ឆ្នាំ ២០២៣
ការរុករក​ផ្លូវ​ឆ្លងកាត់​ភាពលំបាក​នៅក្នុង​ទំនាក់ទំនង
ខែ មករា ឆ្នាំ ២០២៣


« ការរុករក​ផ្លូវ​ឆ្លងកាត់​ភាពលំបាក​នៅក្នុង​ទំនាក់ទំនង » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ការរុករក​ផ្លូវ​ឆ្លងកាត់​ភាពលំបាក នៅក្នុង ទំនាក់ទំនង

ការសាកល្បង​ក្នុង​គ្រួសារ​អាច​យក​ឈ្នះ​បាន ប្រសិនបើ​យើង​មាន​ឆន្ទៈ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ផ្លាស់ប្តូរ និង​កែលម្អ ។

រូបភាព
បុរស និង​ស្រ្តី​កំពុង​មើល​មុខគ្នា​នៅលើ​ស្ពាន​ដែល​បាក់

រចនា​រូបភាព​ដោយ អាលី+អាលី

ការស្វែងរក​ផ្លូវ​ឆ្លងកាត់​បញ្ហា​ប្រឈម​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​យើង​អាច​សាកល្បង​យើង​ដល់​កម្រិត​ដែល​យើង​ពិបាក​នឹង​ធ្វើ​ចិត្ត ។ ក្នុងនាម​ជា​អ្នក​ប្រឹក្សា​យោបល់ ខ្ញុំ​ឃើញ​មនុស្ស​ជួប​ស្ថានភាព​ឃោរឃៅ​ជាច្រើន ។ ប៉ុន្តែ​ខ្ញុំ​ក៏​ធ្វើជា​សាក្សី​ដល់​ពរជ័យ​ក្នុង​ជីវិត​នៃ​អស់​អ្នក​ដែល​ប្រឈមមុខ​នឹង​ការសាកល្បង​ក្នុង​គ្រួសារ​របស់​ពួកគេ ដោយ​ការស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​កែលម្អ​ទំនាក់ទំនង​របស់ពួកគេ បង្កើន​សេចក្ដី​ស្រឡាញ់ និង​ការយោគយល់​របស់ពួកគេ ហើយ​ធ្វើ​ការ​រួមគ្នា​លើ​ការផ្លាស់ប្ដូរ​សំខាន់ៗ​ផងដែរ ។ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ពួកគេ​បាន​រកឃើញ​កម្លាំង​ដើម្បី​រីកចម្រើន​តាមរយៈ​បញ្ហា​របស់​ពួកគេ ។

ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​អាច​នាំមក​នូវ​សេចក្តី​ស្រឡាញ់ និង​ការយោគយល់

ថម និង ចូន ( បាន​ប្តូរ​ឈ្មោះ ) ទាំង​ពីរ​នាក់​បាន​បាត់​ស្វាមី ឬ​ភរិយា​របស់​ខ្លួន ។ ភរិយា​របស់ ថម បាន​លាចាក​លោក​នេះទៅ ព្រោះ​ជំងឺ​មហារីក ហើយ​ស្វាមី​របស់ ចូន ដោយសារ​តែ​ញៀន​ថ្នាំ បាន​បោះបង់​នាង​ទៅ​ទាក់ទង់​នារី​ផ្សេងទៀត ។ ថម និង ចូន បាន​ជួបគ្នា​នៅ​ឯ​សន្និសីទ​អ្នក​នៅលីវ​មួយ ហើយ​ពួកគាត់​កំពុង​ចង់​ស្វែងរក​ដៃគូ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ។

