ឆ្នាំ ២០២៣
ការរំលោភបំពាន ការសុំ​មក​ចិញ្ចឹម—និង​ការព្យាបាល
ខែ មករា ឆ្នាំ ២០២៣


« ការរំលោភ​បំពាន ការសុំ​មក​ចិញ្ចឹម—និង​ការព្យាបាល » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

យុវមជ្ឈិមវ័យ

ការរំលោភបំពាន ការសុំ​មក​ចិញ្ចឹម—និង​ការព្យាបាល

គ្រួសារ​របស់ខ្ញុំ​ត្រូវ​បាន​គេ​រំលោភ​បំពាន និង​អស្ថិរភាព ប៉ុន្តែ​តាមរយៈ​ព្រះគ្រីស្ទ ឥឡូវនេះ​ខ្ញុំ​មាន​សង្ឃឹម​សម្រាប់​គ្រួសារ​របស់ខ្ញុំ​នា​ពេល​អនាគត ។

រូបភាព
នារី​យុវមជ្ឈិមវ័យ​អង្គុយ​នៅលើ​គ្រែ ហើយ​អធិស្ឋាន

រូបថត​បាន​ថត​ដោយ​តារា​បង្ហាញ​ម៉ូត

ខ្ញុំ​បាន​ធំ​ឡើង​នៅក្នុង​បរិយាកាស​ដែល​អស្ថិរភាព ។ ឪពុក​ម្តាយ​បង្កើត​របស់ខ្ញុំ​បាន​ធ្វើបាប និង​បដិសេធ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឆ្លងកាត់​បញ្ហា​លំបាកៗ​ជាច្រើន ។ ខ្ញុំ​បាន​ពុះពារ​នឹង​ការថប់បារម្ភ បញ្ហា​រូបរាងកាយ ធុញ​អាហារ និង​ស្ថានភាព​ធ្លាក់​ទឹកចិត្ត​ដែល​ហាក់​ដូច​ជា​អ្នក​ទោស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​អ៊ីចឹង ។

ឪពុក​ម្ដាយ​បង្កើត​របស់ខ្ញុំ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារបរិសុទ្ធ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ខ្ញុំ​បាន​ទទួ​លបុណ្យ​ជ្រមុជទឹក​នៅ​អាយុ​ប្រាំបី ពួកគាត់​បាន​ចាប់ផ្ដើម​ឃ្លាត​ឆ្ងាយ​ពី​សាសនាចក្រ ។ ហើយ​កាលដែល​ពួកគាត់​កាន់តែ​ឃ្លាត​ឆ្ងាយ​ទៅៗ​ពី​សេចក្ដីសញ្ញា​របស់​ពួកគាត់ នោះ​ស្ថានភាព​របស់​ពួកយើង​ក៏​កាន់តែ​អាក្រក់​ទៅៗ​ដែរ ។

នៅអាយុ ១៤ ឆ្នាំ ខ្ញុំ​ជា​អ្នកមើលថែ​ប្អូន​ប្រុសដែល​មាន​ជំងឺ​អូទីស្សឹម និង​ម្តាយ​របស់ខ្ញុំ ។ ខ្ញុំ​វង្វេង​វង្វាន់ ហើយ​បាត់​ម្ចាស់ការ​លើ​ខ្លួនឯង ។ ខ្ញុំ​ស្អប់​ខ្លួនឯង និង​ស្ថានភាព​របស់ខ្ញុំ ហើយ​ជឿ​ថា​ជីវិត​របស់ខ្ញុំ​នឹង​មិន​ផ្លាស់ប្តូរ​ឡើយ ។

បន្ទាប់​មក អព្ភូតហេតុ​មួយ​បាន​កើត​ឡើង ។ ម្តាយ​បង្កើត​របស់​ខ្ញុំ​បាន​ដឹងថា គាត់​មិន​អាច​មើលថែ​ខ្ញុំ​បាន​ទេ ហើយ​បាន​ទូរសព្ទ​ទៅ​បងប្អូន​ប្រុស​របស់គាត់​នៅ​ប្រទេស សិង្ហបុរី ដើម្បី​សុំ​គាត់​ឲ្យ​យក​ខ្ញុំ​ទៅ​ចិញ្ចឹម ។ ជាមួយនឹង​ខោអាវ​មួយ​សម្ពាយ និង​អារម្មណ៍​ក្ដុកក្ដួល ខ្ញុំបាន​ឡើង​យន្តហោះ​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​មួយ—ដែល​គ្មាន​ការរំលោភ​បំពាន ។ ប៉ុន្តែ​ការសម្រប​ខ្លួន​ទៅនឹង​គ្រួសារ​ឪពុកម្តាយ​ធម៌​របស់​ខ្ញុំ និង​វប្បធម៌​ថ្មី​ក៏​ជួប​ការលំបាក ហើយ​ខ្ញុំ​បាន​តស៊ូ​ដើម្បី​ឈាន​ទៅ​មុខ ។

