ឆ្នាំ ២០២៣
សូម​នៅ​ទីនោះដើម្បី​កូនប្រុស​របស់​អ្នក
ខែ មករា ឆ្នាំ ២០២៣


« សូម​នៅ​ទីនោះដើម្បី​កូនប្រុស​របស់​អ្នក » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

សូម​នៅ​ទីនោះដើម្បី​កូនប្រុស​របស់​អ្នក

បន្ទាប់ពី​ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​ទៅ​កាន់​ឪពុក​ខ្ញុំ​អំឡុងពេល​ការតែងតាំង​បព្វជិតភាព​របស់​ខ្ញុំ គាត់​បាន​បង្វែរ​ជីវិត​របស់​គាត់​មក​វិញ ។

រូបភាព
កុមារា​កំពុង​ត្រូវ​បាន​តែងតាំង

បួន​ជំនាន់ ដោយ ក្វានី ផូវី វីនឌើរ

ខ្ញុំ​បាន​មក​សកម្ម​ក្នុង​សាសនាចក្រ ពេល​លោកពូ​ប៊ីល​របស់​ខ្ញុំ​បាន​នាំ​បងស្រី​ពីរ​នាក់​របស់​ខ្ញុំ និង​ខ្ញុំ​ទៅ​អង្គការ​បឋមសិក្សា ។ អ្នកគ្រូ​អង្គការ​បឋមសិក្សា​របស់ខ្ញុំ ឈ្មោះ ជេន រីឆាតសុន គឺជា​អ្នក​ម្តាយ​ក្នុង​ដួងចិត្ត​របស់​ក្មេង​គ្រប់គ្នា ។ ខ្ញុំ​ចូលចិត្ត​គាត់ និង​មិត្តភក្តិ​ថ្មី​របស់​ខ្ញុំ​ក្នុង​ព្រះវិហារ ដែល​មាន​ចិត្ត​ល្អ​ចំពោះ​ខ្ញុំ​ជាង​ក្មេងៗ​នៅ​ផ្ទះ​ជិតខាង​ខ្ញុំ ។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​បន្ត​នៅ ។

កាល​ខ្ញុំ​ជិត​ដល់​ថ្ងៃ​ខួបកំណើត​អាយុ ១២ ឆ្នាំ​របស់​ខ្ញុំ ប៊ីស្សព ដាល់ ហ្គីមិន បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទទួល​បព្វជិត​ភាព​អើរ៉ុន និង​តែងតាំង​ជា​ឌីកុន ។ ខ្ញុំ​មិន​ប្រាកដ​ថា ការណ៍​នោះ​មានន័យ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា បាទ ។ បន្ទាប់​មក​គាត់​បាន​និយាយ​ថា « ហេតុអ្វី​បាន​ជា​ក្មួយ​មិន​សូម​ឲ្យ​ឪពុក​ក្មួយ​នាំ​ក្មួយ​មក​ទីនេះ​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ ហើយ​ពួកយើង​នឹង​តែងតាំង​ក្មួយ » ។

ប៉ា និង​គ្រួសារ​គាត់​បាន​ឈប់​មក​ព្រះវិហារ កាល​គាត់​មាន​អាយុ​ប្រហែល ១៣ ឆ្នាំ ។ កាល​នៅ​មជ្ឈិមវ័យ គាត់​បាន​ចំណាយពេល​ភាគច្រើន​នៅចុង​សប្តាហ៍​ចូល​បារ​នៅ​ក្នុង​មូលដ្ឋាន ឬ​ស្ទួចត្រី ។ គាត់​បាន​បម្រើ​នៅ​ក្នុង​កងទ័ព​ជើង​ទឹក​របស់​អាមេរិក​អំឡុង​សង្រ្គាម​លោក​លើក​ទីពីរ និង​សង្រ្គាម​កូរ៉េ ។ គាត់​បាន​ជក់បារី ផឹក និង​ជេរប្រមាថ​ច្រើន ប៉ុន្តែ​គាត់​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​នៅ​ក្នុង​ក្រុង​ម៉នតាណា​ដ៏​តូច​របស់​យើង ដោយសារ​គាត់​មាន​ភាព​ស្មោះត្រង់ និង​មាន​យុត្តិធម៌ ។

