ឆ្នាំ ២០២៣
បើ​ទ្រង់​អាច​ប្រែ​ទឹក​ទៅជា​ស្រា​ទំពាំង​បាយជូរ​​បាន …
ខែ មករា ឆ្នាំ ២០២៣


« បើ​ទ្រង់​អាច​ប្រែ​ទឹក​ទៅជា​ស្រា​ទំពាំង​បាយជូរ​បាន … » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

អព្ភូតហេតុ​របស់​ព្រះយេស៊ូវ

យ៉ូហាន ១:៤–១១

បើ​ទ្រង់​អាច​ប្រែ​ទឹក​ទៅជា​ស្រា​ទំពាំង​បាយជូរ​បាន …

រឿងបី​យ៉ាង​ដែល​ខ្ញុំ​បាន​រៀន​ពី​អព្ភូតហេតុ​នេះ​ដែល​គេ​តែងតែ​មើល​រំលង ។

រូបភាព
ក្អម​ទឹក​ទៅ​ជា​ស្រា

យ៉ូហាន​គឺជា​អ្នក​សរសេរ​ដំណឹងល្អ​តែ​ម្នាក់​គត់ ដែល​បាន​រៀបរាប់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រែ​ទឹក​ទៅ​ជា​ស្រា ( សូមមើល យ៉ូហាន ២:១–១១ ) ។ លោក​ថែមទាំង​មាន​អារម្មណ៍​ជឿជាក់​ល្មមគ្រប់គ្រាន់​អំពី​បទពិសោធន៍​នេះ​ដើម្បី​ប្រាប់​យើង​ថា វា​គឺជា « ទីសម្គាល់​មុន​ដំបូង » របស់​ព្រះអង្គ​សង្គ្រោះ ( យ៉ូហាន ២:១១ ) ។

តាមវប្បធម៌ លទ្ធផល​នៃ​ការ​អស់​ស្រា​អាច​ប៉ះពាល់​ដល់​ឋានៈ​ក្នុង​សង្គម​របស់​អ្នក​ដែល​ពាក់ព័ន្ធ ។ ហើយ​ខណៈ​ពេល​ដែល​ខ្ញុំ​មិន​ជឿ​ថា អព្ភូតហេតុ​ត្រូវតែ​មាន​ភាពអស្ចារ្យ​ដើម្បី​ផ្លាស់ប្តូរ​ជីវិត ខ្ញុំ​បាន​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា យ៉ូហាន គិត​ថា​អព្ភូតហេតុ​នេះ​មាន​សារៈសំខាន់​ម្ល៉េះ​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ដែល​មាន​ទាំង​ភាពអស្ចារ្យ និង​ការផ្លាស់ប្តូរ​ជីវិត ។

ហេតុអ្វី​អព្ភូតហេតុ ?

ហេតុអ្វី​បាន​ជា​អព្ភូតហេតុ​មាន​សារៈសំខាន់​ខ្លាំង​ម៉្លេះ​នៅ​ទូទាំង​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ? ប្រាកដណាស់ វា​ជា​ផ្នែក​មួយ​ដោយ​សារ​តែ​សេចក្តី​មេត្តា​របស់​ទ្រង់​ចំពោះ​អ្នក​ដែល​ខ្វះខាត ( សូមមើល ម៉ាកុស ១:៤១ ) ។ លើសពី​នេះ​ទៅទៀត អព្ភូតហេតុ​គឺជា​ភស្តុតាង​ដ៏​សំខាន់​នៃ​ព្រះចេស្តា និង​សិទ្ធិអំណាច​ដ៏​ទេវភាព​របស់​ទ្រង់ ( សូមមើល ម៉ាកុស ២:៥, ១០–១១ ) ។ ព្រឹត្ដិការណ៍​អស្ចារ្យ​ក៏​អាច​ពង្រឹង​សេចក្ដី​ជំនឿ និង​នាំ​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​សារលិខិត​របស់​ទ្រង់​ផងដែរ ( សូមមើល យ៉ូហាន ២:១១; ៦:២ ) ។