ឪពុកម្តាយ​ធម៌​របស់ខ្ញុំ​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ពួក​គាត់​អាច​ធ្វើបាន​ដើម្បី​ជួយ​ខ្ញុំ ។ ខ្ញុំ​បាន​ទៅជួប​អ្នកព្យាបាល និង​វេជ្ជបណ្ឌិត​ជាច្រើន ។ ខ្ញុំ​ក៏​ចាប់ផ្តើម​ទៅ​ព្រះវិហារវិញ​ដែរ ប៉ុន្តែ​ការរៀន​អំពី​ព្រះវរបិតាសួគ៌​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​មាន​គោលបំណង​សម្រាប់​ខ្ញុំ​គឺ​ពិបាក ពី​ព្រោះ​ខ្ញុំ​មិន​បាន​ជឿ​រឿង​នេះ​ទាល់តែ​សោះ បន្ទាប់ពី​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​រឿង​គ្រប់យ៉ាង​មក ។

ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ។ ខ្ញុំ​មិន​ដឹង​ពី​វិធី​បានជា​សះស្បើយ​ពី​អតីតកាល​នោះទេ ហើយ​នៅ​តែ​អស់​សង្ឃឹម​អំពី​អនាគត ។

បំណង​ប្រាថ្នា​ដើម្បី​បាន​ជាសះស្បើយ

នៅថ្ងៃ​មួយ​ខ្ញុំ​បាន​សញ្ជឹងគិត​ថា​ជីវិត​នេះ គឺ​ពិត​ជា​ខ្លីណាស់ ។ ខ្ញុំ​មិន​ចង់​ចំណាយ​ជីវិត​របស់​ខ្ញុំ​ដោយ​គ្មាន​ក្តី​រីករាយ​នោះ​ទេ ។ ខ្ញុំ​ត្រូវ​រៀន​ពី​ការសាកល្បង​របស់​ខ្ញុំ អនុវត្ត​គោលការណ៍​ដំណឹងល្អ​ដែល​ខ្ញុំ​បាន​រៀន ហើយ​យាង​អញ្ជើញ​ព្រះគ្រីស្ទ​មក​ក្នុង​ជីវិត​ខ្ញុំ ។

ខ្ញុំ​បាន​ពុះពារ​សេចក្តីជំនឿ ហើយ​ចាប់ផ្តើម​លុត​ជង្គង់​ទូលសូម​ព្រះវរបិតា​សួគ៌​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទទួល​អំណាចនៃ​ការ​អត់ទោស​ដល់​ឪពុក​ម្តាយ​បង្កើត​របស់ខ្ញុំ ផ្លាស់ប្តូរ​ការភ័យខ្លាច​របស់ខ្ញុំ​ទៅជា​សេចក្តី​ជំនឿ ដើម្បី​ទទួលបាន​ការព្យាបាល និង​សុភមង្គល និង​ដើម្បី​ស្គាល់​សេចក្តី​ស្រឡាញ់​នៅក្នុង​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​វិទ្យាស្ថាន ហើយ​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ ហើយ​អនុវត្ត​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

ខ្ញុំ​ពិតជា​ចង់​បាន​អានុភាព​នៃ​ការព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ណាស់ ។ យូរៗទៅ​ជីវិត​របស់​ខ្ញុំ​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ នៅពេល​ខ្ញុំ​មាន​ការអត់ធ្មត់ បាន​ទទួល​ការថែទាំ និង​ការព្យាបាល​ដោយ​ឱសថ ហើយ​បាន​បំពេញ​ជីវិត​ខ្ញុំ​ជាមួយ​ព្រះវិញ្ញាណ​ជា​រៀងរាល់ថ្ងៃ នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​ជាសះ​ស្បើយ ៖ ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ចុះចាញ់ និង​កាន់​តែ​អាច​ធ្វើ​ជា​ខ្លួន​ឯង​បាន​កាន់តែ​ច្រើន​ឡើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ។ ខ្ញុំ​បម្រើ​អ្នក​ដទៃ ។ ខ្ញុំ​មាន​ក្តី​ស្រឡាញ់ អភ័យទោស និង​ទទួលយក​ខ្លួន​ឯង ។ ខ្ញុំ​ស្ថាបនា​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ពេញដោយ​ក្តី​ស្រឡាញ់ ។ ខ្ញុំ​ចាប់ផ្តើម​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​ខ្ញុំ ។ ហើយ​ជាលើក​ដំបូង​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​មាន​អំណរ​ពិតប្រាកដ ។

