ឆ្នាំ ២០២៣
អានុភាព​នៃ​គំរូ
ខែ មករា ឆ្នាំ ២០២៣


« អានុភាព​នៃ​គំរូ » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

អានុភាព​នៃ​គំរូ

ខ្ញុំ​បាន​ដឹង​ថា មាន​របៀប​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​នាំ​ភរិយា​ខ្ញុំ​ចូល​ក្នុង​សាសនាចក្រ​បាន គឺ​តាមរយៈ​គំរូ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​ផ្លាស់ប្តូរ​អាកប្បកិរិយា​របស់ខ្ញុំ គាត់​បានចាប់​ផ្ដើម​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ ។

រូបភាព
ស្វាមី និង​ភរិយា​កំពុង​អធិស្ឋាន

ថតរូប​ដោយ ខូឌី ប៊ែល

នៅ​ថ្ងៃមួយ​នៅតាម​ផ្លូវ​ទៅធ្វើការ ខ្ញុំ​បានឃើញ​យុវជន​ពីរនាក់​កំពុង​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះ​នៅ​តាម​ផ្លូវ ។ ពួកគេ​បានផ្អាក​ដំណើរ​ខ្ញុំ ហើយ​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់ដឹង​បន្ថែម​ទៀត​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ដែរ​ឬ​ទេ ? នៅពេល​នោះ ខ្ញុំ​មិនបាន​ដឹង​ថា គ្រួសារ​របស់​ខ្ញុំ​នឹង​ទៅ​ទីណា​នោះ​ទេ ។ យើង​គ្មាន​ត្រីវិស័យ​ខាង​វិញ្ញាណ​ដើម្បី​ស្វែងរក​ផ្លូវ​របស់​យើង​នោះ​ទេ ។

ខ្ញុំ​បាន​ផឹកស្រា​នៅ​ព្រឹក​នោះ អ៊ីចឹងហើយ​ខ្ញុំ​មិន​ចាំ​ច្រើន​ពី​អ្វី​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រាប់​ខ្ញុំ​នោះ​ទេ ។ ប៉ុន្តែ​ពួកគេ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន និង​កូន​សៀវភៅ​តូច​មួយ​អំពី​យ៉ូសែប ស្ម៊ីធ ព្រមជាមួយ​នឹង​លេខ​ទូរសព្ទ​មកខ្ញុំ ។ ក្រោយមក​នៅ​ថ្ងៃនោះ ខ្ញុំ​បាន​ចាប់ផ្តើម​អាន ។ មាន​អ្វីមួយ​បាន​ប៉ះ​ព្រលឹងខ្ញុំ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពី​របៀប​ដែល​ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់​អាច​មាន​ការនិមិត្ត​ដ៏​អស្ចារ្យ​បែបនេះ ។

ពេលនោះ​ខ្ញុំ​កំពុង​ស្វែងរក​សេចក្ដី​ពិត អ៊ីចឹងហើយ​ខ្ញុំ​បានចាប់​ផ្ដើម​ជួប​ជា​មួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់​ពី​រៀន​បានច្រើន​ហើយ ខ្ញុំ​បានដឹង​ថា ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ប៉ុន្តែ​នៅពេល​ថ្ងៃ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​ជិត​មក​ដល់ យើង​បាន​រៀន​មេរៀន​មួយ​ដែល​ស្តាប់ទៅ​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ។ មេរៀន​នោះ​គឺ​រៀន​អំពី​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ។

មេរៀន​នោះ​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ផឹក​ច្រើន​ណាស់ ។ បរិយាកាស​នៅ​កន្លែង​ការងារ​ខ្ញុំ​ពិបាក ។ បុគ្គលិក​គ្រប់គ្នា​ធ្វើការ​ដោយ​ស្រវឹង ខ្ញុំ​ក៏​ដូច្នោះ​ដែរ ។ ខ្ញុំ​តែងតែ​ទៅ​ផឹកជុំគ្នា បន្ទាប់ពី​ធ្វើការ ហើយ​ត្រឡប់មក​ផ្ទះវិញ​យប់​ជ្រៅ ។

ប៉ុន្តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​​ធ្វើ​បាន​ល្អ​ណាស់ ។ ខ្ញុំ​នៅតែ​ចូលចិត្ត​ពួកគេ​ពី​រឿង​នេះ ។ ពួកគេ​បាន​បង្រៀន​ខ្ញុំ​ថា ព្រះ​ចង់​ឲ្យ​យើង​រឹងមាំ ហើយ​ថា​ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ដើម្បី​ប្រទានពរ​ដល់​យើង ។ ការប្រតិបត្តិ​ក្រឹត្យវិន័យ​នេះ​ពិបាកណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​បន្តិច​ម្តងៗ ។ ខ្ញុំ​នៅ​ចាំ​ថា បាន​ទូរសព្ទ​ទៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រាល់ថ្ងៃ ធ្វើ​បច្ចុប្បន្នភាព​ដល់​ពួកគេ​អំពី​ការរីកចម្រើន​របស់ខ្ញុំ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​មិន​ផឹក​ទេ​នៅ​ថ្ងៃ​នោះ ។ ពួកគេ​សប្បាយចិត្ត​នឹង​ការរីកចម្រើន​របស់​ខ្ញុំ ។

