ឆ្នាំ ២០២៣
នៅពេល​អ្នក​កើត​ជំងឺរាំរ៉ៃ
ខែ មករា ឆ្នាំ ២០២៣


« នៅពេល​អ្នក​កើត​ជំងឺរាំរ៉ៃ » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ចម្រើន​វ័យ​ដោយ​ស្មោះត្រង់

នៅពេល​អ្នក​កើត​ជំងឺរាំរ៉ៃ

ការ​ប្រឈមមុខ​នឹង​ទុក្ខវេទនា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាច​ជួយ​យើង​ឲ្យ​រីក​ចម្រើន ហើយ​មាន​សេចក្ដី​មេត្តា ការយល់​ចិត្ត និង​ភាពអត់ធន់​កាន់តែ​ច្រើន ។

រូបភាព
ដៃ​របស់​មនុស្ស​ម្នាក់​កាន់​ដៃ​មនុស្ស​ម្នាក់ទៀត

មុន​ពេល​គាត់​ទទួល​មរណភាព​ដោយ​ជំងឺ​ខ្សោយ​សរីរាង្គ ម្ដាយ​របស់​ខ្ញុំ​តែងតែ​ញញឹម ហើយ​មានប្រសាសន៍​ថា « គ្មាន​យើង​ណា​ម្នាក់​ដែល​នៅ​ទី​នេះ​មិន​ស្លាប់​ទេ ដូច្នេះហើយ​យើង​ត្រូវ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ជីវិត​នេះ » ។

នោះ​គឺ​ក្នុង​ថ្ងៃ​ដែល​គាត់​សប្បាយ​ចិត្ត ។ ហើយ​នៅក្នុង​ជីវិត​គាត់ គាត់​មាន​ថ្ងៃ​សប្បាយ​ចិត្ត​ជាច្រើន ។

ប៉ុន្តែ​គាត់​ក៏​មាន​ថ្ងៃ​ដែល​មិនសូវ​សប្បាយចិត្ត​ដែរ ។ នៅ​ថ្ងៃ​ទាំង​នោះ គាត់​នឹង​មាន​ប្រសាសន៍​ថា « រៀន​ទទួល​ការពិត ហើយ​មើល​ថា​តើ​កូន​នៅ​តែ​អាច​ធ្វើ​ល្អ​ខ្លះ​ក្នុង​លោក​នេះ​ឬ​អត់ » ។

ជាទូទៅ មនុស្ស​រស់នៅ​យូរ​ជាង​កាលពី​អតីត ។ ប៉ុន្តែ​ទោះជា​យើង​អាយុវែង​ជាងមុន​ក៏ដោយ យើង​ក៏​នឹង​វិវត្ត​ទៅ​រក​ជំងឺ​រ៉ាំរ៉ៃ​ផងដែរ មាន​ដូចជា ៖ ជំងឺ​ទឹកនោមផ្អែម ផាកឃីនសុន ជំងឺ​មហារីក ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​ជាច្រើន​ទៀត ។ ដូច្នេះហើយ នៅពេល​មាន​ជំងឺ​រាំរ៉ៃ​កើតឡើង តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្តេច ?

ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ

បងប្រុស​ម្នាក់​ដែល​បាន​បង្ខំចិត្ត​ឈប់​សម្រាក​ពីការងារ​ព្រោះតែ​ពិការភាព ខណៈពេល​ដែល​ភរិយា​របស់​គាត់​ត្រូវ​ត្រឡប់​ទៅ​ធ្វើការ​វិញ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គាត់​បាន​មាន​ប្រសាសន៍​ថា « ត្រូវរៀន​ប្រឈមមុខ​នឹង​ការ​ពិត ទោះ​មាន​រឿង​មិន​ល្អ​កើតឡើង ក្តី » ។ គាត់​ជឿ​ថា ជាញឹកញាប់​យើង​ប្រើ​ទឹក​មុខ​រីករាយ​ដែល​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ល្អ និង​មើលទៅ​ស្រស់​ស្អាត ។ គាត់​និយាយ​ថា « ជំនួស​ឲ្យ​ការឆ្ពោះ​ទៅមុខ​ដោយ​សេចក្តី​ជំនឿ យើង​បែរ​ជា​នៅ​ទ្រឹង​កាល​យើង​រង់ចាំ​មើល​អព្ភូតហេតុ ឬ​រអ៊ូរទាំ​នៅពេល​មិន​បាន​ដូច​ចិត្ត » ។ គាត់​ដោះស្រាយ​ដោយ​ការស្តាប់​បទគម្ពីរ និង​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ និង​ដោយ​ការសួរសុខទុក្ខ​មិត្តភក្តិ និង​ក្រុមគ្រួសារ​តាម​ទូរសព្ទ ។

