី​គ្រួសារ​ដ៏​ល្អឥតខ្ចោះ​ក៏ដោយ ក៏​ព្រះអម្ចាស់​កំពុង​តែ​ធ្វើ​ឲ្យ​អ្វី​ដែល អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​ហៅថា គោលបំណង​មូលដ្ឋាន​នៃ​ជីវិត​រមែង​ស្លាប់​អាច​កើតឡើង​បាន​ដែរ ។ ដោយ​ដកស្រង់​ពី​ស្ដេច​បេនយ៉ាមីន​នោះលោក​បាន​ពន្យល់ថា « ប្រហែល​ជា​គោលបំណង​មូលដ្ឋាន​នោះ​… គឺ​ដើម្បី​ប្រែក្លាយ​ជា ‹ អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ › ដែល​នឹង​តម្រូវឲ្យ​យើង​ក្លាយ ‹ ដូចជា​កូនក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូចជា​កូនក្មេង​ព្រម​ធ្វើតាម​ឪពុក​ខ្លួន​ដូច្នោះ › ដែរ ។

តម្រូវការ​របស់​ខ្ញុំ​ដើម្បី​មាន​ជំនួយ និង​កម្លាំង​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ស្វែងរក និង​ដកពិសោធន៍​នូវ​ដួងចិត្ត​នៃ​ការចុះចូល ភាពស្លូតបូត ភាពរាបទាប ភាពអត់ធ្មត់ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ នៅក្នុង​ដំណើរការនោះ ខ្ញុំ​ត្រូវបាន​ផ្លាស់ប្ដូរ​ដោយ​ព្រះចេស្ដា​ដ៏​មាន​អំណាច​របស់​ទ្រង់ ។ ហើយជាការពិត នោះគឺជា​អ្វី​ដែល​ខ្ញុំចង់បាន​បំផុត ។ អ្វីដែល​ហាក់ដូចជា « មិន​ល្អឥតខ្ចោះ » តាម​ពិត​បានត្រួសត្រាយ​ផ្លូវ​សម្រាប់ « ភាព​ល្អឥតខ្ចោះ » ដ៏ស្រស់​ស្អាតបំផុត ។

មិត្តភក្ដិ និង​សហការី​របស់​ខ្ញុំ ធី មែនហ្វៀល បាន​ពិពណ៌នា​អំពី​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ ។ ក្នុងនាម​ជា​បុរស​ម្នាក់​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ធី បាន​ឃើញ​ពី​ការរីកចម្រើន​ខាង​វិញ្ញាណ​ដែល​អាច​កើតឡើង នៅពេល​យើង​ចាក់គ្រឹះ​ជីវិត​របស់យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​សុខចិត្ត​លះបង់​ដួងចិត្ត​ទាំងមូល​របស់យើង​ថ្វាយ​ទ្រង់ ដោយ​អនុញ្ញាតឲ្យ​ទ្រង់​ញែក​បទពិសោធន៍​ដ៏លំបាក​ទាំងអស់​សម្រាប់​ជា​ផលប្រយោជន៍​ដល់​យើង​វិញ ។ ចំពោះ ធី ការណ៍​នោះ​បាន​ចាប់​ផ្ដើម​នៅពេល​ព្រះវិញ្ញាណ​បាន​បង្រៀន​គាត់ « ថា មិន​ថា​ខ្ញុំ​ធ្លាប់​រៀបការ​ឬ​អត់នោះ​ទេ ព្រះ​តែង​ស្រឡាញ់ និង​ទទួល​យក​ខ្ញុំ​ជា​និច្ច ។ ការទទួល​ខុសត្រូវ​របស់ខ្ញុំ​គឺបន្ត​រស់នៅ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ខណៈដែល​ខិតខំ​ស្វែងរក ហើយ​ធ្វើតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ » ។ ហើយនៅ​ទីបំផុត ការជឿ​ទុកចិត្ត​លើ​ព្រះ​បាននាំ​ធី ឲ្យ​ចូលទៅ​ក្នុង​អាពាហ៍​ពិពាហ៍​អស់កល្ប​ដ៏រីករាយ​ពោរពេញ​ដោយ​អំណរ​ជាមួយ​ភរិយា​របស់​គាត់ ។