បន្ទាប់មក មាន​មនុស្ស​ម្នាក់​បាន​បង្ហាញ​ប្រាប់​ខ្ញុំ​ថា អព្ភូតហេតុ​របស់​ព្រះអង្គសង្គ្រោះ​មិន​គ្រាន់តែ​នាំ​មនុស្ស​ឲ្យ​ឮ​សារលិខិត​នោះ​ទេ វា​ក៏បាន​ជួយ​បង្រៀន​សារលិខិត​ផងដែរ ។ នៅពេល​ខ្ញុំ​សួរ​ខ្លួនឯងថា តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​មកពី​ការប្រែ​ទឹក​ឲ្យ​ក្លាយ​ជា​ស្រា នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​មាន​ការយល់​ឃើញ​ថ្មីៗ ។

នេះ​គឺជា​មេរៀន​ចំនួន​បី​ដែល​ខ្ញុំ​បាន​រៀន​ពី​អព្ភូតហេតុ​នៅ​ភូមិ​កាណា​អំពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្តា​របស់​ទ្រង់​ដើម្បី​សង្គ្រោះ ។

១. « ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ »

នៅពេល​ម៉ារា​បាន​ទូលសូម​ឲ្យ​ទ្រង់​ជួយ ទ្រង់​បាន​ឆ្លើយ​ថា « ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ » ( យ៉ូហាន ២:៤ ) ។ ដោយសារ​យើង​គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត នោះ​កំណត់ត្រា​របស់​យ៉ូហាន​មិន​បញ្ជាក់​ច្បាស់​ពី​អ្វី​ដែល​ម៉ារា​បាន​រំពឹងទុក ឬ​អ្វី​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​តាមរយៈ​ការឆ្លើយតប​របស់ទ្រង់​ថា ពេលវេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​នោះ ។

ឃ្លា​នេះ​មាន​ឥទ្ធិពល​លើ​ខ្ញុំ​ថា​សំខាន់ ។ វា​អាច​ថា​ព្រះយេស៊ូវ​បាន​សំដៅ​ទៅ​លើ​ព្រឹត្តិការណ៍​ជិត​មក​ដល់​មួយ​ចំនួន ដូចជា​ការចាប់​ផ្ដើម​នៃ​ការងារ​បម្រើ​ជា​សាធារណៈ​របស់​ទ្រង់ ។ ក្នុង​ពេល​ជាមួយ​គ្នានេះ ឃ្លា​នេះ​មាន​មតិ​លើក​ឡើង​ច្របូក​ច្របល់​ពាសពេញ​កំណត់ត្រា​របស់​យ៉ូហាន ដែល​ជារឿយៗ​ចង្អុល​សំដៅ​ទៅ​លើ​អព្ភូតហេតុ​ចុងក្រោយ​នៃ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៤:២១–២៣; ៥:២៥–២៩; ៧:៣០; ៨:២០ ) ។ នៅទីបំផុត ឃ្លា​នេះ​បាន​លើក​ឡើង​ម្តង​ទៀត​នៅ​ចុងបញ្ចប់​នៃ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់​ថា « ព្រះ​យេស៊ូវ​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ​នេះ ទៅ​ឯ​ព្រះវរ‌បិតា​វិញ បាន​មក​ដល់​ហើយ » ( យ៉ូហាន ១៣:១ បាន​បន្ថែម​ការបញ្ជាក់; សូមមើល​ផងដែរ យ៉ូហាន ១២:២៣, ២៧; ១៦:៣២ ) ។ ហើយ​ពីមុន​ចាកចេញ​ទៅ​សួនច្បារ​គែតសេម៉ានី ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ឱ​ព្រះវរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​តម្កើង​ទ្រង់​ដែរ ( យ៉ូហាន ១៧:១ បាន​បន្ថែម​ការបញ្ជាក់ ) ។