ព្រះគ្រីស្ទ​ប្រទាន​សេចក្តី​សង្ឃឹម​សម្រាប់​អនាគត​របស់​យើង

ខ្ញុំ​មិនអាច​ផ្លាស់​ប្តូរ​អតីតកាល​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ដូចជា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៧ បាន​ចែងថា ៖ « គ្រប់​ការណ៍​ទាំង​នេះ​នឹង​ផ្ដល់​ការពិសោធន៍​ដល់ [ ខ្ញុំ ] ហើយ​នឹង​ទៅជា​ការល្អ​ដល់ [ ខ្ញុំ ] ទៅ​វិញ ។ ឥឡូវនេះ ខ្ញុំ​ដឹងថា ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ខ្ញុំ​តាមរយៈ​ការពុះពារ​របស់​ខ្ញុំ ។ ទោះបី​ជា​មាន​ឧបសគ្គ​នោះ ក៏​ខ្ញុំ​បាន​រីកចម្រើន​ខ្លាំង​ដោយសារ​តែ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ក្នុងការ​ផ្លាស់ប្តូរ និង​ដោយសារ​តែ​ខ្ញុំ​បន្ត​ងាក​ទៅរក​ទ្រង់​ដែរ ។

បើ​បងប្អូន​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ក្នុង​គ្រួសារ សូម​ចាំ​ថា បងប្អូន​មាន​ព្រះវរបិតា​សួគ៌​ដែល​ស្គាល់​បងប្អូន ហើយ​ស្រឡាញ់​បងប្អូន ហើយ​នឹង​បើក​ទ្វារ​ទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង ។ មុន​នឹង​ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា កាលៈទេសៈ​របស់​ខ្ញុំ​នឹង​មិន​ប្រែប្រួល​ទេ ហើយ​ខ្ញុំ​នឹង​មិន​រៀបការ ឬ​មាន​កូន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ពួកគាត់​រង​ទុក្ខ​ដូច​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ថា មិន​ថា​យើង​ជួប​ការលំបាក​អ្វី​ក្នុង​គ្រួសារ​យើង​នោះ​ទេ នៅពេល​យើង​ស្វែងរក​ព្រះគ្រីស្ទ នោះ​យើង​អាច​ស្ថាបនា​គេហដ្ឋាន និង​គ្រួសារ​ដ៏​អស់កល្ប​របស់​យើង​នាពេល​អនាគត​ប្រកប​ដោយ​ក្តីសង្ឃឹម សេចក្តីពិត​នៃ​ដំណឹងល្អ និង​សេចក្តី​ស្រឡាញ់​បាន​ជានិច្ច ។

ដូចជា​អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃ​ពួក​ចិត​សិបនាក់​បាន​បង្រៀន ៖ « យើង​ទាំងអស់​គ្នា … ចាប់ផ្តើម​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា ដោយ​មាន​ទេពកោសល្យ និង​បរិយាកាស​ជីវិត​ផ្សេងៗ​គ្នា ។ មនុស្ស​មួយ​ចំនួន​បាន​កើត​មក​មាន​ចំណុច​ប្រសព្វ​ខ្ពស់ មាន​ឱកាស​ច្រើន ។ មនុស្ស​ខ្លះទៀត​ប្រឈម​នឹង … កាលៈទេសៈ​ដែល​លំបាក ។ បន្ទាប់​មក យើង​រីកចម្រើន​តាម​មេគុណ​ប្រាប់ទិស​ផ្ទាល់​ខ្លួន​របស់​យើង ។ ចំណុច​ចាប់​ផ្តើម​របស់​យើង​មិន​កំណត់​ពី​អនាគត​របស់​យើង​នោះទេ តែ​មេគុណ​ប្រាប់​ទិស​របស់​យើង​ទេ​ដែល​កំណត់​នោះ ។ ព្រះ​យេស៊ូវគ្រីស្ទ​ទត​ឃើញ​សក្តានុពល​ដ៏​ទេវភាព មិន​ថា​យើង​ចាប់​ផ្តើម​នៅ​ចំណុច​ណា​នោះ​ទេ ។ … ទ្រង់​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ទ្រង់​អាច ដើម្បី​ជួយ​យើង​បែរ​មេគុណ​ប្រាប់​ទិស​របស់​យើង​ទៅ​កាន់​ស្ថានសួគ៌ »។

មិនថា​បងប្អូន​ស្ថិត​ក្នុង​កាលៈទេសៈ​បែបណា​នោះ​ទេ យើង​នៅតែ​មាន​ក្តីសង្ឃឹម និង​ការប្រោស​ឲ្យជា​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ! ទ្រង់​គង់​នៅ​ជាមួយ​បងប្អូន ហើយ​ទ្រង់​នឹង​ដឹកនាំ​បងប្អូន​ទៅរក​សេចក្ដី​សុខសាន្ដ និង​អំណរ នៅពេល​បងប្អូន​ស្វែងរក​ទ្រង់—ជានិច្ច ។