ពួកគាត់​ម្នាក់ៗ​មាន​កូន​ដែល​មាន​អាយុ​ក្រោម ១៥ ឆ្នាំ ។ គ្រួសារ​របស់​ពួកគាត់​បាន​ចេញ​ទៅ​លេង​ខាង​ក្រៅ​ជុំគ្នា​ជា​ច្រើន​ដង ហើយ​ទាំង ថម និង ចូន អាច​មើល​ឃើញ​បញ្ហា​ដែល​អាច​កើត​មាន ពេល​គ្រួសារ​ទាំងពីរ​នេះ​ត្រូវ​មក​រួមរស់​ជាមួយ​គ្នា ។ ពួក​គាត់​បាន​មក​ទទួល​ការប្រឹក្សា​ដើម្បី​ទទួល​បាន​គំនិត​ខ្លះៗ​អំពី​របៀប​មាន​ទំនាក់ទំនង​ល្អ ដើម្បី​ស្វែងរក​ផ្លូវ​ឆ្លងកាត់​ជំពូក​ថ្មី​នៃ​ជីវិត​របស់​ពួកគាត់ ។

ខ្ញុំ​បាន​ផ្តល់​យោបល់​ឲ្យ​ពួកគាត់​ទៅ​មើល​សារលិខិត​ស្តីពី​ក្រុមប្រឹក្សា​គ្រួសារ​ដោយ​ប្រធាន អិម រ័សុល បាឡឺដ ដែលជា​ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ គាត់​បាន​បង្រៀន​ថា « កូនៗ​ត្រូវការ​ឪពុក​ម្ដាយ​ដែល​ចង់​ស្ដាប់​ពួកគេ​ខ្លាំងណាស់ ហើយ​ក្រុមប្រឹក្សា​គ្រួសារ​អាច​ផ្ដល់​ជា​ពេលមួយ​អំឡុង​ពេល ដែល​សមាជិក​គ្រួសារ​អាច​រៀន​ដើម្បី​យល់ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ។

សម្រាប់​ក្រុម​ប្រឹក្សាគ្រួសារ ពួកគាត់​បាន​សម្រេចចិត្ត​ដូចតទៅ​នេះ ៖

  1. ស្វែងរក​បញ្ហា ។

  2. ប្រមូលផ្តុំ​ដំណោះស្រាយ ។

  3. ជ្រើសរើស​ផែនការ ។

  4. ដាក់​វា​ទៅជា​សកម្មភាព ។

  5. វាយ​តម្លៃ​ភាព​ជោគជ័យ​នៃ​ផែនការ​នេះ​នៅ​សប្តាហ៍បន្ទាប់ ហើយ​ធ្វើ​ការកែសម្រួល​ផែនការ​ឡើងវិញ ប្រសិនបើ​ចាំបាច់ ។

បន្ថែមពី​លើ​ការប្រឹក្សា​ជាមួយគ្នា​ជា​គ្រួសារ ថម និង ចូន បាន​ដឹង​ថា នៅពេល​ដែល​ភាពតានតឹង​ក្នុង​ទំនាក់ទំនង​ឡើង​ខ្ពស់ វា​អាច​ត្រូវរៀន​ពី​របៀប​កែលម្អ​ទំនាក់ទំនង​មួយ​ទល់​មួយ​ផងដែរ ។

ថម និង ចូន បាន​រៀន​បច្ចេកទេស​ជាច្រើន​ដែល​ជួយ​ពួកគាត់​ឲ្យ​កែលម្អ​ការប្រាស្រ័យ​ទាក់ទង និង​ទំនាក់ទំនង​របស់​ពួកគាត់​ជាមួយ​កូនៗ​របស់​ពួកគាត់ ។

  • ឪពុក​ម្តាយ​រួបរួមគ្នា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ជាមួយ​កូនៗ ។

  • ប្រសិនបើ​កូនៗ​មាន​ការលំបាក​ក្នុងការ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ​របស់​ពួកគេ នោះ​ឪពុក ឬ​ម្តាយ​នឹង​ចំណាយ​ពេល​ជាមួយ​ពួកគេ ដោយ​ពិភាក្សា​អំពី​សកម្មភាព​ពេល​ថ្ងៃនោះ ខណៈពេល​ដែល​ពួកគេ​ខិតខំ​បំពេញ​កិច្ចការ​ទាំងនោះ ។

  • ពួកគាត់​បាន​ចំណាយ​ពេល​រៀងរាល់​សប្តាហ៍ ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគាត់​ជាមួយ​កូនៗ​គ្រប់គ្នា ។