ការដែល​ឃើញ​យ៉ូហាន​និយាយ​ឃ្លា​នេះ​ឡើង​វិញ​នៅ​ពេញ​មួយ​កំណត់ត្រា​របស់​លោក​បាន​ជួយ​ខ្ញុំឲ្យ​ឃើញ​ទី​បញ្ចប់​តាំងពី​ដើម​មក ។ ដំបូង ព្រះយេស៊ូវ​បាន​ប្រែ​ទឹក​ទៅ​ជា​ស្រា​ដើម្បី​បំពេញ​ការស្រេក​ខាង​រាងកាយ ។ បន្ទាប់មក នៅ​ទីបញ្ចប់ ទ្រង់​បាន​ប្រើ​ស្រា​សាក្រាម៉ង់ ដើម្បី​តំណាង​ឲ្យ​ព្រះ​លោហិត​ដ៏​ធួន​របស់ទ្រង់ ដែល​ធ្វើ​ឲ្យ​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ហើយ​បាន​បណ្ដាល​ឲ្យ​​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​មិន​ស្រេក​ទៀត​ឡើយ ( សូមមើល យ៉ូហាន ៤:១៣–១៦; ៦:៣៥–៥៨; នីហ្វៃទី​៣ ២០:៨ ) ។

២. « ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ »

បន្ទាប់ពី​បានទូល​សូម​ជំនួយ​របស់​ព្រះ​យេស៊ូវ ម៉ារា​បាន​ប្រាប់​ដល់​ពួក​អ្នក​បម្រើ​ថា « ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ » ( យ៉ូហាន ២:៥ ) ។ មាន​មេរៀន​មួយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះ និង​នៅក្នុង​ភាព​ស្រដៀង​គ្នា​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​ដំណើរ​រឿងនេះ និង​ដំណើររឿង​របស់​យ៉ូសែប​នៅ​ប្រទេស​អេស៊ីព្ទ ។

« កាល​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំងអស់​បាន​អត់ឃ្លាន ហើយ​គេ​ស្រែក​សូម​អាហារ​ពី​ផារ៉ោន នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួកសាសន៍​អេស៊ីព្ទ​ទាំងអស់​ថា ចូរ​ទៅ​ឯ​យ៉ូសែប​ទៅ ហើយ​ធ្វើ​តាម​ដែល​លោក​បង្គាប់​ចុះ » ( លោកុប្បត្តិ ៤១:៥៥ បាន​បន្ថែម​ការបញ្ជាក់ ) ។

ម៉ារា ប្រហែលជា​មិន​មាន​បំណង​បង្កើត​ទំនាក់​ទំនង​នេះ​ទេ ហើយ យ៉ូហាន ក៏​ប្រហែល​មិន​មាន​ដែរ ។ ប៉ុន្តែ​កាល​ខ្ញុំ​សង្កេតឃើញ​ភាពស្រដៀងគ្នា​នេះ មាន​គំនិត​ពីរ​បាន​ផុសឡើង​ក្នុង​ចិត្ត​ខ្ញុំ ។