ពេល​ប៉ា​នាំ​ខ្ញុំ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ​ក្រោយ មាន​រឿង​ដ៏​ធំ​មួយ ។ នៅ​ពេលវេលា​មក​ដល់ ប៊ីស្សព ហ្គីមិន បាន​ហៅ​ខ្ញុំ​ឡើង ហើយ​បាន​ឲ្យ​ខ្ញុំ​អង្គុយ​នៅ​កៅអី ។ បុរសៗ​ជា​ច្រើន​នាក់—ប៉ុន្តែ​មិនមែន​ជា​ប៉ា​ខ្ញុំ​ទេ—បាន​ដាក់ដៃ​នៅ​លើ​ក្បាល​ខ្ញុំ ហើយ​ធ្វើ​ពិធី​បរិសុទ្ធ​នោះ ។

ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្ងន់​លើ​ក្បាល​ដោយ​មាន​ដៃ​ធំៗ​នៅ​លើ​ក្បាល​ខ្ញុំ ។ ប៉ា​កំពុង​អង្គុយ​លើ​កៅអី​មួយ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​ខ្ញុំ គាត់​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ផ្សេងៗ—ក្នុង​ទ្រូង​របស់​គាត់ ។ សំឡេង​មួយ​និយាយ​នៅ​ក្នុង​ចិត្ត​គាត់​ថា « អ្នក​ត្រូវ​នៅ​ទីនោះ​ដើម្បី​កូនប្រុស​របស់​អ្នក នៅ​ពេល​កូន​អ្នក​មាន​ពិធី​បែបនេះ​នៅ​ពេល​ក្រោយ​ទៀត » ។

នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក ប៉ា​បាន​បង្វែរ​ជីវិត​របស់​គាត់ ហើយ​ចាប់ផ្តើម​ចូលរួម​ក្នុង​ព្រះវិហារ​រាល់​សប្តាហ៍ ។ មិនយូរ​ប៉ុន្មាន ព្រះវិហារ​បាន​ក្លាយជា​ការផ្តោតអារម្មណ៍​ដ៏​សំខាន់​នៃ​ជីវិត​គ្រួសារ​យើង ។

ប៉ា​បាន​ក្លាយ​ជា​ឌីកុន គ្រូបង្រៀន និង​ជា​ទីប្រឹក្សា​កូរ៉ុម​សង្ឃ​របស់​ខ្ញុំ គ្រូបង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​ខ្ញុំ និង​គ្រូបង្វឹក​បាល់បោះ បាល់ឱប និង​បាល់ទះ​របស់​ខ្ញុំ ។ ខណៈដែល​យើង​ធ្វើ​ជា​ដៃគូ​បង្រៀន​តាម​ផ្ទះ ប៉ា​បាន​ជួយ​បុរស​ផ្សេងទៀត និង​ក្រុមគ្រួសារ​ជាច្រើន​ឲ្យ​ត្រឡប់​មក​សកម្ម​នៅក្នុង​សាសនាចក្រ​វិញ ។

ដោយ​មាន​ជំនួយ​ពី​ប៉ា​ខ្ញុំ ខ្ញុំ​បាន​ដកពិសោធន៍​ការ​ផ្លាស់ប្តូរ​ផ្ទាល់ខ្លួន និង​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ ។ ចាប់តាំង​ពី​ពេលនោះ​មក ខ្ញុំ​បាន​ព្យាយាម​ប្រយ័ត្ន​ប្រយែង​នឹង​បុរស​ទាំងឡាយ ដែល​ដូចជា​ប៉ា​ខ្ញុំ​ដែរ អាច​ឆ្លើយតប​នឹង​ការអញ្ជើញ​មួយ​ឲ្យ​ធ្វើជា​ប៉ា​ដ៏ល្អ​បំផុត​ដែល​ពួកគាត់​អាច​ធ្វើ​បាន ។

ខ្ញុំ​មាន​អំណរគុណ​ជា​រៀង​រហូត​ចំពោះ​អ្វី​ដែល​លោកពូ ប៊ីល របស់​ខ្ញុំ អ្នកគ្រូ​អង្គការ​បឋមសិក្សា​ដ៏​សប្បុរស ប៊ីស្សព​ដ៏​ឈ្លាសវៃ និង​ប៉ា​របស់​ខ្ញុំ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​កាល​ពី ៦០ ឆ្នាំ​មុន ។