  • ពួកគាត់​គិតទុក​ជា​មុន​ថា ពួកគាត់​នឹង​ដកខ្លួនចេញ​នៅពេល​ដែល​ខួរក្បាល « មាន​អារម្មណ៍​អន់ចិត្ត » នោះ ( ស្រែក ) ហើយ​គ្រប់គ្រង​លើ « វិចារណញ្ញាណ » ដែល​ជា​ខួរក្បាល​ផ្តោត​លើ​ដំណោះស្រាយ ( ការពិភាក្សា ) នោះ ។

  • នៅពេលណា​ដែល​មាន​ជម្លោះ​អំណាច​រវាង​ឪពុកម្តាយ និង​កូន ឪពុក ឬ​ម្តាយ នៅពេល​មាន​អារម្មណ៍​នឹង​ធ្វើ​ដូច្នេះ សូមដក​ខ្លួន​ចេញ ហើយ​ត្រឡប់​មក​វិញ​នៅពេល​ក្រោយ ដើម្បី​គិត​រក​ដំណោះស្រាយ​ថ្មី ។

កាល​ដែល​គ្រួសារ​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ដ៏​លំបាក​តាម​របៀប​ដ៏​ស្មោះត្រង់ និង​រឹងមាំ—ការប្រាស្រ័យ​ទាក់ទង​អំពី​បញ្ហា​ប្រឈម​របស់​ពួកគាត់ និង​រក​ដំណោះស្រាយ​ជាមួយ​គ្នា—នោះ ថម និង ចូន បាន​ទទួល​ស្គាល់​ការរីកចម្រើន​ដ៏​សំខាន់ៗ​ដែល​កូនៗ​របស់​ពួកគាត់​មាន ក៏ដូចជា​ខ្លួន​ពួកគាត់​ផងដែរ ។

ការយោគយល់ និង​សេចក្តីស្រឡាញ់​នាំ​ឲ្យ​យើង​កាន់តែ​ជិតស្និទ្ធ​នឹងគ្នា

នៅពេល​ដែល​កូនៗ​ពេញវ័យ ពួកគេ​មិន​ធ្វើការ​ជ្រើសរើស​ដែល​យើង​ចង់​បាន​ជានិច្ច​នោះទេ ។ តើ​យើង​នឹង​ដោះស្រាយ​ស្ថានភាព​នោះ​ដោយ​របៀបណា​ទៅ ? តើ​យើង​អាច​រក្សា ឬ​ថែមទាំង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ដើម្បី​យើង​អាច​បន្ត​ជា​អ្នក​គាំទ្រ និង​ជា​ឥទ្ធិពល​សុចរិត​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា ?

ធែរី និង ប្រូស៍ បាន​មក​ការិយាល័យ​របស់​ខ្ញុំ​ភ្លាមៗ​បន្ទាប់ពី ធែរី និង​កូន​ប្រុស​របស់​ពួកគេ ដែល​មាន​ឈ្មោះ​ថា សិត បានឈ្លោះ​គ្នា​តាម​ទូរសព្ទ ។ សិត បាន​អាក់ខាន​ទៅ​រៀន​អស់បី​ឆ្នាំ ។ គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​មិនទាន់​អាច​ចេញពី​ការមើលថែ​របស់​វេជ្ជបណ្ឌិត​ទេ ។ ដោយសារតែ​ជំងឺ​ធ្ងន់ធ្ងរ​របស់​គាត់ គាត់​ពុំ​បាន​បម្រើ​បេសកកម្ម​ទេ ។ ធែរី និង ប្រូស៍ មិន​ប្រាកដ​ចិត្ត​ថា គាត់​មាន​ទីបន្ទាល់ ឬ​តើ​គាត់​បាន​ទៅ​ព្រះវិហារ​ដែរ​ឬ​អត់​នោះ​ទេ ។ ពួកគេ​ព្រួយបារម្ភ​ថា ជូលីន ដែល​ជា​មិត្ត​ស្រី​ថ្មី​របស់ សិត មិន​មែន​ជា​ឥទ្ធិពល​ដែល​ពួកគេ​ចង់​បាន​ក្នុងជីវិត​របស់ សិត នោះទេ ។ ឪពុកម្តាយ​ទាំងពីរ​នាក់​មាន​ការខកចិត្ត​ចំពោះ​ផ្លូវ​ដែល​គាត់​កំពុង​ដើរ ។