ទីមួយ ខ្ញុំ​បានឃើញ​របៀប​មួយ​ទៀត​ដែល យ៉ូសែប និង​បុគ្គលសំខាន់ៗ​ផ្សេងទៀត​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ទាយ​ទុក​ជាមុន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​របស់​ទ្រង់ ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ដំណើររឿង​នៃ​ប្រទេស​អេស៊ីព្ទ និង​ភូមិ​កាណា​បាន​រំឭក​ខ្ញុំ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​មិន​ត្រឹមតែ​​អាច​សង្គ្រោះ​យើង​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់​តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់​នោះ​ទេ—ដែល​ក្រោយ​មក​បាន​តំណាង​ទ្រង់​ដោយ​នំប៉័ង និង​ស្រា—ប៉ុន្តែ​ទ្រង់​ក៏​អាច​សង្គ្រោះ​យើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ ខាង​រូបកាយ និងខាង​សង្គម​ផងដែរ ។ ពេល​ប្រជាជន​អស់​នំប៉័ង ផារ៉ោន​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​តាម​ពាក្យ​ដែល​យ៉ូសែប​បាន​ប្រាប់ ។ ពួក​គេ​បាន​ធ្វើតាម ហើយ​ក៏​បាន​ទទួល​នំប៉័ង ហើយ​ក៏​បាន​រួចពី​ការស្រេក​ឃ្លាន​ខាង​រូបកាយ ។ ពេល​ពួកអ្នក​បម្រើ​អស់​ស្រា ម៉ារា​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​តាម​ពាក្យ​ដែល​ព្រះ​យេស៊ូវ​ប្រាប់ ។ ពួកគេ​បាន​ធ្វើតាម ហើយ​ក៏​បាន​ទទួល​ស្រា ហើយ​អស់​អ្នក​ដែល​ចូលរួម​ក៏​ត្រូវ​បាន​សង្គ្រោះ​ពី​ការខកខាន​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ដែរ ។

រូបភាព
ព្រះយេស៊ូវ​ជាមួយ​បុរស និង​កូន​ក្មេង

ប្រសិនបើ​យើង​ស្ម័គ្រចិត្ត​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល នោះ​ទ្រង់​អាច​សម្តែង​អព្ភូតហេតុ​ក្នុង​ជីវិត​របស់​យើង​បាន ។

ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត អានី ហ៊ែនរី ណាឌឺ ហាមថត​ចម្លង

ប្រសិនបើ​យើង​ស្ម័គ្រ​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល នោះ​ទ្រង់​អាច​ធ្វើ​ដូចគ្នា​សម្រាប់​យើង ហើយ​ធ្វើ​អព្ភូតហេតុ​ក្នុង​ជីវិត​របស់​យើង ( សូមមើល ហេព្រើរ ១០:៣៥–៣៦ ) ។ ការបាន​សង្គ្រោះ​គឺជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់ ហើយ​វា​តម្រូវ​ឲ្យ​មាន​ការប្រតិបត្តិ​តាម​ផ្នែក​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤:៧; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣ ) ។

៣. « គេ​ក៏​ចាក់ទឹក​ពេញ​ដល់​មាត់​ពាង »

ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពួក​អ្នក​បម្រើ​ឲ្យ​ចាក់ទឹក​ក្នុង​ពាង​ទាំង​ប្រាំមួយ​ឲ្យ​ពេញ​ដល់​មាត់​ពាង ។ ហើយ « គេ​ក៏​ចាក់ទឹក​ពេញ​ដល់​មាត់​ពាង » ( យ៉ូហាន ២:៦–៧ ) ។

ខណៈ​ដែល​អ្នកជំនាញ​បាន​ណែនាំ​ពី​បរិមាណ​ខុសៗ​គ្នា វា​ប្រហែលជា​ល្អជាង​ក្នុង​ការនិយាយ​ថា ពាងទឹក​នីមួយៗ​មាន​ជាច្រើន​លីត្រ ។ ការធ្វើ​ឲ្យ​ទឹក​ដែល​មាន​ចំណុះ ៤.៥៤ លីត្រ ឬ ៤៥៤.៦០៩ លីត្រ​ក្លាយជា​ស្រា​ពិបាក​ខុសគ្នា​យ៉ាងណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ។ អ្វី​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ​គឺ​គំនិត​ដែល​ថា ព្រះយេស៊ូវ​មាន​ព្រះចេស្តា​ក្នុងការ​ផ្លាស់ប្តូរ​រឿងមួយ​ទៅ​ជា​អ្វី​ដែល​ខុសគ្នា​ទាំង​ស្រុង ។ ទ្រង់​មិន​ត្រឹម​តែធ្វើ​ទឹក​ឲ្យ​មានរស​ជាតិ​ស្រា​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​បាន​យក​ម៉ូលេគុល​ទឹក​ធម្មតាៗ ហើយ​បាន​ប្រែ​វា​ទៅ​ជា​ស្រា ដែល​ជា​ល្បាយ​ដ៏​ស្មុគស្មាញ​នៃ​សមាស​ធាតុ​គីមី​រាប់រយ ។