បងស្រី​ម្នាក់​ដែល​ស្វាមី​មាន​ជំងឺ​រ៉ាំរ៉ៃ​បាន​មាន​ប្រសាសន៍​ថា « បញ្ហា​ដដែល​រាល់ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិនល្អ ។ សុខភាព​របស់​ស្វាមី​ខ្ញុំ​នឹង​មិនបាន​ធូរស្រាល​ឡើយ ។ ខ្ញុំ​ទទួល​យក​រឿង​នោះ ។ ប៉ុន្តែ​ការធ្វើការងារ​ដដែលៗ​រាល់ថ្ងៃ ការងារ​នោះ​ធ្វើ​ឲ្យ​ធុញទ្រាន់​ទាំង​ខាង​ផ្លូវចិត្ត ផ្លូវកាយ និង​ខាង​វិញ្ញាណ » ។ គាត់​មាន​អំណរគុណ​ចំពោះ​ការមក​សួរ​សុខទុក្ខ​របស់​បងប្អូនស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។ « ពេល​ពួកគាត់​មក​លេង វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ » ។

បង​ប្រុស​វ័យ​ចំណាស់​ម្នាក់​ទៀត​និយាយ​ថា ៖ « ពេល​ខ្លះ ខ្ញុំ​និង​ភរិយា​ភ្លេច​មុខភ្លេច​ក្រោយ ហើយ​ឆាប់​ខឹង​គ្នា ។ យើង​មាន​អារម្មណ៍​តានតឹង​ដែល​ភ្លេច​ភ្លាំង​ច្រើន ហើយ​ជាពិសេស​មាន​អារម្មណ៍​សោកស្ដាយ ក្រោយពី​យើង​ប្រើ​សម្ដី​ខឹង​សម្បារ​ដាក់​គ្នា » ។ ពួកគាត់​បានរៀន​កត់ត្រា​ចំណាំ​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ចងចាំ ។ ពួកគាត់​ទុកពេល​ឲ្យ​គ្នា​ដើម្បី​រម្ងាប់​អារម្មណ៍​មុន​និយាយ ។ គាត់​បាន​និយាយ​ថា « ហើយ​យើង​ក៏​បាន​រៀន​កាន់តែ​ច្រើន​អំពី​សារៈសំខាន់​នៃ​ការនិយាយ​ថា ‹ អរគុណ › និង ‹ អូន​ស្រឡាញ់បង ឬ​បង​ស្រឡាញ់​អូន › » ។

ស្វាមីភរិយា​វ័យ​ចំណាស់​មួយ​គូ​ទៀត​ទទួល​បាន​ប្រាក់​ចំណូល​មួយ​ថេរ​រហូត​ដល់​ថ្ងៃ​មួយ​តម្លៃ​ថ្នាំ​របស់​ពួកគាត់​បាន​កើនឡើង​ទ្វេដង ។ ដោយសារ​មាន​ជំនួយ​ពី​សមាជិក​គ្រួសារ និង​វួដ​របស់​ពួកគាត់ នោះ​តម្រូវការ​របស់​ពួកគាត់​ត្រូវបាន​បំពេញ ។ បងប្រុស​រូប​នោះ​បាន​មាន​ប្រសាសន៍​ថា ៖ « ដំបូង​ឡើយ យើង​ខ្មាសអៀន​ក្នុងការ​ទៅ​សុំ​ជំនួយ ជាពិសេស​ពី​កូនៗ​របស់​យើង ។ ប៉ុន្តែ​គ្រប់គ្នា​ចង់​ជួយ​យ៉ាង​ខ្លាំង » ។

រូបភាព
ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់

សេចក្តី​លម្អិត​មកពី ទ្រង់​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​ផ្សេងៗ ដោយ ជេ ខឺត រីឆាត មិន​អាច​ថត​ចម្លង​បាន​ទេ

យោបល់ និង​ការសង្កេតឃើញ

ទាំងនេះ​គឺជា​មតិយោបល់​មួយ​ចំនួន និង​ការអង្កេត​ឃើញ​របស់​អ្នក​ដែល​មាន​ជំងឺ​រាំរ៉ៃ ៖

  1. អស់់​អ្នក​ដែល​ងាក​មករក​ព្រះអង្គសង្រ្គោះ​នឹង​រកឃើញ​ក្តី​សង្ឃឹម ។ បងប្រុស​ម្នាក់​ដែល​មាន​រោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ (CFS) ( ជា​ជំងឺ​មាន​តាម​ហ្សែន ) និយាយ​ថា « ខ្ញុំ​គិតថា គ្មាន​នរណា​ម្នាក់​យល់​ពី​អ្វី​ដែល​ខ្ញុំ​ឆ្លងកាត់​នោះ​ទេ ។ បន្ទាប់មក​នៅ​ថ្ងៃ​អាទិត្យ​មួយ ខណៈដែល​កំពុង​ទទួលទាន​សាក្រាម៉ង់ ខ្ញុំ​បានដឹង​ថា ព្រះអង្គសង្រ្គោះ​បាន​យល់​ពី​ការឈឺចាប់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹងថា ខ្ញុំ​អាច​អត់ធ្មត់​បាន តាមរយៈ​ការខិត​មក​ជិត​ទ្រង់ » ។ ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៨; ១២២:៨ ) ។