កាល​យើង​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន នោះ​យើង​បាន​ពិភាក្សា​អំពី​រឿង​ប្រៀបប្រដូច​អំពី​ចៀម​ដែល​វង្វេង ។ អ្នក​គង្វាល​ប្រហែលជា​បាន​ស្តាប់​រក​កូនចៀម​ដែល​កំពុង​ស្រែក​យំ​នោះ មុន​ពេល​គាត់​រក​វា​ឃើញ ស្រឡាញ់​វា ហើយ​យក​វា​មក​ហ្វូង​វិញ ( សូមមើល លូកា ១៥:៦ ) ។ ធែរី និង ប្រូស៍ បាន​ទទួល​ស្គាល់​ថា​ពួកគេ​មិន​អាច​ផ្លាស់ប្តូរ សិត បានទេ ប៉ុន្តែ​ពួកគេ​បាន​សម្រេច​ចិត្ត​ព្យាយាម​ស្តាប់​គាត់ ស្រឡាញ់​គាត់ ហើយ​អញ្ជើញ​គាត់​មក​ផ្ទះ​វិញ ។ ពួកគេ​មិន​អាច​រើស​ភរិយា ឬ​ផ្លូវ​ជីវិត​ឲ្យ​គាត់​បាន​ទេ ប៉ុន្តែ​ពួកគេ​អាច​រំឭក​គាត់​អំពី​សេចក្ដីស្រឡាញ់​របស់​គ្រួសារ​ពួកគេ​ចំពោះ​គាត់ និង​ចំពោះ​ដំណឹងល្អ ។

ធែរី បាន​ទូរសព្ទ​ទៅ​សិត ហើយ​បាន​សុំទោស​ចំពោះ​ការឈ្លោះ​ប្រកែក​នោះ ។ នាង​គ្រាន់តែ​ស្តាប់​ប៉ុណ្ណោះ កាល​ដែល​គាត់​ប្រាប់​នាង​ថា​គាត់​ខ្មាសអៀន ដោយសារ​គាត់​មិន​បាន​បម្រើ​បេសកកម្ម ។ គាត់​បាន​ងឿងឆ្ងល់​ថា តើ​គាត់​អាច​ណាត់ជួប​ដើរលេង​ជាមួយ​យុវនារី​មកពី​ព្រះវិហារ​យ៉ាងម៉េច​បាន ។ ពួកគេ​បាន​អញ្ជើញ​សិត និង​ជូលីន មកផ្ទះ​នៅ​វិស្សមកាល ។

សិត និង​ជូលីន​បាន​មក ។ បងប្អូនស្រី​របស់​សិត បាន​ផ្តល់​សេចក្តី​ស្រឡាញ់​ដល់​គូសង្សារ​នេះ ។ ទាំង​ឪពុក និង​ម្តាយ​សប្បាយចិត្ត​ដែល សិត បាន​ត្រឡប់​មក​ផ្ទះវិញ ហើយ​ប្រាប់​គាត់​ដូច្នេះ ។ ធែរី និង​ប្រូស៍​បាន​ទាក់ទង​ទៅ​សិត ញឹកញាប់​ជាងមុន ។ ធែរី បាន​ផ្ញើសារ​ទៅ​គាត់​ជាច្រើនដង​ក្នុង​មួយ​សប្តាហ៍ ។ គ្រួសារ​នេះ​បាន​ទូរសព្ទហៅ​ជា​វីដេអូ​រាល់​ថ្ងៃអាទិត្យ ។ ប៉ា​របស់ សិត បាន​ចំណាយ​ពេល​លេង​វាយ​កូនគោល និង​ស្ទូចត្រី​ជាមួយ​គាត់ ។ វា​បាន​កើតឡើង​សន្សឹមៗ ប៉ុន្តែ​សិត បាន​មករស់នៅ​ជាមួយ​គ្រួសារ​វិញ ។ នៅទីបំផុត សិត បាន​សម្រេចចិត្ត​ថា ​ផ្លូវ​ដែល​ជូលីន ជ្រើសរើស​គឺមិន​ត្រឹមត្រូវ​សម្រាប់​គាត់​ទេ ។ ក្រោយមក គាត់​បាន​រៀបការ​ជាមួយ​ស្រ្តី​ដ៏​ល្អ​ម្នាក់​ដែល​គាត់​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ។