បើ​ទ្រង់​អាច​ធ្វើ​បែប​នេះ​បាន នោះ​ទ្រង់​ក៏​អាច​ផ្លាស់​ប្តូរ​បញ្ហា​ប្រឈម​ខ្ញុំ​ទៅ​ជាពរជ័យ​ដែរ—ដែល​មិន​គ្រាន់តែ​ដកចេញ​ការលំបាក​នោះ​ទេ ប៉ុន្តែ​តាម​ពិត វា​ផ្លាស់ប្ដូរ​ខ្លឹមសារ​នៃ​ការសាកល្បង​ឲ្យ​ទៅជា​ការ​ប្រទានពរ​ដល់ខ្ញុំ​វិញ ( សូមមើល រ៉ូម ៨:២៨; នីហ្វៃទី​២ ២:២ ) ។

ហើយ​បើសិន​ទ្រង់​អាច​ដោះស្រាយ​ឧបសគ្គ​មួយ នោះ​ទ្រង់​ក៏​អាច​ដោះស្រាយ​ឧបសគ្គ​ជាច្រើន​ដែរ ។ ដូច្នេះ កាល​ជីវិត​ហាក់​ដូចជា​ពោរពេញ​ដោយ​ការសាកល្បង សូម​ចាំ​ថា​ទ្រង់​អាច​ប្តូរ​ទឹក​ទៅ​ជា​ស្រា​បាន ។ ទ្រង់​អាច​ប្តូរ​ផេះ​ទៅជា​ភួងលំអរ ( សូមមើល អេសាយ ៦១:៣ ) ។ ទ្រង់​អាច​ធ្វើ​ឲ្យ​រឿង​អាក្រក់​ប្រែ​ជា​ល្អ ( សូមមើល លោកុប្បត្តិ ៥០:២០ ) ។ ទ្រង់​អាច​កែប្រែ​កំហុស​ខ្ញុំ​ឲ្យ​ទៅ​ជា​ការរីកចម្រើន ហើយ​យក​អំពើ​បាប​របស់​ខ្ញុំ ហើយ​កែប្រែ​វា​ពី​ការដាក់​ទោស​ទៅ​ជា​ការរីកចម្រើន​វិញ ។

ហើយ​ចំពោះ​ខ្ញុំ ការពិតនោះ​គឺជា​រឿង​ដ៏​សំខាន់​បំផុត ។ អព្ភូតហេតុ​ដែល​ខ្ញុំ​ធ្លាប់​មើល​រំលង​បាន​បង្រៀន​ខ្ញុំ​ថា តាមរយៈ​ព្រះចេស្ដា​របស់​ទ្រង់ ប្រសិន​យើង​មាន​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​បង្គាប់ នោះ​ទ្រង់​អាច​ផ្លាស់ប្តូរ​អតីត​កាល យើង ទៅ​ជា​បុគ្គល​ដែល​យើង​អាច​ប្រែក្លាយ—ដូចទ្រង់​បាន ។

កំណត់​ចំណាំ

  1. សូមមើល ពេត្រុស ជេ សូរីនសិន « The Lost Commandment: The Sacred Rites of Hospitality » BYU Studies វ៉ុល ៤៤ លេខ ១ ( ឆ្នាំ ២០០៥ ) ទំព័រ ៤–៣២ ។

  2. សូមមើល Bible Dictionary « Miracles » ។

  3. សូមមើល ប្រូស ស៊ី ហាហ្វិន « The Atonement: All for All » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧–៩៩ ។