ដោយ​មាន​ជំនួយ​ពី​ពួក​គេ ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ចូល​ទៅ​ក្នុង​ក្រោល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅ​ថ្ងៃ​ដ៏​ស្រស់ស្អាត​នោះ ! ប៉ុន្តែ​ពេល​ខ្ញុំ​ចូលរួម​ក្នុង​សាសនាចក្រ ខ្ញុំ​ចូល​តែឯង ។ ខ្ញុំ​ចង់​ឲ្យ​គ្រួសារ​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ ។

ពេល​ខ្ញុំ​និយាយ​ជាមួយ​ភរិយា​ខ្ញុំ គ្លីរីម អំពី​សាសនាចក្រ ដំបូង​ឡើយ​គាត់​មិន​ស្តាប់​ទេ ។ ជីតា​របស់​គាត់​ចូល​សាសនា​ផ្សេង ហើយ​គាត់​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​មក​ដល់​អាល់បានី​នេះ ។ ខ្ញុំ​ដឹង​ថា របៀប​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​នាំ​គាត់​ចូល​ទៅ​ក្នុង​ដំណឹងល្អ​បាន គឺ​មាន​តែ​តាមរយៈ​គំរូ​របស់​ខ្ញុំ​ប៉ុណ្ណោះ ។ តាមរយៈ​ទង្វើ​របស់​យើង មនុស្ស​អាច​មើលឃើញ​ថាយើង​ជា​នរណា​ពិត​ប្រាកដ ។

គ្លីរីម បាន​សង្កេត​ឃើញ​ពី​ការផ្លាស់ប្តូរ​ក្នុង​ខ្លួន​ខ្ញុំ ពេល​ដែល​ខ្ញុំ​បោះបង់​គ្រឿង​ស្រវឹង ហើយ​ចាប់ផ្តើម​មក​ផ្ទះ​មុន​ម៉ោងពេលចេញពី​ធ្វើការ ។ ដោយសារ​ការ​ផ្លាស់ប្តូរ​ដែល​ខ្ញុំ​កំពុង​ធ្វើ នោះ​គាត់​បាន​ចាប់ផ្តើម​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ ពេល​ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​សាសនាចក្រ ។ ខ្ញុំ​មិន​អាច​ពណ៌នា​ពី​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ខ្ញុំ​មាន ពេល​គាត់​ប្រាប់​ខ្ញុំ​ថា​ថ្ងៃ​ណាមួយ គាត់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ។ មិន​យូរប៉ុន្មាន គាត់​បាន​ចាប់ផ្តើម​រៀន​ជាមួយ​ពួក​ផ្សព្វផ្សាយ​សាសនា ហើយ​ខ្ញុំ​បាន​ជួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ។ ខ្ញុំ​សប្បាយ​ចិត្ត​ជា​ពិសេស ពេល​គាត់​កំណត់​ថ្ងៃ​ទទួល​បុណ្យ​ជ្រមុជទឹក ប្រាំមួយ​ខែ​បន្ទាប់ពី​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ដោយ​មាន​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​គាត់ និង​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​កូន​ពីរ​នាក់​របស់យើង ពេល​ដែល​ពួកគេ​ម្នាក់ៗ​មាន​អាយុ​ប្រាំបី​ឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​អាច​ក្លាយ​ជា​គ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច​មួយ ។ ប៉ុន្តែ​ពិធីបុណ្យ​ជ្រមុជទឹក​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ ។ ដើម្បី​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ យើង​បាន​ដឹងថា យើង​ត្រូវធ្វើ​តាម​ព្រះ​រហូត​ដល់​ទីបញ្ចប់​នៃ​ជីវិត​យើង គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ទៅ​ព្រះវិហារ ទទួលទាន​សាក្រាម៉ង់ ទទួល​ការហៅ​បម្រើ​ អាន​ព្រះគម្ពីរ និង​រៀន​បន្ថែម​អំពី​សេចក្ដី​សញ្ញា និង​ផែនការ​នៃ​សេចក្តី​សង្រ្គោះ ។

នៅ​ថ្ងៃ​ដែល​យើង​បាន​ផ្សារភ្ជាប់​ជា​គ្រួសារ​មួយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហ្វ្រាំងហ្វើត អាល្លឺម៉ង់ វាគឺជា​ថ្ងៃ​ដ៏​ស្រស់​ស្អាត​មួយ​ទៀត ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​ចាប់ផ្តើម​យល់​បន្ថែម​អំពី​ផែនការ​នៃ​សុភមង្គល ដែល​ព្រះ​របស់​យើង​មាន​សម្រាប់​យើង ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។

ខ្ញុំ​នៅ​ចាំ​ការសន្យា​ដែល គ្លីរីម និង​ខ្ញុំ​បានធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពេល​ណា​ដែល​មាន​អ្វីមួយ​មិន​ប្រក្រតី ឬ​ពេល​យើង​ជួប​ការលំបាក ខ្ញុំ​នឹក​គិត​ដល់​សេចក្តី​សន្យា​ទាំងនោះ ។

ក្នុង​នាម​ជា​គ្រួសារ​យើង​ព្យាយាម​រស់នៅ​ដោយ​ចុះសម្រុង​នឹង​គ្នា ពីព្រោះ​នោះ​គឺជា​អ្វី​ដែល​យើង​ទទួល​អារម្មណ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ រាល់ពេល​ដែល​ខ្ញុំ​គិត​ពី​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ និង​មាន​ពរជ័យ ។ ខ្ញុំ​ដឹង​ថា ព្រះ​មាន​ពិត​មែន ហើយ​ថា​ទ្រង់​ស្រឡាញ់​យើង ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​សប្បាយ​ចិត្ត ។