ធែរី និង ប្រូស៍ បាន​រក​ឃើញ​កូន​ចៀម​ដែល​បាត់​របស់​ពួកគេ​ដោយ​ការស្តាប់ ស្រឡាញ់ និង​អញ្ជើញ​គាត់​ឲ្យ​ត្រឡប់​ទៅ​ក្នុង​ក្រោល​វិញ ។

រូបភាព
ស្រ្តី និង​បុរស​កំពុង​ជួសជុល​ស្ពាន​ជាមួយ​គ្នា

ការធ្វើការ​ដើម្បី​ផ្លាស់ប្តូរ​ជាមួយ​គ្នា​អាច​ពង្រឹង​ទំនាក់ទំនង និង​ជំរុញ​ឲ្យ​មាន​ការរីកចម្រើន

ម៉ារី និង​ស្វាមី​របស់​នាងឈ្មោះ ដេវីឌ បាន​រៀបការ​ជាច្រើន​ឆ្នាំ ហើយ​ជា​សមាជិក​ដែល​គួរ​ឲ្យ​គោរព​នៅក្នុង​សហគមន៍​របស់​ពួកគេ ។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ ម៉ារី បាន​ដឹង​ពី​ទំនាក់ទំនង​របស់​ដេវីឌ​ជាមួយ​នារី​ម្នាក់​ទៀត ទាំង​ដេវីឌ​មិនដឹងខ្លួន ។

ម៉ារី​បាន​ចូល​មក​ក្នុង​ការិយាល័យ​របស់ខ្ញុំ ដោយ​មាន​អារម្មណ៍​ខឹងសម្បារ លាយឡំ​ជាមួយទុក្ខលំបាក និង​សោកសៅ ។ ពេល​នាង​យំ​ប្រាប់​ពី​ដំណើរ​រឿង​របស់​នាង នាង​បាន​ដឹង​ថា នាង​ត្រូវ​ប្រាប់​ដេវីឌ​ពី​អារម្មណ៍​របស់​នាង ប៉ុន្តែ​មិនមែន​ដោយ​កំហឹង​នោះ​ទេ ទើប​ព្រះវិញ្ញាណ​អាច​គង់​នៅ​ជាមួយ​ពួកគេ​បាន ។

បន្ទាប់ពី​រៀបចំ​ខ្លួន​ដោយ​ការអធិស្ឋាន នាង​បាន​ប្រាប់​ដេវីឌ​ថា នាង​ស្រឡាញ់​គាត់ ប៉ុន្តែ​ថា​នាង​ខូច​ចិត្ត​ពេល​ដឹង​ពី​ទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​នារី​ផ្សេង ។ ពួកគេ​នឹង​ត្រូវ​ជួប​ជាមួយ​ប៊ីស្សព ហើយ​ពិចារណា​អំពី​ជោគវាសនា​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។ ដេវីឌ​មិន​ចង់​បាត់បង់​ភរិយា​របស់​គាត់ ឬ​គ្រួសារ​របស់​គាត់​ឡើយ ។ ដោយ​មាន​ជំនួយ​ពី​ប៊ីស្សព គាត់​បាន​ចាប់ផ្តើម​ដំណើរការ​នៃ​ការប្រែចិត្ត ។