  2. ក្តី​មេត្តា​កើនឡើង​ចំពោះ​អស់​អ្នក​ដែល « ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៨ ) ។ « តើ​យើង​គិត​ដល់​នរណា នៅ​ពេល​ដែល​យើង​មាន​ទុក្ខ​ព្រួយ និង​មហន្តរាយ ដើម្បី​ទទួលបាន​ជំនួយ និង​ការ​លួង​លោម ? … ពួកគាត់​គឺជា​បុរស និង​ស្ត្រី​ដែល​បាន​រងទុក្ខ ហើយ​ដោយសារ​បទពិសោធន៍​នៃ​ទុក្ខ​លំបាក​របស់​ពួកគាត់ ទើប​ពួកគាត់​បាន​អាច​ផ្ដល់​ចិត្ត​អាណិតអាសូរ និង​ការរំលែក​ទុក្ខ​របស់​ពួកគាត់​បាន​យ៉ាង​ខ្លាំង​ក្រៃលែង ដែល​នេះ​គឺជា​ពរជ័យ​ដល់​អ្នក​ដែល​ខ្វះខាត​នាពេល​បច្ចុប្បន្ន​នេះ ។ តើ​ពួកគាត់​អាច​ធ្វើ​បែប​នេះ​បាន​ទេ បើ​មិន​បាន​រង​ទុក្ខ​ដោយ​ខ្លួន​ពួកគាត់​មុន​នោះ ? »

  3. សូម​ធ្វើ​បន្តិចម្តងៗ ។ បងស្រី​ម្នាក់​ដែល​មាន​ជំងឺ​ក្រិន​កោសិកា​ច្រើន​កន្លែង (MS) បាន​មាន​ប្រសាសន៍​ថា « ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មាន​ការឈឺចាប់​ខ្លាំង​ណាស់ ខ្ញុំ​មិនអាច​គិតឃើញ​ពី​របៀប​ដែល​ខ្ញុំ​អាច​ទ្រាំទ្រ​ការឈឺចាប់​នេះ​បាន​ទៀត​ទេ ។ ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ចង់​ធ្វើ​អត្តឃាត » ។ គាត់​បាន​ទៅ​ជួប​អង្គភាព​សុខភាព​ផ្លូវ​ចិត្ត​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ។ អំឡុងពេល​ប្រឹក្សា គំនិត​របស់​គាត់​មិនមែន​គ្រាន់​តែ « កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ទេ ( នីហ្វៃទី​១ ២២:៣១ ) ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គឺ « តស៊ូ​ដល់​ថ្ងៃ​ចុងក្រោយ​បង្អស់ » តែម្ដង ។

  4. អភិវឌ្ឍ​ចំណាប់​អារម្មណ៍​ថ្មី និង​ស្វែងរក​របៀប​បម្រើ​ថ្មី ។ ជំនួស​ឲ្យ​ការសោកស្ដាយ​ចំពោះ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើបាន សូម​ស្វែងរក​ចំណូល​ចិត្ត​ថ្មី ។ បងស្រី​ម្នាក់​ដែល​មាន​ជំងឺ​ក្រិន​កោសិកា​ច្រើន​កន្លែង (MS) បាន​រកឃើញ​ថា គាត់​មិន​អាច​ធ្វើអ្វី​ដែល​គាត់​ចូលចិត្ត​ពីមុន​បាន​ទេ ដូចជា​ការជិះសេះ ឬ​ការលេង​បាល់​ឱប​ជាដើម ។ ផ្ទុយទៅវិញ គាត់​បានរៀន​អក្សរផ្ចង់ ។ ឥឡូវ​នេះ គាត់​បាន​ប្រើ​ទេពកោសល្យ​ដែល​ទើប​បង្កើត​ថ្មី​របស់​គាត់​ដើម្បី​ធ្វើ​ព្រះគម្ពីរ​មរមន​ដោយដៃ​សម្រាប់​គ្រួសារ​របស់​គាត់ ។

នៅពេល​ដែល​ជីវិត​នេះ​មាន​ជំងឺ​រ៉ាំរ៉ៃ​កើតឡើង នោះ​វា​ពិត​ជាពិបាក​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ដោយ​មាន​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ និង​បំណង​ប្រាថ្នា​ដើម្បី​បម្រើ នោះ​ការ​ប្រឈមមុខ​នឹង​ទុក្ខវេទនា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាច​ជួយ​យើង​ឲ្យ​រីក​ចម្រើន ហើយ​មាន​សេចក្ដី​មេត្តា ការយល់​ចិត្ត និង​ភាពអត់ធន់​កាន់តែ​ច្រើន ។

អ្នកនិពន្ធ​រស់នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

កំណត់​ចំណាំ

  1. សូមមើល ស៊ូសានី រៀហ្វ « Increasing Life Expectancy: People Are Getting Older and Older » Alumniportal Deutschland ខែ កញ្ញា ឆ្នាំ ២០១៧ នៅលើ​គេហទំព័រ alumniportal-deutschland.org/en/global-goals/sdg-03-health/increasing-life-expectancy-age-ageing.

  2. អ័រសុន អេហ្វ វីតនី « A Lesson from the Book of Job » Improvement Era ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ទំព័រ ៧ ។