ឆ្នាំ ២០២៣
តើ​ចៅ​បាត់​ទៅ​ណា ?
ខែ មករា ឆ្នាំ ២០២៣


« តើ​ចៅ​បាត់​ទៅ​ណា ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

តើ​ចៅ​បាត់​ទៅ​ណា ?

ខ្ញុំ​ត្រូវ​ទទួល​យក​ពេលវេលា និង​ព្រះរាជ​បំណង​របស់​ព្រះ កាល​ខ្ញុំ​រៀន​ស្រឡាញ់​ជីដូន​របស់ខ្ញុំ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​គាត់​ដែរ ។

រូបភាព
ជីដូន និង​ចៅប្រុស​សើចសប្បាយ​ជាមួយគ្នា

ថ្វីបើ​លោកយាយ​មាន​ជំងឺ​ក៏ដោយ ក៏​អ្វីៗ​ដែល​គាត់​ធ្វើ​សម្រាប់​ខ្ញុំ គឺ​ដោយសារ​តែ​គាត់​ស្រឡាញ់​ខ្ញុំ​ដែរ ។

រូបថត​ផ្តល់​សិទ្ធិ​ដោយ​អ្នកនិពន្ធ

« តើ​ចៅ​បាត់​ទៅ​ណា ចៅ​សម្លាញ់ ? » ជីដូន​របស់​ខ្ញុំ​បាន​សួរ ខណៈ​គាត់​ទៅ​បើក​ទ្វារ​ឲ្យ​ខ្ញុំ ។ ចៅ​ទើប​ត្រឡប់​មកពី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​នៅ​ប្រទេស​អែល សាល់វ៉ាឌ័រ ។ កែវភ្នែក​របស់​លោកយាយ​ពេញ​ដោយ​ភាពរីករាយ​ពេល​បានជួប​ខ្ញុំ​ម្ដងទៀត ។ ដៃ​របស់​គាត់​ទន់ និង​កក់ក្ដៅ ពេល​គាត់​ឱប‑ក​ខ្ញុំ ។

ពួកយើង​សន្ទនា​គ្នា​យ៉ាង​រីករាយ កាល​ខ្ញុំ​បានឆ្លើយ​សំណួរ​គាត់​អំពី​បេសកកម្ម​របស់ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​រំជួលចិត្ត កាល​ខ្ញុំ​ប្រាប់​គាត់​អំពី​ប្រជាជន អាហារ ការខិតខំ​បម្រើ និង​អព្ភូតហេតុ​នៅ​បេសកកម្ម​របស់ខ្ញុំ ។ បន្ទាប់ពី​ខ្ញុំ​និយាយ​ចប់ គាត់​ចាប់ផ្តើម​ស្ងាត់​ភ្លាម ។ រួចគាត់​បាន​សួរ​ខ្ញុំ​ថា « តើ​ចៅ​បាត់​ទៅ​ណា ចៅ​សម្លាញ់ ? »

ច្បាស់​ណាស់ គឺ​គាត់​ពុំបាន​ស្តាប់​នោះ​ទេ ។ អ៊ីចឹងហើយ យើង​ចាប់ផ្តើម​ការសន្ទនា​របស់​ពួកយើង​ម្តងទៀត ។ ប្រហែលជា ២០ នាទី​ក្រោយមក គាត់​បាន​សួរសំណួរ​ខ្ញុំ​ជាលើក​ទីបី​ថា « តើ​ចៅ​បាត់​ទៅ​ណា ចៅ​សម្លាញ់ ? »

មាន​អ្វីមួយ​មិន​ប្រក្រតី ។ មិនយូរ​ប៉ុន្មាន ខ្ញុំ​ដឹង​ថា​ប្រហែល​មួយ​ឆ្នាំ​ក្រោយពី​ខ្ញុំ​បាន​ចេញទៅ​បម្រើ​បេសកកម្ម ជីដូន​របស់ខ្ញុំ​បាន​កើត​ជំងឺ​ភ្លេចភ្លាំង ។