ការអភិវឌ្ឍ​ទំនាក់ទំនង​ដ៏កាន់តែ​ស៊ីជម្រៅ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ

នៅទីបំផុត ខ្ញុំ​ក៏បាន​រៀបការ​ផងដែរ បន្ទាប់ពី​ការងឿងឆ្ងល់​ថាតើ​ខ្ញុំ​មាន​ថ្ងៃ​អាច​នឹង​បាន​រៀបការ​ឬទេ ។ ប៉ុន្តែ តម្រូវការ​ដើម្បី​បោះ​យុថ្កា​យ៉ាង​ជ្រៅ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​ទៅទៀត ប្រសិនបើ​មិន​បាន​កើនឡើង​ទេ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ខ្ញុំ​បាន​ផ្សារភ្ជាប់​ជាមួយ​ស្វាមី​របស់ខ្ញុំ ។ ខ្ញុំ​បាន​ចាប់​ផ្តើម​ស្វែង​រក​ទ្រង់​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​ទទួល​បាន​សេចក្ដីសុខសាន្ត នៅពេល​ខ្ញុំ​ជួបបញ្ហា​ដោយសារ​ភាព​គ្មាន​កូន ។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​មាន​អំណរ​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន​ក្នុង​ជីវិត​គ្រួសារ​យ៉ាង​ណាទេ បើ​គ្មាន​កូន​នោះ ។ ប៉ុន្តែ​សូម្បីតែ​បន្ទាប់ពី​ស្វាមីខ្ញុំ និង​ខ្ញុំ​បាន​ទទួលពរ​ឲ្យ​មានកូន​ពីរនាក់ ក៏​ខ្ញុំតែងតែ​ផ្តោតលើ​ភាពទន់ខ្សោយ​របស់ខ្ញុំ​ក្នុងនាម​ជា​ម្តាយដែរ ។ នៅទីបំផុត ទោះបីជា​ខ្ញុំ​មាន​អ្វីដែល​ខ្ញុំតែងតែ​ចង់​បាន​ក៏ដោយ ក៏​គម្លាត​រវាង « ភាព​ល្អឥតខ្ចោះ » និង « ការពិត » ហាក់​ដូចជា​កើនឡើង​ដដែល ។

កាលៈទេសៈ​ទាំងនេះ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​គិត​ឡើងវិញ​អំពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​ដំណើរការ​ដែល​បាន​តែងតាំង​ដោយ​ព្រះ ដែល​តាមរយៈ​នោះ​យើង​រីកចម្រើន ។ ប្រហែល​ជា​គោល​បំណង​នៃ​ជីវិត​អាច​មិនមែន​ដើម្បី​សម្រេច​បាន​គ្រួសារ​ដ៏​ល្អឥតខ្ចោះ​ក៏​ថាបាន ។ ប្រហែល​ជា​ភាពល្អឥតខ្ចោះ​មិនមាន​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះទេ ។ ផ្ទុយទៅវិញ ប្រហែលជា​គ្រួសារ​គឺជា​ឱកាស​សម្រាប់​ការរីកចម្រើន ។