ម៉ារី បាន​ដឹង​ថា​មាន​រឿង​ដែល​ពួកគេ​ម្នាក់ៗ​ត្រូវធ្វើ ដើម្បី​ស្វែងរក​ការព្យាបាល​រៀងៗ​ខ្លួន និង​ជា​គូ​ស្វាមី​ភរិយា ។ ម៉ារី បាន​សុំ​ឲ្យ​ដេវីឌ​នៅ​ជាមួយ​ឪពុកម្តាយ​គាត់​មួយរយៈ ខណៈ​ពេល​នាង​ព្យាយាម​ស្វែងយល់​ពី​អារម្មណ៍​របស់​នាង ។ នាង​បាន​ចំណាយពេល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​ទូលសូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ នាង​នៅតែ​ស្ថិត​ក្នុង​ការព្យាបាល ដោយ​ពង្រឹង​ជំនាញ​ប្រាស្រ័យ​ទាក់ទង និង​រៀន​ដាក់​ដែន​កំណត់​ដែល​ត្រឹមត្រូវ ។

ជាមួយគ្នា ម៉ារី និង ដេវីឌ ៖

  • អាន​ព្រះគម្ពីរ​រាល់​យប់ ។

  • អធិស្ឋាន ។

  • ចែកចាយ​អ្វី​ដែល​កើតឡើង​រាល់ថ្ងៃ ។

  • ចេញ​ទៅដើរលេង​តែពីរនាក់​រាល់​សប្តាហ៍ ។

ពួកគេ​ប្រាស្រ័យទាក់ទង​គ្នា​កាន់តែបើក​ចំហរ ។ ម៉ារី​បាន​និយាយ​ពី​គំនិត​របស់​នាង ហើយ​ដេវីឌ​បាន​ស្តាប់ ។ ពួកគេ​ចាប់​ផ្ដើម​និយាយ​គ្នា​ដូចកាល​ដែល​ពួកគេ​ទើប​រៀបការ​ថ្មីថ្មោង ។

ម៉ារី បាន​រាយការណ៍​ថា វា​មិនមែន​គ្រាន់តែ​ដេវីឌ​ទេ ដែល​បាន​ផ្លាស់​ប្តូរ​នោះ នាង​ក៏បាន​ផ្លាស់ប្តូរ​ដែរ ។ នាង​មាន​អារម្មណ៍​រឹងមាំ​ជាងមុន ហើយ​កាន់តែ​មាន​ទំនុកចិត្ត​លើ​ខ្លួន​នាង ។ ដេវីឌ​នៅតែបន្ត​ការប្រែចិត្ត ហើយ​បាន​មក​ផ្ទះ​វិញ ។

ការរួមបញ្ចូល​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​បាននាំ​មក​នូវ​ការទុកចិត្ត និង​សេចក្តី​ស្រឡាញ់​កាន់តែ​ខ្លាំង​ដល់​ទំនាក់ទំនង​របស់​ពួកគេ ។ អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ថា ការខិតខំ​ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នេះ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ គឺ​បាន​ពង្រឹង​ពួកគេ ។

ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​នឹង​ដឹកនាំ​យើង

នៅពេល​យើង​កែសម្រួល​ទំនាក់ទំនង​លំបាកៗ​ក្នុង​គ្រួសារ សូម​ឲ្យ​យើង​ទាំងអស់គ្នា​ចងចាំ​ថា​នឹង​អង្គុយ​ក្នុង​ក្រុមប្រឹក្សា​ជាមួយ​ព្រះអម្ចាស់ ។ ពេលខ្លះ​ទ្រង់​នឹង​ប្រាប់​យើង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ពេល​ខ្លះ​យើង​អាច​ជ្រើសរើស ។ « មិន​សម​ឲ្យ​យើង​ត្រូវ​បញ្ជា​នូវ​គ្រប់​អ្វីៗ​ទាំង​អស់​ទេ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:២៦ ) ។ ប៉ុន្តែ​មាន​ពេល​ផ្សេងទៀត​ដែល​យើង​ត្រូវតែ​បង្វែរ​ខ្លួន​ទៅរក​ព្រះអម្ចាស់ ។ ប្រសិនបើ​យើង​រក្សា​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​ភាពសម្បូរ​សប្បាយ​នៃ​ភាពអស់កល្ប​ជានិច្ច​នឹង​ក្លាយ​ជា​របស់​យើង « ហើយ​គ្រប់​ការណ៍​ទាំង​អស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់ [ យើង ] » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៩០:២៤ ) ។

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ « Family Councils » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៥ ។