ខ្ញុំ​មាន​ចិត្ត​ចង់​ជួយ​ជីដូន​ខ្ញុំ​យ៉ាងខ្លាំង ។ រយៈពេល​ពីរឆ្នាំ​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដែល​មាន​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ ឥឡូវនេះ​ខ្ញុំ​មាន​ឱកាស​ដើម្បី​រស់នៅ​តាម​ការបង្រៀន​ទាំងនោះ​ហើយ ។ ទោះជាខ្ញុំ​ដឹងថា វា​គឺជា​រឿង​លំបាក​ក៏ដោយ ក៏​ខ្ញុំ​បាន​សូម​ទៅរស់នៅ​ជាមួយ​គាត់​ដែរ ដើម្បី​ខ្ញុំ​អាច​ជួយ​គាត់​បាន ។

ពីរបីខែ​ដំបូង​នោះ​គឺ​លំបាក​ខ្លាំង​ណាស់ ។ ដូចជា​នៅ​ក្នុង​តំបន់​បេសកកម្ម​ផងដែរ ការដែល​មាន​ចិត្ត​អំណត់ និង​ការគ្រប់គ្រង​អារម្មណ៍​ស្មុគស្មាញ​ក្លាយជា​ការងារ​ពេញម៉ោង ។ ហើយ​ដូចជា​ក្នុង​អំឡុងពេល​បេសកកម្ម​របស់ខ្ញុំ​ដែរ ខ្ញុំ​ត្រូវ​ទទួល​យក​ពេលវេលា និង​ព្រះរាជ​បំណង​របស់​ព្រះ កាល​ខ្ញុំ​រៀន​ស្រឡាញ់​ជីដូន​របស់ខ្ញុំ​ដូច​ជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​គាត់​ដែរ ។

ការរស់នៅ​ជាមួយ​ជីដូន​គឺជា​អ្វីមួយ​ដែល​ដូចជា​ការរស់នៅ​ជាមួយ​មនុស្ស​បីនាក់​ខុសគ្នា ។ ពេលខ្លះ​គាត់​មិនអាច​ទ្រាំឲ្យ​អ្នកផ្សេង​ទៀត​នៅក្នុង​ផ្ទះ​ទេ ។ ពេលខ្លះ​គាត់​ចង់​ឲ្យ​ខ្ញុំ​មើលថែ និង​ទាមទារចំណាប់​អារម្មណ៍ ហើយ​គាត់​សប្បាយ​ចិត្ត​ដែល​គាត់​មិន​នៅ​ម្នាក់ឯង ។ ពេលខ្លះ​គាត់ឃើញតែ​ការ​ត្រូវ​ចិញ្ចឹម​ចៅប្រុស​របស់គាត់​ដែល​ទើបតែ​ត្រឡប់​មកពី​បេសកកម្ម​របស់គាត់​វិញ ។ « កុំ​ធ្វើ​ចឹង ! » អាច​ទៅជា « ម៉េច​បាន​ចៅ​មិន​ធ្វើ​វា » ភ្លាមៗ ។

ទោះជា​យ៉ាង​ណា​ក្តី ជីដូន​របស់​ខ្ញុំ​គឺជា​ពរជ័យ​ដ៏​ធំ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​ដឹងថា ថ្វីបើ​គាត់​មាន​ជំងឺ​ក៏ដោយ ក៏​អ្វីៗ​ដែល​គាត់​ធ្វើ​សម្រាប់​ខ្ញុំ គឺ​ដោយសារ​តែ​គាត់​ស្រឡាញ់​ខ្ញុំ​ដែរ ។

ជីដូន​របស់​ខ្ញុំ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ហើយ​ពាក្យ​ដ៏​ស្មោះសរ​តែងតែ​ពោលឡើង​រាល់ពេល​ខ្ញុំ​ត្រឡប់មក​ពី​សាលា ឬ​ធ្វើការ​វិញ ។ ដោយ​ទឹកមុខ​ទន់ភ្លន់ គាត់​ឱប​ខ្ញុំ ថើប​ក​ខ្ញុំ ហើយ​សួរ​ដោយ​ក្តី​ស្រឡាញ់​ថា « តើ​ចៅ​បាត់​ទៅ​ណា ចៅ​សម្លាញ់ ? »