តាម​ពិតទៅ ប្រហែលជា​ភាពពិត​នៃ​អារម្មណ៍​ឈឺចាប់​ដែល​មាន « តិចជាង​ភាពល្អ​ឥតខ្ចោះ » ពិតជា​បំពេញ​នូវ​គោលបំណង​ដ៏​ពិសិដ្ឋ​នៃ​ការអញ្ជើញ​ឲ្យ​មាន​ការលូតលាស់​ដែលយើង​ត្រូវការ​ដើម្បី​រស់នៅ​តាម​ទំនាក់ទំនង « ដ៏​ល្អ​ឥតខ្ចោះ » ។ ប្រហែលជា​អំណាច​ស្ថិត​នៅក្នុង​ការពិត​ដែល​ថា គម្លាត​ដ៏​ធំ​រវាង​ការពិត និង​ភាពល្អឥតខ្ចោះ​អញ្ជើញ​យើង​ឲ្យ​ទៅកាន់​ទំនាក់​ទំនង​ដ៏​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​ព្យាបាល និង​បន្សុទ្ធ​អ្វីដែល​ខ្ទេចខ្ទាំ ដោយ​ស្ថាបនា​ប្រាជ្ញា កម្លាំង និង​សេចក្ដីស្រឡាញ់​នៅ​ក្នុង​ដំណើរការ​នោះ ។ ដោយសារ​អព្ភូតហេតុ គឺ​តាមរយៈ​ព្រះគុណ និង​ការប្រោសលោះ​របស់​ទ្រង់ ហើយ​ទ្រង់​តែ​មួយគត់ ដែល​យើង​អាច​ក្លាយជា​មនុស្ស​នៅក្នុង​ប្រភេទ​នៃ​ទំនាក់ទំនង​ដែល​យើង​ចង់​មាន​នៅ​ស្ថានសួគ៌​បាន ។

ខ្ញុំ​បាន​ជឿ​ថា « ភាព​ល្អ​ឥត​ខ្ចោះ » ពិត​ជា​មិន​អាច​ទៅ​រួច​ទេ​នៅក្នុង​ទំនាក់​ទំនង​គ្រួសារ​សម្រាប់​មនុស្ស​គ្រប់គ្នា—យ៉ាង​ហោច​ណាស់​នៅក្នុង​ជីវិត​នេះ ។ ប៉ុន្តែ​ភាពស្មោះត្រង់ សុចរិតភាព និង​ភាពជិតស្និទ្ធ​ពិតប្រាកដ​អាច​ធ្វើ​ទៅបាន ។ តាម​ពិត ការធ្វើ​ពុត ឬ​រំពឹង​ថា​នឹង​មាន​ភាពល្អ​ឥត​ខ្ចោះ​នឹង​រំខាន​ដល់​ភាព​ស្និទ្ធស្នាល​ពិត​ប្រាកដ​ចំពោះ​ព្រះ ក្រុម​គ្រួសារ​របស់​យើង និង​អ្នក​ដទៃ ។ ផ្ទុយទៅវិញ នៅពេល​យើង​អនុញ្ញាត​ឲ្យ​គេ​មើលឃើញ​ពី​អត្តសញ្ញាណ​ពិត​របស់​យើង​តាមរយៈ​ព្រះគ្រីស្ទ ក្រុម​គ្រួសររបស់​យើង និង​មនុស្ស​ដទៃ ដោយ​រួមបញ្ចូល​ទាំងអ្វីៗ​ដែល « តិចជាង​ភាព​ល្អឥតខ្ចោះ » នោះ​យើង​អាច​អញ្ជើញ​ព្រះចេស្ដា​បន្សុទ្ធ​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​យើង​បាន ។ យើង​អាច​ជួបប្រទះ​នូវ​អំណាច​អព្ភូតហេតុ​របស់​ទ្រង់​ក្នុង​ការផ្សះផ្សារ​នូវ​អ្វី​ដែល​មិន​អាច​ដោះស្រាយ​បាន បំពេញ​យើង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហើយ​ផ្លាស់ប្តូរ​យើង​ទៅជា​មនុស្ស​ដែលមាន​ទំនាក់​ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ទ្រង់ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ។

ប្រហែល​ជា​គោលបំណង​ដ៏​ពិសិដ្ឋ​បំផុត​នៃ​ការប្រកាស​អំពី​គ្រួសារ​គឺ​ដើម្បី​ធានា​ដល់​យើង​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​គ្រួសារ « ដ៏​ល្អឥតខ្ចោះ » អាច​ជា​ជោគវាសនា​ដ៏​អស់កល្ប​សម្រាប់​យើង​ម្នាក់ៗ ។

ក្នុង​នាម​ជា​បុត្រាបុត្រី​ជា​ទី​ស្រឡាញ់​របស់​ព្រះមាតា​បិតា​សួគ៌ យើង​ទាំងអស់​គ្នា​ជា​សមាជិក​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ បទពិសោធន៍​ពិសេស​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់ គឺជា​ផ្នែក​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​រីកចម្រើន ហើយ « ទីបំផុត​សម្រេច​បាន​នូវ​ជោគវាសនា​ដ៏​ទេវភាព [ របស់​យើង ] ជា​អ្នកស្នង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច »—ជា​ជីវិត​គ្រួសារ​ដ៏​ស្រស់បំព្រង​ដូចអ្វី​ដែល​ដែល​ទ្រង់​ធ្លាប់​បាន​ជួប ប៉ុន្តែ​ខុសគ្នា​ពី​ភាព​ល្អឥតខ្ចោះ​ដែល​គ្រួសារ​របស់​យើង​ដកពិសោធន៍​នៅពេល​នេះ ។ ដូចដែល​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រកាស​ថា « ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​រំពឹង​រង់ចាំ​ជាមុន ហើយ​នៅ​ទីបំផុត នឹង​បង់​សង​រាល់​ការខូចខាត ការខ្វះខាត និង​ការបាត់បង់​ទាំងអស់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ងាក​ទៅរក​ទ្រង់ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​តាំង​ជាមុន​ដើម្បី​ទទួល​តិចជាង​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះបិតា​មាន​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ឡើយ » ។

ដូច​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​យ៉ាកុប​នៅចំ​កណ្តាល​នៃ​បញ្ហា​ប្រឈម​ក្នុងគ្រួសារ « តិចជាង​ភាពល្អ​ឥតខ្ចោះ » របស់​គាត់​ដែរ នោះ​ទំនាក់​ទំនង​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់​ជាមួយ​យើង​អះអាង​ចំពោះ​យើងថា « យើង​នៅ​ជា​មួយ​នឹង​ឯង យើង​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ហើយ​នឹង​នាំ​ឯង​មក​ក្នុង [ ផ្ទះ ] នេះ​វិញ ពី​ព្រោះ​យើង​មិន​ចោល​ឯង​ឡើយ ទាល់​តែ​យើង​បាន​ធ្វើ​សម្រេច​សេចក្ដី​ដែល​យើង​បាន​ប្រាប់​ឯង​ហើយ » ( លោកុប្បត្តិ ២៨:១៥ ) ។ នៅពេល​យើង​ដើរតាម​ទ្រង់ ទោះជា​ការពិត​នៃភាព​មិន​ល្អឥត​ខ្ចោះ​របស់​យើង​មាន​ភិនភាគ​យ៉ាង​ណាក្ដី ក៏​ទ្រង់​នឹង​មិន « អនុញ្ញាត​ឲ្យ​យើង​ទៅ » ឡើយ រហូត​ទាល់តែ​យើង​ក្លាយជា​អ្វីដែល​យើង​ប្រាថ្នាចង់​បាន ចងភ្ជាប់​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​នៃ​អំណរ​ដ៏វិសេស​អស់កល្ប​ជានិច្ច ។

កំណត់​ចំណាំ

  1. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  2. ហិនរី ប៊ី អាវរិង « The Family » Liahona ខែ តុលា ឆ្នាំ ១៩៩៨ ទំព័រ ១០ ។

  3. សូមមើល ជែរីត ដបុលយូ ហ្គង « Covenant Belonging » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨០–៨៣ ។

  4. ជែហ្វ្រី អ័រ ហូឡិន « A Saint Through the Atonement of Christ the Lord » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ ២០២២ ) ទំព័រ ១ នៅ​លើ​គេហទំព័រ speeches.byu.edu ។

  5. ធី មែនហ្វៀល Voices of Hope ( ឆ្នាំ ២០១១ ) ទំព័រ ៥ ។

  6. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។

  7. ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ។